កង្វះ​កម្លាំង​ពលកម្ម​នឹង​ក្លាយ​ជា​បញ្ហា​ប្រឈម​ក្នុង​ការ​វិនិយោគ​វិស័យ​កាត់​ដេរ

តំណាង​ក្រុមហ៊ុន​វិយោគ​លើ​វិស័យ​កាត់​ដេរ​មាន​សុទិដ្ឋិនិយម​ចំពោះ​បរិយាកាស​អាជីវកម្ម​ល្អ​នៅ​កម្ពុជា ប៉ុន្តែ​វិស័យ​នេះ​កំពុង​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន ដូចជា​បញ្ហា​ខ្វះ​កម្លាំង​ពលកម្ម កង្វះ​ធនធាន​មនុស្ស ដើម្បី​ជំរុញ​ឲ្យ​មាន​កំណើន​លើ​ផលិតភាព និង​ភាព​ចម្រូងចម្រាស​នៃ​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ជាដើម។

0:00 / 0:00

តំណាង​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា បាន​បង្ហាញ​ថា ការ​វិនិយោគ​បច្ចុប្បន្ន​គួរ​ត្រូវ​គិតគូរ​ពី​បញ្ហា​ប្រកួតប្រជែង​លើ​ទីផ្សារ​កម្លាំង​ពលកម្ម​ជាមួយ​ប្រទេស​ជិត​ខាង ឬ​ក្នុង​តំបន់។ នេះ​ជា​ការ​ប្រកួត​ប្រជែង​ថ្មី​មួយ ក្រៅ​ពី​ការ​ប្រកួត​ប្រជែង​លើ​ផលិតភាព គុណភាព​នៃ​ផលិតផល​នោះ។

ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា លោក វ៉ាន់ ស៊ូអៀង មាន​ប្រសាសន៍​ថា ដោយ​កម្ពុជា មាន​ស្ថិរភាព​នយោបាយ​ល្អ មាន​ឱកាស​ប្រកួតប្រជែង​អាជីវកម្ម​ច្រើន ដូច្នេះ​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​២០១៥ ខាង​មុខ ក្រោយ​ពេល​ដែល​កម្ពុជា ចូល​រួម​ជា​សមាជិក​សហគមន៍​អាស៊ាន ការ​វិយោគ​នឹង​កើន​ឡើង​ជា​បន្ត​បន្ទាប់។ ប៉ុន្តែ​ស្រប​ពេល​គ្នា​នេះ កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ក៏​កំពុង​មាន​លំហូរ​ចេញ​ទៅ​ប្រទេស​ជិត​ខាង ឬ​ប្រទេស​ផ្សេង​ទៀត។ បញ្ហា​នេះ​អាច​ធ្វើ​ឲ្យ​ខ្វះ​កម្លាំង​ពលកម្ម​សម្រាប់​ផ្គត់ផ្គង់​ដល់​អាជីវកម្ម​ក្នុង​ស្រុក។

លោក វ៉ាន់ ស៊ូអៀង៖ «ខ្ញុំ​ខ្លាច​វា​អ៊ីចឹង​ទេ ខ្លាច ២០១៥ មក បុគ្គលិក កម្មករ​ខ្មែរ​យើង​ទៅ​ថៃ ទៅ​វៀតណាម ទៅ​រក​ការងារ​ធ្វើ។ អា​រឿង​ចេញ​ចូល​អត់​ពិបាក​ទេ អត់​បាច់​សុំ​ច្បាប់​អី​ទៀត អា​រឿង​ហ្នឹង យើង​និយោជក​ត្រូវ​តែ​គិត​ឲ្យ​បាន​ច្បាស់​ដែរ»

លោក​បន្ត​ថា តម្លៃ​ពលកម្ម​ទាប​ជា​ចំណុច​សំខាន់​មួយ​សម្រាប់​កម្ពុជា ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ ប៉ុន្តែ​មិន​អាច​ដាក់​តម្លៃ​ទាប​រហូត​រក​កម្មករ​មិន​បាន​នោះ​ទេ៖ «យើង​ចង់​ឲ្យ​ប្រាក់ខែ​ឡើង​ដែរ ប៉ុន្តែ​ចង់​ឲ្យ Productivity ផលិតភាព​ហ្នឹង យើង​សុំ​ឲ្យ​ធ្វើ​ឲ្យ​ល្អ ចំណេញ​ប្រាក់​ខែ​ច្រើន អត់​បញ្ហា​ទេ។ នៅ​ស្រុក​ចិន ខោអាវ​គេ​ធ្វើ​មួយ​ថ្ងៃ ៣០ ទៅ ៣៦ ឥឡូវ​ស្រុក​ខ្មែរ​ធ្វើ​បាន​តែ ១៨ ទេ ខ្លាច​តែ​អ្នក​អត់​ធ្វើ​ការ... ខាត​ប្រាក់​ខែ​ហ្នឹង ខាត​ក្រុមហ៊ុន ខាត​ស្រុក​យើង»

