អ្នក​នេសាទ​នៅ​កំពង់ចាម​រក​ត្រី​មិន​សូវ​បាន ជំពាក់​បំណុល​ធនាគារ​កាន់​តែ​ច្រើន

បទល្មើស​នេសាទ​នៅ​ក្នុង​ខែត្រ​កំពង់ចាម កំពុង​តែ​កើត​មាន​ឥត​ឈប់ឈរ ដោយសារ​ជន​ល្មើស​ប្រើ​ឧបករណ៍​ឆក់ និង​អួន​ស្បៃ​មុង ទោះ​បី​ជា​រដ្ឋាភិបាល​កន្លង​មក បាន​ចេញ​វិធានការ​បង្ក្រាប​យ៉ាង​ណា​ក៏​ដោយ។

0:00 / 0:00

មន្ត្រី​ជលផល​ខែត្រ​បាន​បណ្ដោយ​ឲ្យ​មាន​បទល្មើស​នេសាទ​នៅ​ក្នុង​បឹង​ធំ​ក្នុង​ខែត្រ​កំពង់ចាម​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រកប​មុខ​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​ក្នុង​ឃុំ​មៀន រក​ចំណូល​មិន​សូវ​បាន ហើយ​បាន​ជំពាក់​បំណុល​ធនាគារ​កាន់​តែ​ច្រើន។

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​កំពង់​សំណាញ់ ឃុំ​មៀន ស្រុក​ព្រៃ​ឈរ ខែត្រ​កំពង់ចាម ជាង ២០០ គ្រួសារ បាន​ខ្ចី​បុល​ពី​ធនាគារ ដើម្បី​យក​មក​ទិញ​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ នៅ​ក្នុង​បឹង​ធំ ស្ថិត​នៅ​ក្នុង​ឡូត៍​លេខ ២ ដែល​រដ្ឋាភិបាល​បាន​រំលាយ​ឡូត៍​នេះ កាល​ពី​ឆ្នាំ ២០១១ កន្លង​ទៅ។

ប្រជាពលរដ្ឋ​ទាំង​នោះ កំពុង​ប្រឈម​នឹង​បញ្ហា​គ្មាន​ថវិកា​សង​បង្វិល​ទៅ​ធនាគារ​វិញ ពីព្រោះ​ពួក​គាត់​រក​ផល​នេសាទ​មិន​សូវ​បាន ដោយសារ​តែ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​យ៉ាង​អានាធិបតេយ្យ​នៅ​ក្នុង​បឹង​ធំ ដែល​ធ្វើ​ឲ្យ​ផល​ត្រី​កាន់​តែ​ខ្សត់ខ្សោយ។

តំណាង​សហគមន៍​នេសាទ​នៅ​ក្នុង​ភូមិ​កំពង់​សំណាញ់​ឈ្មោះ ប៉ក់ ហឿន បាន​រៀបរាប់​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​របស់​លោក​ភាគ​ច្រើន មិន​មាន​ដី​ធ្វើ​ស្រែ​ទេ។ ការ​រស់​នៅ​អាស្រ័យ​លើ​របរ​នេសាទ។ លោក​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​នេះ ប្រជា​នេសាទ​មាន​ក្ដី​សង្ឃឹម​ជាង​ឆ្នាំ​មុនៗ ក្នុង​រក​ផល​ត្រី​នៅ​ក្នុង​បឹង​ធំ ពីព្រោះ​ថា រដ្ឋាភិបាល​បាន​រំលាយ​កាត់​ឡូត៍​នេសាទ​លេខ ២ ក្នុង​បឹង​ធំ​នេះ ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ។ ផ្ទុយ​ទៅ​វិញ​ក្ដី​សង្ឃឹម​នេះ បាន​បាត់បង់​ដោយសារ​តែ​មាន​អ្នក​នេសាទ​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់។

