មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញាថា ការសម្រេចបង្កើតមណ្ឌលសេវាកម្មយុត្តិធម៌ស្រុក-ក្រុងចំនួន ២០ទីតាំង នៅក្នុងខែត្រចំនួន៦ ដើម្បីផ្ដល់សេវាកម្មយុត្តិធម៌ជូនប្រជាពលរដ្ឋ តាមរយៈការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការឃើញថា បានជួយដោះស្រាយទំនាស់ប្រជាពលរដ្ឋមានប្រសិទ្ធភាព។
ការលើកឡើងដូច្នេះនៅក្នុងសិក្ខាសាលាមួយស្ដីពីការចែករំលែកបទពិសោធន៍ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្រោមគម្រោងសិទ្ធិទទួលបានយុត្តិធម៌ ដែលធ្វើឡើងនៅសណ្ឋាគារ កាំបូឌីយ៉ាណា (Cambodiana)។
ប្រធានក្រុមប្រឹក្សានីតិកម្មនៃក្រសួងមហាផ្ទៃ លោក ផុន ប៊ុនថាល់ បានមានប្រសាសន៍ថា ការបង្កើតមណ្ឌលសេវាកម្មយុត្តិធម៌ក្នុងការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការនេះ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានយុត្តិធម៌ ចំណេញពេលវេលា និងថវិកាចំពោះករណីជម្លោះតូចតាច ដូចជាករណីទំនាស់ដីធ្លី បរិហារកេរ្តិ៍ ឬជេរប្រមាថ អំពើហិង្សាក្នុងគ្រួសារ ជំពាក់ប្រាក់ លែងលះ មរតក ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ ទំនាស់បិទផ្លូវ និងព្រំដី ទាមទារអាហារកិច្ចចិញ្ចឹមកូន ផ្ដាច់ពាក្យរៀបអាពាហ៍ពិពាហ៍។ល។
លោក ផុន ប៊ុនថាល់ បានបញ្ជាក់ទៀតថា ប្រសិនបើករណីដែលប្រជាពលរដ្ឋណាមិនពេញចិត្តចំពោះការដោះស្រាយនេះទេ នោះជាសិទ្ធិរបស់ពួកគាត់ ដោយគេអាចដោះស្រាយតាមប្រព័ន្ធតុលាការបាន។
ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក សុក សំអឿន បានពន្យល់ថា ការបង្កើតឲ្យមានមណ្ឌលសេវាកម្មយុត្តិធម៌ថ្នាក់ស្រុក ក្រុងនេះ ជាការល្អ ក្នុងការរួមចំណែកធ្វើឲ្យមានអភិបាលកិច្ចល្អ និងកាត់បន្ថយភាពក្រីក្រ ប៉ុន្តែលុះត្រាណាមន្ត្រីអនុវត្តផ្ទាល់នោះ ដោះស្រាយវិវាទឲ្យមានយុត្តិធម៌ និងមិនពុករលួយ។
លោក ផុន ប៊ុនថាល់ បានបន្ថែមថា ក្រសួងបានបង្កើតមណ្ឌលសេវាកម្មយុត្តិធម៌នេះ តាំងពីឆ្នាំ២០០៦មក ដែលមាននៅក្នុងខែត្រមួយចំនួន ដូចជាខែត្រកំពង់ស្ពឺ មាន ៤ស្រុក កំពង់ឆ្នាំង មាន ៤ស្រុក សៀមរាប ៦ស្រុក បាត់ដំបង ២ស្រុក រតនគិរី ២ស្រុក និងខែត្រមណ្ឌលគិរី ២ស្រុក ហើយមន្ត្រីនៃមណ្ឌលសេវាកម្មយុត្តិធម៌នេះ មកពីមន្ត្រីនៃក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ។
លោក ផុន ប៊ុនថាល់ បានបញ្ជាក់ទៀតថា គេក៏បានបង្កើតគណៈកម្មាធិការដោះស្រាយទំនាស់ឃុំ សង្កាត់ មានចំនួន ៥៦ឃុំ នៅក្នុងស្រុកគោលដៅទាំង២០ ក្នុងខែត្រទាំង ៦នេះ ហើយនៅពេលអនាគតក្រសួងក៏ចង់បង្កើតមណ្ឌលសេវាកម្មយុត្តិធម៌នេះនៅគ្រប់ខែត្រក្រុងផងដែរ ប្រសិនបើមានថវិកាគាំទ្រលើគម្រោងសិទ្ធិទទួលបានយុត្តិធម៌នេះ៕