មន្ត្រី​ក្រសួង​មហាផ្ទៃ​ប្រតិកម្ម​តប​ចំពោះ​ការ​រិះគន់​របស់​តំណាងរាស្ត្រ​ប្រឆាំង​និង​អ្នក​វិភាគ

ក្នុង​ការ​ផ្សាយ​ពី​ម្សិលមិញ វិទ្យុ​អាស៊ីសេរី​បាន​រាយការណ៍​ថា មន្ត្រី​បក្ស​ប្រឆាំង​និង​អ្នកវិភាគ​ឯករាជ្យ​បាន​ថ្លែង​រិះគន់​ថា មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​មិន​គួរ​យក​ម៉ោង​រដ្ឋបាល​របស់​ខ្លួន​ទៅ​បម្រើ​ផល​ប្រយោជន៍​គណបក្ស​នយោបាយ​ទេ។

ការ​រិះគន់​នេះ​បាន​ធ្វើ​ឡើង​ខណៈ​ដែល​លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ធ្វើការ​ចែក​រថយន្ត​ពេទ្យ​សង្រ្គោះ​អ្នក​ជំងឺ ចំនួន​១៣​គ្រឿង​ទៅ ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​នៃ​បក្ស​ប្រជាជន​កម្ពុជា​នៅ​ខេត្ត​បាត់ដំបង ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ចាក់​កៅស៊ូ​ភ្ជាប់​ផ្លូវ​ជាតិ​លេខ​៥៧ ទៅ​អាង​កំពីង​ពួយ​ក្នុង​ស្រុក​បាណន់ ខេត្ត​បាត់ដំបង កាល​ពី​ព្រឹក ថ្ងៃ​អាទិត្យ ទី​២១ ធ្នូ។

តំណាងរាស្ត្រ​គណបក្ស​សម​រង្ស៊ី លោក សុន ឆ័យ បាន​ស្វាគមន៍​ការ​ផ្តល់​រថយន្ត​ទាំង ១៣​គ្រឿង​នោះ ប៉ុន្តែ​លោក​បាន​រិះគន់​ពី​ការ​ប្រើប្រាស់​តួនាទី​ក្នុង​រដ្ឋបាល​របស់​រដ្ឋ​ទៅ​បម្រើ​គណបក្ស ៖ «យើង​សោកស្ដាយ​ដែរ បើ​សិន​ណា​ជា​រដ្ឋមន្រ្តី ស ខេង គាត់​មិន​ទាន់​យល់​នូវ​គោលការណ៍​ទាំង​នេះ ហើយ​សង្ឃឹម​ថា គាត់​នឹង​កែ​លម្អ ក៏​ដូច​ជា​មន្រ្តី​ក្នុង​រដ្ឋាភិបាល​ដទៃ​ទៀត​និង​កែ​លម្អ​កំហុស​ឆ្គង​នេះ​ឲ្យ​បាន​ឆាប់»

មតិ​នេះ​របស់​លោក​តំណាងរាស្ត្រ សុន ឆ័យ បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ពី​ខាង​លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ។

លោក​មាន​ប្រសាសន៍​ថា លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង អញ្ជើញ​ទៅ​ចែក​អំណោយ​រថយន្ត​នោះ នៅ​ថ្ងៃ​ឈប់​សម្រាក​ពុំ​មែន​ថ្ងៃ​ធ្វើការ​ឬ​ប្រើ​ម៉ោង​រាជការ​ឡើយ ៖ «ឯកឧត្ដម ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​មហាផ្ទៃ លោក​អញ្ជើញ​ចុះ​ទៅ​បំពេញ​ការងារ​មូលដ្ឋាន​របស់​លោក ក្នុង​នាម​លោក​ជា​សមាជិក​អចិន្រ្តៃយ៍ គណៈកម្មការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ថ្ងៃ​សម្រាក ថ្ងៃ​អាទិត្យ​ទេ។ ហើយ​នៅ​ក្នុង​ហ្នឹង លោក​ក៏​បាន​នាំ​យក​ទៅ​ជូន​គ្រប់​ស្រុក​ទាំង​អស់ៗ មិន​មែន​ចំពោះ​តែ​គណបក្ស​ទេ នូវ​រថយន្ត​សង្រ្គោះ​បន្ទាន់ ១៣​គ្រឿង នៅ​ខេត្ត​បាត់ដំបង គ្រប់​ស្រុក​បាន​ទទួល​រថយន្ត​ម្នាក់​មួយ​គ្រឿង ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ទាំង​ឡាយ​ណា​ដែល​លោក​ខ្វះ​ខាត​រថយន្ត ឲ្យ​មាន​ក្នុង​ការ​ប្រើប្រាស់​សម្រាប់​ផល​ប្រយោជន៍ មិន​គិត​ថា អ្នក​ណា​គណបក្ស​ណាៗ​ទេ សូម្បី​តែ​គណបក្ស​សម​រង្ស៊ី​ខ្លួន​ឯង​ក៏​ដោយ បើ​គាត់​ត្រូវការ​រថយន្ត​សង្រ្គោះ​របស់​ឧបនាយក ក៏​លោក​នឹង​បម្រើ​ជូន​ដែរ»

