ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ល្ងាច នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០៨ នៅចំណុចអូរថ្ម ភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។
លោកមេប៉ុស្តិ៍ ហ៊ុន វ៉ាត បានថ្លែងថា លោក ឌី សុផាត អាយុ២៧ឆ្នំា រស់នៅភូមិឃុំខាងលើ បានរងរបួសដៃនិងជង្គង់ឆេះរោលពេញខ្លួន ដោយសារមីនស្គរមួយគ្រាប់កប់ក្រោមដីនៅចម្ការរបស់លោក។
លោក ហ៊ុន វ៉ាត បានឲ្យដឹងថា ៖ «ចម្ការដែលគាត់ធ្វើហើយ ប៉ុន្តែគាត់ទៅត្រួសត្រាយ កាប់ៗទៅវាប៉ះទៅ ដល់អ៊ីចឹងទៅវាប៉ះផ្ទុះទៅ វារោលរាលតាមមុខ តាមដៃ តាមភ្លៅអីហ្នឹង។ ក្នុងហ្នឹងសុទ្ធតែតំបន់មីន ចម្ការហ្នឹង នៅបរិវេណតំបន់យើងប្រទង់ប្រទាញពីដើម ។ តំបន់ហ្នឹងសុទ្ធតែតំបន់សមរភូមិ»។
លោកបានបន្តថា ជនរងគ្រោះ ដី សុផាត ត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង។
នៅក្នុងទឹកដីខេត្តបាត់ដំបង ករណីផ្ទុះគ្រាប់យុទ្ធភណ្ឌនិងមីនកប់នៅក្រោមដីបានកើតឡើងជាបន្តបន្ទាប់ បណ្តាលឲ្យប្រជាកសិករជាច្រើនបានទទួលរងគ្រោះ។
កាលពីថ្ងៃទី២៨ ខែសីហាកន្លងទៅថ្មីៗនេះដែរ គ្រាប់មីនចំនួនពីរគ្រាប់គឺមីនសញ្ញាលេខបូក និងមីនកង្កែបបានផ្ទុះឡើងនៅក្នុងស្រុករតនមណ្ឌល បណ្តាលឲ្យមនុស្សពីរនាក់រងរបួសនិងសត្វគោមួយក្បាលរងរបួសដាច់ជើងខាងឆ្វេង។
លោកវរសេនីយ៍ត្រី ឈឹម គឹមហុង អធិការនគរបាលស្រុកកំរៀង បានថ្លែងឲ្យដឹងដែរថា កាលពីដើមឆ្នាំ២០០៨នេះ ក៏មានគ្រាប់យុទ្ធភណ្ឌមួយគ្រាប់បានផ្ទុះឡើងនៅឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង បណ្តាលឲ្យក្មេងៗពីរនាក់ស្លាប់និងម្នាក់រងរបួស។
លោក ឃឹម ឃឿន មន្ត្រីប្រមូលព័ត៌មានគ្រោះថ្នាក់ដោយសារគ្រាប់មីននៃសាខាកាកបាទក្រហមប្រចាំខេត្តបាត់ដំបងបានថ្លែងថា តួលេខគ្រោះថ្នាក់ដោយសារគ្រាប់មីននៅឆ្នាំ២០០៨នេះ មានការកើនឡើងជាងឆ្នាំ២០០៧។
លោក ឃឹម ឃឿន បានមានប្រសាសន៍ថា ៖ «ហើយបើយើងប្រៀបធៀបខែមុននៅក្នុងរយៈពេលដូចគ្នា ខែមុនតែ៦នាក់ទេ ឆ្នាំ២០០៧ ខែនេះឡើង១៥ (នាក់)»។
លោក ឃឹម ឃឿន បានបន្តថាអត្រាគ្រោះថ្នាក់រយៈពេល២ឆ្នាំចុងក្រោយ នៅស្រុករតនមណ្ឌលច្រើនជាងគេ ហើយនៅក្នុងខែសីហា ឆ្នាំ២០០៨នេះ នៅស្រុកសំឡូតករណីផ្ទុះគ្រាប់មីនបានបណ្តាលឲ្យមានអ្នករបួសជាង១០នាក់។
លោក ឃឹម ឃឿន បានបន្តថាមីននៅតែមានកប់ក្រោមដីយ៉ាងច្រើនសន្ធឹកសន្ធាប់នៅតាមតំបន់មួយចំនួនក្នុងខេត្តបាត់ដំបង ព្រោះកន្លងមកក្រុមមន្ត្រីជំនាញដោះមីនបានប្រតិបត្តិការរាវរកតែលើដីដែលជាតំបន់អាទិភាពទី១ប៉ុណ្ណោះ ចំណែកតំបន់ដីដែលគេចាត់ទុកថាជាលំដាប់ថ្នាក់លេខ២ និងលេខ៣ មិនទាន់បានប្រតិបត្តិការរាវរកនោះទេ។
កម្ពុជាជាប្រទេសដែលមានការបង្កប់មីនច្រើនជាងគេក្នុងពិភពលោក
យោងតាមស្ថិតិនានា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការបង្កប់មីនច្រើនជាងគេក្នុងពិភពលោក។
មានការប៉ាន់ប្រមាណថា សម្រាប់ប្រទេសដែលមានប្រជាពលករមិនប៉ុន្មានលាននាក់នេះ ភាគីដែលប្រយុទ្ធតទល់គ្នានៅចន្លោះឆ្នាំ១៩៧០ និងពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ បានបង្កប់មីនរហូតដល់១០លានគ្រាប់ភាគច្រើនក្នុងតំបន់ពាយ័ព្យរបស់ប្រទេសដែលបណ្តាលឲ្យមានមនុស្សពិការនិងស្លាប់រាប់ម៉ឺននាក់៕