ផលវិបាក​នានា​ដោយសារ​​ជម្លោះ​នៅ​តាម​ព្រំដែន​ខ្មែរ-ថៃ

មន្ត្រី​រាជ​រដ្ឋាភិបាល​ខ្មែរ អ្នក​វិភាគ​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ប្រជាពលរដ្ឋ​កម្ពុជា បាន​សម្លឹង​មើល​ឃើញ​ថា ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ-​ថៃ នៅ​តាម​​តំបន់​ជម្លោះ​ព្រំដែន​​រវាង​ប្រទេស​ទាំង​២​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កត្តា​ជា​ច្រើន ទាំង​ទ្រព្យ​សម្បត្តិ អាយុ​ជីវិត​មនុស្ស និង​បរិស្ថាន​ធម្មជាតិ​ជាដើម។

0:00 / 0:00

ការ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ-​ថៃ នៅ​តំបន់​ព្រំដែន​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាក្របី និង​តំបន់​ថ្មដូន ក្នុង​ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ នៃ​ប្រទេស​កម្ពុជា ដោយសារ​រឿង​ជម្លោះ​ព្រំដែន​​ ចាប់​តាំង​ពី​ថ្ងៃ​ទី​២២ រហូត​មក​ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា​នេះ នៅ​តែ​បន្ត​យ៉ាង​ខ្លាំងក្លា​នៅ​ឡើយ។

ការ​ប្រយុទ្ធ​ដោយ​ភាគី​ទាំង​សង​ខាង​នៅ​តែ​បាញ់​កាំភ្លើង​តូច​ធំ​​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ចំនួន ៧​ថ្ងៃ​មក​ហើយ​នោះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ទាហាន​ទាំង​សង​ខាង​បាត់​បង់​អាយុ​ជីវិត និង​រង​របួស​ប៉ុណ្ណោះ​ទេ គឺ​វា​បាន​ធ្វើ​ឲ្យ​ជន​ស៊ីវិល​​ទាំង​សង​ខាង​ដែល​រស់​នៅ​ជិត​ព្រំដែន​បាន​ទទួល​រង​ផល​ប៉ះ​ពាល់ ដោយ​ខូច​ខាត​ទ្រព្យ​សម្បត្តិ និង​ចាកចោល​លំនៅឋាន ខាត​បង់​ពេល​វេលា​ក្នុង​ការ​ប្រកប​របរ​​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​ផង​ដែរ។

ប្រជាពលរដ្ឋ​ស៊ីវិល​ដែល​រស់​នៅ​ជិត​ៗ​ព្រំដែន ហើយ​បាន​បង្ខំ​ចិត្ត​ចាក​ចោល​ផ្ទះ​សម្បែង​នៅ​ពេល​ដែល​ទាហាន​ខ្មែរ-​ថៃ ប្រយុទ្ធ​គ្នា​សុទ្ធ​តែ​និយាយ​ថា ពួកគេ​បាន​ចាកចោល​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ដែល​មិន​អាច​យក​តាម​ខ្លួន​បាន។

លោក សុខ សាន្ត អាយុ ៥៥​ឆ្នាំ ដែល​ចាកចោល​លំនៅឋាន​ជាប់​ព្រំដែន​ខ្មែរ-​ថៃ ក្នុង​ភូមិ​ថ្មដូន បាន​មាន​ប្រសាសន៍​ថា គ្រួសារ​របស់​គាត់​ដែល​គេ​ចេញ​ពី​សង្គ្រាម​បាន​ចោល​ទ្រព្យ​សម្បតិ្ត​​ជា​ច្រើន​ ដែល​មិន​អាច​យក​តាម​ខ្លួន​បាន ៖ «ខ្ញុំ​បាទ​ចោល​ទាំង​អស់ សម្ភារៈ គោយន្ត ម៉ូតូ និយាយ​រួម​ថា របស់​របរ​មាន់ ទា​អី​ច្រើន​ណាស់ ក្នុង​១​គ្រួសារ ៤-​១០​ក្បាល ២០-​៣០​ក្បាល ដែល​អង្គការ​គេ​ឲ្យ​យើង​ចិញ្ចឹម​ហ្នឹង​ទាំង​ទ្រុង​ៗ មិន​បាន​យក​មក។ មក​រួច​តែ​ខ្លួន​ទេ អង្ករ​ស្បៀង​អី​មិន​បាន​យក​មក​ទាំង​អស់»