តំណាង​សហគមន៍​នេសាទ​ឈ្មោះ ប៉ក់ ហឿន៖ «ប្រជាពលរដ្ឋ​ខ្ញុំ​រស់នៅ​សព្វ​ថ្ងៃ​នេះ មាន​ការ​លំបាក​ខ្លាំង​ពីព្រោះ​ថា អ្នក​ប្រកប​មុខ​របរ​ខុស​ច្បាស់​មាន​ច្រើន​កើន​ឡើង។ សំឡេង​ស្រី៖ ប្ដី​ខ្ញុំ​គាត់ ទៅ​ដាក់​លប​សព្វ​ថ្ងៃ​នេះ ពួក​ឆក់​ទៅ​ឆក់​នៅ​មុខ​លប​តែ​ម្ដង ហើយ​មិន​អាច​ត្រី​ចូល​ក្នុង​លប​បាន ក្នុង​ថ្ងៃ​រក​មិន​បាន​ទេ ក្នុង​មួយ​ថ្ងៃ​បាន​តែ​ពីរ​ឬ​បី​ពាន់​ទេ»។

បឹង​ធំ​ជា​បឹង​មួយ​មាន​ផ្ទៃ​ទឹក​ប្រមាណ ៤៨ ហិកតារ បឹង​នេះ​ជាប់​​ស្រុក​ចំនួន ៣ គឺ​ស្រុក​ព្រៃ​ឈរ ស្រុក​កង​មាស និង​ស្រុក​កំពង់​សៀម។ បឹង​នេះ ស្ថិត​នៅ​ក្នុង​ឡូ​នេសាទ​លេខ ២ ដែល​រដ្ឋាភិបាល​បាន​កាត់​ឲ្យ​ប្រជាពលរដ្ឋ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​វិញ កាល​ពី​ថ្ងៃ​ទី ២៥ ខែ​វិច្ឆិកា ឆ្នាំ ២០១១។

ប្រជាពលរដ្ឋ​ជា​ច្រើន​ទៀត បាន​លើក​ឡើង​ថា នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដោយសារ​តែ​រក​ផល​នេសាទ​មិន​សូវ​បាន។ កូនៗ របស់​ពួក​គាត់​មួយ​ចំនួន​បាន​ឈប់​រៀន ហើយ​ធ្វើ​ចំណាក​ស្រុក ទៅ​រក​ការងារ​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ និង​មួយ​ចំនួន​ទៀត ទៅ​រក​ស៊ី​ឈ្នួល​គេ​នៅ​ទីក្រុង​ភ្នំពេញ ពីព្រោះ​ថា ចំណូល​រក​បាន​ពី​ការ​នេសាទ​ក្នុង​មួយ​ថ្ងៃ​បាន​ពី ១ ម៉ឺន​រៀល​ទៅ ២ ម៉ឺន​រៀល នឹង​កាត់​ថ្លៃ​សាំង​នៅ​សល់​បន្តិចបន្តួច។

សំឡេង៖ «ប៉ះពាល់​ជម្រក​ត្រី ដែល​យើង​ខ្ញុំ​ថែ​រក្សា​ទុក​ហ្នឹង​គេ​ទៅ​ឆក់ បំផ្លាញ​ចោល​គេ​ទៅ​ឆក់​បំពាន​តែ​ម្ដង ដូច​ថា​ខ្ញុំ​រាយ​មង​ហ្នឹង​គេ​ទៅ​ឆក់​បំពាន​លើ​មង»។

ទោះបីជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​ប្រជាពលរដ្ឋ​បាន​ពន្យល់​ថា ការ​ទប់ស្កាត់​បទល្មើស​នេសាទ​វា​មិនមែន​ជា​បញ្ហា​លំបាក​នោះ​ទេ។ ប៉ុន្តែ​ពួក​គាត់​បាន​ចោទ​ប្រកាន់​មន្ត្រី​ជលផល​ខែត្រ​មិន​បាន​បង្ក្រាប​បទល្មើស​នេសាទ​ខុស​ច្បាប់​នោះ​ឡើយ។

សំឡេង៖ «អស់​ជំនឿ​តែ​ម្ដង​ខ្ញុំ​មិន​ដែល​ឃើញ​ជលផល​មក​ចាប់​បាន​មួយ​ទេ មក​យក​តែ​លុយ ហើយ​វិញ​ទៅ​បាត់​ហើយ»។

នាយ​អធិការដ្ឋាន​ជលផល​មេគង្គ លោក ឡង់ គន មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​អំពី​ករណី​នេសាទ​ខុស​ច្បាប់​កើត​មាន​នៅ​ក្នុង​បឹង​ធំ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា លោក​នឹង​ចាត់​ឲ្យ​មន្ត្រី​ជលផល​ខែត្រ​ចុះ​ពិនិត្យ​មើល។

