ការរិះគន់នេះធ្វើឡើងនៅឯសិក្ខាសាលាថ្នាក់ជាតិស្ដីពីផលប៉ះពាល់ចំពោះជីវភាពរបស់ប្រជានេសាទពេលទំនិញឡើងថ្លៃ កាលពីព្រឹកថ្ងៃអង្គារនេះ នៅឯសាលប្រជុំរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ក្នុងបរិវេណវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
តំណាងប្រជានេសាទខេត្តកំពង់ឆ្នាំង លោក ស៊ឹម សុបញ្ញា បានលើកឡើងពីភាពមិនប្រក្រតីមួយចំនួនក្នុងការបង្ក្រាបបទល្មើសជលផល ៖ «និយាយឲ្យចំគឺអ្នកបំផ្លាញមច្ឆជាតិគឺស្ថាប័នជលផលនេះឯង ខ្លួនឯងហ្នឹងហើយដែលបំផ្លាញនោះ។ ដូចជា បញ្ហាការត្រួតពិនិត្យឡូត៍នេសាទ បន្ទុកឡូត៍នេសាទមិនដែលឲ្យសហគមន៍ ឬប្រជាពលរដ្ឋដឹងទេ ហើយមិនដែលបានចូលរួមតាក់តែងសៀវភៅ ឡូត៍នេសាទទេ ហើយការត្រួតពិនិត្យនៃការចាប់ត្រីឡូត៍នេសាទ ក៏មានការឃុបឃិតគ្នាដែរ។ ខ្ញុំទទួលស្គាល់ហើយថា លោកបានធ្វើការបង្រ្កាបបទល្មើសមួយចំនួននៅតាមតំបន់ ក៏ប៉ុន្តែបទល្មើសទាំងនោះ គឺជាបទល្មើសដែលអត់មានខ្នងរបស់លោកទេ អត់មានខ្នងជលផល លោកធ្វើបាន ប៉ុន្តែចំពោះខ្នងជលផល លោកធ្វើអត់បានទេ»។
តំណាងប្រជានេសាទឃុំកូនសត្វ ខេត្តកំពត លោក ភិម ភី បានសម្ដែងនូវចម្ងល់របស់លោកចំពោះសិទ្ធិក្នុងការលុបចោលនូវលិខិត ស.ជ.ណ ដែលចេញដោយទីស្ដីការគណៈរដ្ឋមន្ត្រី ៖ «ជម្រាបប្រាប់បងប្អូនថា ដី ៧២ហិកតារហ្នឹង គឺលោកអភិបាលខេត្តកំពត លោកចុះ ស.ជ.ណ. មុននឹងទីស្ដីការគណៈរដ្ឋមន្រ្តីសម្រេច អ៊ីចឹងខ្ញុំសួរថា អភិបាលខេត្តកំពត មានសិទ្ធិស៊ីញ៉េ មានសិទ្ធិលុប ស.ជ.ណ. ទីស្ដីការគណៈរដ្ឋមន្រ្តី ឬមួយយ៉ាងណា?»។
ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍នេសាទនៃរដ្ឋបាលជលផល លោក លី វុទ្ធី បានលើកឡើងពីការទន្ទ្រានយកដីលិចទឹកនៅតាមតំបន់មួយចំនួននិងឧបសគ្គក្នុងការបំពេញការងាររបស់មន្ត្រីជលផល។
លោក លី វុទ្ធី មានប្រសាសន៍ថា ៖ «ប្រជាពលរដ្ឋប្រុងឡើងមកលើ គាត់ទប់ស្កាត់មិនឲ្យឡើងមក គាត់អត់ឲ្យធ្វើ ជលផលចង់ជួយតាមដានទៀត ធ្វើបាប រហូតដល់មានករណីចុះទៅជួយបង្រ្កាបបទល្មើសគេបាញ់ងាប់ ធ្វើម៉េចកើត ហើយគាត់ហ្នឹងដូចជាសត្រូវជាមួយនឹងជលផលអភិបាលខេត្តកាលមុន»។
ប្រធានស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានបណ្ដុះបណ្ដាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា CDRI លោក ច័ន្ទ សុផល បានផ្ដល់ជាអនុសាសន៍មួយចំនួនដល់ប្រជានេសាទ ៖ «ប្រជារាស្រ្ដជាអ្នកសម្ដែងនូវឆន្ទៈរបស់ខ្លួន ចង់បានអី គឺសម្ដែងចេញមក ហើយសម្ដែងចេញយ៉ាងម៉េច? គឺ ៥ឆ្នាំ គេឲ្យតម្លៃម្ដង តាមរយៈការបោះឆ្នោតនេះ លទ្ធិប្រជាធិបតេយ្យគឺអ៊ីចឹង។ បន្តិចទៀតឃើញមតិ ពេលបោះឆ្នោតមក ក្នុងឃុំនេះ ស្រាប់តែមាន ៧០% បោះឆ្នោតឲ្យគណបក្សនេះ ពេលហ្នឹងអ្នកលើគេបើកភ្នែកហើយ»។
សូមជម្រាបថា សិក្ខាសាលានេះមានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែតុលា រៀបចំដោយបណ្ដាញប្រជានេសាទនៃតំបន់ទាំងបីគឺតំបន់បឹងទន្លេសាប ទន្លេមេគង្គ និងតំបន់ឆ្នេរ ដោយមានការសម្របសម្រួលរបស់អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធាន ជលផល ដែលហៅកាត់ថា FACT អង្គការ NGO Forum, ADHOC, LICADHO, VSG, PFD, CWDCC និង STT ជាមួយនឹងការឧបត្ថម្ភពីសំណាក់អង្គការ Oxfam Novib និង Oxfam America៕