ហ្វូង​ដំរី​បង្ក​អសន្តិសុខ​ដល់​អ្នក​ភូមិ​នៅ​ស្រុក​ថ្ម​បាំង ខេត្ត​កោះកុង

ជន​ជាតិ​ដើម​ភាគ​តិច រស់​នៅ​តំបន់​ព្រៃ​ភ្នំ​នៅ​ក្នុង​ស្រុក​ថ្ម​បាំង ខេត្ត​កោះកុង ឱ្យ​ដឹង​ថា នៅ​មុន​សម័យ​សង្គ្រាម ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​សត្វ​ដំរី​ណាស់។

0:00 / 0:00

ពួក​គាត់​ច្រើន​ប្រើប្រាស់​សត្វ​ដំរី​ជា​យាន​ជំនិះ ដើម្បី​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ជា​ដើម។

ប៉ុន្តែ​បច្ចុប្បន្ន ពួក​គាត់​បែរ​ជា​ខ្លាច​ដំរី និង​មាន​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​សត្វ​ដំរី ដែល​ផ្អើល​ចេញ​ពី​ព្រៃ​ធំ​មក​ព្រេច ឬ​ដេញ​ជាន់​បោក​នឹង​ប្រមោយ​របស់​វា និង​បំផ្លាញ​ផល​ដំណាំ​របស់​ពួក​គាត់​នៅ​ក្នុង​ភូមិ។

អ្នក​ជំនាញ​ខាង​អភិរក្ស​សត្វ​ដំរី​នៅ​កម្ពុជា​បាន​សន្និដ្ឋាន​ថា បញ្ហា​នេះ បណ្ដាល​មក​ពី​ការ​កាប់​ព្រៃ​ធម្មជាតិ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​នៅ​តំបន់​នោះ។

សត្វ​ដំរី​ដែល​នៅ​សេសសល់​តិចតួច និង​កំពុង​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជួយ​អភិរក្ស​នោះ បាន​ផ្លាស់​ប្ដូរ​ទី​លំនៅ​ពី​តំបន់ ដែល​វា​ធ្លាប់​រក​ស៊ី​ជា​ញឹកញាប់​នៅ​ក្នុង​អំឡុង​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ។

អ្នក​ភូមិ​ជន​ជាតិ​ភាគ​តិច នៅ​ភូមិ​ព្រែក​ស្វាយ ឃុំ​ថ្ម​ដូន​ពៅ ស្រុក​ថ្ម​បាំង ខេត្ត​កោះកុង។ ពួក​គាត់​បាន​ឲ្យ​ដឹង​ថា ហ្វូង​សត្វ​ដំរី​ក្នុង​មួយ​ហ្វូងៗ មាន​ប្រមាណ​ជាង ៣០ ក្បាល បាន​ចូល​មក​ស៊ី​ដំណាំ​អ្នក​ភូមិ​នៅ​តំបន់​នេះ។

ពួក​គាត់​បន្ត​ថា ពី​មុន​ដំរី​ទាំង​នោះ វា​រស់​នៅ​ក្នុង​ព្រៃ​ជ្រៅ​ក្នុង​ប្រជុំ​ភ្នំ​ធំៗ ឆ្ងាយ​ពី​ភូមិ។ ប៉ុន្តែ​បច្ចុប្បន្ន វា​បាន​ផ្អើល​រត់​ចេញ​ពី​ព្រៃ​មក​រំខាន​ដល់​ការ​រស់​នៅ និង​ស៊ី​ដំណាំ ស្រែ​ចម្ការ​ក្បែរ​ភូមិ​អ្នក​ស្រុក និង​ដេញ​ព្រេច​អ្នក​ដើរ​ល្បាត​ព្រៃ និង​អ្នក​ចាំ​ចម្ការ​ទៀត​ផង។

សំឡេង៖ «ដេញ​គ្នា​រត់​មែន​ទែន​នោះ​ណា ដល់​តែ​បាន​ក្រមា​មួយ​ទៅ វា​ហែក​ក្រមា​នោះ ហើយ​មនុស្ស​រត់​បាត់​មក វា​មិន​ព្រេច​មនុស្ស​អី​ទេ​គ្រាន់​តែ​ដេញ​ កម្លាំង​ខ្ញុំ​ទៅ​ល្បាត​ម្តងៗ វា​ដេញ​ខ្លះ​រត់​ជ្រុះ​ស្បែក​ជើង​ជ្រុះ​ក្រមា​ជ្រុះ​អី វា​យក​មក​ស៊ី​យក​មក​បំផ្លាញ​អស់​ខ្ទេចខ្ទី​អស់»។