ចំណែក​ស្រ្តី​ចំណាស់​ឈ្មោះ កែវ កង អាយុ ៦៧​ឆ្នាំ មក​ពី​ភូមិ​ថ្មដូន​ដែរ បាន​មាន​ប្រសាសន៍​ថា ទ្រព្យ​សម្បត្តិ​របស់​គាត់​ជា​ច្រើន​ដែល​ខំ​ប្រឹង​រក និង​សន្សំ​ទុក​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២​មក គឺ​ត្រូវ​ទុក​ចោល​​នៅ​នឹង​ផ្ទះ​របស់​គាត់​ទាំង​អស់​នៅ​ពេល​ដែល​គាត់​ភៀស​ខ្លួន​គេច​ចេញ​ពី​ការ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​​ខ្មែរ-​ថៃ​នេះ ៖ «ទ្រព្យ​សម្បត្តិ​ដូច​ជា​ខារ៉ាអូខេ ឈើ​គិត​លើក​ផ្ទះ​ហ្នឹង​វា ២០​ម៉ែត្រ​គូប ស្រូវ​ប្រហែល​ជា ២​តោន គោយន្ត ជ្រូក ៥​ក្បាល ទា មាន់​រាប់​រយ​ក្បាល​ណោះ ចោល​តែម្ដង ហើយ​ចម្ការ​ខ្នុរ ចម្ការ​ស្វាយ​មិន​ដឹង​ជា​យ៉ាង​ណា។ ហ៊ឺ! មាន​អារម្មណ៍​ស្មុគស្មាញ​ណាស់ ធ្វើ​រក​បាន​ប៉ុណ្ណេះ​ហើយ​ក៏​វា​អស់​​ទៀត សង្គ្រាម​រាប់​សិប​ឆ្នាំ​ហើយ​ទើប​ស្ងាត់​សង្គ្រាម​ហ្នឹង ខំ​រក​ដើម្បី​ចិញ្ចឹម​កូន»។​

មន្ត្រី​ខេត្ត​ឧត្តរមានជ័យ របស់​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ត្រឹម​ម៉ោង ៦​ល្ងាច​ថ្ងៃ​ទី​២៧ ខែ​មេសា ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ភៀស​សឹក​ចាកចោល​ផ្ទះ​សម្បែង​ដោយសារ​ការ​ភ័យ​ខ្លាច​ ចំពោះ​ការ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ-​ថៃ នៅ​តាម​ព្រំដែន​នោះ​ បាន​កើន​ឡើង​​ជាង ៨.៧៩០​គ្រួសារ​ ​ដែល​ស្មើ​នឹង​ចំនួន​មនុស្ស​ប្រមាណ​ជាង ៣៥.២៦០​នាក់​ហើយ។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ថៃ លោក ថានី ថងផាក់ឌី (Thani Thongpakdi) បាន​មាន​ប្រសាសន៍​កាល​ពី​ពេល​ថ្មីៗ​ថា ស្ថានភាព​បច្ចុប្បន្ន​មិន​បណ្ដាល​​ឲ្យ​មាន​ផល​ល្អ​​ដល់​ប្រទេស និង​ប្រជាជន​ថៃ​ទេ ដោយសារ​ប្រជាពលរដ្ឋ​ថៃ ចំនួន​ពីរ​ខេត្ត ប្រមាណ ៣​ម៉ឺន​នាក់​ត្រូវ​បាន​ជម្លៀស​ចេ​ញ​ពី​តំបន់​សង្គ្រាម​ដែរ។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ទាហាន​ថៃ ដែល​បាន​បង្ក​ហេតុ និង​ប្រើ​កាំភ្លើង​ធំ​បាញ់​​រំលោភ​មក​លើ​បូរណភាព​ទឹក​ដី​ខ្មែរ​នៅ​តំបន់​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាក្របី​នោះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ជា​ច្រើន​​ដែល​ធ្វើ​ឲ្យ​កិត្តិយស​របស់​ប្រទេស​ថៃ បាន​អាប់ឱន​នៅ​ក្នុង​សង្គម​ស៊ីវិល័យ​មួយ​ដែល​រស់​នៅ​ក្រោម​​ច្បាប់​អន្តរជាតិ​ផង​ដែរ។

លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​បន្ថែម​ថា ៖ «ទី​១ គឺ​ប៉ះ​ដល់​សម្បត្តិ​វប្បធម៌ ក៏​ដូច​ជា​បេតិកភណ្ឌ​របស់​មនុស្ស​ជាតិ ហើយ​ទី​២​ហ្នឹង​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​ដ៏​ស្ងៀមស្ងាត់​របស់​ប្រជាពលរដ្ឋ​ស៊ីវិល​កម្ពុជា ដែល​មាន​មនុស្ស ៣​ម៉ឺន​នាក់​ជាង​ប៉ះ​ពាល់​ដល់​ការ​វាយ​ប្រហារ​រាល់​ថ្ងៃ​នេះ ហើយ​ជាមួយ​គ្នា​នេះ​ផង​ដែរ សកម្មភាព​នៃ​ប្រតិបត្តិការ​របស់​អង្គការ​សង្គម​ស៊ីវិល ទាំង​ផ្នែក​លើក​កម្ពស់​ជីវភាព ក៏​ដូច​ជា​លើក​កម្ពស់​ជីវភាព បាន​ផ្អាក​នូវ​សកម្មភាព​របស់​គេ នេះ​ជា​ការ​ប៉ះពាល់​ធំ។ ចំណុច​ទី​៣ ដែល​ប៉ះពាល់​ខ្លាំង​ទៅ​ទៀត​នោះ គឺ​កង​ទ័ព​ថៃ​​ហ្នឹង​បង្កើត​ការ​វាយ​លុក​ចូល​មក​កាន់​កាប់​​ទឹក​ដី​កម្ពុជា ប្រាសចាក​ពី​ស៊ីវិល័យ​​​របស់​មនុស្ស​ជាតិ ដែល​យើង​ទាំង​អស់​គ្នា​រស់​នៅ​ក្នុង​សង្គម​អង្គការ​សហប្រជាជាតិ​ដែល​យក​ច្បាប់​ជា​ធំ»

តាំង​តែ​ពី​ទាហាន​ថៃ ចាប់​ផ្ដើម​វាយ​ប្រហារ​មក​លើ​កងទ័ព​កម្ពុជា នៅ​តំបន់​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាក្របី កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា​មក ថៃ​បាន​សម្រេច​ចិត្ត​បិទ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចំនួន​២ មួយ​នៅ​តំបន់​អូរស្មាច់ ក្រុង​សំរោង និង​មួយ​ទៀត​នៅ​ច្រក​ជាំសាង៉ាំ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​សង​ខាង​ដែល​ធ្លាប់​តែ​នាំ​ទំនិញ​ចេញចូល ត្រូវ​អាក់​ខាន។

កាល​ពី​ពេល​ថ្មី​ៗ ប្រទេស​ថៃ បាន​ប៉ុនប៉ង​បិទ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​រវាង​កម្ពុជា-​ថៃ នៅ​ពេល​ដែល​ទាហាន​កម្ពុជា-​ថៃ នៅ​តែ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​ចំនួន ១​សប្ដាហ៍​មក​ហើយ​នេះ។

ប្រមុខ​រដ្ឋាភិបាល​ខ្មែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ថា នឹង​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ឈប់​ទិញ​ទំនិញ​របស់​ថៃ ប្រសិន​បើ​ថៃ បិទ​ច្រក​ព្រំដែន​ទាំង​អស់​រវាង​កម្ពុជា-​ថៃ​នោះ។

លោក​បណ្ឌិត កង ច័ន្ទតារារ័ត្ន អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​របស់​វិទ្យាស្ថាន​កម្ពុជា ដើម្បី​សិក្សា និង​ការ​អភិវឌ្ឍ បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ណា​ដែល​ឈាន​ដល់​ការ​បិទ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​រវាង​ខ្មែរ-​ថៃ​នោះ វា​នឹង​ធ្វើ​ឲ្យ​ប្រទេស​ថៃ បាន​ខាត​បង់​ជា​ច្រើន​លើ​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជាមួយ​​កម្ពុជា​នេះ។

