អ្នក​វិភាគ​សេដ្ឋកិច្ច​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​គិតគូរ​ពី​អតិផរណា​ឬ​តម្លៃ​ទំនិញ​ឡើង​ថ្លៃ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា នឹង​ចាត់​វិធានការ​អន្តរាគមន៍​​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​ប្រាក់​រៀល។ ប៉ុន្តែ អ្នក​សេដ្ឋកិច្ច​​វិញ យល់​ឃើញ​​ថា រដ្ឋាភិបាល​​គួរ​តែ​ចាត់​វិធានការ​​ក្នុង​ការ​លើក​កម្ពស់​ទំនុក​ចិត្ត​ប្រាក់​រៀល​​បន្ថែម​ទៀត​ដល់​សាធារណជន ទើប​ជា​​ដំណោះ​ស្រាយ​ប្រសើរ​ជាង។

0:00 / 0:00

ការ​អះអាង​នានា​បាន​លើក​ឡើង​ថា ការ​ឡើង​ថ្លៃ​ទំនិញ (អតិផរណា) ឬ​ការ​ឡើង​ថ្លៃ​លុយ​រៀល (លុយ​ហើម) បាន​បង្ហាញ​ជា​រូបភាព​ស្រដៀង​គ្នា និង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ប្រជាជន ប៉ុន្តែ​រូបភាព​ទាំង​ពីរ​មាន​មូលហេតុ​ផ្សេង​គ្នា ព្រោះ​អតិផរណា​មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់ ដោយ​សារ​ឡើង​ថ្លៃ​ទំនិញ និង​ការ​ឡើង​ថ្លៃ​លុយ​មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់ ដោយ​សារ​ការ​ប្រែប្រួល​អត្រា​ប្ដូរ​ប្រាក់។

ដើម្បី​គ្រប់​គ្រង​ហានិភ័យ​ទាំង​នោះ រដ្ឋាភិបាល​ប្រទេស​នីមួយៗ​តែង​ប្រើ​គោល​នយោបាយ​រូបិយវត្ថុ​ជា​វិធានការ​ដោះស្រាយ តាម​រយៈ​កំណត់​អត្រា​ប្ដូរ​ប្រាក់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រទេស​កម្ពុជា មិន​អាច​ប្រើ​គោល​នយោបាយ​រូបិយវត្ថុ​បាន​ឡើយ ដោយ​សារ​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​ភាគ​ច្រើន​ប្រើ​ដុល្លារ​អាមេរិក។

ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​១០ មាន​តែ​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ ដែល​បាន​ប្រើប្រាស់​ប្រាក់​ដុល្លារ​ច្រើន​លើស​លប់​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​របស់​ខ្លួន និង​ប្រទេស​វៀតណាម បាន​ប្រើ​ប្រាស់​ដុល្លារ​មាន​ប្រមាណ ៣០% នៅ​ក្នុង​សកម្មភាព​សេដ្ឋកិច្ច។ ដោយ​ឡែក ប្រទេស​កម្ពុជា បាន​ចរាចរណ៍​ដុល្លារ​ច្រើន​ជាង​គេ​បំផុត​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន។

ការ​ប្រើ​ប្រាក់​ដុល្លារ​នេះ បាន​ផ្ដល់​ទាំង​ផល​វិជ្ជមាន និង​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​ជាតិ​ទាំង​មូល ប៉ុន្តែ​ធនាគារ​កណ្ដាល​របស់​ប្រទេស​មួយ​នឹង​បាត់​បង់​អំណាច​ក្នុង​ការ​គ្រប់គ្រង​ហានិភ័យ​ណា​មួយ​ដែល​កើត​ឡើង ដោយ​សារ​តែ​ការ​កើន​ឡើង​អត្រា​ប្ដូរ​ប្រាក់ ឬ​អតិផរណា​ជា​ដើម។ ម៉្យាង​វិញ​ទៀត ធនាគារ​កណ្ដាល​នឹង​បាត់​បង់​ឱកាស ឬ​បាត់​បង់​ផល​ចំណេញ​ចំពោះ​ការ​បោះ​ពុម្ព​រូបិយប័ណ្ណ​ជាតិ​របស់​ខ្លួន។

