កម្មករប្រមាណ ៥០០នាក់ នៅថ្ងៃពុធ ទី១៦ ខែមករា ឈរតវ៉ានៅមុខរោងចក្រតម្បាញសម្លៀកបំពាក់ប៊្លូសសាម សេនជូរី ទាមទារឲ្យថៅកែរោងចក្រនោះដំឡើងប្រាក់ខែគោលពី ៦១ដុល្លារ ទៅ ៨០ដុល្លារ និងទាមទារកុំឲ្យកាត់ប្រាក់រង្វាន់រៀងរាល់ខែ ១០ដុល្លារ នៅគ្រាដែលពួកគេអវត្តមាន ១ថ្ងៃ នៃថ្ងៃធ្វើការ ១ខែ។
ការតវ៉ានេះ បានធ្វើនៅថ្ងៃទី២ហើយ បន្ទាប់ពីថ្ងៃទី១៥ មករា។ ការតវ៉ានោះមានការវាយតប់គ្នារវាងជនជាតិចិន និងក្រុមសហជីព ដែលការពារសិទ្ធិកម្មករនៅក្រៅរោងចក្រនេះ។ ការវាយតប់នោះ បណ្ដាលឲ្យរបួសស្រាលទាំងសងខាង គឺខាងសហជីពរបួស ៤នាក់ ឯខាងជនជាតិចិន របួស ៥នាក់។
លេខាធិការសហព័ន្ធសហជីពសេដ្ឋកិច្ចកម្មករកម្ពុជា លោក ឡោ សុភ័គ្រ ឲ្យដឹងថា គាត់ត្រូវជនជាតិចិន វាយក្បាលឲ្យរបួសកាលពីថ្ងៃទី១៥ មករា ព្រោះគាត់នាំកម្មករទាមទារដំឡើងប្រាក់ខែគោលពី ៦១ដុល្លារទៅ ៨០ដុល្លារ៖ «រដ្ឋាភិបាលយើងជួយដោះស្រាយនូវបញ្ហារបស់បងប្អូនកម្មករ ហើយឲ្យក្រុមហ៊ុនប៊្លូសសាម នេះ គោរពនូវលក្ខខណ្ឌការងារល្អដែលកន្លងមក គឺកេងប្រវ័ញ្ចកម្លាំងគាត់ច្រើនណាស់»។
កម្មការិនីឈ្មោះ សុវណ្ណ ឲ្យដឹងថា ពួកគាត់តវ៉ានេះ គឺសុំទៅថៅកែ បើឲ្យកម្មករធ្វើការទទួលលុយបុង ៤០០រៀល ដែលក្នុង១បុងមានខោអាវចំនួន១២ ឬ ១ឡូ គឺសុំឲ្យមានការងារធ្វើច្រើន ដើម្បីបានកម្រៃពីការត្បាញខោអាវឡូច្រើនបុងនោះ គាត់នឹងបានប្រាក់ឈ្នួលច្រើន។ ទី២ បើគ្មានអំបោះឲ្យត្បាញ ថៅកែឲ្យកម្មករទៅដេរឡេវអាវ ឬកាត់ចេសខោអាវ គឺជាការងារដែលស្ទើរតែមិនបានកម្រៃពលកម្ម។ គាត់សុំឲ្យថៅកែដំឡើងប្រាក់ពលកម្មនោះទ្វេដងដែរ។
កម្មការិនីម្នាក់ទៀត អះអាងថា កម្មករធ្វើការរាល់ថ្ងៃ ប៉ុន្តែបើកម្មករឈឺ ខាងរោងចក្របង្គាប់ឲ្យមានលិខិតបញ្ជាក់ពីគ្រូពេទ្យនៅមន្ទីរពេទ្យជ័យជំនះ និងគ្រូពេទ្យបង្អែកស្រុកបាទី។ បើកម្មករគ្មានលិខិតបញ្ជាក់ពីគ្រូពេទ្យទាំងពីរដែលរោងចក្រកំណត់ទេ រោងចក្រនឹងកាត់យកប្រាក់រង្វាន់ប្រចាំខែចំនួន ១០ដុល្លារនោះ។
កម្មការិនីមួយរូបទៀត ឲ្យដឹងថា ពួកគាត់ធ្វើការច្រើនឆ្នាំ ថៅកែមិនគុណប្រាក់បំណាច់ឲ្យទេ។ អ្នកស្រីបន្ថែមថា ប្រសិនបើរោងចក្រគ្មានការងារឲ្យកម្មករធ្វើទេ ថៅកែត្រូវបង់ប្រាក់ឈ្នួល ១០០% ដល់កម្មករ។
