មន្ត្រី​រដ្ឋាភិបាល​និង​អ.ស.ប.​ទៅ​ពិនិត្យ​ស្ថានភាព​រស់នៅ​របស់​គ្រួសារ​ផ្ទុក​មេរោគ​អេដស៍

មន្រ្តី​រដ្ឋាភិបាល​និង​អង្គការ​សហ​ប្រជាជាតិ ព្រម​ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​ទៀត បាន​ចុះ​ទៅ​ពិនិត្យ​មើល​ស្ថានភាព​រស់​នៅ​ជាក់​ស្តែង​របស់​គ្រួសារ​ផ្ទុក​មេរោគ​អេដស៍​ដែល​ត្រូវ​គេ​ជម្លៀស​ទៅ​នៅ​ជាយ​ក្រុង​ភ្នំពេញ។

0:00 / 0:00

មន្រ្តី​ជាន់​ខ្ពស់​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​និង​តំណាង​របស់​ការិយាល័យ​នៃ​ឧត្តម​ស្នងការ​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អង្គការ UNDP អង្គការ UNAIDS និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​ទៀត​ក្នុង​ប្រទេស​កម្ពុជា​នោះ នៅ​ថៃ្ង​សុក្រ ទី​២៨ ខែ​សីហា បាន​មក​ត្រួត​ពិនិត្យ​រួម​គ្នា​អំពី​ស្ថានការណ៍​រស់​នៅ​ជាក់​ស្តែង​នៃ​គ្រួសារ​ផ្ទុក​មេរោគ​អេដស៍​ចំនួន​៤២​គ្រួសារ​នៅ​ជាយ​ក្រុង​ភ្នំពេញ នៅ​គ្រា​ដែល​មាន​សេចក្តី​រាយការណ៍​ថា ពួក​គាត់​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ស្បៀង​អាហារ ថ្នាំ​ពន្យារ​ជីវិត សុខភាព​ទ្រុឌទ្រោម និង​គ្មាន​ទឹក​ស្អាត​ប្រើប្រាស់។

លោក តែង គន្ធី ជា​អគ្គលេខាធិការ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​នៃ​ប្រទេស​កម្ពុជា ដែល​បាន​មក​ត្រួត​ពិនិត្យ​គ្រួសារ​ផ្ទុក​មេរោគ​អេដស៍​ចំនួន​៤២​គ្រួសារ​ដោយ​ផ្ទាល់​នោះ បាន​មាន​ប្រសាសន៍​ថា ៖ «យើង​មក​ពិនិត្យ​ថា អ្វី​ដែល​យើង​ត្រួវការ​ជួយ​ពួក​គាត់​នូវ​ចំណុច​ខ្វះ​ខាត ហើយ​យើង​ដឹង​ស្រាប់​ហើយ​ថា ខ្ញុំ​នេះ​ធ្វើ​ការងារ​ខាង​អេដស៍ អ៊ីចឹង​ខ្ញុំ​ផ្ដោត​ទៅ​លើ​បញ្ហា​អេដស៍»

លំនៅ​អ្នក​កើត​អេដស៍ ៣០៥
២៨-សីហា-២០០៩: ទិដ្ឋភាព​ពេល​មន្រ្តី​រដ្ឋាភិបាល​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចុះ​ទៅ​ពិនិត្យ​ការ​រស់នៅ​របស់​គ្រួសារ​ផ្ទុក​មេរោគ​អេដស៍​ក្នុង​ភូមិ​ទួលសំបូរ សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

ស្រ្តី​ឈ្មោះ ភក្តី នារី អាយុ​៤៥​ឆ្នាំ ជា​អ្នក​ផ្ទុក​មេរោគ​អេដស៍​រស់​នៅ​ក្នុង​ភូមិ​ទួលសំបូរ សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ ជាយ​រាជធានី​ភ្នំពេញ បាន​ថែ្លង​ជុំវិញ​ស្ថានការណ៍​រស់​នៅ​ដូច្នេះ​ថា ៖ «ទី​១ ដូច​ជា​ខ្វះខាត​អត់​មាន​ទឹក ទី​២ ដំបូល​ផ្ទះ​ក្ដៅ​ណាស់ ដូច​ជា​ខ្ញុំ​អី​ថ្មើរ​ហ្នឹង​រត់​មក​ជ្រក​ផ្ទះ​គេ ផ្ទះ​ខ្ញុំ​នៅ​អត់​កើត​ទេ»