ភាព​កម្សោយ​នៃ​ការ​គ្រប់គ្រង​ការ​ចរាចរ​ប្រាក់​ដុល្លារ បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការ​ប្រែប្រួល​អត្រា​ប្ដូរ​ប្រាក់ ដែល​មាន​និន្នាការ​ជះ​ឥទ្ធិពល​កាន់​តែ​អាក្រក់​ដល់​អតិផរណា ឬ​ការ​ឡើង​ថ្លៃ​ទំនិញ​ប្រើប្រាស់​ជា​ទូទៅ​នៅ​ប្រទេស​កម្ពុជា។ ហើយ​កត្តា​នេះ បាន​ជះ​ឥទ្ធិពល​កាន់​តែ​អាក្រក់​ថែម​ទៀត​ដល់​ប្រជាជន ជាពិសេស​អ្នក​ក្រីក្រ មាន​ន័យ​ថា ពួក​គាត់​ទាំង​នោះ​ទទួល​បាន​អត្ថប្រយោជន៍​កាន់​តែ​តិច​នៃ​ការ​ប្រើប្រាស់​ទំនិញ កំឡុង​ពេល​អតិផរណា ឬ​លុយ​ហើម។

ជា​ទូទៅ អតិផរណា​នៅ​កម្ពុជា បាន​កើន​ឡើង​ជា​មធ្យម​ប្រមាណ ៥% រៀង​រាល់​ឆ្នាំ។ កត្តា​នេះ អ្នក​វិភាគ​សេដ្ឋកិច្ច​យល់​ឃើញ​ថា ការ​កើន​ឡើង​ថ្លៃ​អតិផរណា​នេះ​នឹង​ធ្វើ​ឲ្យ​ប្រជាជន​នៅ​ប្រទេស​នោះ​បាត់​បង់​ចំណូល​ប្រមាណ ៥% ដែរ រៀង​រាល់​ឆ្នាំ​ដែរ។ ប្រជាជន​ជា​ទូទៅ បាន​មធ្យោបាយ​ផ្សេងៗ​ដើម្បី​ដោះស្រាយ​ការ​ឡើង​ថ្លៃ​ទំនិញ ឬ​លុយ​ហើម តាម​រយៈ​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ទំនិញ ឬ​ខ្ចី​បំណុល​គេ ដើម្បី​បំពេញ​តម្រូវ​ការ​មូលដ្ឋាន​ប្រចាំ​ឆ្នាំ។

អ្នក​វិភាគ​សេដ្ឋកិច្ច លោក ហេង ឌីណា មាន​ប្រសាសន៍​ថា អតិផរណា​នៅ​ប្រទេស​កម្ពុជា រង​ឥទ្ធិពល​ដោយ​សារ​តែ​កំណើន​តម្រូវ​ការ​ក្នុង​ស្រុក​កើន​ឡើង​ខ្ពស់។ ប៉ុន្តែ ការ​ឡើង​ថ្លៃ​ទំនិញ​នៅ​កម្ពុជា គឺ​ដោយ​សារ​តែ​ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ជិត​ខាង មាន​ន័យ​ថា បើ​អតិផរណា​នៅ​ប្រទេស​ជិត​ខាង​កើន​ឡើង នឹង​ជះ​ឥទ្ធិពល​ដល់​ប្រទេស​កម្ពុជា ដែរ។

ចំពោះ​ការ​ឡើង​ថ្លៃ​ប្រាក់​រៀល​វិញ គឺ​បណ្ដាល​មក​ពី​តម្រូវ​ការ​ប្រាក់​រៀល​កើន​ឡើង​ខ្ពស់ ធៀប​នឹង​ដុល្លារ​អាមេរិក មាន​ន័យ​ថា គឺ​ត្រូវ​ការ​ប្រាក់​ដុល្លារ​ច្រើន​ជាង​មុន ដើម្បី​ប្ដូរ​យក​ប្រាក់​រៀល ប៉ុន្តែ​និន្នាការ​នេះ​កើន​ឡើង​នៅ​តាម​រដូវ​កាល​ប្រមូល​ផល​កសិកម្ម​តែ​ប៉ុណ្ណោះ។ ករណី​ប្រទេស​កម្ពុជា ប្រើ​ប្រាស់​ដុល្លារ​ច្រើន​នៅ​ក្នុង​សកម្មភាព​សេដ្ឋកិច្ច រដ្ឋាភិបាល​មិន​អាច​ប្រើ​គោល​នយោបាយ​រូបិយវត្ថុ ដើម្បី​ទប់​ស្កាត់​បាន​ឡើយ។ រដ្ឋាភិបាល ជាពិសេស​ធនាគារ​ជាតិ អាច​អន្តរាគមន៍​តែ​លើ​ការ​លក់​ប្រាក់​ដុល្លារ​ទៅ​ជា​ប្រាក់​រៀល​តែ​នៅ​ពេល​ប្រាក់​រៀល​ហើម​នៅ​លើ​ទីផ្សារ ដើម្បី​កសាង​ទំនុក​ចិត្ត​ប្រាក់​រៀល​លើ​ទីផ្សារ។