ស្ត្រី​ជន​ជាតិ​ជង​ឈ្មោះ ពា ឆេង មាន​វ័យ​ប្រមាណ ៤០ ឆ្នាំ រស់​នៅ​ភូមិ​ព្រែក​ស្វាយ ឃុំ​ថ្ម​ដូន​ពៅ មាន​ប្រសាសន៍​ថា នៅ​ខែ​ប្រាំង​មាន​ដំរី​ហ្វូង​មាន​តូច​មាន​ធំ តែង​នាំ​គ្នា​មក​លេង​ទឹក​ស្ទឹង​អា​រ៉ែង​ជិត​កន្លែង ដែល​អ្នក​ភូមិ​ប្រើប្រាស់​ទឹក​ស្ទឹង​នោះ​ដែរ។

ស្ត្រី​ជន​ជាតិ​ជង​ឈ្មោះ ពា ឆេង៖ «អូ! ដំរី...ដល់​ហើយ​លោក​អើយ។ ខ្ញុំ​ពី​ឆ្នាំ​ទៅ ដាំ​មិន​ទាន់​បាន​ពី​ចំអាម​ផង វា​មក​បោច​ខ្ទេច គ្មាន​សល់​អី​តិច​ទេ។ គិត​ចម្ការ​មួយ​ប្រាំ ប្រាំ​មួយ​វង់​បាន​ផល​មក​បាន​តែ​ជាង ១០ បាវ។ អា​ធ្វើ​ខ្លួន​ហើយ ក៏​បោច។ អា​មិន​ទាន់​ធ្វើ​ខ្លួន​ក៏​បោច។ បើ​និយាយ​ពី​ដូង ស្លា ម៉ែ​ឪ​មីង​មា​ខ្ទេចខ្ទី​អស់ គ្មាន​បាន​នៅ​សល់​អី​ទេ។ មាន​ដូង​វា​កាច់​ដូង មាន​ស្លា​វា​កាច់​ស្លា​មាន​បាវ​ស្រូវ​នៅ​រោង​ណា វា​ទាញ​ក្រវាត់។ រោង​អី​ហ្នឹង វា​បោច​ខ្ទេច។ អូយ​ខ្ញុំ​បារម្ភ​តែ​វា​បោច​ស្រូវ​ខ្ញុំ​ទៀត​ទេ»។

មេ​ឃុំ​ថ្ម​ដូន​ពៅ ស្រុក​ថ្ម​បាំង ខេត្ត​កោះកុង លោក កែវ សារឿន មាន​ប្រសាសន៍​ថា បញ្ហា​ដំរី​ផ្អើល​ចេញ​ពី​ព្រៃ​ធំ​សព្វ​ថ្ងៃ​នេះ ជា​បញ្ហា​ប្រឈម​របស់​ប្រជា​ពលរដ្ឋ​នៅ​តំបន់​របស់​លោក។ ដំរី​អាច​បង្ក​អសន្តិសុខ​ដល់​ប្រជា​ពលរដ្ឋ ធ្វើ​ឲ្យ​ពួក​គាត់​ពិបាក​នឹង​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ ដូច​ជា​ធ្វើ​ស្រែ​ចម្ការ​ជា​ដើម។

លោក កែវ សារឿន៖ «ពី​មុន​មក វា​សុខ​សប្បាយ​អត់​អី​ទេ។ ឥឡូវ​ដំរី​វា​មក​អុកឡុក វា​បាត់បង់​ទី​ជម្រក​របស់​វា។ ពី​មុន​វា​ធ្លាប់​នៅ​ត្រពាំង​រូង នៅ​អី​ពី​នោះ​មក។ ឥឡូវ​វា​មក​នៅ​នេះ​វា​ស្ងាត់។ ម្ល៉ោះ​ហើយ​ដំរី​វា​កើន​ឡើង​បំផ្លាញ​ដំណាំ​ប្រជា​ពលរដ្ឋ​ពី ២ ឆ្នាំ​ហើយ ធ្វើ​ឲ្យ​ប្រជាជន​ភ័យ​ខ្លាច​ហើយ​បាត់បង់​ផល​ប្រយោជន៍​ពួក​គាត់​ច្រើន​ណាស់​ខាង​ឃុំ​របស់​ខ្ញុំ ហើយ​ដើរ​ល្បាត​ឥឡូវ ក៏​បារម្ភ​ពី​ដំរី​ដែរ។ ខ្លាច​ដំរី​ជាង​អី​ទៅ​ទៀត»។