ទាក់ទង​បញ្ហា​នេះ ប្រធាន​សហជីព​សេរី​កម្មករ លោក ជា មុនី មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​តំណាង​ខាង​ភាគី​រោងចក្រ មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពិត​ដែល​ចង់​ដំឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ​នោះ​ទេ។

លោក​បញ្ជាក់​ថា សមត្ថភាព​កម្មករ​ខ្មែរ​ត្រឹម​ការងារ​កាត់​ដេរ​មិន​ចាញ់​កម្មករ​បរទេស​ឡើយ៖ «កម្មករ​យើង​មួយ​ចំនួន​ដេរ​លឿន​ជាង​ចិន​ផង មេការ​ចិន​មួយ​ចំនួន​មិន​បាន​នឹង​មេការ​ខ្មែរ​ទេ ខ្ញុំ​ប្រាប់ ក៏​ប៉ុន្តែ​អ្នក​ឯង​ឲ្យ​តម្លៃ​លើ​ចិន គ្នា​អ្នក​ឯង​ហ្នឹង​ទៅ នេះ​ជា​ការ​ជាក់ស្ដែង​ដែល​យើង​ធ្វើ​ការ​ក្នុង​វិស័យ​នេះ»

ពាក់ព័ន្ធ​នឹង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ដោយ​ផ្អែក​លើ​តម្លៃ​ពលកម្ម​ទាប​នោះ លោក​បញ្ជាក់​ថា ជា​ការ​វាយ​តម្លៃ​ខុស​ពី​ការ​ពិត​ជាក់ស្ដែង៖ «កុំ​ថា​ប្រាក់​ខែ​ប៉ុណ្ណឹង ប្រាក់​ខែ ១០​ដុល្លារ ក៏​អត់​មាន​ពួក​អឺរ៉ុប ពួក​បារាំង មក​វិនិយោគ​ដែរ ពីព្រោះ​អី​ស្រុក​ខ្មែរ​ពុករលួយ គេ​មិន​ទាន់​បាន​ចំណេញ​មួយ​រៀល​ផង អស់​ទឹក​តែ ២​លាន​ដុល្លារ​ហើយ។ តុលាការ​ការងារ​អត់​មាន ហើយ​តុលាការ​អាជ្ញាគតិ​ពុករលួយ»។

ដោយ​ឡែក​បញ្ហា​ខ្វះ​កម្លាំង​ពលកម្ម​វិញ គឺ​ដោយសារ​រដ្ឋាភិបាល​មិន​បាន​រក​ការងារ​ឲ្យ​ពលរដ្ឋ​ធ្វើ​បាន​គ្រប់គ្រាន់ ដែល​ធ្វើ​ឲ្យ​មាន​លំហូរ​កម្លាំង​ពលកម្ម​ទៅ​ក្រៅ​ប្រទេស និង​បញ្ហា​ការ​រើស​អើង​ក្នុង​ការ​ទទួល​យក​កម្លាំង​ពលកម្ម​ចូល​ក្នុង​វិស័យ​កាត់​ដេរ​នេះ ដូច​ជា​រោងចក្រ​ភាគ​ច្រើន​ទទួល​យក​តែ​កម្លាំង​ស្រីៗ​ជាដើម។

លោក ជា មុនី៖ «អ៊ីចឹង​រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​រោងចក្រ​កាត់​ដេរ​ហ្នឹង​រើស​អើង​សហជីព។ ទី​២ រដ្ឋាភិបាល​ត្រូវ​តែ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ពលករ​ប្រុសៗ​ហ្នឹង​ឲ្យ​ចូល​ទៅ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ ឬ​ឧស្សាហកម្ម​ផ្សេងៗ»

