សាស្ត្រាចារ្យប្រវត្តិសាស្ត្រនិងជាអនុប្រធានរាជបណ្ឌិតសភាកម្ពុជា បណ្ឌិត រស់ ចន្ត្រាបុត្រ បានសម្ដែងភាពក្រៀមក្រំថា មរណភាពរបស់បណ្ឌិត កេង វ៉ាន់សាក់ គឺជាការបាត់បង់ស្នាដៃដ៏ពិសេសរបស់ខ្មែរម្នាក់ ហើយថា លោកបណ្ឌិតរូបនេះ គឺជាសាក្សីដ៏សំខាន់របស់អក្សរសិល្ប៍ អក្សរសាស្ត្រ ព្រមទាំងប្រវត្តិសាស្ត្រខ្មែរទៀតផង។
លោកបណ្ឌិត រស់ ចន្ត្រាបុត្រ មានប្រសាសន៍ដូច្នេះថា ៖ «ហើយលោកជាសាក្សីមួយនៅក្នុងនយោបាយទៅទៀត ដូច្នេះគឺថាមានការសោកស្ដាយណាស់ ដែលយើងបាត់បង់លោក កេង វ៉ាន់សាក់ នេះ ប៉ុន្តែយើងឃើញថា លោកបានទុកជាភស្តុតាង ទុកជាសក្ខីភាពជាច្រើនដែរតាមវិទ្យុអាស៊ីសេរី រហូតមកដល់បច្ចុប្បន្ននេះ ដែលអាចចងក្រងទៅថ្ងៃក្រោយជាឯកសារឲ្យយើងបានយល់ខ្លះ។ ប៉ុន្តែអ្វីដែលយើងចង់ដឹងនោះនៅមានច្រើនទៅទៀត ដែលជាការសោកស្ដាយចំពោះយើងខ្ញុំ ហើយជាពិសេសគឺសោកស្ដាយដែលរហូតមកដល់ពេលនេះ តាំងតែពីលោកបានឃ្លាតចាកពីមាតុភូមិទៅ លោកសាស្រ្ដាចារ្យបណ្ឌិត កេង វ៉ាន់សាក់ លោកមិនដែលបានអញ្ជើញមកកម្ពុជាឲ្យបានឃើញដោយផ្ទាល់ភ្នែកម្ដងទៀត ពីការរីកចម្រើននិងការរៀបចំរបស់សង្គមជាតិខ្មែរ ដើម្បីធ្វើដូចម្ដេចឲ្យយើងបានទទួលនូវការរិះគន់ ឬទិតៀន ឬមួយជាចំណាប់អារម្មណ៍របស់លោកអំពីកម្ពុជាបច្ចុប្បន្ន»។
អតីតជានិសិ្សតគរុកោសល្យរបស់បណ្ឌិត កេង វ៉ាន់សាក់ អ្នកស្រី យិន វ៉ាន់ថា បានសម្ដែងក្តីសោកស្តាយថា ការបាត់បង់ជីវិតរបស់បណ្ឌិត កេង វ៉ាន់សាក ជាការបាត់បង់មនុស្សដ៏សំខាន់ម្នាក់ដែលជាអ្នកយកចិត្តទុកដាក់លើអក្សរសាស្ត្រខ្មែរដំបូងគេបង្អស់នៅប្រទេសកម្ពុជា។
អ្នកស្រី យិន វ៉ាន់ថា មានប្រសាសន៍ថា ៖ «អ្នកដែលយកចិត្តទុកដាក់ចំពោះអក្សរសាស្រ្ដខ្មែរម្នាក់បានស្លាប់ទៅ ក៏អត់មាននរណានឹងជួយគិតតទៅទៀត គាត់ចាប់ផ្ដើមគិតដំបូងគេពីរឿងអក្សរខ្មែរ ពីរឿងភាសាខ្មែរអីយ៉ាងម៉េច គាត់ហ្នឹងជាអ្នកប្រាជ្ញម្នាក់ដែរហើយ យើងទទួលស្គាល់»។
សាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ អ្នកស្រី អាំង សុខរើន មានប្រសាសន៍សូមជួយរំលែកទុក្ខដល់ក្រុមគ្រួសាររបស់បណ្ឌិត កេង វ៉ាន់សាក់ និងចូលរួមសោកស្តាយក្នុងនាមជាអ្នកទទួលស្គាល់និងបានទទួលយកធនធានអក្សរសាស្ត្រជាច្រើនពីលោកដើម្បីផ្ដល់ឲ្យមនុស្សជំនាន់ក្រោយ។
អ្នកស្រី អាំង សុខរើន ថ្លែងដូច្នេះថា ៖ «គាត់បានបន្សល់ទុកស្នាដៃជាច្រើនមកដល់ពួកយើងដែរ ដូចជាការវិភាគអក្សរសិល្ប៍ ដូចជាទាក់ទងទៅនឹងជីវប្រវត្តិរបស់ព្រះបាទជយវរ្ម័នទី៧ ជាដើម។ យើងទទួលយកបាន យើងអាចទទួលយកបានភាគច្រើន។ ក្នុងការទទួលយកស្នាដៃរបស់គាត់ហ្នឹង យើងឃើញថា គាត់មានការស្រាវជ្រាវច្រើន អាចជាធនធានមួយដ៏សំខាន់សម្រាប់អ្នកសិក្សាជំនាន់ក្រោយក្នុងការទទួលយកមក ហើយនិងអាចមើលប្រៀបធៀបវិភាគលើស្នាដៃរបស់គាត់បាន។ ខ្ញុំគិតថា ជីវប្រវត្តិរបស់គាត់ក៏សំខាន់ដែរ តែខ្ញុំមិនប្រាកដថាមានគេចងក្រងជាជីវប្រវត្តិរបស់លោកហើយ ឬនៅទេ? បើសិនជាមានការចងក្រងជាជីវប្រវត្តិរបស់លោកទុក ក៏ដូចជាបង្ហាញថាស្នាដៃរបស់លោកមានអ្វីខ្លះ ជាការល្អមួយ បើយើងចងក្រងជីវប្រវត្តិរបស់អ្នកនិពន្ធល្បីរបស់ខ្មែរយើងទុក»។
និសិ្សតឆ្នាំទី៤នៃសកលវិទ្យាល័យបញ្ញាសាស្ត្រ លោក សុខ បាន បានសម្ដែងការភ្ញាក់ផ្អើលនៅពេលឮថា បណ្ឌិត កេង វ៉ាន់សាក់ បានទទួលមរណភាព។
លោកថា លោក កេង វ៉ាន់សាក់ គួរតែរស់នៅឲ្យបានយូរជាងនេះដើម្បីវែកញែកភាសាខ្មែរខ្លះដែលមានភាពស្រពិចស្រពិលខ្លះឲ្យបានច្បាស់លាស់ ហើយលោកបានបញ្ជាក់ពីគុណសម្បត្តិរបស់លោកដូច្នេះថា ៖ «ខ្ញុំគិតថា មានតម្លៃ ជាពិសេសការស្រាវជ្រាវអក្សរសាស្រ្ដខ្មែរតទៅទៀត ព្រោះអីអក្សរសាស្រ្ដខ្មែរយើងវានៅស្រពិចស្រពិលមិនទាន់ច្បាស់។ ដូចជា គាត់និយាយអំពីការកកើតឡើងនៃពាក្យថា កម្ពុជា ប្រទេសយើង គឺគាត់បានសរសេរហ្នឹង គាត់បាននិយាយអំពីចំណុចខ្លះថា ខ្មែរយើង ពាក្យខ្មែរ កើតឡើងពីពាក្យ ក បូកនឹង មេ ព្រោះខ្មែរយើងច្រើនតែយកពាក្យមេធ្វើជាធំ...។ ខ្ញុំគិតថាជាស្នាដៃមួយដ៏ល្អ ព្រោះអីវាអាចធ្វើឲ្យខ្មែរយើងជំនាន់ក្រោយទៀតគាត់ចង់សិក្សាបន្តថាតើពាក្យខ្មែរយើងវាមកពីណា? នេះជាអក្សរសាស្រ្ដមួយដែលខ្ញុំគាំទ្រ ពាក្យ កមេៗ។ បាត់គាត់មួយខ្ញុំស្ដាយណាស់»។
