សហគមន៍​ស្នើ​សុំ​ចូល​រួម​ផ្ដល់​យោបល់​មុន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ

សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា បាន​បង្ហាញ​នូវ​របាយការណ៍​ស្រាវជ្រាវ​លំអិត មក​លាត​ត្រដាង​នៅ​ក្នុង​សិក្ខាសាលា​មួយ នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១១ ដោយ​ផ្ដោត​លើ​ផល​ប៉ះពាល់​សង្គម និង​បរិស្ថាន ដោយសារ​អាជីវកម្ម​រ៉ែ នៅ​ភាគ​ឦសាន និង​ភាគ​បូព៌ា​កម្ពុជា។
ដោយ សុខ សេរី
2011.12.30
រ៉ែ ក្រចេះ ៣០៥ ២៩-ធ្នូ-២០១១៖ សិប្បកម្ម​រ៉ែ​មាស​ខ្នាត​តូច ស្ថិត​នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ។
RFA/Sek Bandith

សកម្មជន​ការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន នៅ​កម្ពុជា បាន​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ចំហ​ឲ្យ​សហគមន៍​ជន​ជាតិ​ភាគ​តិច​នៅ​ភាគ​ឦសាន ចូល​រួម​ផ្ដល់​យោបល់​ឲ្យ​បាន​ច្រើន មុន​ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​នានា​ពី​បរទេស​ធ្វើ​អាជីវកម្ម​រាវ​រក​រ៉ែ។

ការ​ស្នើ​សុំ​បែប​នេះ ដោយសារ​ពួក​គេ​យល់​ឃើញ​ថា ការ​រាវ​រក​រ៉ែ​ដែល​មិន​បាន​សិក្សា​ច្បាស់លាស់ អាច​បង្ក​នូវ​ផល​ប៉ះពាល់​ផ្សេងៗ ដូចជា​ការ​បំពុល​ទឹក បរិស្ថាន និង​រំខាន​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ។

ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ចំនួន ១២៣ ឲ្យ​ក្រុមហ៊ុន​ឯកជន​បរទេស មក​ធ្វើ​អាជីវកម្ម​រាវ​រក​រ៉ែ​មាស រ៉ែ​ដែក និង​រ៉ែ​ត្បូង នៅ​ភាគ​ឦសាន ជា​ពិសេស​នៅ​ខេត្ត​រតនគិរី ខេត្ត​មណ្ឌលគិរី ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ ព្រម​ទាំង​ខេត្ត​ដទៃ​ទៀត ដែល​មាន​ទំហំ​ដី​សម្បទាន​រ៉ែ​នោះ​ចំនួន ២៤.០០០​គីឡូម៉ែត្រក្រឡា។

សិក្ខាសាលា ៣០៥
៣០-ធ្នូ-២០១១៖ សិក្ខា​សាលា​ស្ដីពី​ផល​ប៉ះពាល់​លើ​បរិស្ថាន និង​ជីវិត​រស់​នៅ​របស់​ប្រជាពលរដ្ឋ ដោយសារ​ការ​រាវ​រក​រ៉ែ​នៅ​ភាគ​ឦសាន នា​រាជធានី​ភ្នំពេញ។
RFA/Sok Serey

ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​សម្ពន្ធភាព​ដើម្បី​តម្លាភាព ចំណូល​ធនធាន​ប្រេង ឧស្ម័ន និង​រ៉ែ លោក ម៉ម សម្បត្តិ បាន​មាន​ប្រសាសន៍​ថា ប្រភព​ទឹក បរិស្ថាន និង ដី រង​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដោយសារ​អាជីវកម្ម​រ៉ែ៖ «ចំពោះ​គុណភាព​ទឹក​នៅ​ខេត្ត​រតនគិរី និង​មណ្ឌលគិរី នៅ​រដូវ​ប្រាំង មាន​សារធាតុ​មួយ​ចំនួន​លើស​ពី​ស្តង់ដារ ដូច​ជា​ដែក ចំណែក​ឯ​នៅ​រដូវ​វស្សា មិន​មាន មិន​មាន​សារធាតុ​ណា​ដែល​លើស​ស្តង់ដារ​ទេ។ ចំពោះ​ខេត្ត​ស្ទឹងត្រែង និង​ព្រះវិហារ នៅ​រដូវ​វស្សា​មាន​សារធាតុ​លើស​មួយ​ចំនួន ដូចជា ដែក សានីត បារ៉ត ចំណែក​ឯ​នៅ​រដូវ​ប្រាំង​មាន​សារធាតុ​លើស​ផង​ដែរ ដូចជា​ដែក កាម៉ុង នីកែល។ ទាំង​នេះ​គឺ​ជា​បញ្ហា​មួយ​ចំនួន​ដែល​យើង​បាន​មក​ពី​លទ្ធផល​នៃ​របាយការណ៍​នេះ»

