នៅក្រោយជំនួបរវាងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបារាំង លោក ហ្វ្រង់ស្វ័រ ហ្វីយ៉ុង (Francois Fillon) ជាមួយនាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន នៅរសៀលថ្ងៃសៅរ៍ ទៅ២ កក្កដា នៅរាជធានីភ្នំពេញ លោក ស្រ៊ី ថាំរ៉ុង ទីប្រឹក្សាលោក ហ៊ុន សែន និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានធ្វើសន្និសីទកាសែតនៅវិមានសន្តិភាពឲ្យដឹងថា បារាំងក្រៅពីការផ្ដល់ឯកសារដែលពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលប្រទេសបារាំង នៅមានរក្សានោះមកឲ្យកម្ពុជា នៅពេលដ៏ឆាប់ខាងមុខនេះ ព្រមទាំងត្រៀមខ្លួនជួយដោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនកម្ពុជា-ថៃនោះ។
នៅក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីទាំងពីរ កម្ពុជា-បារាំងនេះដែរ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាទៅលើការរឹតចំណងមិត្តភាព ពង្រឹងលើបញ្ហាទំនាក់ទំនងសេដ្ឋកិច្ច សុខាភិបាល វប្បធម៌ សិក្សាធិការ និងការអភិវឌ្ឍជនបទជាដើម។
នាយករដ្ឋមន្ត្រីបារាំង បានគាំទ្រចំពោះបេក្ខភាពកម្ពុជា នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលជាសមាជិកមិនអចិន្ត្រៃយ៍ គឺជាការចូលរួមយ៉ាងសំខាន់ក្នុងកិច្ចការពារសន្តិភាពពិភពលោក ហើយបញ្ហានេះនឹងជំរុញឲ្យកម្ពុជា មានលទ្ធភាពក្លាយជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅពេលខាងមុខ។
សេចក្ដីប្រកាសព័ត៌មានពីស្ថានទូតបារាំង ប្រចាំនៅកម្ពុជា បានឲ្យដឹកថា ចំនួនទឹកប្រាក់វិនិយោគកម្ពុជា និងបារាំង នៅឆ្នាំ២០១០ កន្លងទៅ មានចំនួនប្រមាណជាង ២០០លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះការនាំទំនិញពីកម្ពុជា ទៅកាន់ប្រទេសបារាំង មានចំនួនប្រមាណ ៦៦លានដុល្លារ ហើយប្រទេសបារាំង បាននាំទំនិញមកកម្ពុជា មានចំនួនប្រមាណជាង ១៦០លានដុល្លារ។
នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបារាំង លោក ហ្វ្រង់ស្វ័រ ហ្វីយ៉ុង និងគណៈប្រតិភូបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយជើងយន្តហោះពិសេសរបស់បារាំង នៅវេលាម៉ោង ១១ និង ៥០នាទីព្រឹកថ្ងៃទី០២ កក្កដា ឆ្នាំ២០១១។
សេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជា ឲ្យដឹងថា ទស្សនកិច្ចនេះធ្វើឡើងតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ហើយក្នុងរយៈពេលស្នាក់នៅកម្ពុជា ២ថ្ងៃ លោកនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបារាំង លោក ហ្វ្រង់ស្វ័រ ហ្វីយ៉ុង ក្រៅពីជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកនឹងចូលគាល់ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងអតីតព្រះមហាក្សត្រ នរោត្តម សីហនុ។
លោកនាយករដ្ឋមន្ត្រីបារាំង និងព្រះមហាក្សត្រកម្ពុជា នឹងចូលរួមក្នុងពិធីបិទការដ្ឋានជួសជុលប្រាសាទបាពួន នៅខេត្តសៀមរាប នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី៣ កក្កដា ឆ្នាំ២០១១ ហើយលោកនឹងធ្វើដំណើរត្រឡប់ទៅប្រទេសបារាំងវិញនៅល្ងាចថ្ងៃដដែល៕