យ៉ាងណាមិញ មានការសិក្សាស្រាវជ្រាវមួយពីក្រុមអ្នកធ្វើការលើកស្ទួយវិស័យអប់រំ បានបង្ហាញថា កុមារទាំងពីរភេទមិនទទួលបាននូវសិទ្ធិអប់រំដូចគ្នានោះទេ។ កុមារី គឺកំពុងស្ថិតនៅក្នុងស្ថានភាពអាក្រក់បំផុត ដែលពុំទទួលបានការអប់រំក្នុងចំណោមគ្រួសារក្រីក្រ និងជនបទ។
ការអប់រំ គឺជាសិទ្ធិ ប៉ុន្តែវាមិនមែនជាការពិតចំពោះស្ត្រី និងកុមារីជាច្រើនទេ។ បញ្ហារបស់ក្មេងស្រី បានក្លាយទៅជាប្រធានបទមួយដ៏សំខាន់ នៅក្នុងវិស័យអប់រំ។
នាយកប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា (Plan) លោក ស៊ុបព្រីយ៉ានតូ (Supriyanto) មានប្រសាសន៍ថា ការរើសអើងប្រឆាំងទៅនឹងក្មេងស្រី គឺជាមូលហេតុដ៏ធំចម្បងដែលនាំឲ្យក្មេងស្រីនោះមានភាពក្រីក្រ។ លោកថា ទាំងកុមារា និងកុមារី មានសិទ្ធិស្មើៗគ្នាក្នុងការទទួលបានការអប់រំ ប៉ុន្តែកុមារីបានជួបប្រទះនូវការប្រឈមជាច្រើន ដូចជា ការកេងចំណេញខាងផ្លូវភេទ អំពើហិង្សា ការថែទាំសុខភាព និងការរៀបអាពាហ៍ពិពាហ៍នៅពេលគេមានវ័យក្មេងខ្ចីនៅឡើយ និងឧបសគ្គនានាដែលមិនអាចឲ្យគេអភិវឌ្ឍនូវសក្ដានុពលផ្នែកបញ្ញារបស់គេបានពេញលេញ មិនថាប្រទេសកម្ពុជា និងប្រទេសមួយចំនួននៅជុំវិញពិភពលោកនោះទេ។
លោក ស៊ុបព្រីយ៉ានតូ៖ «នៅពេលដែលយើងនិយាយអំពីសិទ្ធិ គឺកុមារាកុមារីគួរតែមានសិទ្ធិដូចគ្នា។ ប៉ុន្តែ បើនិយាយអំពីការបានទទួលនូវសិទ្ធិនៃការអប់រំវិញ កុមារីតែងជួបប្រទះនូវបញ្ហាមួយចំនួនច្រើនជាងកុមារា ដើម្បីទទួលបាននូវសិទ្ធិទាំងអស់នោះ។ រដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ចំពោះការអប់រំនៅកម្រិតបឋមសិក្សា ដែលមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ប៉ុន្តែយើងនៅតែមានបញ្ហាទាក់ទងទៅនឹងការអប់រំសម្រាប់កុមារីនៅកម្រិតវិទ្យាល័យ។ កុមារី ជាទូទៅតែងតែទទួលរងការធ្វើការងារផ្ទះយ៉ាងច្រើន ហើយក៏មានជំនឿមួយចំនួនដែលថា កុមារីមួយចំនួនគួរតែនៅផ្ទះ ដែលមិនទាន់បានលុបបំបាត់នៅឡើយ»។
លោកថ្លែងបែបនេះ នៅក្នុងការប្រារព្ធខួបនៃការបង្កើតអង្គការភ្លែន លើកទី៧៥ឆ្នាំ និងអបអរទិវាអន្តរជាតិកុមារីក្នុងពិភពលោក ក្រោមយុទ្ធនាការ "ដោយសារខ្ញុំជាក្មេងស្រី" កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១២។
នៅក្នុងរបាយការណ៍ឆ្នាំ២០១២ របស់អង្គការនេះ ដែលមានចំណងជើងថា ដោយសារខ្ញុំជាកុមារី បានវាយតម្លៃពីស្ថានភាពដែលកុមារីក្នុងពិភពលោកកំពុងប្រឈមមុខក្នុងការអប់រំ គឺមានស្ថានភាពអាក្រក់បំផុត ក្នុងចំណោមគ្រួសារក្រីក្រ និងជនបទ។ ក្ដីកង្វល់នោះ ជាពិសេសសម្រាប់កម្ពុជា ប្រជាជនចំនួន៨០% ជាកសិករ ទន្ទឹមនឹងគ្នានោះ ជនជាតិដើមភាគតិច ក៏រងគ្រោះដែរ។ ហើយបញ្ហានេះ ដូចគ្នានឹងប្រទេសជាច្រើនទៀតដែរថា កត្តារួមផ្សំទាំងនេះ បានកាត់ផ្ដាច់ឱកាសសម្រាប់កុមារីក្នុងការទៅសិក្សារៀនសូត្រ និងបន្តការសិក្សារៀនសូត្រ។
នាយកប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា លោក ស៊ុបព្រីយ៉ានតូ បានមានប្រសាសន៍ថា យើងចាំបាច់ត្រូវស្វែងរកដំណោះស្រាយពិតប្រាកដ ដើម្បីធានាថា កុមារីមានឱកាសដូចគ្នាក្នុងជីវិត ដូចកុមារាដែរ។ លោកថា យើងមិនអាចឲ្យគេបំភ្លេចកុមារីបានទេ។ កុមារីគ្រប់រូបត្រូវមានឱកាសបញ្ចប់ការអប់រំ និងធ្វើការជ្រើសរើសនូវជម្រើសនានា សម្រាប់អនាគតរបស់ពួកគេ។