ទាក់ទង​នឹង​ការ​បំពុល​ទឹក និង​បរិស្ថាន​នេះ ប្រធាន​មជ្ឈមណ្ឌល​ពិសោធន៍​នៃ​ក្រសួង​ឧស្សាហកម្ម រ៉ៃ និង​ថាមពល លោក តេង វ៉ាន់ដារិទ្ធិ បាន​មាន​ប្រសាសន៍​ថា ផែនការ​របស់​ក្រសួង​ឧស្សាហកម្ម គឺ​នឹង​វិភាគ​ទឹក​នៅ​ទន្លេ​មេគង្គ និង​ប្រភព​ទឹក​នៅ​កន្លែង​ដទៃ​ទៀត​អំពី​ផល​ប៉ះពាល់​ដោយសារ​អាជីវកម្ម​រ៉ែ។

លោក តេង វ៉ាន់ដារិទ្ធិ៖ «មិន​ទាន់​មាន​ហេតុផល​ប៉ះពាល់​ខ្លាំង​ទៅ​លើ​គុណភាព​ទឹក​នៅ​ឡើយ​ទេ។ ប៉ុន្តែ​យើង​មិន​ត្រូវ​មើល​ស្រាល​នូវ​អាជីវកម្ម ដែល​កំពុង​តែ​គំហុក ទោះ​បី​ជា​អាជីវកម្ម​ហ្នឹង​ដែល​ផ្ដល់​អាជ្ញា​សិទ្ធិ ដោយ​រាជរដ្ឋាភិបាល និង​អាជីវកម្ម​ខ្នាត​តូច​របស់​ប្រជាពលរដ្ឋ​យើង»

ជន​ជាតិ​ភាគ​តិច​ព្នង ឈ្មោះ បោ ខ្នារ អាយុ ៤០​ឆ្នាំ មក​ពី​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ដែល​បាន​មក​ចូល​រួម​ក្នុង​សិក្ខាសាលា​នេះ បាន​និយាយ​ថា អាជីវកម្ម​រ៉ែ​នៅ​ភូមិ​ឃុំ​របស់​អ្នកស្រី​កំពុង​តែ​រំខាន​ដល់​ការ​រស់​នៅ​របស់​ជនជាតិ​ភាគ​តិច និង​សត្វ​ព្រៃ៖ «ចូល​ពិភាក្សា​ហើយ ហ្នឹង​ដើម្បី​ប្រាប់​ឲ្យ​ក្នុង​សហគមន៍ ហើយ​និង​អាជ្ញាធរ​ភូមិ ឃុំ ឲ្យ​បាន​ដឹង ដើម្បី​ទៅ​សិក្សា​មុន។ ព្រៃ​តម ហើយ​និង​ព្រៃ​កប់​ខ្មោច សុំ​ឲ្យ​ឆ្ងាយ​ពី​ភូមិ»

អ្នក​ចូល​រួម​ម្នាក់​ទៀត​មក​ពី​ខេត្ត​រតនគិរី បាន​និយាយ​ថា គុណភាព​ទឹក​ទន្លេ​សេសាន នៅ​ខេត្ត​រតនគិរី គឺ​ប្រើ​លែង​បាន​ហើយ ហើយ​កន្លង​មក​ការ​ប្រើប្រាស់​ទឹក​ទន្លេ​នេះ​បណ្ដាល​ឲ្យ​កើត​កម និង​រមាស់​លើ​ស្បែក ក្រោយ​ពេល​ចុះ​មុជ​ទឹក​នោះ។

របាយការណ៍​ស្រាវជ្រាវ​ជា​លំអិត​ដែល​អ្នក​ឯកទេស​បាន​សិក្សា​ស្រាវជ្រាវ​រយៈពេល​ជាង ២​ឆ្នាំ​កន្លង​មក​នេះ បាន​ឲ្យ​ដឹង​ថា អាជីវកម្ម​រ៉ែ​កំពុង​តែ​បង្ក​ការ​ប៉ះពាល់​ដល់​ប្រភព​ទឹក បង្ក​សំឡេង គ្រឿងចក្រ​រំខាន​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ និង​សត្វ​ព្រៃ។ ប៉ះពាល់​ដល់​តំបន់​វប្បធម៌ និង​ទី​សក្ការៈ ឧទ្យានជាតិ និង​ដី​កសិកម្ម បំពុល​ប្រភព​ទឹក សុខភាព​ប្រជាពលរដ្ឋ ដូចជា​ផ្លូវ​ដង្ហើម និង​រោគ​សើស្បែក​ជាដើម៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។