លោក ខៀវ សុភ័គ បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ប្រសាសន៍​លោក សុន ឆ័យ ពុំ​អាច​ទទួល​យក​បាន​ទេ ៖ «ដូច្នេះ​ពាក្យ​ថា សោកស្ដាយ​ប្រសិន​ណា​ឯកឧត្ដម​រដ្ឋមន្រ្តី ស ខេង គាត់​មិន​ទាន់​យល់​នោះ ខ្ញុំ​យល់​ថា ពាក្យ​នេះ​គឺ​មិន​អាច​ទទួល​យក​បាន​ទេ ហើយ​ដែល​ខ្ញុំ​គិត​ថា ឯកឧត្ដម សុន ឆ័យ ខ្លួន​ឯង​ទេ ដែល​មនុស្ស​មិន​យល់​នោះ មិន​យល់​ការណ៍ ឬ​ក៏​យល់​ដែរ​ធ្វើ​ជា​មិន​យល់។ ការ​ចោទ​ប្រកាន់​របៀប​នេះ គ្រាន់​តែ​ជា​ការ​កេង​ចំណេញ​ខាង​នយោបាយ​អីៗ ដើម្បី​បន្ទច់​បង្អាក់​ការ​កសាង​ជាតិ ជូន​ប្រជាជន​ពី​សំណាក់​មន្រ្តី ឥស្សរជន ឬ​ក៏​សមាជិក​គណបក្ស​ប្រជាជន​ទេ។ បើ​និយាយ​ពី​គាត់​វិញ បើ​គាត់​មាន​រថយន្ត​សង្រ្គោះ​អី​ជួយ អបអរ​សាទរ គាត់​យក​ទៅ​ថ្ងៃ​ណា​ក៏​បាន​ដែរ ប៉ុន្តែ​គាត់​មិន​ដែល​ជួយ​អី​ផង គាត់​មិន​ដែល​បាន​ឃើញ​ជួយ​អី​ក្រៅ​ពី​បន្ទច់​បង្អាក់​នូវ​ការ​កសាង​ជាតិ ការ​ជួយ​ប្រជាជន​របស់​មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន ឬ​ក៏​សមាជិក​គណបក្ស​ប្រជាជន​ទេ»

ចំពោះ​ប្រសាសន៍​របស់​អ្នក​វិភាគ​ឯករាជ្យ និង​ជា​អតីត​នាយិកា​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម លោកស្រី ជា វណ្ណាត ដែល​ថា ការ​យក​ម៉ោង​រដ្ឋបាល​របស់​រដ្ឋ​ទៅ​បម្រើ​បក្ស​នយោបាយ​មិន​បម្រើ​ប្រជាពលរដ្ឋ​គ្រប់​ជ្រុង​ជ្រោយ​ជា​ការ​បង្ក​ឲ្យ​មាន​ការ​ប្រកាន់​បក្ស​ពួក​ច្រើន​ឡើង​នោះ​លោក​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ថ្លែង​បំភ្លឺ​ដូច្នេះ ៖ «ខ្ញុំ​សូម​ឲ្យ​លោកស្រី ជា វណ្ណាត ពិនិត្យ​មើល​តួនាទី​របស់​លោកស្រី​ឲ្យ​មែនទែន ព្រោះ​ថា ជា​អ្នក​វិភាគ​ឯករាជ្យ ឲ្យ​ឯករាជ្យ​អ៊ីចឹង? ការ​វិភាគ​អ៊ីចឹង​មិន​ត្រូវ​ទេ ហើយ​មើល​ឲ្យ​ច្បាស់ ថ្ងៃ​ហ្នុង ថ្ងៃ​អាទិត្យ​ទេ​តើ! ថ្ងៃ​អាទិត្យ។ ថ្ងៃ​សៅរ៍ ថ្ងៃ​អាទិត្យ គាត់​សម្រាក​ការងារ​ពី​រដ្ឋ ហើយ​មាន​ចែង​ក្នុង​រដ្ឋាភិបាល​ទៀត...»

ឆ្លើយ​តប​នឹង​ប្រតិកម្ម​របស់​មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​តំណាងរាស្ត្រ សុន ឆ័យ ថ្លែង​បញ្ជាក់​ដូច្នេះ​ថា ៖ «ខ្ញុំ​បាន​បញ្ជាក់​ហើយ​ថា ការ​ចែក​អំណោយ យើង​អត់​ជំទាស់​ទេ យើង​ស្វាគមន៍ ក៏​ប៉ុន្តែ​ក្នុង​នាម​ជា​សមាជិក​រាជ​រដ្ឋាភិបាល យើង​ជា​រដ្ឋមន្រ្តី​ស្ថិត​នៅ​ក្នុង​រដ្ឋាភិបាល​មួយ ដែល​ជា​រដ្ឋាភិបាល​របស់​ជាតិ​ទាំង​មូល ដូច្នេះ​យើង​មិន​គប្បី​ប្រើប្រាស់​តួនាទី​ជា​តំណាង​ឲ្យ​បក្ស ក្នុង​បេសកកម្ម​ការងារ ក្នុង​នាម​ជា​រដ្ឋមន្រ្តី​របស់​រដ្ឋាភិបាល​របស់​ជាតិ​ទេ នេះ ខ្ញុំ​គ្រាន់​តែ​បញ្ជាក់​ប៉ុណ្ណឹង ថា វា​ហាក់​ដូចជា​យើង​បាន​ភ្លេច​អំពី​លក្ខណៈ​នៃ​ការ​គ្រប់គ្រង​ក្នុង​របប​មួយ​ក្រោយ​ឆ្នាំ​១៩៩៣ ហើយ​បើ​ការ​អនុវត្ត​បែប​ហ្នឹង​កាល​ពី​ឆ្នាំ ៨០ អាហ្នឹង​វា​មិន​ជា​ការ​ខុស​ទាស់​ទេ ពីព្រោះ​បក្ស រដ្ឋ និង​រដ្ឋាភិបាល​គឺ​តែ​មួយ​ទេ»