នៅក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី១២ ខែវិច្ឆិកានេះ បានឲ្យដឹងថា ទោះបីជាក្រមរដ្ឋប្បវេណីត្រូវបានប្រកាសឲ្យប្រើរួចហើយក៏ដោយ នៅក្នុងបញ្ញត្តិនៃមាត្រា ១៣០៥ ចែងថា ក្រមនេះត្រូវអនុវត្តចាប់ពីថ្ងៃដែលកំណត់ផ្សេងដោយច្បាប់ ក៏ដូចជាទំនាក់ទំនងរដ្ឋប្បវេណីនេះមានភាពស្មុគស្មាញទាំងនៅក្នុងការបកស្រាយ និងទាំងនៅក្នុងការអនុវត្ត ជាមួយបណ្ដាច្បាប់មួយចំនួន ដូចជា ក្រឹត្យ-ច្បាប់លេខ ៣៨ក្រ.ច ស្តីពីកិច្ចសន្យា និងការទទួលខុសត្រូវក្រៅកិច្ចសន្យា ច្បាប់ស្តីពីអាពាហ៍ពិពាហ៍ និងគ្រួសារ ច្បាប់ភូមិបាល និងច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានាជាដើម។
អាស្រ័យហេតុនេះទើបក្រសួងយុត្តិធម៌ ដោយមានជំនួយពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន បានរៀបចំសេចក្តីព្រាងច្បាប់នេះឡើង។ សេចក្ដីព្រាងច្បាប់ស្ដីពីការអនុវត្តក្រមរដ្ឋប្បវេណីនេះ មាន ៨ ជំពូក និង ៨៤មាត្រា។
អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក កើត រិទ្ធ មានប្រសាសន៍ប្រាប់នៅថ្ងៃទី១២ ខែវិច្ឆិកា ពីមូលហេតុបង្កើតឲ្យមានសេចក្ដីព្រាងច្បាប់ ស្ដីពីការអនុវត្តក្រមរដ្ឋប្បវេណីនោះថា ៖ «តាមមាត្រាចុងក្រោយនៃក្រមរដ្ឋប្បវេណី គឺគ្រាន់តែបញ្ជាក់ថា ដើម្បីឲ្យក្រមរដ្ឋប្បវេណីអនុវត្តទៅបានហ្នឹង ត្រូវមានច្បាប់អនុវត្តក្រមមួយ ហើយច្បាប់ហ្នឹង គឺត្រូវសម្របសម្រួលជាមួយនឹងច្បាប់បទបញ្ញត្តិផ្សេងទៀត ដោយសារយើងទើបចងក្រងបានកាលឆ្នាំ២០០៧ ក្រមរដ្ឋប្បវេណី»។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន សម័យប្រជុំពេញអង្គនេះ បានឲ្យដឹងថា មានការសម្រេច ៣ចំណុច គឺទី១ សេចក្ដីព្រាងការអនុវត្តក្រមរដ្ឋប្បវេណី ទី២ សេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិត និងសេចក្ដីព្រាងក្រឹត្យ ស្ដីពីការបង្កើតតំបន់គ្រប់គ្រង និងអភិរក្សដែនបម្រុងសត្វក្រៀល និងសត្វស្លាបផ្សេងទៀត ស្ថិតនៅទីតាំងអន្លង់ព្រីង ស្រុកកំពង់ត្រាច ខេត្តកំពត ផងដែរ៕