ក្រសួង​មហាផ្ទៃ​បង្កើត​មណ្ឌល​សេវាកម្ម​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ

ក្រសួង​មហាផ្ទៃ​បាន​បង្កើត​មណ្ឌល​សេវាកម្ម​យុត្តិធម៌​ថ្នាក់​ស្រុក-​ក្រុង ដើម្បី​ដោះស្រាយ​ជម្លោះ​តូចតាច​នៅ​តាម​បណ្ដា​ខែត្រ​មួយ​ចំនួន​ក្រៅ​ប្រព័ន្ធ​តុលាការ។
ដោយ ទីន ហ្សាការីយ៉ា
2010-09-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២៨-កញ្ញា-២០១០: សិក្ខា​សាលា​ស្ដីពី​ការ​ចែក​រំលែក​បទពិសោធន៍​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ក្រោម​គម្រោង​សិទ្ធិ​ទទួល​បាន​យុត្តិធម៌ ធ្វើ​ឡើង​នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា (Cambodiana) ក្នុង​រាជធានី​ភ្នំពេញ។
២៨-កញ្ញា-២០១០: សិក្ខា​សាលា​ស្ដីពី​ការ​ចែក​រំលែក​បទពិសោធន៍​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ក្រោម​គម្រោង​សិទ្ធិ​ទទួល​បាន​យុត្តិធម៌ ធ្វើ​ឡើង​នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា (Cambodiana) ក្នុង​រាជធានី​ភ្នំពេញ។
RFA/Tin Zakariya

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា​ថា ការ​សម្រេច​បង្កើត​មណ្ឌល​សេវាកម្ម​យុត្តិធម៌​ស្រុក-​ក្រុង​ចំនួន ២០​ទីតាំង នៅ​ក្នុង​ខែត្រ​ចំនួន​៦ ដើម្បី​ផ្ដល់​សេវាកម្ម​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ តាម​រយៈ​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ឃើញ​ថា បាន​ជួយ​ដោះស្រាយ​ទំនាស់​ប្រជាពលរដ្ឋ​មាន​ប្រសិទ្ធភាព។

ការ​លើក​ឡើង​ដូច្នេះ​នៅ​ក្នុង​សិក្ខា​សាលា​មួយ​ស្ដីពី​ការ​ចែក​រំលែក​បទពិសោធន៍​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ក្រោម​គម្រោង​សិទ្ធិ​ទទួល​បាន​យុត្តិធម៌ ដែល​ធ្វើ​ឡើង​នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា (Cambodiana)។

ប្រធាន​ក្រុម​ប្រឹក្សា​នីតិកម្ម​នៃ​ក្រសួង​មហាផ្ទៃ លោក ផុន ប៊ុនថាល់ បាន​មាន​ប្រសាសន៍​ថា ការ​បង្កើត​មណ្ឌល​សេវាកម្ម​យុត្តិធម៌​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​យុត្តិធម៌ ចំណេញ​ពេល​វេលា និង​ថវិកា​ចំពោះ​ករណី​ជម្លោះ​តូចតាច ដូចជា​ករណី​ទំនាស់​ដីធ្លី បរិហារ​កេរ្តិ៍ ឬ​ជេរ​ប្រមាថ អំពើ​ហិង្សា​ក្នុង​គ្រួសារ ជំពាក់​ប្រាក់ លែងលះ មរតក ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ ទំនាស់​បិទ​ផ្លូវ និង​ព្រំដី ទាមទារ​អាហារកិច្ច​ចិញ្ចឹម​កូន ផ្ដាច់​ពាក្យ​រៀប​អាពាហ៍ពិពាហ៍។ល។

លោក ផុន ប៊ុនថាល់ បាន​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​ករណី​ដែល​ប្រជាពលរដ្ឋ​ណា​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដោះស្រាយ​នេះ​ទេ នោះ​ជា​សិទ្ធិ​របស់​ពួក​គាត់ ដោយ​គេ​អាច​ដោះស្រាយ​តាម​ប្រព័ន្ធ​តុលាការ​បាន។

ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក សុក សំអឿន បាន​ពន្យល់​ថា ការ​បង្កើត​ឲ្យ​មាន​មណ្ឌល​សេវាកម្ម​យុត្តិធម៌​ថ្នាក់​ស្រុក ក្រុង​នេះ ជា​ការ​ល្អ ក្នុង​ការ​រួម​ចំណែក​ធ្វើ​ឲ្យ​មាន​អភិបាលកិច្ច​ល្អ និង​កាត់​បន្ថយ​ភាព​ក្រីក្រ ប៉ុន្តែ​លុះ​ត្រា​ណា​មន្ត្រី​អនុវត្ត​ផ្ទាល់​នោះ ដោះស្រាយ​វិវាទ​ឲ្យ​មាន​យុត្តិធម៌ និង​មិន​ពុករលួយ។

លោក ផុន ប៊ុនថាល់ បាន​បន្ថែម​ថា ក្រសួង​បាន​បង្កើត​មណ្ឌល​សេវាកម្ម​យុត្តិធម៌​នេះ តាំង​ពី​ឆ្នាំ​២០០៦​មក ដែល​មាន​នៅ​ក្នុង​ខែត្រ​មួយ​ចំនួន ដូចជា​ខែត្រ​កំពង់ស្ពឺ មាន ៤​ស្រុក កំពង់ឆ្នាំង មាន ៤​ស្រុក សៀមរាប ៦​ស្រុក បាត់ដំបង ២​ស្រុក រតនគិរី ២​ស្រុក និង​ខែត្រ​មណ្ឌលគិរី ២​ស្រុក ហើយ​មន្ត្រី​នៃ​មណ្ឌល​សេវាកម្ម​យុត្តិធម៌​នេះ មក​ពី​មន្ត្រី​នៃ​ក្រសួង​យុត្តិធម៌ និង​ក្រសួង​មហាផ្ទៃ។

លោក ផុន ប៊ុនថាល់ បាន​បញ្ជាក់​ទៀត​ថា គេ​ក៏​បាន​បង្កើត​គណៈកម្មាធិការ​ដោះស្រាយ​ទំនាស់​ឃុំ សង្កាត់ មាន​ចំនួន ៥៦​ឃុំ នៅ​ក្នុង​ស្រុក​គោលដៅ​ទាំង​២០ ក្នុង​ខែត្រ​ទាំង ៦​នេះ ហើយ​នៅ​ពេល​អនាគត​ក្រសួង​ក៏​ចង់​បង្កើត​មណ្ឌល​សេវាកម្ម​យុត្តិធម៌​នេះ​នៅ​គ្រប់​ខែត្រ​ក្រុង​ផង​ដែរ ប្រសិន​បើ​មាន​ថវិកា​គាំទ្រ​លើ​គម្រោង​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​នេះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល