ស្ថានភាព​បញ្ហា​គ្រឿងញៀន​អំឡុង​ពេល​៩​ខែ​នៃ​ឆ្នាំ​២០០៨

អគ្គ​លេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កាលពី​ពេល​ថ្មីៗ​កន្លង​មក​នេះ​បាន​ចេញ​របាយការណ៍​ថ្មី​មួយ​ឲ្យ​ដឹង​អំពី​ស្ថានភាព​នៃ​បញ្ហា​គ្រឿងញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​អំឡុង​ពេល​៩​ខែ​នៃ​ឆ្នាំ​២០០៨​នេះ។

របាយការណ៍​ចុះ​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០០៨ បាន​ឲ្យ​ដឹង​ថា គ្រឿងញៀន​សំយោគ​អាតេអេស ពិសេស​មេតំហ្វេតាមីន​គ្រាប់ ដែល​ភាសា​ថៃ​ហៅ​ថា យ៉ាម៉ា ឬ​យ៉ាបា ខ្មែរ​ហៅ​ថា ម៉ា ឬ​ថ្នាំ​ឆ្កួត និង​មេតំហ្វេតាមីន​ប្រភេទ​ទឹក​កក ឬ​អៃស្ស៍ ដែល​ខ្មែរ​ហៅ​ថា ម៉ា​ទឹក​កក គឺ​ជា​គ្រឿងញៀន​ដែល​មាន​ការនិយម​ប្រើប្រាស់​ច្រើន​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ បន្ទាប់ពី​គ្រឿងញៀន​ប្រភេទ​ហេរ៉ូអ៊ីន កាវហិត កញ្ឆា និង​អ៊ិចស្តាស៊ី។

អគ្គ​លេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​បញ្ជាក់​ថា តាមរយៈ​ការបង្រ្កាប​បទល្មើស​របស់​អង្គភាព​អនុវត្ត​ច្បាប់​បាន​កត់សម្គាល់​ឃើញ​នូវ​ការផលិត​ក្លែងក្លាយ​និង​ការកែច្នៃ​គុណភាព​គ្រឿងញៀន​សំយោគ​អាតេអេស ពិសេស​មេតំហ្វេតាមីន​គ្រាប់ នៅ​តែ​ត្រូវ​បាន​ពួក​ឧក្រិដ្ឋន​បន្ត​លបលួច​ផលិត​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ស្រុក។

អគ្គ​លេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​បាន​ឲ្យ​ដឹង​បន្ថែម​ថា ក្នុង​ចំណោម​យុវជន​ដែល​ប្រើប្រាស់​បំពាន​គ្រឿងញៀន​នៅ​កម្ពុជា​ក្នុង​អំឡុងពេល​៩​ខែ​នៃ​ឆ្នាំ​២០០៨​នេះ គឺ​ថា យុវជន​អាយុ​ពី ១៨ ទៅ ២៥​ឆ្នាំ មាន​ប្រហែល​ជិត​៦០%។ យុវជន​អាយុ​ពី ១០ ទៅ ១៧​ឆ្នាំ មាន​ប្រហែល​ជិត​១៧%។ ក្នុង​ចំណោម​យុវជន​អ្នក​ដែល​ប្រើប្រាស់​បំពាន​គ្រឿងញៀន​ទាំង​នោះ​គឺ​ថា ជិត​៣៨%​ជា​អ្នក​ប្រកប​របរ​ដោយ​ប្រើ​កម្លាំង ជាង​១៥%​ជា​សិស្ស​សាលា ជិត​១៧%​ជា​ក្មេង​អនាថា និង​ប្រមាណ​១៤%​ជា​អ្នក​អត់​មាន​ការងារ​ធ្វើ៕