បណ្ឌិត​ផ្នែក​ខាង​សេដ្ឋកិច្ច គឺ​លោក កង ច័ន្ទតារារ័ត្ន មាន​ប្រសាសន៍​ថា កម្លាំង​ពលកម្ម​ក្នុង​ស្រុក​លែង​សម្បូរ​ហូរហៀរ​ទៀត​ហើយ ដោយសារ​បច្ចុប្បន្ន​ខាង​វិស័យ​កសិកម្ម​ក៏​ត្រូវ​ការ​កម្លាំង​ពលកម្ម​ច្រើន​ដែរ ហើយ​វិស័យ​កាត់ដេរ​បាន​កំណត់​ប្រាក់​ឈ្នួល​ទាប​ជាង​វិស័យ​កសិកម្ម ហើយ​មិន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ដែល​កំពុង​ខ្វះខាត​តម្លៃ​ពលកម្ម​ទេ។

លោក​បន្ត​ថា នៅ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ខាង​វិស័យ​កាត់​ដេរ​មាន​ផលិតផល​កើន​ឡើង​រហូត ប៉ុន្តែ​ប្រាក់​ខែ​បើ​ប្រៀបធៀប​នឹង​តម្លៃ​ទំនិញ​បែរ​ជា​ថយ​ចុះ​ទៅ​វិញ។ បច្ចុប្បន្ន​ខាង​ថៅកែ​បាន​ទទួល​ប្រាក់​ចំណេញ​ប្រមាណ ៧៥% ចំណែក​កម្មករ​ទទួល​បាន​តែ ២៥% ទេ។ ចំនួន​នេះ​គេ​ឃើញ​ថា កំពុង​អនុវត្ត​ផ្ទុយ​ពី​ការ​បែង​ចែង​ផល​ចំណេញ​ក្នុង​ឧស្សាហកម្ម​នៅ​ក្រៅ​ប្រទេស។ នៅ​បរទេស​ថៅកែ​ទទួល​បាន​ផល​ចំណេញ​តែ ៣០% ទេ ឯ​កម្មករ​គេ​ទទួល​បាន​ប្រមាណ​ជា ៧០%។

លោក កង ច័ន្ទតារារ័ត្ន៖ «ខ្ញុំ​មើល​ឃើញ​ថា Unfair (មិន​យុត្តិធម៌)។ បើ​យើង​និយាយ​ឲ្យ​ខ្លី ខាង​រោងចក្រ​នៅ​មាន​លទ្ធភាព​ដំឡើង​ប្រាក់ខែ​ឲ្យ​កម្មករ ហើយ​បើ​ទោះ​បី​ផ្អែក​ទៅ​លើ​ផលិតភាព ក៏​យើង​ឃើញ​ផលិតភាព​របស់​កម្មករ​កើន​ឡើង​ជា​ប្រចាំ ប៉ុន្តែ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ថយ​ចុះ​ទៅ​វិញ វា​មិន​ទាន់​តម្លៃ​ទំនិញ។ អា​ហ្នឹង​វា​ជា​ការ​លំបាក​ក្នុង​ការ​ចំណាយ អ៊ីចឹង​យើង​ឃើញ​កម្មករ​ទ្រាំ​ខ្លាំង​ណាស់​ក្នុង​ការ​ឲ្យ​បាន​ច្រើន​ឆ្នាំ»

លោក ហ៊ូ វុឌ្ឍី ជា​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ការងារ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។ លោក​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​គិត​តែ​ពី​ផល​ចំណេញ​ច្រើន​ពេក ដោយ​ភ្លេច​គិត​ពី​ការ​ប្រកួត​ប្រជែង​ដណ្ដើម​កម្លាំង​ពលកម្ម​ដែល​កំពុង​មាន​លំហូរ​ចេញ​ទៅ​ប្រទេស​ជិត​ខាង។

ពាក់ព័ន្ធ​បញ្ហា​ដំឡើង​ប្រាក់ខែ​កម្មករ លោក​បញ្ជាក់​ថា ភាគី​ខាង​រោងចក្រ​ពុំ​បាន​បង្ហាញ​តម្លាភាព​ពី​ប្រាក់​ចំណូល​ដើម្បី​ងាយ​ស្រួល​ដល់​ការ​បែង​ចែក​ប្រាក់​ចំណេញ​ដល់​កម្មករ ឬ​កំណត់​ដំឡើង​ប្រាក់ខែ​ដល់​កម្មករ​ក្នុង​កម្រិត​ណា​មួយ​ក្នុង​មួយ​ឆ្នាំ​នោះ​ទេ។

