តាមមន្រ្តីកងរាជអាវុធហត្ថខេត្តព្រះវិហារដែលកំពុងត្រៀមប្រយុទ្ធនៅជើងប្រាសាទព្រះវិហារបានឲ្យដឹងថា ការប៉ះប្រយុទ្ធគ្នាដោយអាវុធរវាងទាហានខ្មែរថៃបានចាប់ផ្ដើមកាលពីវេលាម៉ោង២និង២០នាទីរសៀល បន្ទាប់ពីឮសូរសំឡេងផ្ទុះមីននៅតំបន់ជើងភ្នំទ្រព្យ ព្រលានឥន្រ្ទី ហើយបានចាប់ផ្ដើមបន្តនៅខ្សែត្រៀមជួរមុខជិតប្រាសាទព្រះវិហារ ត្រង់ចំរាក់ភ្នំខាងក្រោមវត្តកែវសិក្ខាគិរីស្វរៈ ដោយមានសូរសំឡេងកាំភ្លើងធំនិងកាំភ្លើងដៃផង។
មន្ត្រីកងរាជអាវុធហត្ថដដែលបានឲ្យដឹងថា ៖ «ចាប់ផ្ដើមផ្ទុះមកពីវាលឥន្រ្ទីមុន ឮភឹងៗ បានរាលមកដល់យើងរហូតហើយឥឡូវ។ តាមតេអូ ពួកយើងជាន់កន្លែងដែលវានៅច្រើនណាស់។ នៅរប៉េះរប៉ោះ»។
ទោះយ៉ាងណារហូតមកដល់ពេលនេះមិនទាន់មានប្រភពណាមួយរាយការណ៍ឲ្យបានដឹងអំពីចំនួនទាហានទាំងសងខាងថាមានស្លាប់និងរបួសប៉ុន្មាននាក់នៅឡើយទេ។
តាមការអះអាងពីមន្រ្តីយោធាខ្មែរបានឲ្យដឹងថា ចាប់ផ្ដើមផ្ទុះអាវុធដំបូង ទាហានឈុតខ្មៅថៃដែលនៅក្នុងវត្តខ្មែរ កែវសិក្ខាគិរីស្វរៈ ចំនួន១០នាក់ ត្រូវទាហានខ្មែរចាប់យកអាវុធទាំងអស់ ហើយនៅឯខ្សែត្រៀមជួរមុខជិតប្រាសាទព្រះវិហារមានទាហានថៃខ្លះបានរត់ចោលអាវុធបោះបង់ការប្រយុទ្ធ។
មេបញ្ជាការជាន់ខ្ពស់របស់កងយោធាខ្មែរប្រចាំកងពលថ្មើរជើងលេខ៤៣ គ្រប់គ្រងតំបន់ភ្នំទ្រព្យ បានឲ្យដឹងកាលពីព្រឹកថ្ងៃពុធនៅមុនពេលមានការប៉ះប្រយុទ្ធគ្នាថា ទាហានប៉ារ៉ាថៃប្រមាណជាង៥០០នាក់បានជម្រុលចូលមកព្រលានឥន្រ្ទីជាទឹកដីខ្មែរ បានចូលទៅកាន់ខ្សែត្រៀមជួរមុខជិតប្រាសាទព្រះវិហារ និងចូលទៅច្រកតាថាវចម្ងាយ៨គីឡូម៉ែត្រភាគខាងកើតប្រាសាទព្រះវិហារ ៖ «ប៉ារ៉ាចូលមកតែម្ដង កម្លាំងវាតាមព័ត៌មានថា សរុបទៅប្រហែលជា៥០០ ប៉ុន្តែជាក់ស្ដែងយើងមើលឃើញវាមកដល់ខាងមុខចំណុចហ្នឹង ប្រហែលជា៥០-៦០ម៉ែត្រពីចំណុចម្សិលមិញ»។
តាមសេចក្ដីរាយការណ៍ឲ្យដឹងថា ការប៉ះប្រយុទ្ធគ្នារវាងទាហានខ្មែរ-ថៃនៅតំបន់ជិតប្រាសាទព្រះវិហារមានរយៈពេលជាងកន្លះម៉ោងនៅកន្លែងបីចំណុច ត្រង់តំបន់ភ្នំទ្រព្យ នៅមុខប្រាសាទព្រះវិហារ និងនៅច្រកតាថាវ ដែលរហូតមកដល់ម៉ោង៣និង៥នាទីគេនៅតែឮសំឡេងកាំភ្លើងរប៉េះរប៉ោះនៅឡើយ។
មន្រ្តីប៉ូលិសព្រំដែនមួយរូបបាននិយាយថា សាលារៀនរបស់កុមារនៅតំបន់គ១ត្រូវបានបិទទ្វារ និងប្រជាពលរដ្ឋជាច្រើនបានចាកចេញ ៖ «រត់ខ្លះៗ អ្នកណាគេរត់ រត់ទៅ អ្នកណាគេមិនរត់ គេជីកត្រង់សេ»។
ចំណែកនៅច្រកជាំសាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ មន្រ្តីទំនាក់ទំនងព្រំដែនកម្ពុជាថៃ លោកវរសេនីយ៍ទោ តូច រ៉ា បានមានប្រសាសន៍ថា ស្ថានភាពយោធានៅស្ងប់ស្ងាត់ ក៏ប៉ុន្តែប្រជាពលរដ្ឋថៃដែលលក់ដូរនៅផ្សារជាប់ជាយដែននោះត្រូវបានជម្លៀសចេញហើយ។
លោកវរសេនីយ៍ទោ តូច រ៉ា បានបញ្ជាក់ថា ៖ «ប្រជាពលរដ្ឋខាងថៃដែលនៅមាត់ច្រកហ្នឹងវាស្ងាត់ អានេះវាដូចថាគេជម្លៀសប្រជាជនគេចូលក្នុងវិញដែរ»។
រីឯនៅប្រាសាទតាមាន់ មេបញ្ជាការវរ៤២២ លោក ប៉ុល ថេន បានរាយការណ៍ថា ស្ថានភាពកងទ័ពនៅធម្មតានៅឡើយ ក៏ប៉ុន្តែគេឃើញយន្តហោះរបស់យោធាថៃបានហោះក្រវែលលើភូមិខ្មែរជាច្រើនជុំ។
លោក ប៉ុល ថេន បានមានប្រសាសន៍ថា ៖ «កប៉ាល់ហោះឃើញឆាបទៅឆាបមក ២-៣ត្រឡប់នៅភូមិខ្នារមាំង ប្រហែលជា៤-៥គីឡូពីប្រាសាទ»។
តាមទាហានខ្មែរបាននិយាយថា ការប៉ះប្រយុទ្ធគ្នាដោយអាវុធរវាងទាហានខ្មែរថៃជិតប្រាសាទព្រះវិហារបានចាប់ផ្ដើមឡើងបន្ទាប់ពីទាហានថៃជាច្រើនរយនាក់បានព្យាយាមជម្រុលចូលព្រលានឥន្រ្ទីជាថ្មី បន្ទាប់ពីទាហានថៃបានដកថយកាលពីថ្ងៃអង្គារមក៕