ប្រជា​នេសាទ​រិះគន់​អប្រសិទ្ធភាព​នៃ​ការ​បង្រ្កាប​បទ​ល្មើស​នេសាទ

ប្រជា​នេសាទ​មក​ពី​បណ្ដា​ខេត្ត​ក្រុង​មួយ​ចំនួន​បាន​ធ្វើ​ការ​រិះគន់​ទៅ​លើ​ការ​បង្ក្រាប​បទ​ល្មើស​ជលផល​ដែល​គ្មាន​ប្រសិទ្ធភាព។
ដោយ អ៊ួន ឈិន
2008-10-08
Share
សិក្ខាសាលា តំណាង​ប្រជានេសាទ​សួរ​សំណួរ​ទៅ​វាគ្មិន​ក្នុង​សិក្ខា​សាលា​មួយ​នៅ​ទី​ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​៧ តុលា ២០០៨។
RFA Photo/Uon Chhin

ការរិះគន់​នេះ​ធ្វើ​ឡើង​នៅ​ឯ​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្ដី​ពី​ផល​ប៉ះពាល់​ចំពោះ​ជីវភាព​របស់​ប្រជា​នេសាទ​ពេល​ទំនិញ​ឡើង​ថ្លៃ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ នៅ​ឯ​សាល​ប្រជុំ​របស់​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-ជប៉ុន ក្នុង​បរិវេណ​វិទ្យាស្ថាន​ភាសា​បរទេស​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

តំណាង​ប្រជា​នេសាទ​ខេត្ត​កំពង់ឆ្នាំង លោក ស៊ឹម សុបញ្ញា បាន​លើក​ឡើង​ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ក្នុង​ការ​បង្ក្រាប​បទល្មើស​ជលផល ៖ «និយាយ​ឲ្យ​ចំ​គឺ​អ្នក​បំផ្លាញ​មច្ឆជាតិ​គឺ​ស្ថាប័ន​ជលផល​នេះ​ឯង ខ្លួន​ឯង​ហ្នឹង​ហើយ​ដែល​បំផ្លាញ​នោះ។ ដូច​ជា បញ្ហា​ការត្រួត​ពិនិត្យ​ឡូត៍​នេសាទ បន្ទុក​ឡូត៍​នេសាទ​មិន​ដែល​ឲ្យ​សហគមន៍ ឬ​ប្រជាពលរដ្ឋ​ដឹង​ទេ ហើយ​មិន​ដែល​បាន​ចូលរួម​តាក់តែង​សៀវភៅ ឡូត៍​នេសាទ​ទេ ហើយ​ការត្រួត​ពិនិត្យ​នៃ​ការចាប់​ត្រី​ឡូត៍​នេសាទ ក៏​មាន​ការឃុប​ឃិត​គ្នា​ដែរ។ ខ្ញុំ​ទទួល​ស្គាល់​ហើយ​ថា លោក​បាន​ធ្វើការ​បង្រ្កាប​បទល្មើស​មួយ​ចំនួន​នៅ​តាម​តំបន់ ក៏​ប៉ុន្តែ​បទ​ល្មើស​ទាំង​នោះ គឺ​ជា​បទល្មើស​ដែល​អត់​មាន​ខ្នង​របស់​លោក​ទេ អត់​មាន​ខ្នង​ជលផល លោក​ធ្វើ​បាន ប៉ុន្តែ​ចំពោះ​ខ្នង​ជលផល លោក​ធ្វើ​អត់​បាន​ទេ»

តំណាង​ប្រជា​នេសាទ​ឃុំ​កូនសត្វ ខេត្ត​កំពត លោក ភិម ភី បាន​សម្ដែង​នូវ​ចម្ងល់​របស់​លោក​ចំពោះ​សិទ្ធិ​ក្នុង​ការ​លុប​ចោល​នូវ​លិខិត ស.ជ.ណ ដែល​ចេញ​ដោយ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ៖ «ជម្រាប​ប្រាប់​បង​ប្អូន​ថា ដី ៧២​ហិកតារ​ហ្នឹង គឺ​លោក​អភិបាល​ខេត្ត​កំពត លោក​ចុះ ស.ជ.ណ. មុន​នឹង​ទីស្ដីការ​គណៈរដ្ឋមន្រ្តី​សម្រេច អ៊ីចឹង​ខ្ញុំ​សួរ​ថា អភិបាល​ខេត្ត​កំពត មាន​សិទ្ធិ​ស៊ីញ៉េ មាន​សិទ្ធិ​លុប ស.ជ.ណ. ទីស្ដីការ​គណៈរដ្ឋមន្រ្តី ឬ​មួយ​យ៉ាង​ណា?»