បើតាមសាស្ត្រាចារ្យប្រវត្តិសាស្ត្រ បណ្ឌិត រស់ ចន្ត្រាបុត្រ ក៏បានឲ្យដឹងដែរថា ស្នាដៃរបស់បណ្ឌិត កេង វ៉ាន់សាក់ ដែលបន្សល់ទុកនោះមានដូចជា មូលដ្ឋាននៃការបង្កើតពាក្យខ្មែរថ្មី លោកជាមនុស្សដំបូងដែលជាអ្នកបង្កើតអង្គុលីលេខជាភាសាខ្មែរ លោកជាអ្នកបង្កើតឲ្យមានឧត្តមសិក្សានៅកម្ពុជា និងលោកបានបង្កើតសាលាគរុកោសល្យឲ្យមានរហូតដល់មធ្យមសិក្សាជាដើម។
លោកបណ្ឌិត រស់ ចន្ត្រាបុត្រ មានប្រសាសន៍ដូច្នេះថា ៖ «ហើយអ្វីដែលជាលក្ខណៈមួយទៀត ដែលលោក កេង វ៉ាន់សាក់ បានទុកជារៀងរហូតមក គឺការវិវឌ្ឍមួយនៅក្នុងភាសាខ្មែរ ហើយ...ទីមួយទៀត លោក កេង វ៉ាន់សាក់ លោកបានបង្កើតឲ្យមានថ្នាក់ឧត្ដមសិក្សានៃកម្ពុជា ពីព្រោះយើងពីដើមរៀនសូត្របានត្រឹមតែថ្នាក់បាក់ឌុបទេ យើងចប់ហើយ អ៊ីចឹងទេ បានលោក កេង វ៉ាន់សាក់ លោកមានគំនិតផ្ដួចផ្ដើមដំបូងបង្កើតឲ្យមានថ្នាក់បរិញ្ញាបត្រ។ អ៊ីចឹងគឺក្រោយបាក់ឌុប យើងមានថ្នាក់ឧត្ដមសិក្សារៀន ហើយរៀនដំបូងគឺផ្នែកខាងអក្សរសាស្រ្ដ។ ទី២ លោកក៏បានបង្កើតនៅខាងផ្នែកសាលាគរុកោសល្យ ពីដើមយើងមានគរុកោសល្យត្រឹមតែថ្នាក់គ្រូបង្រៀនធម្មតានៅតាមបឋមសិក្សាទេ ក្រោយដែលលោក កេង វ៉ាន់សាក់ អញ្ជើញមក លោកបានរៀបចំឲ្យមានផ្នែកបង្ហាត់បង្រៀនគរុកោសល្យឲ្យរហូតដល់ថ្នាក់មធ្យមសិក្សា គឺចាប់ពីថ្នាក់ទី៦ រហូតដល់ថ្នាក់បាក់ឌុប»។
សូមជម្រាបថា បើតាមអ្នកជិតស្និទ្ធរបស់បណ្ឌិត កេង វ៉ាន់សាក់ បានប្រាប់វិទ្យុអាស៊ីសេរីថា លោកបានទទួលអនិច្ចកម្មដោយសារជំងឺទឹកចូលសួត លោក កេង វ៉ាន់សាក់ អតីតសាស្រ្ដាចារ្យវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលជាអ្នកបង្កើតអក្សរខ្មែរសម្រាប់ប្រើក្នុងម៉ាស៊ីនអង្គុលីលេខនិងធ្លាប់និពន្ធសៀវភៅស្រាវជ្រាវប្រវត្តិសាស្រ្ដអក្សរសាស្រ្ដខ្មែរ រឿងល្ខោន កំណាព្យ និងរឿងខ្លីៗជាច្រើន តាំងពីទសវត្សរ៍ឆ្នាំ១៩៤០ មក។ លោកបានទទួលមរណភាពក្នុងអាយុ៨៤ឆ្នាំ នាមន្ទីរពេទ្យ ម៉ុងមរ៉ង់ស៊ី នៃប្រទេសបារាំង កាលពីម៉ោង ១២ និង១៥នាទីរសៀល៕