របាយការណ៍៖ ចំនួន​អ្នក​ប្រើ​គ្រឿងញៀន​មាន​ការកើន​ឡើង

របាយការណ៍​អង្កេត​លើ​ឥរិយាបថ​អ្នកប្រើ​បំពាន​គ្រឿងញៀន​របស់​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ខាង​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម (UNODC) បាន​បង្ហាញ​ថា ការប្រើប្រាស់​គ្រឿង​ញៀន​គ្រប់ប្រភេទ​មាន​ការកើនឡើង ក្នុង​កម្រិត​ទាប​បំផុត គឺ ៥% រហូតដល់​ទៅ ៦៧% ។
ដោយ ជា មករា
2008.05.30
គ្រឿងញៀន កុមារ​អនាថា​ប្រមូល​ផ្ដុំ​គ្នា​ហិត​កាវ។
AFP file photo

គ្រឿងញៀន​ដែល​ប្រើ​ច្រើន​ជាងគេ​នោះ គឺ​អំហ្វេតាមីន ដែល​គេស្គាល់​ច្បាស់​ថា យ៉ាម៉ា បន្ទាប់មក​គឺ កញ្ឆា ហេរ៉ូអ៊ីន កាវ អាភៀន ថ្នាំ​ដែល​ធ្វើ​ឲ្យ​អណ្ដែត​អណ្ដូង ខេតាមីន និង​ថ្នាំ​រំងាប់​ការឈឺចាប់ ។

លទ្ធផល​នៃ​ការអង្កេត​ចំពោះ​អ្នក​ដែល​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ បាន​បង្ហាញ​ទៀត​ថា ក្នុង​រយៈពេល​មួយខែ ការប្រើប្រាស់​ថ្នាំ​អំហ្វេតាមីន បាន​កើន​ឡើង​ពី ៤០​% ទៅ ៦៧​% កញ្ឆា បាន​កើន​ឡើង​ពី ១៥​% ទៅ ៣៥% ហេរ៉ូអ៊ីន បាន​កើន​ឡើង​ពី ៦% ទៅ ១១% កាវ បាន​កើនឡើង​ពី ៣ ទៅ ៧% និង​ការប្រើប្រាស់​ថ្នាំ​រំងាប់​ការឈឺចាប់ គឺ​មាន​ចំនួន ៥% ។ ការកើនឡើង​នៃ​ការប្រើប្រាស់​គ្រឿង​ញៀន គឺ​ដោយសារ​តែ​គ្រឿងញៀន​គឺ​ងាយ​នឹង​រកបាន ។

អគ្គលេខា​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក លួ រ៉ាមីន បាន​មាន​ប្រសាសន៍​ថា ការអង្កេត​នេះ​ជា​មូលដ្ឋាន​ដើម្បី​ធ្វើការ​កាត់បន្ថយ​ការប្រើប្រាស់​គ្រឿងញៀន ៖ «តាម​រយៈ​ការអង្កេត​នេះ យើង​នឹង​បង្ហាញ​ឲ្យ​ឃើញ​អំពី​ឥរិយាបថ អំពី​សន្ទស្សន៍ អំពី​គេ​ហៅ​ថា ការរកឃើញ​របស់​គម្រោង​នេះ ដើម្បី​យើង​ពង្រីក​ឲ្យ​ខេត្ត​ផ្សេងៗ​ទៀត គាត់​មាន​ធ្វើ​ហ្នឹង ។ ហើយ​វា​ក៏ជា​មូលដ្ឋាន​មួយ​សម្រាប់​យើង​វាយ​តម្លៃ... កាត់​បន្ថយ​បញ្ហា​គ្រោះថ្នាក់ ដែល​បណ្ដាល​មក​ពី​គ្រឿង​ញៀន គឺ​យើង​ផ្ដើម​ចេញ​ពី​ហ្នឹងថា តើ​ខេត្ត​ដែល​គេ​មាន​ចំនួន​តិច ឬ​ក៏​គេ​មាន​មុខ​សញ្ញា ប្រភេទ​យេនឌ័រ​ហ្នឹង ស្រី​ប៉ុន្មាន ប្រុស​ប៉ុន្មាន​ហ្នឹង តើ​យើង​គួរ​ដោះស្រាយ​យ៉ាងម៉េច ដើម្បី​យើង​កាត់​បន្ថយ​ការប្រើ​បំពាន​គ្រឿង​ញៀន​ហ្នឹង​ផង ។ ខេត្ត​ដែល​យើង​បាន​ធ្វើ​ទាំង ១២​នេះ ហើយ​សម្រាប់​ខេត្ត​ផ្សេង​ទៀត ដែល​នៅ​សល់»

លោក លួ រ៉ាមីន បាន​មាន​ប្រសាសន៍​ផងដែរ​ថា បើតាម​អនុសាសន៍​របស់​ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក ស ខេង ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ផងដែរ​នោះ បាន​អះអាង​ថា កត្តា​ជោគជ័យ ឬ​មិនជោគជ័យ​ក្នុង​ការទប់ស្កាត់​ការប្រើប្រាស់​និង​ការជួញដូរ​គ្រឿង​ញៀន គឺជា​ការទទួល​ខុស​ត្រូវ​របស់​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត-ក្រុង ដែល​មាន​ទីតាំង​នៅ​មូលដ្ឋាន ពីព្រោះ​មានតែ​ថ្នាក់​មូលដ្ឋាន​ទេ ដែល​ដឹងច្បាស់​ពី​ហេតុការណ៍​ដែល​កើតមាន​ក្នុង​ទឹកដី​ក្រោម​សមត្ថកិច្ច​របស់​ខ្លួន ។

ការអង្កេតលើ​ឥរិយាបថ​របស់​អ្នក​ប្រើប្រាស់​គ្រឿងញៀន គឺ​បាន​ធ្វើឡើង​នៅឆ្នាំ​២០០៨ នេះ ជាមួយ​នឹង​អ្នកប្រើប្រាស់​គ្រឿងញៀន ចំនួន ១.៣៨៥នាក់ នៅក្នុងឃុំ​ចំនួន ៦០ នៃ​ខេត្ត​ចំនួន ១២ ដែល​មាន​បញ្ហា​គ្រឿងញៀន​ធ្ងន់ធ្ងរ​ជាងគេ រួមមាន​ខេត្ត​បាត់ដំបង ស្ទឹងត្រែង កំពង់ឆ្នាំង ស្វាយរៀង កំពង់ចាម ប៉ៃលិន កណ្ដាល ក្រុងព្រះសីហនុ ភ្នំពេញ កោះកុង សៀមរាប និង​បន្ទាយមានជ័យ ។

លទ្ធផល​អង្កេត​បានបង្ហាញ​ទៀត​ថា ៩០% នៃ​អ្នកប្រើប្រាស់​គ្រឿងញៀន​ញឹកញាប់ ឬ អ្នក​ដែល​ប្រើ​ច្រើន​ជាង​ពីរដង​ក្នុង​មួយ​សប្ដាហ៍ គឺជា​បុរស ។ ៥២% នៃ​អ្នកប្រើប្រាស់​គ្រឿងញៀន គឺ​ជា​យុវជន ដែល​មាន​អាយុ​ក្រោម ២៥​ឆ្នាំ ។ ៤៣% នៃ​អ្នកប្រើប្រាស់​គ្រឿងញៀន​ញឹកញាប់ បាន​បញ្ចប់​បឋមសិក្សា ហើយ ៣៣% បាន​បញ្ចប់​អនុវិទ្យាល័យ ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។