ប្រធាន​ការិយាល័យ​អភិវឌ្ឍន៍​សហគមន៍​នេសាទ​នៃ​រដ្ឋបាល​ជលផល លោក លី វុទ្ធី បាន​លើក​ឡើង​ពី​ការ​ទន្ទ្រាន​យក​ដី​លិច​ទឹក​នៅ​តាម​តំបន់​មួយ​ចំនួន​និង​ឧបសគ្គ​ក្នុង​ការ​បំពេញ​ការងារ​របស់​មន្ត្រី​ជលផល។

លោក លី វុទ្ធី មាន​ប្រសាសន៍​ថា ៖ «ប្រជាពលរដ្ឋ​ប្រុង​ឡើង​មក​លើ គាត់​ទប់ស្កាត់​មិន​ឲ្យ​ឡើង​មក គាត់​អត់​ឲ្យ​ធ្វើ ជលផល​ចង់​ជួយ​តាមដាន​ទៀត ធ្វើ​បាប រហូត​ដល់​មាន​ករណី​ចុះ​ទៅ​ជួយ​បង្រ្កាប​បទល្មើស​គេ​បាញ់​ងាប់ ធ្វើ​ម៉េច​កើត ហើយ​គាត់​ហ្នឹង​ដូចជា​សត្រូវ​ជាមួយ​នឹង​ជលផល​អភិបាល​ខេត្ត​កាល​មុន»

ប្រធាន​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ ដែល​ហៅ​កាត់​ថា CDRI លោក ច័ន្ទ សុផល បាន​ផ្ដល់​ជា​អនុសាសន៍​មួយ​ចំនួន​ដល់​ប្រជា​នេសាទ ៖ «ប្រជារាស្រ្ដ​ជា​អ្នក​សម្ដែង​នូវ​ឆន្ទៈ​របស់​ខ្លួន ចង់​បាន​អី គឺ​សម្ដែង​ចេញ​មក ហើយ​សម្ដែង​ចេញ​យ៉ាង​ម៉េច? គឺ ៥​ឆ្នាំ គេ​ឲ្យ​តម្លៃ​ម្ដង តាមរយៈ​ការ​បោះឆ្នោត​នេះ លទ្ធិ​ប្រជាធិបតេយ្យ​គឺ​អ៊ីចឹង។ បន្តិច​ទៀត​ឃើញ​មតិ ពេល​បោះឆ្នោត​មក ក្នុង​ឃុំ​នេះ ស្រាប់​តែ​មាន ៧០%  បោះឆ្នោត​ឲ្យ​គណបក្ស​នេះ ពេល​ហ្នឹង​អ្នក​លើ​គេ​បើក​ភ្នែក​ហើយ»

សូម​ជម្រាប​ថា សិក្ខា​សាលា​នេះ​មាន​រយៈពេល​ពីរ​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៨ ខែ​តុលា រៀបចំ​ដោយ​បណ្ដាញ​ប្រជា​នេសាទ​នៃ​តំបន់​ទាំង​បី​គឺ​តំបន់​បឹង​ទន្លេសាប ទន្លេ​មេគង្គ និង​តំបន់​ឆ្នេរ ដោយ​មាន​ការ​សម្រប​សម្រួល​របស់​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ ជលផល ដែល​ហៅ​កាត់​ថា FACT អង្គការ NGO Forum, ADHOC, LICADHO, VSG, PFD, CWDCC និង STT ជាមួយ​នឹង​ការ​ឧបត្ថម្ភ​ពី​សំណាក់​អង្គការ Oxfam Novib និង Oxfam America៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល