សូមជម្រាបថានៅក្នុងខេត្តកំពតអាសនៈសម្រាប់អ្នកតំណាងរាស្រ្តមានចំនួនអាសនៈតែ៦ទេ ។
មន្រ្តីមកពីគណបក្សហ៊្វុនស៊ិនប៉ិចមួយរូបបាននិយាយអះអាងនៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតថា គណបក្សហ៊្វុនស៊ិនប៉ិចនឹងទទួលបានអាសនៈចំនួន៣ក្នុងចំណោម៦អាសនៈដែលមាននៅក្នុងខេត្តកំពត ។
លោក គៀង វ៉ាង បេក្ខជនតំណាងរាស្រ្តថ្នាក់លេខមួយរបស់គណបក្សហ៊្វុនស៊ិនប៉ិចនៅខេត្តកំពត បានមានប្រសាសន៍នៅក្នុងទឹកដីស្រុកបន្ទាយមាសថា លោកមានជំនឿថាគណបក្សរបស់លោកនឹងទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋខ្មែរនៅក្នុងខេត្តកំពត ក្នុងពេលដែលលោកកំពុងដឹកនាំក្បួនដង្ហែឃោសនាគណបក្សដែលមានចំនួន៤០រថយន្ត និងម៉ូតូប្រហែលជា១០០គ្រឿងទៀត ។
លោក គៀង វ៉ាង បានមានប្រសាសន៍ថា ៖ «ខ្ញុំគណបក្សហ៊្វុនស៊ិនប៉ិច ខ្ញុំបានដើរធ្វើការគ្រប់៩២ឃុំ មាន៨ស្រុក... មាន៤៨៨ភូមិ ខ្ញុំបានដើរគ្រប់ទាំងអស់ក្នុងរយៈពេល៤ថ្ងៃនេះ ។ ខ្ញុំសង្ឃឹមនិងខ្ញុំជឿម៉ឺងម៉ាត់របស់ខ្ញុំថា ខ្ញុំទទួលបានអាសនៈយ៉ាងតិច៣កៅអី» ។
បេក្ខជនតំណាងរាស្រ្តថ្នាក់លេខ១របស់គណបក្សហ៊្វុនស៊ិនប៉ិចរូបនេះបានឲ្យដឹងគោលនយោបាយចម្បងរបស់គណបក្សរបស់លោកយ៉ាងដូច្នេះថា ៖ «គោលនយោបាយរបស់គណបក្សហ៊្វុនស៊ិនប៉ិច យើងខ្ញុំគឺខំធ្វើសព្វថ្ងៃនេះ គឺធ្វើដើម្បីបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងកត្តាសំខាន់គឺដើម្បីការពារបូរណភាពទឹកដី ដើម្បីដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ និយាយឲ្យចំគឺយួនមកនៅស្រុកខ្មែរខុសច្បាប់ យើងខ្ញុំត្រូវតែដោះស្រាយនេះជារឿងចម្បង ។ រឿងចម្បងមួយទៀតគឺត្រូវតែដោះស្រាយទប់ស្កាត់រឿងព្រំដែនមិនឲ្យប្រទេសជិតខាងមកលូកលាន់ក្នុងទឹកដីខ្មែរបានទេ» ។
នៅក្នុងខេត្តកំពតកាលពីថ្ងៃទី២៦ មិថុនា មានគណបក្សនយោបាយធ្វើការឃោសនាបោះឆ្នោតចំនួនតែ៣ប៉ុណ្ណោះ គឺគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសិទិ្ធមនុស្ស និងគណបក្សសមរង្ស៊ី ។
បរិយាកាសនៃការឃោសនាបោះឆ្នោតនៅខេត្តកំពតនាថ្ងៃនោះហាក់មានសភាពស្ងប់ស្ងាត់ គឺមិនមានភាពគគ្រឹកគគ្រេងដូចនៅក្នុងទីក្រុងភ្នំពេញឡើយ ។ ក្នុងថ្ងៃដដែលនោះការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងទីក្រុងកែប ក៏មិនទាន់ឃើញមានគណបក្សនយោបាយណាទៅធ្វើការឃោសនាយកសំឡេងឆ្នោតនៅទីនោះដែរ ។
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសមរង្ស៊ីដែលកំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងក្តៅគគុកនៅក្នុងខេត្តកំពតដែរនោះ បានប្រសាសន៍ឲ្យដឹងថាគណបក្សសមរង្ស៊ីមកដល់ពេលនេះទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋខែ្មរនៅក្នុងខេត្តកំពត ។