លោក ឡង់ គន៖ «ប្រជាជន​រាយការណ៍​មក​ដែរ តែ​យើង​ឲ្យ​គាត់​រាយការណ៍​មក​ខ្ញុំ​ឲ្យ​ច្បាស់​ថា ឈ្មោះ​អី? តែ​ប្រជាជន​មិន​ហ៊ាន។ ហើយ​ខ្ញុំ​ឲ្យ​តែ​ដឹង​ច្បាស់​ខ្ញុំ​នឹង​រាយការណ៍​ទៅ​ស្នងការ​ទៅ​អភិបាល​ខែត្រ​ហើយ ឲ្យ​តែ​ច្បាស់ ហើយ​ខ្ញុំ​កន្លង​មក​លឺ​គេ​ថា​អ៊ីចឹង​ដែរ»។

ទាក់ទង​ទៅ​នឹង​ករណី​នេះ តំណាង​សហគមន៍​ក្រីក្រ នៅ​ឃុំ​មៀន អ្នកស្រី សូ អាន បាន​លើក​ឡើង​ថា កន្លង​មក ពួក​គាត់​សង្កេត​ឃើញ​មន្ត្រី​ជលផល​ចុះ​ទៅ​បង្ក្រាប​បទល្មើស​នេសាទ​ដែរ។ ប៉ុន្តែ​ការ​ចុះ​ទៅ​បង្ក្រាប​នោះ ហាក់​បី​ដូច​ជា មន្ត្រី​ជលផល​ទាំង​នោះ​ឲ្យ​អ្នក​នេសាទ​ខុស​ច្បាប់​ទាំង​នោះ​ដឹង​ខ្លួន​ជា​មុន។ អ្នកស្រី​បញ្ជាក់​ថា មន្ត្រី​ជលផល​ខែត្រ​បាន​ទទួល​សំណូក​ពី​អ្នក​នេសាទ​ខុស​ច្បាប់​ទាំង​នោះ។

អ្នកស្រី សូ អាន៖ «ហើយ​ថ្មីៗ នេះ បាន​ព័ត៌មាន​ពី​ភូមិ​កំពង់​សំរឹទ្ធ​នេះ គាត់​និយាយ​ថា អ្នក​ដឹក​អូន​ខ្លះ​កាល​ពី​ត្រី​សំបូរ គាត់​បង់ ២០០ ដុល្លារ​ឲ្យ​មន្ត្រី​ជលផល»។

ភូមិ​កំពង់​សំណាញ់ ជា​ភូមិ​មួយ​នៅ​ដាច់​ស្រយាល​ពី​គេ ចូល​ពី​ផ្លូវ​ជាតិ​ប្រមាណ​ជាង ២០ គីឡូម៉ែត្រ។ ភូមិ​នេះ​ស្ថិត​នៅ​ជាប់​នឹង​បឹង​ធំ ជា​ទី​កន្លែង​ដែល​ពួក​គាត់​ប្រកប​មុខ​របរ​នេសាទ។ នៅ​រដូវ​វស្សា ឆ្នាំ ២០១១ ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​នេះ ប្រឈម​នឹង​បញ្ហា​លំបាក​ដោយសារ​ទឹក​ជំនន់​លិច​ភូមិ​រយៈ​ពេល​ជាង​បី​ខែ។

អ្នកភូមិ​ស្ទែរ​តែ​គ្រប់​គ្នា​បាន​ត្អូញត្អែរ​អំពី​ការ​ជំពាក់​បំណុល​ធនាគារ តាំង​ពី​ទឹក​ស្រក​ផុត​ពី​ភូមិ ពីព្រោះ​ថា ទឹក​ជំនន់​មាន​រយៈ​ពេល​យូរ ពួក​គាត់​គ្មាន​ប្រកប​មុខ​របរ​អ្វី​បាន​ទេ។ បន្ទាប់​ពី​ទឹក​ស្រក អ្នក​ភូមិ​បាន​ខ្ចី​លុយ​ធនាគារ។ អ្នក​ខ្លះ​ជាង ១ លាន​រៀល និង​អ្នក​ខ្លះ​ទៀត ជាង ២ លាន​រៀល ដែល​ថវិកា​មួយ​ចំនួន​យក​ធ្វើ​ដើម​ទុន​ទិញ​ឧបករណ៍​នេសាទ និង​ថវិកា​មួយ​ចំនួន​ទៀត​សម្រាប់​ចាយ​វាយ​ប្រចាំ​ថ្ងៃ។

