មេដឹកនាំគណបក្សនយោបាយ និង អ្នកវិភាគស្ថានការណ៍នយោបាយនៅកម្ពុជាបានយល់ឃើញថានេះជាការផ្ដួចផ្ដើមជារបៀបថ្មីមួយ រវាងកម្ពុជា-ថៃ នៅក្រោយប្រទេសថៃមានរដ្ឋាភិបាលថ្មី។ ប៉ុន្តែមិនមានសារប្រយោជន៍ធំដំ ឬជាសញ្ញាណមួយបង្ហាញថាជម្លោះព្រំដែននៃប្រទេសទាំងពីរនេះ នឹងឈានទៅបញ្ចប់ក្នុងពេលដ៏ឆាប់នោះទេ។
ក្រុមអាវក្រហមថៃរាប់ពាន់នាក់ បានធ្វើដំណើរមកក្រុងភ្នំពេញ ដើម្បីគាំទ្រមន្ត្រីជាន់ខ្ពស់នៃបក្សភឿថៃ និងមន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលកម្ពុជា ដែលបានប្រកួតបាល់ទាត់មិត្តភាពជាមួយគ្នានៅភ្នំពេញ។ ពលរដ្ឋកម្ពុជាក៏មានការចាប់អារម្មណ៍ខ្លាំងណាស់ដែរចំពោះព្រឹត្តិការណ៍នេះ។
និស្សិតមួយរូបឈ្មោះ អាំង ស្រុន រៀននៅសាលាពេទ្យ ដែលបានទៅទស្សនាការប្រកួតបាល់ទាត់នេះ នៅឯពហុកីឡាដ្ឋានជាតិ បានបង្ហាញអារម្មណ៍រីករាយចំពោះមន្ត្រីនៃរដ្ឋាភិបាលទាំងពីរ ដែលបានចាប់ផ្ដើមមានទំនាក់ទំនងល្អជាមួយគ្នាឡើងវិញ រហូតជួបលេងកីឡាជាមួយគ្នាបែបនេះ។
ប៉ុន្តែចំពោះបញ្ហាស្វែងរកដំណោះស្រាយជម្លោះព្រំដែន និស្សិតរូបនេះមិនទាន់ហ៊ានសន្និដ្ឋានបានថាយ៉ាងណានោះទេទៅថ្ងៃមុខ។ ទោះយ៉ាងណាក្ដី គេសង្ឃឹមថា រដ្ឋាភិបាលថ្មីរបស់ថៃ និងរដ្ឋាភិបាលកម្ពុជាបានចាប់ផ្ដើមបង្ហាញពីសញ្ញាណទំនាក់ទំនងល្អដល់គ្នាជាបន្តបន្ទាប់មកនេះ។
ពលរដ្ឋម្នាក់រស់នៅក្រុងភ្នំពេញ ដែលមកទស្សនាការប្រកួតបាល់ទាត់នេះដែរ បានសម្ដែងក្ដីរីករាយចំពោះព្រឹត្តិការណ៍ដ៏កម្រនេះដែរ ពីព្រោះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលប្រទេសទាំងពីរធ្លាប់តែឈ្លោះគ្នា សម្លាប់គ្នាដោយសារតែបញ្ហាព្រំដែន។
តំណាងរាស្ត្របក្សប្រឆាំងសមរង្ស៊ី លោក សុន ឆ័យ មានប្រសាសន៍ថា ដោយសារការរៀបចំប្រកួតបាល់ទាត់នេះ ធ្វើឡើងជាលើកដំបូង ធ្វើឲ្យមានការចាប់អារម្មណ៍ពីសាធារណជន។ ប៉ុន្តែអ្វីដែលមានប្រយោជន៍ គឺគេត្រូវតែពង្រឹងទំនាក់ទំនងផ្នែកការទូតឲ្យបានល្អ និងត្រូវមានភាពប៉ិនប្រសព្វខាងការទូតទើបជាលទ្ធផលផ្លូវការ និងជឿអាចទុកចិត្តបាន។
ប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា មានប្រសាសន៍ថា ការពង្រឹងទំនាក់ទំនងកម្ពុជា-ថៃ តាមរយៈជួបគ្នាទាត់បាល់នេះ បានបង្ហាញពីការត្រូវរ៉ូវគ្នាជាលក្ខណៈបក្សពួក ឬក្រុមរបស់ក្រុមអាវក្រហមរបស់លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ដែលជាមិត្តភក្ត្ររបស់លោក ហ៊ុន សែន មិនមែនជាទំនាក់ទំនងមួយតំណាងឲ្យរដ្ឋាភិបាលថៃ ឬប្រជាជាតិថៃទាំងមូលនោះទេ។ ដូច្នេះលោកថា ទំនាក់ទំនងបែបនេះមិនអាចយកជាការបាន ឬអាចស្ថិតស្ថេរទៅមុខបានទេ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យមានប្រសាសន៍ថា លទ្ធផលនៃទំនាក់ទំនងខ្មែរ-ថៃ ត្រូវរង់ចាំមើលក្នុងរយៈពេលយូរទៅមុខទៀត។ លោកបន្តថា ក្រោយពីថៃកើតមានរដ្ឋាភិបាលថ្មី គេឃើញភាគីទាំងពីរបានបង្ហាញយន្តការពង្រឹងទំនាក់ទំនងល្អដាក់គ្នា ដើម្បីផ្សះផ្សាជម្លោះយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែនៅមិនទាន់មានលទ្ធផលអ្វីមួយច្បាស់លាស់នោះនៅឡើយទេ។
ក្រុមអាវក្រហមថៃ ដែលមកគាំទ្រក្រុមបាល់ទាត់របស់ខ្លួននៅភ្នំពេញបានសម្ដែងក្ដីរីករាយ និងកិច្ចសហការរវាងរដ្ឋាភិបាលថ្មីរបស់ថៃ ជាមួយរដ្ឋាភិបាលកម្ពុជា ហើយគេសង្ឃឹមថា ភាគីទាំងពីរនឹងអាចរកដោះស្រាយបញ្ចប់ជម្លោះព្រំដែនដោយសន្តិវិធីជាមួយគ្នាបាននៅពេលខាងមុខ ៖ «ខ្ញុំសប្បាយចិត្តណាស់។ ខ្ញុំគិតថាទំនាក់ទំនងយើងទៅអនាគតរឹតតែល្អប្រសើរ»។
ការប្រកួតបាល់ទាត់ជាមិត្តភាពនេះ ខាងកម្ពុជាដឹកនាំដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ហើយខាងក្រុមអាវក្រហមដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីថៃ លោក ស៊ុមឆាយ វង្សាវត្ថិ។
ការជួបគ្នាសប្បាយរីករាយនៅទីលានប្រកួតបាល់ទាត់ជាមិត្ដភាពថៃ និងកម្ពុជានេះ ស្របពេលប្រជាពលរដ្ឋកម្ពុជាកំពុងទទួលរងគ្រោះដោយទឹកជំនន់ និងមានខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន៕