អង្គការ​សិទ្ធិ​មនុស្ស​រិះគន់​ថា​រដ្ឋាភិបាល​ជ្រៀតជ្រែក​សាលាក្ដី​ខ្មែរ​ក្រហម

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​បាន​រិះគន់​ថា រដ្ឋាភិបាល​ខ្មែរ​បាន​និង​កំពុង​បន្ត​ជ្រៀតជ្រែក​សាលាក្តី​ខ្មែរ​ក្រហម​និង​បង្អាក់​កិច្ច​ប្រឹងប្រែង​របស់​មន្ត្រី​ច្បាប់​អន្តរជាតិ។
ដោយ ហ៊ុយ វណ្ណៈ
2009.01.06
ខ្មែរក្រហម អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បើក​សវនាការ​លើ​ករណី​បណ្ដឹង​ឧទ្ធរណ៍​របស់ ខៀវ សំផន កាលពី​ថ្ងៃ​៤ ធ្នូ ២០០៨។
AFP Photo

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​ឈ្មោះ Human Rights Watch នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​រិះគន់​ថា រដ្ឋាភិបាល​ខ្មែរ​ជា​ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កំពុង​បន្ត​ជ្រៀតជ្រែក​សាលាក្តី​ខ្មែរ​ក្រហម​និង​បង្អាក់​កិច្ច​ប្រឹងប្រែង​របស់​មន្ត្រី​ច្បាប់​អន្តរជាតិ​ដែល​ចង់​បើក​ការស៊ើប​អង្កេត​លើ​សមាជិក​ខ្មែរ​ក្រហម​បន្ថែម​ទៀត​ដើម្បី​យក​មក​ជំនុំជម្រះ​ទោស។

សេចក្តី​ថ្លែងការណ៍​របស់​លោក Brad Adams ប្រធាន​អង្គការ Human Rights Watch ប្រចាំ​នៅ​អាស៊ី បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​ព្រះ​រាជអាជ្ញា​អន្តរជាតិ​បាន​ដាក់​បង្ហាញ​អំពី​ចំណុច​ដែល​លោក​ចង់​ស៊ើប​អង្កេត​លើ​សមាជិក​ខ្មែរ​ក្រហម​បន្ថែម​ទៀត ដែល​តាម​ប្រភព​ពី​សាលាក្តី​គឺ​មាន​យ៉ាង​ហោច​ណាស់​៦​នាក់ ក៏​ប៉ុន្តែ​ត្រូវ​ព្រះ​រាជអាជ្ញា​ខ្មែរ​បង្ហាញ​ចំណុច​ជំទាស់​ជា​សាធារណៈ​ដែរ​នោះ។

ការថ្លែង​រិះគន់​ខាង​លើ​ត្រូវ​មន្ត្រី​នាំ​ពាក្យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា គឺ​លោក​រដ្ឋមន្ត្រី​ព័ត៌មាន ខៀវ កាញារីទ្ធ ចាត់​ទុក​ថា​ជា​អ្វី​ដែល​លោក Brad Adams បន្ត​គុំគួន​មក​លើ​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ដែល​ធ្លាប់​បណ្តេញ​លោក​ចេញ​ពី​កម្ពុជា។

លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា ៖ «អត់​មាន​អី​ចម្លែក​ទេ​ការថ្លែងការណ៍​ចេញ​ពី Brad Adams ពីព្រោះ​ទី​១ បើ Brad Adams សរសើរ ហ៊ុន សែន គឺ​នឹង​មាន​ស៊ូណាមី​ហើយ»

លោក ខៀវ កាញារីទ្ធ បាន​ថ្លែង​ទៀត​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទាមទារ​តាំង​ពី​ឆ្នាំ​១៩៩២ ក្នុង​ការនាំ​មេ​ដឹកនាំ​ខ្មែរ​ក្រហម​មក​កាត់​ទោស។