លោក ហ៊ូ វុឌ្ឍី៖ «វា​អត់​ទាន់​ទៅ​តាម​បច្ចេកទេស តម្លាភាព​លើ​ភាគផល​ដែល​បាន​ចូល​មក​ត្រូវ​បែង​ចែក​ធ្វើ​អី ផ្នែក​អី​ប៉ុន្មាន​ភាគរយ ប្រាក់ខែ​ប៉ុន្មាន? វា​អត់​មាន​អា​ហ្នឹង​ឥឡូវ ព្រោះ​គេ​លាក់បាំង​ពេក យើង​មើល​អត់​ឃើញ​ទេ យើង​មាន​សិទ្ធិ​ឯ​ណា​ទៅ​ចាប់​បង្ខំ​គេ​ឲ្យ​ឡើង ព្រោះ​លទ្ធិប្រជាធិបតេយ្យ​ស្រេច​តែ​ថៅកែ កម្មករ ចរចា​គ្នា ព្រមព្រៀង​គ្នា​ធ្វើ​ប៉ុណ្ណឹង​ទៅ»

លោកបណ្ឌិត កង ច័ន្ទតារារ័ត្ន មាន​ប្រសាសន៍​ថា ដើម្បី​រក្សា​លំនឹង​កម្លាំង​ពលកម្ម​បម្រើ​ក្នុង​វិស័យ​កាត់​ដេរ​នេះ​បាន ទាល់​តែ​កម្មករ​មាន​ប្រាក់​ខែ​យ៉ាង​តិច ១២០​ដុល្លារ ឬ​អាច​ស្មើ​តម្លៃ​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​ដែល​គេ​អាច​រក​បាន ៤​ដុល្លារ​យ៉ាង​តិច​ក្នុង​មួយ​ថ្ងៃ។ តម្លៃ​នេះ​គេ​មិន​ទាន់​អាច​ប្រៀបធៀប​បាន​នឹង​តម្លៃ​ពលកម្ម​ជាមួយ​ប្រទេស​ជិត​ខាង​នោះ​ទេ។

ប្រាក់​ខែ​គោល​កម្មករ​បច្ចុប្បន្ន​ជា​មធ្យម​មាន​ចំនួន ៦១​ដុល្លារ។ ប្រាក់​ខែ​គោល​នេះ​ធ្លាប់​បាន​ទាមទារ​ដំឡើង​ជា​ច្រើន​លើក​មក​ហើយ ដូចជា​កាល​ពី​ឆ្នាំ​២០០១ កម្មករ​មាន​ប្រាក់​ខែ ៤០​ដុល្លារ ត្រូវ​បាន​ដំឡើង​ដល់ ៤៥​ដុល្លារ នៅ​ឆ្នាំ​២០០៦ បាន​ដំឡើង​ពី ៤៥ ដល់ ៥០​ដុល្លារ ហើយ​ឆ្នាំ​២០១០ ដំឡើង​បាន ៥៥​ដុល្លារ។

ក្រុម​កម្មករ​បាន​រអ៊ូរទាំ​គ្រប់ៗ​គ្នា​ថា ប្រាក់​ខែ​នេះ​មិន​សមស្រប​ទៅ​នឹង​សន្ទុះ​ហក់​ឡើង​នៃ​ថ្លៃ​ទំនិញ​ទីផ្សារ និង​ថ្លៃឈ្នួល​ផ្ទះ​របស់​ពួកគេ​ស្នាក់នៅ​សព្វថ្ងៃ​នោះ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​២១ មករា មេដឹកនាំ​សហជីព​កម្មករ​ចំនួន ៦ បាន​ជួប​ប្រជុំ​ជាមួយ​ក្រុម​ការងារ​ទំនាក់​ទំនង​វិជ្ជាជីវៈ ភាគី​ខាង​រោងចក្រ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត បាន​ពិភាក្សា​ជា​សំខាន់​លើ​លទ្ធភាព​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ និង​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ដែល​កំពុង​មាន​បញ្ហា​ប្រឈម។

ក្នុង​កិច្ច​ប្រជុំ​នោះ ខាង​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ឬ​ហៅ​កាត់​ថា ស៊ីខាវឌូ (CCAWDU) បាន​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ខែ​កម្មករ​ឲ្យ​ដល់ ១៥០​ដុល្លារ ប៉ុន្តែ​ការ​ទាមទារ​នេះ​ពុំ​ទាន់​មាន​ការ​ព្រមព្រៀង​យ៉ាង​ណា​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។