ការបដិសេធនេះបានធ្វើឡើងនៅរសៀលថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០១០ ដោយតំណាងក្រសួងផែនការ។
អគ្គនាយករងក្រសួងផែនការ លោក ថេង បញ្ញាធន ថ្លែងថា ក្រសួងផែនការមិនអាចទទួលយកសំណើរបស់អង្គការក្រៅរដ្ឋាភិបាលដោយផ្ទាល់បានទេ ដែលសុំដាក់ចំណុចអភិវឌ្ឍន៍ផ្សេងៗបន្ថែមទៅក្នុងសេចក្តីព្រាងលើកទី១ពីផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ឆ្នាំ២០០៩ដល់២០១៣។
លោក ថេង បញ្ញាធន មានប្រសាសន៍ថា ៖ «សូមអភ័យទោស គឺក្រសួងផែនការអត់មានលទ្ធភាពក្នុងការជួយដាក់បញ្ចូល គឺយើងអត់បានទេ ពីព្រោះអីយើងធ្វើកន្លងមក គឺយើងដាក់បញ្ចូលអ៊ីចឹងក្រសួងគេអត់ព្រមទេ គេអត់អាចធ្វើតាមហ្នឹងបាន។ គឺចំណុចដែលលើកឡើង ឬក៏ឧទាហរណ៍ថា កែចំណុចដើមរបស់សូចនាករមួយ»។
យោបល់ស្នើសុំចូលរួមក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០០៩ដល់ឆ្នាំ២០១៣នេះ ត្រូវបានអង្គការនានាបានប្រជុំគ្នាច្រើនខែនិងរំលងឆ្នាំ ទម្រាំប្រមូលបានមតិរួមខាងលើមកដាក់ជូនរដ្ឋាភិបាល។ នៅពេលដែលមានការបដិសេធពីតំណាងរដ្ឋាភិបាល ក្រុមអង្គការសង្គមស៊ីវិលបានឲ្យដឹងថា ពួកគេនឹងតាមដានត្រួតពិនិត្យការងារអនុវត្តន៍របស់រដ្ឋាភិបាលតទៅទៀត។
នាយកប្រតិបត្តិអង្គការ NGO Forum លោក ឈិត សំអាត ថ្លែងថា សេចក្តីព្រាងផែនការអភិវឌ្ឍន៍ជាតិបច្ចុប្បន្ន គួរតែមានការផ្លាស់ប្តូរពីភាពជាម្ចាស់របស់រដ្ឋាភិបាលទៅជាភាពជាម្ចាស់ប្រទេស។
លោកបញ្ជាក់ថា ភាពជាម្ចាស់របស់ប្រទេស គឺសំដៅទៅលើផែនការជាតិមួយដែលជនកម្ពុជាគ្រប់រូប ពិសេសជនក្រីក្រនិងក្រុមជនងាយរងគ្រោះ បានត្រូវផ្តល់ឱកាសនិងលើកទឹកចិត្តក្នុងការនិយាយពីបញ្ហាខ្លួនគេ កំពុងប្រឈមទៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិនោះ។
សំណើរបស់អង្គការក្រៅរដ្ឋាភិបាលនានាសុំដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងការអភិវឌ្ឍន៍ជាតិសម្រាប់រយៈពេល៥ឆ្នាំ ពីឆ្នាំ២០០៩ដល់២០១៣ រួមមានសុំបញ្ចូលអង្គការសង្គមស៊ីវិលទៅក្នុងវិស័យនានារបស់រដ្ឋ សុំឲ្យមានការផ្សព្វផ្សាយព័ត៌មានទូលាយពីរដ្ឋាភិបាលដែលពាក់ពន្ធ័ទៅនឹងការរៀបចំផែនការអភិវឌ្ឍន៍ជាតិ។ ក្នុងផែនការអភិវឌ្ឍន៍អង្គការនានា អង្គការនានាសុំផ្តល់មតិទៅរដ្ឋាភិបាល។ សុំផ្តល់អនុសាសន៍កំណត់ត្រារបស់អង្គការសង្គមស៊ីវិល ដាក់បញ្ចូលជាផ្លូវការ ឲ្យសាធារណជនបានដឹងឮ។ សុំឲ្យក្រសួងនិងស្ថាប័ននានារបស់រដ្ឋផ្តល់ពេលវេលានិងធនធានគ្រប់គ្រាន់ ដើម្បីឲ្យអង្គការនានាបានពិចារណាឲ្យបានពេញលេញទៅក្នុងកិច្ចអភិវឌ្ឍន៍ជាតិ៥ឆ្នាំនោះ។ សុំដាក់បញ្ចូលកំណែទម្រង់ដីធ្លី ព្រៃឈើ ប្រេង ឧស្ម័ន រ៉ែ កសិកម្ម សុំបញ្ចូលជនអសមត្ថភាពការងារ ជនពិការជាដើមទៅក្នុងការគិតគូរអភិវឌ្ឍន៍ជាតិ។ សុំផ្តល់សិទ្ធិឲ្យជនរងគ្រោះ ឬជនក្រីក្របានពិគ្រោះយោបល់ក្នុងកិច្ចអភិវឌ្ឍន៍ជាតិ។ សុំឲ្យរដ្ឋផ្តល់ព័ត៌មានពីប្រាក់ចំណូលពន្ធដារនានា និងប្រាក់ចំណាយរបស់រដ្ឋទៅលើវិស័យផ្សេងៗជាដើម។
លោក ថេង បញ្ញាធន តំណាងរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់ការលើកទឹកចិត្តផងដែរថា មិនទាន់ហួសពេលក្នុងការពន្យល់ឲ្យរដ្ឋាភិបាលកម្ពុជាទទួលយកសំណើរបស់អង្គការក្រៅរដ្ឋាភិបាលនោះទេ។លោកថា នៅពាក់កណ្តាលឆ្នាំ២០១០ ទើបព្រះមហាក្សត្រឡាយព្រះហត្ដលេខាលើផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០០៩ដល់ឆ្នាំ២០១៣នោះ៕