ប្រជាពលរដ្ឋរាប់រយគ្រួសារ រស់នៅសង្កាត់បារាយ ក្រុងព្រៃវែង ខេត្តព្រៃវែង បានប្រតិកម្ម ចំពោះការកំណត់តម្លៃតភ្ជាប់ចរន្តអគ្គិសនី របស់អាជ្ញាធរអគ្គិសនីខេត្ត ដែលបានកំណត់តម្លៃខ្ពស់ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនមិនមានលទ្ធភាពតភ្ជាប់អគ្គិសនីប្រើប្រាស់។
គ្រូបង្រៀនម្នាក់ សុំមិនចេញឈ្មោះ រស់សង្កាត់បារាយ ខេត្តព្រៃវែង មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងថា ពលរដ្ឋក្នុងមូលដ្ឋាន ភាគច្រើនមិនមានលទ្ធភាពតភ្ជាប់ចរន្តអគ្គិសនី ដែលអាជ្ញាធរអគ្គិសនីខេត្តព្រៃវែង កំណត់តម្លៃខ្ពស់នោះទេ។ លោកបន្តថា អគ្គិសនីនៅព្រៃវែង ប្រសិនបើពលរដ្ឋ ចង់បានភ្លើងប្រើ យ៉ាងហោចណាស់ពលរដ្ឋ ១គ្រួសារ ត្រូវចំណាយប្រាក់ពី ៤០ទៅ៦០ ម៉ឺនរៀល ទើបបានភ្លើងប្រើ។ នោះជាតម្លៃខ្ពស់ ដែលពលរដ្ឋមិនមានលទ្ធភាព។
គ្រូបង្រៀនរូបនេះ ស្នើឲ្យអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីស្ថាប័នពាក់ព័ន្ធ ជួយអន្តរាគមន៍បញ្ចុះតម្លៃតភ្ជាប់ចរន្តអគ្គិសនី នៅក្រុងព្រៃវែង ធ្លាក់មកត្រឹមតម្លៃពី ១៥ទៅ១៨ម៉ឺនរៀល ក្នុង១គ្រួសារ ដើម្បីឲ្យពលរដ្ឋ មានលទ្ធភាព ភ្ជាប់ភ្លើងអគ្គិសនីប្រើប្រាស់បានគ្រប់ៗគ្នា។
លោកមានប្រសាសន៍ដូច្នេះ ៖ «សូម្បីយើងប្រើអំពូលពីរក៏ដោយ ប្រាំអំពែរអត់ឲ្យប្រើទេ ឲ្យប្រើពីដប់អំពែរឡើយ»។
អយុធ្យា ៖ឥឡូវតើប្រជាពលរដ្ឋចង់បានតម្លៃប៉ុន្មាន? គ្រូបង្រៀន ៖ ចង់ឲ្យតម្លៃហ្នឹង ១៥ម៉ឺន ឬ១៧ម៉ឺន។ សូមឲ្យនាយករដ្ឋមន្ត្រីជួយកាត់បន្ថយតម្លៃតភ្ជាប់ចរន្តអគ្គិសនីបច្ចុប្បន្ន។
បុគ្គលិកម្នាក់ របស់អាជ្ញាធរអគ្គិសនី ខេត្តព្រៃវែង មានប្រសាសន៍មិនបញ្ចេញឈ្មោះថា តម្លៃដាក់ពាក្យតភ្ជាប់ចរន្តអគ្គិសនី ដែលអាជ្ញាធរអគ្គិសនីខេត្តបានកំណត់ គឺក្នុងកម្លាំងភ្លើង ១០អំពែរ យកតម្លៃត្រឹម ១១ម៉ឺន ២ពាន់រៀលគត់ ក្នុងមួយគ្រួសារ រីឯតម្លៃខ្សែភ្លើង ឬកម្លាំងពលកម្ម គឺគិតផ្សេង។
ទោះយ៉ាងនេះក្ដី ស្ត្រីឈ្មោះ ជួប ចន្ទី ជាពលរដ្ឋរស់នៅសង្កាត់បារាយនេះដែរ បានរអ៊ូរទាំថា ការតភ្ជាប់ចរន្តអគ្គិសនីថ្មី នៅក្រុងព្រៃវែង គឺមិនមែនបង់ប្រាក់ត្រឹមជាង ១១ម៉ឺនរៀល អាចបានភ្លើងប្រើនោះទេ។ តម្លៃនៃការភ្ជាប់ចរន្តអគ្គិសនីថ្មីនេះ ពលរដ្ឋត្រូវចំណាយអស់ប្រាក់ពី ៤០ទៅ៦០ម៉ឺនរៀលឯណោះ ទើបបានភ្លើងប្រើ។ ស្ត្រីរូបនេះ ស្នើដល់មន្ត្រីមូលដ្ឋាន និងមន្ត្រីថ្នាក់ដឹកនាំជួយអន្តរាគមន៍បញ្ចុះតម្លៃតភ្ជាប់ភ្លើងដូច្នេះ ៖ «តភ្លើងហ្នឹង គឺតទៅគេយកច្រើន»។
អយុធ្យា ៖ យកប៉ុន្មាន? ជួប ចន្ទី ៖ ទាំងខ្សែ ទាំងថ្លៃសេវាផ្សេងៗ ប្រហែលជា ៥៥ម៉ឺន ទៅ៦៥ម៉ឺនឯណោះ ថ្លៃពេក ខ្ញុំអត់មានលទ្ធភាពតភ្លើងហ្នឹងប្រើទេ។ ខ្ញុំសូមសំណូមពរទៅរាជរដ្ឋាភិបាល និងគ្រប់ក្រសួង សូមជួយបញ្ចុះតម្លៃតភ្ជាប់អគ្គិសនី ត្រឹម១៥ម៉ឺនរៀល។
ឆ្លើយតបបញ្ហានេះ លោក ឈឹម សារ៉ូយ ចៅសង្កាត់បារាយមានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងថា ការដាក់ពាក្យតភ្ជាប់ចរន្តអគ្គិសនីថ្មី នៅសង្កាត់បារាយ ក្រុងព្រៃវែង គឺអាជ្ញាធរអគ្គិសនីបានកំណត់ឲ្យបង់ថ្លៃ ១១ម៉ឺនពីរពាន់រៀលប៉ុណ្ណោះ ក្នុងកម្លាំងភ្លើង ១០អំពែរ គឺមិនច្រើនដូចពលរដ្ឋ អះអាងរហូតដល់រាប់សិបម៉ឺននោះទេ។ ទោះយ៉ាងនេះក្ដី លោកចៅសង្កាត់ បញ្ជាក់ថា ការតវ៉ារបស់ប្រជាពលរដ្ឋ ជុំវិញការតភ្ជាប់ចរន្តអគ្គិសនីមានតម្លៃខ្ពស់ លោកនឹងធ្វើរបាយការណ៍ទៅថ្នាក់ដឹកនាំខេត្ត ជួយអន្តរាគមន៍បន្តទៀត។
លោក ឈឹម សារ៉ូយ ចៅសង្កាត់បារាយ មានប្រសាសន៍ដូច្នេះ ៖ «អ៊ីចឹងការថ្លែងនោះ គាត់ ឮតែតៗគ្នា គាត់អត់បានបានទៅឃើញផង ខាងបារាយខាងលិច អត់ទាន់មាននរណាទៅបង់ទេ គ្រាន់តែថា បានទិញពាក្យ គាត់គ្រាន់តែ ឮតៗគ្នា។ ខ្ញុំបានទៅសួរដល់អាជ្ញាធរអគ្គិសនីរួចហើយ អត់ឃើញមានដូចពលរដ្ឋថានោះទេ»។
អយុធ្យា ៖ អ៊ីចឹងបងនឹងជួយករណីនេះជូនពលរដ្ឋ? ឈឹម សារ៉ូយ ៖ បាទ។
តម្លៃអគ្គិសនី នៅប្រទេសកម្ពុជា គេតែងសង្កេតឃើញ មានពលរដ្ឋស្ទើរគ្រប់ខេត្ត ក្រុង បានប្រតិកម្មតវ៉ា ចំពោះការដំឡើងតម្លៃភ្លើង របស់អាជ្ញាធរអគ្គិសនីជាប់មិនដាច់ ជាមួយបានស្នើសុំកិច្ចអន្តរាគមន៍ពីមន្ត្រីថ្នាក់ដឹកនាំពាក់ព័ន្ធ រដ្ឋាភិបាល ជួយអន្តរាគមន៍បញ្ចុះតម្លៃអគ្គិសនីផងដែរ៕