កសិករខ្មែរជាច្រើនពាន់គ្រួសារ នៅក្នុងឃុំចំនួន២ នៅក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង កំពុងតែរងការខូចខាតស្រូវប្រាំងអស់ជាច្រើនរយហិកតារ ដោយសារទឹកជំនន់ ទឹកភ្លៀងថ្មីៗនេះ និងធ្វើឲ្យគ្រួសារកសិករមួយចំនួននោះ កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការខ្វះស្បៀងអាហារបរិភោគ នៅឆ្នាំ២០១០ នេះ ហើយគ្រួសារខ្លះទៀតកំពុងតែជំពាក់បំណុលគេវន្តកលើថ្លៃជី និងប្រេងជាដើម។
ឃុំចំនួនពីរ ដែលកំពុងតែរងការលិចស្រូវប្រាំងធ្ងន់ធ្ងរជាងគេនោះ មានឃុំបន្ទាយចក្រី និងឃុំអង្គររាជ្យ នៅក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង។ មូលហេតុសំខាន់ដែលប្រជាពលរដ្ឋបន្ទោសអំពីការលិចស្រូវរបស់គាត់នោះ គឺទី១ ជំនន់ទឹកភ្លៀង និងទី២ បណ្ដាលមកពីលូបង្ហូរទឹកនៅទំនប់អូរទឹកជូរ មានទំហំតូចពេក មិនអាចបង្ហូរទឹកបានលឿន។
កសិករនៅក្នុងចំណោមគ្រួសាររងគ្រោះជាច្រើនពាន់គ្រួសារ នៅក្នុងឃុំបន្ទាយចក្រី ស្រុកព្រះស្ដេចខេត្តព្រៃវែង សុំមិនប្រាប់ឈ្មោះ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៧ ខែតុលាថា លោកស្រី និងកូនៗ មានស្រែប្រាំងចំនួន ១០ហិកតារ កំពុងតែលិចទឹកជំនន់ ខូចខាតទាំងស្រុង រលួយអស់ហើយនៅពេលនេះ។ លោកស្រីបន្តថា ៖ «ជំពាក់គេក្នុងម្នាក់ហ្នឹងពី ២០លាន ទៅ៣០លានរៀល។ ចងការលុយគេទិញប្រេងផង ជីក៏ទិញបណ្ដាក់គេ លុយចងការ។ ប្រេងក៏លុយចងការ ហើយទិញម៉ាស៊ីនក៏លុយចងការ គិតទៅរងគ្រោះហ្នឹងធំណាស់»។
កសិករម្នាក់ទៀតនៅក្នុងឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានថ្លែងថា លោកមានស្រែប្រាំងចំនួន ២ហិកតារ រងការខូចខាតទាំងស្រុង ៖ «សុំឲ្យរដ្ឋាភិបាលជួយធ្វើស្ពាន គឺស្ពានអូរទឹកជូរ។ ដាក់លូអី ប៉ុន្តែធ្វើឲ្យធំបានឈ្នះ ព្រោះអីពីលើបើកទៅខ្លាំង។ ទឹកហ្នឹងវាធ្លាក់ពីរ ឬបីឃុំមក ធ្លាក់ពីលើមក»។
មេឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង លោក យស់ សំអាង បានមានប្រសាសន៍ពន្យល់ថា អាជ្ញាធរភូមិ ឃុំ និងគ្រោងជួបប្រជុំគ្នា នៅថ្ងៃទី២១ ខែតុលាខាងមុខនេះ ដើម្បីបូកសរុប និងវាយតម្លៃការខូចខាតស្រូវរបស់ប្រជាពលរដ្ឋ ដែលរងការលិចដោយទឹកជំនន់ទឹកភ្លៀងកន្លងមកនេះ ៖ «ចង់ដឹងថាប៉ះពាល់ប៉ុន្មាន ហើយខូចប៉ុន្មាន។ សព្វថ្ងៃនេះ កន្លែងណាដែលបងប្អូនសំណូមពរ ដូចជាលូអីហ្នឹង យើងបានកាយអស់ហើយគ្រប់កន្លែង»។
សេចក្ដីរាយការណ៍មួយចំនួនបានដកស្រង់សំដីរបស់មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងប្រទេសកម្ពុជា បានឲ្យដឹងថា ខេត្តចំនួនប្រាំដែលកំពុងតែរងគ្រោះខ្លាំងជាងគេ ដោយសារទឹកជំនន់នោះ មានដូចជាខេត្តកណ្ដាល ខេត្តតាកែវ ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងទីក្រុងភ្នំពេញ។ មានមនុស្សចំនួន ៤នាក់ បានលក់ទឹកស្លាប់នៅក្នុងខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប និងទីក្រុងភ្នំពេញ។ និងស្រូវចំនួនច្រើនពាន់ហិកតារកំពុងតែរងការខូចខាត។
ប្រធានផ្នែកគ្រប់គ្រងគ្រោះមហន្តរាយ នៃកាកបាទក្រហមកម្ពុជា លោក អ៊ុយ សំអាត បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា កំពុងតែត្រៀមអង្ករចំនួនរវាង ២០ទៅ២៥តោននៅក្នុងឃ្លាំង និងថវិកាបម្រុងចំនួនរវាង ៥០ម៉ឺន ទៅ៧០ម៉ឺនដុល្លារអាមេរិក ដើម្បីសង្គ្រោះបន្ទាន់នៅគ្រាដែលចាំបាច់។
លោកបានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែតុលាថ្មីៗនេះ ប្រជាពលរដ្ឋចំនួន ៣២០គ្រួសារ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រូវបានចែកជំនួយសង្គ្រោះបន្ទាន់។ ប្រជាពលរដ្ឋ ចំនួន៣៣៧ គ្រួសារ នៅក្នុងស្រុកក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបានចែកស្បៀងអាហារ នៅថ្ងៃទី១៧ ខែតុលានេះ និងនៅថ្ងៃទី១៨ ខែតុលាឆាប់ៗនេះ ប្រជាពលរដ្ឋចំនួនជាង ៣០០គ្រួសារទៀត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងត្រូវបានចែកអំណោយសង្គ្រោះបន្ទាន់៕