ទោះ​ជា​បែប​នេះ​ក្តី ពលរដ្ឋ​មិន​អាច​តបត​នឹង​ដំរី ឬ​ធ្វើ​អ្វី​មួយ​បណ្ដាល​ឲ្យ​ដំរី​ទាំង​នោះ​រង​របួស ឬ​គ្រោះថ្នាក់​ដល់​ស្លាប់​ឡើយ។ ផ្ទុយ​ទៅ​វិញ ពលរដ្ឋ​ទាំង​អស់​មាន​ភារកិច្ច​រក្សា​ការពារ​ដំរី​ទាំង​នោះ ព្រោះ​ដំរី គេ​ចាត់​ទុក​ជា​សត្វ​មាន​តម្លៃ និង​កម្រ ដែល​ត្រូវ​ការពារ​ដោយ​ច្បាប់ និង​ក្រុម​អភិរក្ស​សត្វ​ដំរី​យក​ចិត្ត​ទុក​ដាក់​បំផុត។

ទោះ​យ៉ាង​ណា​ក៏​ដោយ ស្ត្រី​ជន​ជាតិ​ភាគ​តិច​ជង បាន​អំពាវនាវ​ដល់​អាជ្ញាធរ អ្នក​អភិរក្ស​ដំរី ដែល​ពួក​គាត់​ចាត់​ទុក​ជា​ម្ចាស់​ដំរី ត្រូវ​ជួយ​រក​វិធី​ទប់​ស្កាត់​ដំរី កុំ​ឲ្យ​មក​បំផ្លាញ​ដំណាំ​របស់​អ្នក​ភូមិ និង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូចខាត​ដំណាំ​របស់​ពួក​គាត់។

ស្ត្រី​ជន​ជាតិ​ភាគ​តិច​ជង៖ «នែ​ពួក​អស់​លោក​បើ​ចង់​ឲ្យ​ពួក​ខ្ញុំ​ដេញ​ដំរី​ណា...ទាល់​តែ​មាន​ដែក​ប្រហោង​ចាក់​ចង្កេះ​វា​បាន​បាន​ទៅ។ តែ​បើ​យើង​ទុក​ពូជ​អត់​ទេ ប្រជា​ពលរដ្ឋ​ខ្លាច​ដំរី​មហា​ហើយ។ គ្រាន់​តែ​ឮ​សូរ​ឮ​ឈ្មោះ​នោះ ហើយ​ដាន​ដំរី​អាចម៍​ដំរី...អូ! មិន​ហ៊ាន​ទៅ​ទេ!»។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​ក្រុម​អ្នក​អភិរក្ស​ដំរី​កម្ពុជា​នៃ​អង្គការ​សត្វ​ព្រៃ និង​រុក្ខជាតិ​អន្តរជាតិ លោក ជា វីរៈ មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ក្នុង​រយៈ​ពេល​ប្រមាណ​ជា​ពីរ​ឆ្នាំ​កន្លង​មក​នេះ ដំរី​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ ពិត​ជា​ផ្អើល​ចេញ​ពី​តំបន់​ព្រៃ​ស្រោង​ធំៗ ចុះ​មក​តំបន់​ចម្ការ​របស់​អ្នក​ស្រុក​ច្រើន​ពិត​មែន។ជា​ពិសេស នៅ​ស្រុក​មួយ​ចំនួន​នៃ​ខេត្ត​កោះកុង មាន​ដូច​ជា ស្រុក​ថ្មបាំង ស្រែ​អំបិល កំពង់​សីលា​ គិរី​សាគរ និង​ស្រុក​បុទុមសាគរ​ជាដើម។

លោក ជា វីរៈ ៖ «ភូមិ​ព្រែក​ស្វាយ​ចាស់​ហ្នឹង ប្រជា​ពលរដ្ឋ​បង្ខំ​ចិត្ត​រត់​ចោល​ភូមិ ហើយ​នៅ​អត់​បាន​ទេ។ ដំរី​វា​មក​បំផ្លាញ​រាល់​យប់​រាល់​ថ្ងៃ។ វា​រត់​ចេញ​ពី​ខាង​តា​តៃ ខាង​ជីផាត​វា​មក​ផ្តុំ​គ្នា​នៅ​ភូមិ​ព្រៃ​ស្វាយ នៅ​ចន្លោះ​ជីផាត​ហ្នឹង»។

លោក​បន្ត​ថា បញ្ហា​នេះ​បណ្ដាល​មក​ពី​មាន​ការ​រំខាន​ពី​មនុស្ស​ប៉ះពាល់​ដល់​តំបន់​វា​រស់​នៅ។ ជា​ពិសេស​គម្រោង​វិនិយោគ​វារី​អគ្គិសនី​នៅ​តំបន់។