លោក ខៀវ កាញារីទ្ធ បាន​ថ្លែង​តប​នឹង​ការរិះគន់​ទៀត​ថា ៖ «ទី​២ គាត់​និយាយ​ថា​រដ្ឋាភិបាល​រាំងស្ទះ ហើយ​មក​និយាយ​ហ្នឹង​ក្នុង​ពេល​ដែល​អង្គការ​សហប្រជាជាតិ​គេ​ធ្វើការ​ជាមួយ គេ​អត់​មាន​និយាយ​មួយ​ម៉ាត់​សោះ។ អ៊ីចឹង​មាន​តែ​អង្គការ​សហប្រជាជាតិ​ហ្នឹង​ល្ងង់​ពេក​អី! ខ្លាច​រដ្ឋាភិបាល​ខ្មែរ​រហូត​ដល់​មិន​ហ៊ាន​និយាយ ទុក​ឲ្យ Brad Adams និយាយ។ ទី​៣ និយាយ​ថា​រដ្ឋាភិបាល​ធ្វើ​ឲ្យ​រាំងស្ទះ​ក្នុង​ការចោទ​ប្រកាន់​មនុស្ស​ផ្សេង​ទៀត Brad Adams ទៅ​មើល​ប្រតិកូល​វិញ យើង​និយាយ​ពាក្យ Mastermind អ្នក​ដែល​ផ្ដួចផ្ដើម​គំនិត​ហ្នឹង​ទី​១។ ទី​២ ត្រូវ​យល់​ថា​ម៉េច​បាន​គេ​ហៅ​ថា តុលាការ​ហ្នឹង​វិសាមញ្ញ​ទេ ប៉ុន្តែ​ថា​ឲ្យ​ចង់​ទៅ​ចាប់​មនុស្ស​ទាំងអស់ កុំ​ភ្លេច​ថា​ខ្មែរ​នឹង​ខ្មែរ​ក្នុង​ពេល​ហ្នឹង​គឹ ៥០%​អ្នក​ដែល​យំ ៥០%​អ្នក​ដែល​សើច​ណា៎»

ជុំវិញ​សំណុំរឿង​ចង់​ចោទ​សមាជិក​ខ្មែរ​ក្រហម​បន្ថែម​ទៀត​នោះ មន្ត្រី​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​គឺ​លោក រាជ សម្បត្តិ បាន​ថ្លែង​ថា​គេ​កំពុង​ជជែក​ក្នុង​សាលាក្តី​នៅ​ឡើយ។

ក៏​ប៉ុន្តែ លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​ធ្លាប់​ថ្លែង​ថា គេ​គួរតែ​ផ្តោត​សំខាន់​លើ​សំណុំរឿង​មេ​ខ្មែរ​ក្រហម​ទាំង​៥​នាក់​ដែល​កំពុង​ជាប់​ឃុំ​មុន​នឹង​បង្កើត​ការស៊ើប​អង្កេត​បន្ត​ទៀត​នោះ។

សូម​ជម្រាប​បន្ថែម​ថា សេចក្តី​ថ្លែងការណ៍​របស់​លោក Brad Adams ក៏​បាន​លើក​ឡើង​ជា​ទូទៅ​អំពី​បញ្ហា​និទណ្ឌភាព​នៅ​ប្រទេស​កម្ពុជា​ដោយ​សំអាង​ថា ជន​ប្រព្រឹត្ត​បទល្មើស​ធំៗ​រហូត​មក​ទល់​ពេល​នេះ​គឺ​មិន​ទាន់​ត្រូវ​បាន​នាំ​យក​ទៅ​ផ្តន្ទា​ទោស​នៅ​ឡើយ​ទេ ដែល​ក្នុង​នោះ​ក៏​រួម​មាន​ទាំង​អ្នក​បោក​គ្រាប់បែក​សម្លាប់​មនុស្ស​១៦​នាក់ និង​របួស​ប្រមាណ​១៥០​នាក់​នៅ​មុខ​រដ្ឋសភា​កាលពី​ឆ្នាំ​១៩៩៧ ហើយ​ថា​ជិត​៣០​ឆ្នាំ​ហើយ​ដែល​គ្មាន​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ណា​ម្នាក់​ត្រូវ​បាន​នាំ​យក​ទៅ​ផ្តន្ទាទោស​នៅ​ឡើយ​ទេ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។