លោក ស៊ុបព្រីយ៉ានតូ៖ «សុភាសិតខ្មែរមួយដែលគេលើកឡើងថា ស្ត្រីបង្វិលចង្ក្រានមិនជុំ។ ទាំងនោះ គឺជាការប្រឈមផ្នែកសង្គម និងវប្បធម៌។ ដូច្នេះយើងទាំងអស់នេះ ត្រូវខិតខំដកចោលនូវរបាំងផ្នែកសង្គម និងវប្បធម៌ទាំងនេះ»។
លោកបន្តថា ជាដំណោះស្រាយនោះ គួរជំរុញឲ្យកុមារីនៅកម្ពុជា ទទួលបាននូវការអប់រំប្រកបដោយគុណភាពឲ្យចប់ថ្នាក់បឋមសិក្សា និងថ្នាក់មធ្យមសិក្សា និងធ្វើយ៉ាងណាឲ្យក្មេងស្រីកម្ពុជាក្លាយជាពលរដ្ឋដ៏សកម្ម។
ទាក់ទងបញ្ហានេះ រដ្ឋលេខាធិការក្រសួងកិច្ចការនារី អ្នកស្រី ឃឹម ចំរើន បានថ្លែងថា ប្រទេសកម្ពុជា មានការរីកចម្រើនច្រើនលើការលើកកម្ពស់សមភាពយេនឌ័រវិស័យអប់រំគួរឲ្យកត់សម្គាល់ ប៉ុន្តែចំណុចមួយចំនួនទៀត ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ គឺក្មេងស្រីនៅតំបន់ជនបទ និងការបន្តការសិក្សានៅកម្រិតខ្ពស់។ ក្មេងស្រីមួយចំនួនមិនអាចរៀនឲ្យបានហួសពីបឋមសិក្សា ឬមិនបន្តការសិក្សាកម្រិតខ្ពស់ឡើយ។ រីឯនិន្នាការនៃការបោះបង់ចោលសាលារបស់ក្មេងស្រីនៅតែបន្តកើតមាន។
ការប៉ាន់ស្មានមួយ បានបង្ហាញថា កុមារីចំនួន ៧៥លាននាក់ ក្នុងពិភពលោក ដែលមិនបានចូលសិក្សារៀនសូត្រទេ បញ្ហានេះគេយល់ថា ជាការរំលោភសិទ្ធិដ៏ធ្ងន់ធ្ងរមួយ ហើយគឺជាការបាត់បង់ដ៏ធំធេងមួយនៃសក្ដានុពលរបស់យុវជន។
អង្គការយូណេស្កូ (UNESCO) ឲ្យដឹងថា កុមារី ៣៩លាននាក់ អាយុពី ១១ឆ្នាំ ទៅ ១៥ឆ្នាំ មិនបានរៀនសូត្រទេ។ កុមារីម្នាក់ក្នុងចំណោម ៧នាក់បានរៀបការនៅអាយុ ១៥ឆ្នាំ រហូតដល់ពាក់កណ្ដាលនៃកុមារីទាំងអស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ បានក្លាយទៅជាម្ដាយមុនពេលដែលពួកគេមានអាយុ ១៨ឆ្នាំ។ ប្រសិនបើនិន្នាការបច្ចុប្បន្ននៅតែបន្តនោះ នឹងមានកុមារីជាង ១លាននាក់ នឹងរៀបការនៅពេលពួកគេនៅមានវ័យជាកុមារនៅក្នុងទសវត្សក្រោយនេះ។
យ៉ាងណាក៏ដោយ អគ្គលេខាធិការក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អ្នកស្រី ខៀវ បូរី បានបង្ហាញពី កម្ពុជាបានធ្វើកិច្ចការផ្នែកច្បាប់ជាច្រើន ក្នុងការលើកស្ទួយកុមារ ដូចជា ការផ្ដល់សច្ចាប័នលើអនុសញ្ញាស្ដីពីសិទ្ធិកុមារ នៅថ្ងៃទី១៥ តុលា ឆ្នាំ១៩៩២ ការផ្ដល់សច្ចាប័នលើពិធីសារបន្ថែម នៃអនុសញ្ញាស្ដីពីសិទ្ធិកុមារចំនួន២ទៀត គឺពិធីសារស្ដីពីការចូលរួមរបស់កុមារនៅក្នុងជម្លោះប្រដាប់អាវុធ និងស្ដីពីការជួញដូរកុមារ ពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារឆ្នាំ២០០២។
ក្រុមអ្នកធ្វើការលើកស្ទួយវិស័យអប់រំបានបង្ហាញការស្រាវជ្រាវរបស់ខ្លួនថា កុមារី ឬស្ត្រី ទទួលបានការរៀនសូត្រច្រើន ចម្រើនដល់គ្រួសារ ពោលគឺប្រាក់ចំណូលដែលបានមកពីស្ត្រីចំនួន ៩០% បានចូលមកផ្គត់ផ្គង់គ្រួសារ។ ហើយប្រាក់ចំណូលដែលបានពីបុរសចំនួន ៣០% ទៅ ៤០% បានចូលមកគ្រួសារ។ ក្រុមដដែលមានទស្សនៈថា ការវិនិយោគការអប់រំទៅលើក្មេងស្រី គឺមិនត្រឹមតែនាំផលប្រយោជន៍សម្រាប់ខ្លួនគេនោះទេ ប៉ុន្តែមានផលប្រយោជន៍ជាវិជ្ជមានដល់គ្រួសារ និងសហគមន៍ទាំងមូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។