លោក ជា វីរៈ៖ «រដ្ឋាភិបាល​បាន​អភិវឌ្ឍន៍​វារី​អគ្គិសនី​តំបន់​មាន​ដំរី។ ដល់​អញ្ចឹង​ធ្វើ​ឲ្យ​ដំរី​ជ្រួល​ច្របល់។ វារី​អគ្គិសនី​ខ្លះ អា​ពេល​កំពុង​សាងសង់​ហ្នឹង គឺ​សកម្មភាព​មនុស្ស​ឡាន​អី​គឺ​គគ្រឹកគគ្រេង​តែ​ម្ដង។ តែ​អា​រុករក​ឈើ​ប្រណិត​ប៉ុន​កំភួន​ដៃ​កំភួន​ជើង​អី​ហ្នឹង វា​មិន​ប៉ះពាល់​រំខាន​អី​ដូច​អា​កាប់​ព្រៃ​សម្បទាន​ធំៗ ទេ»។

សកម្មភាព​របស់​ដំរី​នៅ​តំបន់​នោះ​កន្លង​មក ក្រៅ​ពី​បំផ្លាញ​ផល​ដំណាំ ផ្ទះ​សម្បែង​របស់​កសិករ ដំរី​ក៏​ធ្លាប់​បាន​បង្ក​របួស​ធ្ងន់ធ្ងរ​ដល់​មនុស្ស និង​រហូត​បាត់បង់​ជីវិត​ក៏​មាន។

លោក ជា វីរៈ៖ «រយៈ​ពេល ២ ឆ្នាំ​នេះ ដំរី​ព្រេច​សម្លាប់​មនុស្ស​អស់​ពីរ​នាក់។ ម្នាក់​ដំបូង​គេ​នៅ​ជើង​ភ្នំ​ពេជ្រនិល​ម្នាក់ កាល​ពី​ចុង​ឆ្នាំ ២០១១។ ម្នាក់​ទៀត​នៅ​ដើម​ខែ ២ ឆ្នាំ ២០១២ សម្លាប់​នៅ​អណ្ដូង​ទឹក នៅ​ពេល​គាត់​ទៅ​រក​អនុផល​ព្រៃ​ឈើ ហើយ​គាត់​ដេក​នៅ​ក្នុង​ព្រៃ»។

លោក​បាន​ឲ្យ​ដឹង​ដែរ​ថា ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ អង្គការ​លោក​បាន​ផ្តល់​នូវ​ឧបករណ៍​សម្រាប់​ដេញ​ដំរី ឬ​ធ្វើ​ឲ្យ​ដំរី​ខ្លាច​មួយ​ចំនួន​ដល់​ប្រជា​ពលរដ្ឋ។ ឧបករណ៍​ទាំង​នោះ​មាន​ដូច​ជា កាំជ្រួច​បាញ់ ផាវ ដំ​បង​អគ្គិសនី បាញ់​ថ្ម​ស្អុយ​ជាដើម។

ប៉ុន្តែ ប្រជា​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ឧបករណ៍​ទាំង​នោះ​ប្រើ​មាន​ប្រសិទ្ធភាព​បាន​តែ​ម្ដង​ពីរ​ប៉ុណ្ណោះ។ ពេល​ប្រើ​ក្រោយ​ទៀត ដំរី​វា​ដឹង​វា​ក៏​លែង​ខ្លាច​ឧបករណ៍​ទាំង​នោះ​ទៀត​ដែរ។

លោក ជា វីរៈ បាន​អះអាង​ថា នៅ​ពេល​គេ​បញ្ចប់​គម្រោង​សាងសង់​វារី​អគ្គិសនី​នៅ​តំបន់​នោះ ដំរី​នឹង​វិល​ទៅ​រក​កន្លែង​ដើម​របស់​វា​វិញ​ហើយ ហើយ​ស្ថានភាព​ភ័យ​ព្រួយ​នឹង​ដំរី​នឹង​កាត់​បន្ថយ​បាន​ជា​បន្ត​បន្ទាប់។

ការ​សិក្សា​ស្រាវជ្រាវ​កាល​ពី​ថ្មីៗ នេះ អំពី​ដំរី​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ ចាប់​ពី​ខេត្ត​ពោធិ៍សាត់ រហូត​មក​ដល់​ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​ថា សត្វ​ដំរី​នៅ​តំបន់​នោះ មាន​ជាង ២០០ ក្បាល។ ដោយ​ឡែក​នៅ​ក្នុង​ខេត្ត​កោះកុង​មាន​ប្រមាណ​ជាង ៦០ ក្បាល ដែល​ស្ថិត​ក្នុង​គម្រោង​រក្ស​សត្វ​ដំរី​មើល​ថែ​រក្សា​សព្វ​ថ្ងៃ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។