ប្រជាពលរដ្ឋ​ឈ្មោះ មុជ នីម បាន​ឲ្យ​ដឹង​ថា អ្នកស្រី​មិន​ខុស​ពី​អ្នកភូមិ​ដទៃ​ទៀត​ឡើយ គាត់​បាន​ខ្ចី​បុល​ធនាគារ​ជាង ២ លាន​រៀល សម្រាប់​យក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ ក្នុង​មួយ​ខែ គាត់​ត្រូវ​បង់​រំលោះ​ឲ្យ​ធនាគារ​ជាង ២០ ម៉ឺន​រៀល។ អ្នកស្រី​អះអាង​ថា ខែ​ខ្លះ​រក​ចំណូល​ពី​របរ​នេសាទ​មិន​សូវ​បាន គាត់​ត្រូវ​ចងការ​ខ្ចី​បុល​បន្ត​ពី​អ្នក​ផ្សេង​ទៀត យក​មក​សង​ធនាគារ ជៀសវាង​គេ​រឹបអូស​យក​ផ្ទះ​សម្បែង។

លោកស្រី មុជ នីម៖ «ខ្វះ​ខាត​ត្រូវ​ខ្ចី​បុល​គេ ១០ ម៉ឺន ការ​ប្រាក់ ១ ម៉ឺន។ ខ្លះ​ទៅ​មាន​ប្លង់​ដី​ទៅ​ខ្ចី អេស៊ីលីដា (ACLEDA) ទៅ»។

មេឃុំ​មៀន លោក ឌុក ជន បាន​ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​ក្នុង​ឃុំ​របស់​លោក បាន​ខ្ចី​លុយ​ពី​ធនាគារ​ប្រមាណ ៣០% នៃ​ប្រជាពលរដ្ឋ​សរុប​មាន​ជាង ៣ ពាន់​គ្រួសារ ដើម្បី​យក​មក​ធ្វើ​ដើម​ទុន​រកស៊ី។ លោក​មេឃុំ​បាន​បញ្ជាក់​ថា ការ​បង្ក្រាប​បទល្មើស​នេសាទ វា​មាន​ការ​លំបាក ដោយសារ​ប្រជាពលរដ្ឋ​នេសាទ​ខុស​ច្បាប់​ទាំង​នោះ គេ​ធ្វើ​លួច​លាក់។

ប្រជា​នេសាទ​ឃុំ​មៀន បាន​លើក​ឡើង​ថា ពួក​គាត់​គ្រោង​នឹង​ស្នើសុំ​ទៅ​មន្ត្រី​ជលផល​ខែត្រ បង្កើត​ជា​សហគមន៍​ឃ្លាំមើល និង​បង្ក្រាប​បទល្មើស​នេសាទ​ខុស​ច្បាប់។ បើ​មិន​ដូច្នោះ​ទេ ធនធាន​ជលផល​នៅ​ក្នុង​បឹង​ធំ​នឹង​ហិនហោច​អស់ ជីវភាព​ពួក​គាត់​នឹង​កាន់​តែ​ដុនដាប ហើយ​អ្នក​ខ្លះ​នឹង​ត្រូវ​គេ​រឹបអូស​យក​ផ្ទះសម្បែង ដោយសារ​គ្មាន​លុយ​សង​ធនាគារ។

លោក ឡុង គន បាន​ស្វាគមន៍​ចំពោះ​ប្រជា​នេសាទ ដែល​ចង់​ចូលរួម​បង្ក្រាប​បទល្មើស​នេសាទ​នេះ។ លោក​បញ្ជាក់​ថា មន្ត្រី​ជលផល​ប្រចាំ​ខែត្រ​កំពង់ចាម​មាន​គ្នា​តិច គឺ​ប្រមាណ ៣០ នាក់​ទេ។ ពេល​ខ្លះ មិន​អាច​បង្ក្រាប​បទល្មើស​នេសាទ​បាន​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក ឡង់ គន បញ្ជាក់​ថា ការ​បង្ក្រាប​បទល្មើស​នេសាទ​អួន​ស្បៃ​មុង​ខុស​ច្បាប់ កាល​ពី​ឆ្នាំ​ពី ២០១១ មាន​ជាង ៤ ពាន់​ករណី៕

កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បី​រក្សាសេចក្ដីថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​តែ​ប៉ុណ្ណោះ។