លោកស្រី មូរ សុខហួរ បានបញ្ជាក់ថា ៖ «យើងបានសន្លឹកឆ្នោតជាង៥ម៉ឺនសន្លឹកឆ្នោតទៅហើយសម្រាប់២អាសនៈទៅហើយ ដូច្នេះយើងបន្តទៅទៀតយកកៅអីទី៣ ។ ធនធានសន្លឹកឆ្នោតយើងមានគ្រប់គ្រាន់ទាំងអស់សម្រាប់ឈានទៅកៅអីទី៣ ។ ដូច្នេះយុទ្ធសាស្ត្ររបស់យើងគឺយើងជំរុញឲ្យប្រជាពលរដ្ឋដែលគាត់កំពុងតែលំបាកនឹងសាំងឡើងថ្លៃ ។ល។ និង ។ល។ នេះ មកស្ដាប់សារនិងទទួលយកសាររបស់លោកប្រធាន សម រង្ស៊ី ដែលសារនេះច្បាស់ណាស់គឺនិយាយអំពីសាំងចុះថ្លៃ ទំនិញចុះថ្លៃ បានការងារឲ្យប្រជាពលរដ្ឋបានធ្វើ ហើយនិងព្យាបាលជំងឺដោយអត់យកលុយ» ។
ខណៈពេលដែលមានគណបក្សនយោបាយ២ ថ្លែងពីក្តីសង្ឃឹមទៅលើលទ្ធផលនៃចំនួនអាសនៈដែលខ្លួនរំពឹងថា នឹងទទួលបាននៅក្នុងយុទ្ធនាការបោះឆ្នោតក្នុងខេត្តកំពតនេះ លោក ហេង ចន្ថា បេក្ខជនលំដាប់លេខរៀងទីមួយរបស់គណបក្ស នរោត្តម រណឫទ្ធិ បានឲ្យដឹងថា គណបក្ស នរោត្តម រណឫទ្ធិ ក៏មានកី្តសង្ឃឹមទុកជាមុនក្នុងទទួលបានអាសនៈនៅក្នុងខេត្តកំពតផងដែរ ។
លោក ហេង ចន្ថា បានឲ្យដឹងថា ៖ «សន្ទុះនៃការគាំទ្រ ខ្ញុំគិតថាខ្ញុំអាចបាន៣កៅអីដែរ ផ្អែកលើការគាំទ្រយ៉ាងគគ្រឹកគគ្រេង ហើយថ្នាក់ដឹកនាំរបស់គណបក្សយើងខ្ញុំបានចុះផ្ទាល់ជាមួយប្រជាពលរដ្ឋ ។ ពិសេសគឺយើងមានរចនាសម្ព័ន្ធគ្រប់គ្រងតាំងពីថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ រហូតដល់ក្រុម» ។
មិនអាចសុំការទំនាក់ទនងបានពីប្រធានគណបក្សសិទ្ធិមនុស្សជុំវិញជំនឿជឿជាក់របស់គណបក្សដែលទើបតែបង្កើតថ្មីមួយនេះក្នុងការទទួលបានអាសនៈនៅខេត្តកំពត ។ រីឯតំណាងគណបក្សប្រជាជនវិញបានឲ្យដឹងថា ប្រជាជនខ្មែរលោកនឹងជ្រាបថាអ្វីទៅដែលអាក្រក់និងល្អ បន្ទាប់មកពួកគាត់នឹងធ្វើការសម្រេចចិត្ត ។
រហូតមកដល់ថ្ងៃទី២៧ មិថុនា តំណាងគណបក្សដែលកំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងខេត្តកំពត បានឲ្យដឹងដូចគ្នាថាស្ថានភាពនៃការធ្វើការយុទ្ធនាការឃោសនាបោះឆ្នោតកំពុងមានភាពរលូនទៅមុខ គ្មានអំពើហិង្សានិងការគំរាមកំហែងណាមួយបានកើតឡើងនោះទេ ។
ដោយឡែកលោកស្រី មូរ សុខហួរ បានសម្ដែងការព្រួយបារម្ភជុំវិញដំណើររបស់លោក សម រង្ស៊ី មកកាន់ស្រុកឈូក និងស្ថានភាពរបស់ប្រជាពលរដ្ឋនៅក្នុងភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត ។
លោកស្រី មូរ សុខហួរ បានមានប្រសាសន៍ថា ៖ «នៅកំពតហ្នឹងគឺថាមានការមិនអនុញ្ញាតឲ្យគណបក្សសមរង្ស៊ីជួបប្រជុំនៅថ្ងៃលោកប្រធានអញ្ជើញមកនៅស្រុកឈូក ហើយស្រុកឈូកដដែលយើងព្រួយបារម្ភនៅឯឃុំតាកែន ដែលទាហានកំពុងតែព័ទ្ធប្រជាពលរដ្ឋនៅក្នុង៣ភូមិ ។ ហើយយើងធ្វើដំណើរទៅឃោសនានៅភូមិទាំងបីនោះ នៅថ្ងៃអាទិត្យនេះហើយ ។ យើងកំពុងតែឲ្យ PEC ដោះស្រាយបញ្ហាហ្នឹងហើយគណបក្សសមរង្ស៊ីក៏បានជួបយកព័ត៌មាននេះជូនទៅដល់អ្នកសង្កេតការណ៍អន្តរជាតិ ក៏ដូចជាអង្គការសហប្រជាជាតិដែរ ពីព្រោះនេះធ្វើឲ្យប្រជាពលរដ្ឋមិនបានមានសិទ្ធិមកស្ដាប់សារនយោបាយនៃគណបក្សសមរង្ស៊ី» ។
គួររំឮកផងដែរថាលទ្ធផលនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នាំ២០០៣ បានបង្ហាញថានៅក្នុងខេត្តកំពត គណបក្សប្រជាជនកម្ពុជាទទួលបាន៣អាសនៈ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន២អាសនៈ ចំណែកឯគណបក្សសមរង្ស៊ីទទួលបាន១អាសនៈ ៕