ម្ចាស់​គ្រប់​គ្រង​ហាង​ប្ដូរ​ប្រាក់​លីហួរ អ្នកស្រី សៀង លឹម មាន​ប្រសាសន៍​ថា តម្រូវ​ការ​ប្រាក់​រៀល បាន​កើន​ឡើង​រៀង​រាល់​ឆ្នាំ ដោយ​សារ​តែ​កំណើន​សេដ្ឋកិច្ច។ ប៉ុន្តែ ទំហំ​តម្រូវ​ការ​ប្រាក់​រៀល​បច្ចុប្បន្ន បាន​កើន​ឡើង​ភាគ​ច្រើន​មក​ពី​ទី​ជនបទ។ អ្នកស្រី​បន្ត​ថា ការ​កំណត់​អត្រា​ប្ដូរ​ប្រាក់ គឺ​ទៅ​តាម​យន្តការ​ទីផ្សារ​នៅ​ភ្នំពេញ និង​តម្រូវ​ការ​ប្រាក់​រៀល​នៅ​តាម​ខេត្ត​នីមួយៗ ហើយ​ការ​ឡើង​ថ្លៃ​លុយ​រៀល​កន្លង​មក​នៅ​ទីក្រុង​ភ្នំពេញ គឺ​ទាក់ទង​តម្រូវ​ការ​លុយ​រៀល​សម្រាប់​បង់​ទឹក​ភ្លើង ចំ​ពេល​តម្រូវ​ការ​លុយ​រៀល​កើន​ឡើង​នៅ​តាម​បណ្ដា​ខេត្ត។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​ថា ការ​ឡើង​ថ្លៃ​ប្រាក់​រៀល​នេះ គឺ​បណ្ដាល​មក​ពី​តម្រូវ​ការ​ប្រាក់​រៀល​ខ្ពស់ ហើយ​ទាម​ទារ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ត្រូវ​ឲ្យ​មាន​ប្រាក់​រៀល​មាន​ស្ថិរភាព​ឡើង​វិញ។

អ្នកស្រី សៀង លឹម បន្ត​ថា រដ្ឋាភិបាល ជាពិសេស​ធនាគារ​ជាតិ មាន​សមត្ថភាព​គ្រប់​គ្រាន់​សម្រាប់​គ្រប់គ្រង​ចរាចរណ៍​ប្រាក់​រៀល​នៅ​ប្រទេស​កម្ពុជា ហើយ​ក្នុង​រយៈកាល​ចុង​ក្រោយ ប្រាក់​រៀល​នឹង​មាន​ស្ថិរភាព។

ការ​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​ប្រាក់​រៀល អ្នក​វិភាគ​សេដ្ឋកិច្ច​បាន​អះអាង​ថា ធនាគារ​ជាតិ​មិន​អាច​ប្រើ​គោល​នយោបាយ​ហិរញ្ញវត្ថុ ក្នុង​ការ​កំហិត​អត្រា​ការ​ប្រាក់​គោល (Discount Rate) ទៅ​បណ្ដា​ធនាគារ​ផ្សេងៗ​បាន​ឡើយ ដោយ​កម្ពុជា ប្រើ​ជា​ដុល្លារ។ វិធានការ​ដែល​អាច​ធ្វើ​បាន​នោះ គឺ​ការ​បោះ​ពុម្ព​ប្រាក់​រៀល​បន្ថែម និង​នៅ​ពេល​ដែល​ប្រាក់​រៀល​ហើម​វិញ គឺ​តាម​រយៈ​វិធានការ​លក់​ដុល្លារ​យក​ប្រាក់​រៀល​មក​ទុក។

កត្តា​ទាំង​នោះ អ្នក​វិភាគ​សេដ្ឋកិច្ច លោក ហេង ឌីណា មាន​ប្រសាសន៍​ថា កត្តា​ទាំង​នោះ​នឹង​ជះ​ឥទ្ធិពល​ដល់​អតិផរណា​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ​សេដ្ឋកិច្ច​អះអាង​ថា រដ្ឋាភិបាល និង​អ្នក​ដែល​ពាក់ព័ន្ធ ត្រូវ​តែ​កសាង​ទំនុក​ចិត្ត​ប្រាក់​រៀល​ឲ្យ​កាន់​តែ​ខ្លាំង ដើម្បី​ឈាន​ដល់​ការ​ប្រើ​គោល​នយោបាយ​រូបិយវត្ថុ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ដូច​ជា​ការ​គ្រប់គ្រង​ហានិភ័យ​ដែល​បង្ក​ឡើង​ដោយ​អតិផរណា ឬ​លុយ​ហើម ប្រកប​ដោយ​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។