កាំង ហ្កេកអ៊ាវ ហៅ ឌុច ហៅ ពិន បានឆ្លើយនៅក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាអំពីការសម្លាប់ទារកនិងកុមារតូចៗថា គាត់ធ្វើតាមបញ្ជា សុន សេន ដែលបានបំពាក់បំប៉នមនោគមន៍វិជ្ជាកុម្មុយនីស្តមិនឲ្យទុកកុមារទាំងនោះ ព្រោះខ្លាចគេនឹងសងសឹកទៅថ្ងៃក្រោយ។
ឌុច បានបញ្ជាក់ថា ៖ «សុន សេន គាត់ថា ហ្នឹងហើយ ឌុច មានពិសោធន៍ទៅ មិត្តទុកក៏អត់ចំណេញដែរ ថ្ងៃក្រោយវាសងសឹក នេះចាំណា! ជំហរវណ្ណៈមិត្តត្រូវពង្រឹងឡើង។ គោលការណ៍របស់បក្សខ្លាចសងសឹក។ នៅស-២១ ខ្ញុំសុខចិត្តអនុវត្តទស្សនៈរបស់បក្សកុម្មុយនីស្តកម្ពុជាទៅហើយ ចំពោះកុមារនិងទារក។ ឧក្រិដ្ឋកម្មនេះខ្ញុំទទួលទាំងស្រុង មិនឆ្លើយទម្លាក់ថាមកពីគេទាំងស្រុងទេ ក្នុងហ្នុងក៏មានខ្ញុំដែរ ខ្ញុំចាញ់ទស្សនៈគេរួចទៅហើយ»។
ឌុច បានទទួលស្គាល់ថា ឧក្រិដ្ឋកម្មបែបនោះគាត់មិនឆ្លើយដាក់អ្នកក្រោមបង្គាប់ទេ គឺគាត់ទទួលខុសត្រូវដោយគាត់មាននាទីជាមេរបស់គេ៕