ប្រធានរដ្ឋបាលរោងចក្រតម្បាញសម្លៀកបំពាក់ ប៊្លូសសាម សេនជូរី លោក ឈុន ស៊ីងឡុង ថ្លែងថា ការទាមទាររបស់កម្មករ ហួសពីអ្វីដែលក្រសួងការងារ និងរដ្ឋាភិបាលកម្ពុជា បញ្ជាឲ្យរោងចក្រអនុវត្ត។ លោកថា ប្រាក់អាហារ កម្មករទារតែ ២ពាន់រៀលទេ តែខាងរោងចក្របើកឲ្យ១ដុល្លារ ស្មើនឹង ៤ពាន់រៀល។ មិនតែប៉ុណ្ណោះ រោងចក្របើកឲ្យថ្លៃធ្វើដំណើរក្នុងកម្មករម្នាក់ ៧ដុល្លារ និងប្រាក់រង្វាន់ផ្សេងទៀតជាង ១០ដុល្លារ ថែមលើតម្លៃពលកម្មដែលកម្មករធ្វើបានក្នុង ១ខែ។
លោកថា ចំពោះសហជីពដែលកំពុងនាំកម្មករធ្វើការតវ៉ានេះ ខាងរោងចក្រមិនទាន់ទទួលព័ត៌មានពីរដ្ឋាភិបាលថាពួកគាត់បានចុះបញ្ជីនៅក្រសួងត្រឹមត្រូវ ឬអត់នោះទេ។ លោកថា នៅក្នុងរោងចក្រនេះ មានសហជីពចំនួន៣ ចាំជួយការពារសិទ្ធិកម្មករ និងការពារសិទ្ធិថៅកែរួចហើយ មិនគួរមានសហជីពផ្សេងទៀតមកជួយជំរុញកម្មករឲ្យតវ៉ាទេ៖ «ក៏ប៉ុន្តែ បញ្ហាប្រាក់រង្វាន់ទៀងទាត់ ជាគោលការណ៍ គឺធ្វើការទៀងទាត់ពេញរយៈពេល ១ខែ បានអាចទទួលបានប្រាក់រង្វាន់ហ្នឹង»។
អនុប្រធានសហព័ន្ធសហជីពអំណាចកម្មករខ្មែរ លោក ជ័យ សុវណ្ណ ថ្លែងថា កម្មករទាមទារដំឡើងប្រាក់ខែ២ថ្ងៃហើយ ប្រសិនបើគ្មានដំណោះស្រាយពីថៅកែរោងចក្រទេ កម្មករនឹងលើកគ្នាធ្វើកូដកម្មនៅមុខក្រសួងការងារ ដើម្បីឲ្យក្រសួងជំរុញឲ្យថៅកែចរចាដើម្បីឲ្យកម្មករបានចូលធ្វើការ។
រដ្ឋបាលរោងចក្រតម្បាញប៊្លូសសាម សេនជូរី លោក ឈុន ស៊ីងឡុង ឲ្យដឹងថា នៅថ្ងៃទី១៦ ខែមករា មានកម្មករចូលធ្វើការប្រមាណ ២០០នាក់ ក្នុងចំណោមកម្មករជាង ១.៥០០នាក់ ធ្វើការនៅក្នុងរោងចក្រតម្បាញនេះ។
នៅរសៀលថ្ងៃពុធ ទី១៦ ខែមករា មន្ត្រីមកពីក្រសួងការងារ មន្ត្រីគណៈកម្មការដោះស្រាយកូដកម្មបាតុកម្ម និងមន្ត្រីមន្ទីរការងារខេត្តតាកែវ ចុះមកជួបថៅកែ និងតំណាងកម្មករ ដើម្បីដោះស្រាយ។ ប៉ុន្តែ ក្រុមកម្មករមិនទាន់ទទួលយកការដោះស្រាយទេ ហើយអះអាងថា បន្តធ្វើកូដកម្មទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។