លោក កង ច័ន្ទតារារ័ត្ន មាន​ប្រសាសន៍​បន្ថែម​ថា ៖ «វា​ប៉ះពាល់​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​នាំ​ចេញ​នាំ​ចូល​របស់​ប្រទេស​យើង​ហ្នឹង ហើយ​ជា​ពិសេស​បង​ប្អូន​​ប្រជាជន​កសិករ​នៅ​តាម​ទល់​ដែន​ហ្នឹង ដែល​មាន​ការ​លក់​ទៅ​ឲ្យ​ថៃ ឬ​ក៏​អ្នក​នាំ​អីវ៉ាន់​មក​ពី​ប្រទេស​ថៃ​អី​វិញ​ហ្នឹង អា​ហ្នឹង​វា​ប៉ះពាល់​ក្នុង​កម្រិត​មួយ​ធ្ងន់​ដែរ ហើយ​ជា​ពិសេស​ទៅ​ទៀត សម្រាប់​អ្នក​ផ្គត់ផ្គង់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ក៏​ដូច​ជា​ទី​កន្លែង​ផ្សេងៗ​ទៀត ដែល​មាន​​ការ​នាំ​ចូល​មក​ពី​ប្រទេស​ថៃ ឬ​ក៏​អ្នក​ដៃគូ​វិនិយោគ​នៅ​ក្នុង​ប្រទេស​ខ្មែរ​យើង​ជាដើម»

ក្រុម​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​តាម​តំបន់​ជិត​ព្រំដែន​ខ្មែរ-​ថៃ បាន​ឲ្យ​ដឹង​ថា ទាហាន​ថៃ​ដែល​ប្រើ​កាំភ្លើង​ធំ​បាញ់​ផ្លោង​រាប់​រយ​គ្រាប់​ដាក់​កង​ទាហាន​ខ្មែរ និង​ភូមិ​ប្រជាពលរដ្ឋ​ស៊ីវិល​ផង​នោះ មិន​មែន​តែ​ធ្វើ​ឲ្យ​ទាហាន និង​ប្រជាពលរដ្ឋ​ស៊ីវិល​ស្លាប់ និង​រង​របួស​នោះ​ទេ ប៉ុន្តែ​វា​បាន​សម្លាប់​ទាំង​​សត្វ​ក្នុង​ព្រៃ និង​បំផ្លាញ​ព្រៃ​ឈើ​ជា​ច្រើន​​នៅ​តាម​ព្រំដែន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ផង​ដែរ។

ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ជិត​ព្រំដែន​បាន​និយាយ​ថា គេ​មិន​ចង់​បាន​សង្គ្រាម​បែប​នេះ​ទេ គឺ​គេ​ត្រូវ​ការ​ភាព​សុខសាន្ត និង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត។

ប្រទេស​នៃ​សហគមន៍​អឺរ៉ុប កាល​ពី​ពេល​ថ្មីៗ​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ-​ថៃ។

ប្រទេស​សហគមន៍​អឺរ៉ុប បាន​អំពាវនាវ​ឲ្យ​ប្រទេស​កម្ពុជា និង​ថៃ យល់​ព្រម​ជាមួយ​គ្នា​បង្កើត​​នូវ​បទ​ឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍​មួយ​ទៅ​តាម​ការ​អំពាវនាវ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ដែល​ធ្វើ​ឡើង​កាល​ពី​ខែ​កុម្ភៈ កន្លង​មក។

គេ​បាន​ប៉ាន់​ប្រមាណ​ថា ការ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ-​ថៃ នៅ​តាម​ព្រំដែន​តំបន់​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាក្របី និង​តំបន់​ថ្មដូន ចាប់​តាំង​ពី​ថ្ងៃ​ទី​២២ រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​មេសា យ៉ាង​ហោច​ណាស់​មាន​ទាហាន​ទាំង​សង​ខាង​ប្រមាណ​ជិត ២០​នាក់​បាន​ស្លាប់ និង​ជាង ៥០​នាក់​ផ្សេង​ទៀត​បាន​រង​របួស៕