អ្នក​ជំនាញ​ទៅ​ពិនិត្យ​ប្រាសាទ​បន្ទាយឆ្មារ​ដើម្បី​គ្រោង​រៀបចំ​ដាក់​ជា​បេតិកភណ្ឌ​ពិភពលោក

មន្ត្រី​រាជ​រដ្ឋាភិបាល​កម្ពុជា​និង​អ្នក​ជំនាញ​ជាន់​ខ្ពស់​បរទេស​ខាង​បច្ចេកទេស​ស្រាវជ្រាវ​ទាក់ទង​ផ្នែក​បេតិកភណ្ឌ​និង​បូរាណវិទ្យា​ប្រមាណ​២០០​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​ប្រាសាទ​បូរាណ​បន្ទាយឆ្មារ នៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខែត្រ​បន្ទាយមានជ័យ ដើម្បី​ពិនិត្យ​មើល​និង​សិក្សា​រក​ការអភិរក្ស​ដើម្បី​ឈាន​ទៅ​ដល់​ការដាក់​បញ្ចូល​ប្រាសាទ​បន្ទាយឆ្មារ​ទៅ​ក្នុង​​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នា​ពេល​អនាគត។

0:00 / 0:00

រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៨ ខែ​សីហា ថា មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ អាជ្ញាធរ​ជាតិ​ព្រះវិហារ មន្ត្រី​អាជ្ញាធរ​អប្សរា​ខាង​ថែរក្សា​ប្រាសាទ​បូរាណ មន្ត្រី​អង្គការ UNESCO និង​អ្នក​បច្ចេកទេស​ជាន់​ខ្ពស់​មក​ពី​បរទេស​ផ្នែក​ស្រាវជ្រាវ​បេតិកភណ្ឌ​និង​បូរាណវិទ្យា ប្រមាណ​២០០​នាក់ នឹង​ជួប​ប្រជុំ​គ្នា​រយៈពេល​២​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​៨ រហូត​ដល់​ទី​១០ ខែ​សីហា ដើម្បី​ជជែក​អំពី​ការអភិរក្ស​ប្រាសាទ​បន្ទាយឆ្មារ។

លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ទៀត​ថា កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៨ សីហា មន្ត្រី​និង​ក្រុម​អ្នក​ជំនាញ​បាន​ទៅ​ពិនិត្យ​ផ្ទាល់​នៅ​ជុំវិញ​បរិវេណ​ប្រាសាទ​បន្ទាយឆ្មារ និង​បាន​ធ្វើ​ពិធី​ព្រលែង​កូន​សត្វ​អណ្តើក​ជា​ច្រើន​ក្បាល​នៅ​តាម​កសិណ​នៃ​ប្រាសាទ​បន្ទាយឆ្មារ​ផង។

លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា ៖ «មក​មើល​ផ្ទាល់​នឹង​កន្លែង មាន​តំណាង​ទូត​អាមេរិកាំង ទូត​បារាំង តំណាង​ទូត​ឥណ្ឌា តំណាង​សាលា​មក​ពី​មជ្ឈិម​បូព៌ា»

លោក អ៊ឹម សុរិទ្ធី អ្នក​ស្រាវជ្រាវ​ផ្លូវ​បូរាណ​របស់​អាជ្ញាធរ​អប្សរា​ដែល​បាន​រៀបចំ​គម្រោង​អភិរក្ស​ប្រាសាទ​បន្ទាយឆ្មារ​មួយ​រយៈ​មក​ហើយ បាន​មាន​ប្រសាសន៍​ថា កាល​ពី​ពេល​កន្លង​មក​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​របស់​ប្រទេស​កម្ពុជា ធ្លាប់​បាន​រៀប​ចំ​គម្រោង​នឹង​ស្នើ​សុំ​ដាក់​ប្រាសាទ​បន្ទាយឆ្មារ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ប៉ុន្តែ​ព័ត៌មាន​ក្រៅ​ផ្លូវការ​ពី​មន្ត្រី​បេតិកភណ្ឌ​ពិភពលោក​ឲ្យ​ដឹង​ថា លក្ខណៈ​វិនិច្ឆ័យ​ដែល​កម្ពុជា​បាន​ស្នើ​ដូច​ជា​នៅ​មិន​ទាន់​បាន​គ្រប់គ្រាន់​នៅ​ឡើយ។

លោក អ៊ឹម សុរិទ្ធី បាន​មាន​ប្រសាសន៍​ទៀត​ថា បន្ទាប់​ពី​បញ្ចប់​ការពិនិត្យ​មើល​ប្រាសាទ​បន្ទាយ​ឆ្មារ​ជាក់ស្តែង​នេះ មន្ត្រី​ខ្មែរ​និង​ក្រុម​អ្នក​ជំនាញ​បរទេស​នឹង​ជួប​ប្រជុំ​គ្នា​ជា​លើក​ទី​២​ដើម្បី​ស្វែងរក​ពន្លឺ​នៃ​លក្ខណៈ​វិនិច្ឆ័យ​បន្ថែម​ឲ្យ​គ្រប់គ្រាន់​ក្នុង​ការ​ដែល​អាច​បញ្ចូល​ប្រាសាទ​បន្ទាយឆ្មារ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​នៃ​ពិភពលោក​បាន។

លោក អ៊ឹម សុរិទ្ធី បាន​បញ្ជាក់​ថា ៖ «ការប្រជុំ​នេះ​អាច​នឹង​មាន​ពន្លឺ​ដោយសារ​មាន​អ្នក​ស្រាវជ្រាវ អ្នក​ប្រាជ្ញ​ផ្សេងៗ​នោះ អាច​នឹង​បន្ថែម​ការខ្វះ​ខាត​គ្រប់​លក្ខន្តិកៈ​ដែល​គេ​ចង់​បាន»

មន្ត្រី​អាជ្ញាធរ​អប្សរា​បាន​ឲ្យ​ដឹង​ថា ប្រាសាទ​បន្ទាយឆ្មារ នៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ជិត​តំបន់​ជាយ​ដែន​ខ្មែរ​ថៃ​គឺ​ជា​ទីក្រុង​តូច​មួយ​របស់​អាណាចក្រ​ខ្មែរ ដែល​បាន​កសាង​ឡើង​កាល​ពី​អំឡុង​សតវត្សរ៍​ទី​១២ ក្នុង​រជ្ជកាល​ព្រះរាជា​ខ្មែរ​ព្រះ​បាទ ជយវរ្ម័ន​ទី​៧ បាន​ទទួល​រង​ការបាក់​បែក​ជា​ច្រើន ហើយ​ចាប់​ពី​ឆ្នាំ​២០០៧​រហូត​មក​ដល់​ពេល​នេះ មាន​ស្ថាប័ន​មួយ​ឈ្មោះ GLOBAL HERITAGE FUND មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​និង​អង់គ្លេស បាន​មក​ធ្វើ​គម្រោង​អភិរក្ស ដូច​ជា​ជួសជុល​រូប​ចម្លាក់​មួយចំនួន និង​រៀបចំ​ផ្ទាំង​ថ្ម​បែក​បាក់​នៅ​ខាង​ក្នុង​ប្រាសាទ​ឲ្យ​អាច​ចូល​ទស្សនា​បាន​ឡើង​វិញ៕