កម្មការិនី​រោងចក្រ​នៅ​ខេត្ត​កណ្ដាល​គ្រោង​ប្ដឹង​សមត្ថកិច្ច​ពី​រឿង​ប្រើ​ហិង្សា

កម្មការិនី​នៅ​រោងចក្រ​កាត់ដេរ អ៊ី ហ្គាមេន (E garment) គ្រោង​ប្ដឹង​សមត្ថកិច្ច​នគរបាល និង​ប៉េអិម​ស្រុក​ស្អាង ខេត្ត​កណ្ដាល ទៅ​កាន់​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល ដើម្បី​ទាមទារ​យុត្តិធម៌។

0:00 / 0:00

គម្រោង​ការ​នេះ​ត្រូវ​បាន​គេ​អះអាង​ថា កើត​ឡើង​បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​ប្រើប្រាស់​ហិង្សា​ទៅ​លើ​ក្រុម​កម្មករ​ដែល​ឈរ​ធ្វើ​កូដកម្ម​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ ដើម្បី​ទាមទារ​អត្ថប្រយោជន៍​ផ្សេងៗ។

កម្មការិនី ៣​នាក់ ក្នុង​ចំណោម​កូដករ​ជាង ១០០​នាក់ នៅ​រោងចក្រ អ៊ី ហ្គាមេន នៅ​ឃុំ​ស្វាយរលំ ស្រុក​ស្អាង ខេត្ត​កណ្ដាល គ្រោង​ដាក់​ពាក្យ​បណ្ដឹង ប្ដឹង​កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាង ៣០​នាក់ របស់​អាជ្ញាធរ​ខេត្ត​កណ្ដាល ដែល​ប្រើប្រាស់​កម្លាំង​ហិង្សា​ទៅ​លើ​ក្រុម​កម្មករ។

កម្មការិនី​រោងចក្រ អ៊ី ហ្គាមេន អ្នកស្រី ចាន់ បូផល ឲ្យ​ដឹង​ថា ដោយសារ​លក្ខខណ្ឌ​ការងារ​មិន​សមរម្យ ទើប​កម្មករ​រោងចក្រ​នេះ​សម្រេច​ធ្វើ​កូដកម្ម​អស់​រយៈពេល ១០​ថ្ងៃ​មក​ហើយ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ។ លោក​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៦ មករា នេះ ពេល​កម្មករ​រារាំង​មិន​ឲ្យ​ឡាន​ទំនិញ​ចូល​រោងចក្រ ភាគី​រោងចក្រ​ក៏​ហៅ​ក្រុម​សមត្ថកិច្ច​ចម្រុះ​ឲ្យ​ចុះ​បង្ក្រាប​តែម្ដង។

អ្នកស្រី ចាន់ បូផល បញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​នោះ ប៉េអិម​បាន​ចាប់​មួល​ដៃ​កម្មការិនី ២​នាក់​ផ្សេង​ទៀត​ឲ្យ​រង​របួស និង​ចាប់​ក​អាវ​អ្នកស្រី រួច​គ្រវែង​ឲ្យ​រង​របួស​ជា​ទម្ងន់​តែម្ដង៖ «ខ្ញុំ​គ្រាន់​តែ​ចង់ បាន​សិទ្ធិ​សេរីភាព និង​ការ​រស់​នៅ​សមរម្យ ហេតុ​អ្វី​បាន​ជា​ពួក​គាត់​មាន​អំណាច​មក​ធ្វើ​បាប​ពួក​ខ្ញុំ ដែល​ជា​អ្នក​ទន់​ខ្សោយ? សូម​រក​យុត្តិធម៌​ឲ្យ​ពួក​ខ្ញុំ ខ្ញុំ​ថ្លោះ​ដៃ​ហើយ»

អ្នកស្រី ចាន់ បូផល បញ្ជាក់​ថា ក្រុម​កម្មករ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​កណ្ដាល រក​យុត្តិធម៌​ឲ្យ​កម្មករ​ដែល​រង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ទាំង​នេះ​ពី​សំណាក់​សមត្ថកិច្ច​ផង។

មន្ត្រី​ច្បាប់​របស់​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវឌូ លោក ជឹម ឃៀង មាន​ប្រសាសន៍​ថា តំណាង​សហជីព​នឹង​បន្ត​ទាមទារ​អត្ថប្រយោជន៍​ឲ្យ​កម្មករ​តាម​រយៈ​ការ​បន្ត​ធ្វើ​កូដកម្ម​រហូត​មាន​ដំណោះ​ស្រាយ។