ស្រ្តី​ម្នាក់​ទៀត​ឈ្មោះ ចាន់ ធួក អាយុ​៤២​ឆ្នាំ បាន​ថែ្លង​ថា លោក​ស្រី​កំពុង​តែ​ជួប​ប្រទះ​បញ្ហា​ជាច្រើន​នៅ​កន្លែង​ថ្មី​នេះ ៖ «ពិបាក និយាយ​ទៅ​ខ្វះ​អណ្ដូង​ទឹក រួច​ទៅ​ផ្ទះ​ហ្នឹង​ក្ដៅ ខ្វះ​ពិដាន»

កុមារី​ម្នាក់​ឈ្មោះ ឈាង វិឆេង អាយុ​៩​ឆ្នាំ រៀន​ថ្នាក់​ទី​១ ជា​កូន​របស់​គ្រួសារ​ផ្ទុក​មេរោគ​អេដស៍​ក្នុង​ចំណោម​៤២​គ្រួសារ​នោះ បាន​ថែ្លង​ថា មាន​ការ​ខឹង​សម្បា​ចំពោះ​ការ​រើសអើង​ពី​សំណាក់​ក្មេងៗ​ដទៃ​ទៀត​រៀន​នៅ​សាលា​ជាមួយ​គ្នា ៖ «គេ​ថា ខ្ញុំ​ហ្នឹង​កូន​កើត​អេដស៍ គេ​អត់​លេង​ចូល​ខ្ញុំ​ទេ ខ្លាច​ឆ្លង។ ខ្ញុំ​ខឹង​គេ​ថា​អ៊ីចឹង»

លោក កឹម រតនា ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ឈ្មោះ ការីតាស់ ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ជុំវិញ​ការ​ដោះស្រាយ​អំពី​បញ្ហា​ទឹក​ស្អាត​ប្រើប្រាស់​ជូន​គ្រួសារ​ផ្ទុក​មេរោគ​អេដស៍​ចំនួន​៤២​គ្រួសារ​នោះ​ថា ៖ «ទឹក​ហ្នឹង​ជា​គម្រោង​របស់​ការីតាស់ សង់​ផ្ទះ​សម្រាប់​៣៩​គ្រួសារ​ដែល​បាក់​ច្រាំង​ហ្នឹង។ អ៊ីចឹង​យើង​ធ្វើ​ស៊ីតែន​មួយ​ចំណុះ​១​ម៉ឺន​លីត្រ អ៊ីចឹង​១​ម៉ឺន​លីត្រ​ហ្នឹង​អាច​ប្រើប្រាស់​បាន​ទាំង​ខាង​ណោះ ខាង​ណេះ​ដែរ។ គម្រោង​យើង​បាន​ចាប់ផ្ដើម​ហើយ ផ្ទះ​ហ្នឹង​យើង​ចង់​ឲ្យ​រួច​ពាក់​កណ្ដាល​ខែ​៩»

សូម​ជម្រាប​ថា ប្រតិភូ​មួយ​ដែល​មាន​សមាជិក​ប្រមាណ​ជិត​៥០​នាក់​មក​ពី​រដ្ឋាភិបាល​កម្ពុជា អង្គការ​សហ​ប្រជាជាតិ និង​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ដទៃ​ទៀត មក​ត្រួត​ពិនិត្យ​ជាក់ស្តែង​អំពី​តម្រូវការ​ចាំបាច់​របស់​គ្រួសារ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ចំនួន​៤២​គ្រួសារ​នោះ ក្រោយ​ពី​រយៈពេល​៣​ខែ​បន្ទាប់​ពី​ពួក​គាត់​ត្រូវ​បាន​អាជ្ញាធរ​ជម្លៀស​ពី​បុរីកីទ្បា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ ឲ្យ​ទៅ​រស់​នៅ​ទីតាំង​នៅ​ក្នុង​ភូមិ​ទួលសំបូរ សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ ចម្ងាយ​ប្រមាណ​ជាង​២០​គីឡូម៉ែត្រ​ខាង​លិច​ទីក្រុង​ភ្នំពេញ ឆ្ងាយ​ពី​មណ្ឌល​សុខភាព​និង​ទឹក​ស្អាត​ប្រើប្រាស់​ជាដើម៕