លោក​បន្ត​ថា ព្រឹក​ថ្ងៃ​ទី​៦ កុម្ភៈ កម្មករ​បាន​ធ្វើ​កូដកម្ម​ដោយ​ដុត​កង់​ឡាន ហើយ​សមត្ថកិច្ច នគរបាល និង​ប៉េអិម ក៏​ប្រើ​ហិង្សា​ដើម្បី​បែក​ក្រុម​កូដករ​ធ្វើ​ឲ្យ​កម្មករ ៣​នាក់ ឲ្យ​រង​របួស​ធ្ងន់​រហូត​ដល់​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ៖ «កង​កម្លាំង​សមត្ថកិច្ច​មាន​ប៉េអិម និង​ប៉ូលិស ៣០​នាក់ ធ្វើ​អំពើ​ហិង្សា​ទៅ​លើ ធ្វើ​ឲ្យ​របួស​ជា​ច្រើន ក្នុង​នោះ​មាន​បី​នាក់​ត្រូវ​របួស​ធ្ងន់ ដែល​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ហើយ​ពេល​ចេញ​ពី​មន្ទីរ​ពេទ្យ​ហ្នឹង​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ស្នងការ ករណី​ស្នងការ​មិន​ដោះស្រាយ នឹង​បន្ត​ប្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ​តែម្ដង»

ទាក់ទង​នឹង​បញ្ហា​នេះ អធិការ​នគរបាល​ស្រុក​ស្អាង លោក ខេង វណ្ណា បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ នៅ​ថ្ងៃ​៦ មករា ឆ្នាំ​២០១៣ ដោយ​លោក​និយាយ​ថា លោក​មាន​ជំងឺ​មិន​អាច​និយាយ​បាន។ ប៉ុន្តែ​មន្ត្រី​នគរបាល​ស្រុក​ស្អាង ម្នាក់​បង្ហើប​ថា កន្លង​មក​បញ្ហា​កូដកម្ម ឬ​បាតុកម្ម​ក្នុង​ភូមិសាស្ត្រ​ស្រុក​ស្អាង លោក​អធិការ​រូប​នេះ​ជា​អ្នក​បញ្ជា​ឲ្យ​អធិការ​រង​ម្នាក់​ទទួល​បន្ទុក​ធ្វើ​ការ​រក្សា​សន្តិសុខ។

ទោះ​យ៉ាង​ណា​ក៏ដោយ មន្ត្រី​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក សុខ លាំង មាន​ប្រសាសន៍​ថា អាជ្ញាធរ​សមត្ថកិច្ច​មាន​តួនាទី​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​កូដកម្ម មិន​មែន​បង្ក្រាប​កូដកម្ម​ទេ។

លោក​បន្ត​ថា មន្ត្រី​ទាំង​អស់​ស៊ី​ប្រាក់​ខែ​បាន​មក​ពី​ចំណូល​ពន្ធ គឺ​បាន​មក​ពី​ពលរដ្ឋ ដូច​នេះ​ពួក​គេ​ត្រូវ​តែ​បម្រើ​សេវា​ជូន​ពលរដ្ឋ៖ «បើ​សិន​បើ​មាន​បញ្ហា​នេះ​កើត​ឡើង ថ្នាក់​លើ​ត្រូវ​ចាត់​វិធានការ ត្រូវ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​កូន​ចៅ​របស់​គាត់ ពីព្រោះ​គាត់​ត្រូវ​ចង​ចាំ​ថា តួនាទី​របស់​គាត់​គឺ​ការពារ​ពលរដ្ឋ ផ្ដល់​សេវា​ដល់​ពលរដ្ឋ មិន​មែន​ប្រព្រឹត្ត​ហិង្សា​លើ​ពលរដ្ឋ​ទេ»

កម្មការិនី​ដែល​អះអាង​ថា ទទួល​រង​នូវ​អំពើ​ហិង្សា​ពី​សំណាក់​សមត្ថកិច្ច មាន​ឈ្មោះ ចាន់ បូផល ជា​ស្ត្រី​មាន​ផ្ទៃ​ពោះ​ចំនួន ៥​ខែ រង​របួស​ក​ដៃ និង​ចង្កេះ។ កម្មការិនី ហ៊ត យី និង​កម្មការិនី ស្រស់ ចន្ធី រង​របួស​គ្រេច​កដៃ។ កម្មករ​រោងចក្រ អ៊ី ហ្គាមេន ទាមទារ​នូវ​លក្ខខណ្ឌ​ការងារ ១២​ចំណុច ដែល​រួម​មាន​ការ​ផ្ដល់​អត្ថប្រយោជន៍​ផ្សេងៗ និង​ការ​ជំរុញ​ឲ្យ​រោងចក្រ​អនុវត្ត​តាម​សេចក្ដី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​កាល​ពី​ពេល​កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។