ក្រសួង​ពាក់ព័ន្ធ​សហការ​គ្នា​ទប់​ស្កាត់​និង​ត្រួត​ពិនិត្យ​ចរាចរណ៍​មាន់​ទា

ក្រសួង​សុខាភិបាល និង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សហការ​គ្នា​ទប់ស្កាត់ ត្រួត​ពិនិត្យ​ចរាចរណ៍​សត្វ​មាន់​ទា​ពី​តំបន់​ផ្សេងៗ​ដោយ​ប្រុង​ប្រយ័ត្ន និង​ផ្សព្វផ្សាយ​អប់រំ​ចំពោះ​វិធានការ​ការពារ​ការ​ចម្លង​ជំងឺ​ផ្ដាសាយ​បក្សី H5N1 នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ខាង​មុខ។

0:00 / 0:00

វិធានការ​ត្រួត​ពិនិត្យ​តឹងរ៉ឹង​ពី​ការ​ធ្វើ​ចរាចរណ៍​មាន់​ទា​គ្រប់​ទី​កន្លែង និង​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​ការ​មាន​អនាម័យ​របស់​រាជរដ្ឋាភិបាល បាន​កម្រើក​ឡើង​វិញ​នៅ​គ្រា​ដែល​ខ្លាច​មាន​ការ​ចម្លង​គ្រុន​ផ្ដាសាយ​បក្សី H5N1 ពី​សត្វ​ទៅ​មនុស្ស និង​ពី​មនុស្ស​ទៅ​មនុស្ស នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន។

រដូវ​ចូល​ឆ្នាំ​ចិន ជា​ពេល​វេលា​មួយ​ដែល​មាន​ការ​លក់ ទិញ មាន់​ទា និង​ប្រភេទ​សត្វ​ផ្សេងៗ​ទៀត ដើម្បី​ធ្វើ​ម្ហូបម្ហា​បម្រើ​ក្នុង​ពិធី​នេះ។ ស្រប​ពេល​គ្នា​នេះ​ដែរ អង្គការ​សុខភាព​ពិភពលោក និង​ក្រសួង​សុខាភិបាល កាល​ពី​ចុង​ខែ​មករា បាន​ជូន​ដំណឹង​ពី​ការ​រក​ឃើញ​ករណី​ផ្ទុះ​ឡើង​វិញ​នៃ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​ម្ដង​ទៀត​នៅ​កម្ពុជា។ គេ​រក​ឃើញ​មនុស្ស​ចំនួន ៤​នាក់ នៅ​ខេត្ត​កំពង់ស្ពឺ កំពត តាកែវ បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ ខណៈ​ទារក​អាយុ ៨​ខែ​ម្នាក់​ទៀត នៅ​រាជធានី​ភ្នំពេញ បាន​ឆ្លង​ជំងឺ នឹង​ត្រូវ​បាន​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា។

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល លោក សុខ ទូច មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ថា ក្រោយ​ពី​រក​ឃើញ​មាន​អ្នក​ស្លាប់ និង​ឆ្លង​ដោយ​ជំងឺ​ផ្ដាសាយ​បក្សី ប្រភេទH5N1 ក្រសួង​សុខាភិបាល និង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សហការ​គ្នា​ដោយ​បែង​ចែក​ជា ២​គោល​ដៅ​សំខាន់ សម្រាប់​ទប់ស្កាត់ និង​អប់រំ​ផ្សព្វផ្សាយ​ពី​ការ​រាល​ដាល​នៃ​ជំងឺ។

លោក សុខ ទូច បញ្ជាក់​ថា សម្រាប់​ក្រសួង​សុខាភិបាល មាន​យន្តការ​បង្កើន​ការ​អប់រំ​ចំពោះ​ប្រជាពលរដ្ឋ​ស្ដីពី​ការ​ការពារ និង​បង្ការ​ការ​ចម្លង​គ្រុន​ផ្ដាសាយ​បក្សី តាម​រយៈ​ការ​ផ្សាយ​ពាណិជ្ជកម្ម​តាម​វិទ្យុ និង​ទូរទស្សន៍ ដោយ​មាន​ជំនួយ​ឧបត្ថម្ភ​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។

ក្រសួង​ក៏​បាន​ចេញ​គោលការណ៍​ថ្មី​ឲ្យ​មន្ត្រី​ជំនាញ​នៅ​តាម​មន្ទីរ​សុខាភិបាល មណ្ឌល​សុខភាព ត្រូវ​ពង្រឹង​ការ​តាម​ដាន​ឲ្យ​បាន​ដិតដល់ និង​ពិនិត្យ​រោគ​សញ្ញា​ណា​ដែល​មាន​ការ​សង្ស័យ ត្រូវ​បញ្ជូន​មក​មណ្ឌល​សុខភាព ដើម្បី​សង្គ្រោះ​បន្ទាន់។ ម្យ៉ាង​ចំពោះ​ពលរដ្ឋ​ហាម​មិន​ឲ្យ​ប៉ះពាល់​បក្សី​ឈឺ ឬ​ងាប់។

លោក សុខ ទូច៖ «អ្នក​ដែល​ប្រឈម​ខ្លាំង​ជាង​គេ គឺ​កុមារ និង​នារី ប៉ុន្តែ​គ្រប់​អាយុ​ទាំង​អស់ ត្រូវ​ប្រយ័ត្ន​ទាំង​អស់ ដូច្នេះ​បាន​ន័យ​ថា ការ​អប់រំ​ហ្នឹង យើង​ផ្ដោត​ទៅ​លើ​បង​ប្អូន​ទាំង​អស់​ដែល​ហាម​ប៉ះពាល់​ជាមួយ​បក្សី​ឈឺ ឬ​ស្លាប់។ មាន​ការ​ឈឺ​ត្រូវ​មក​មណ្ឌល​សុខភាព​ឲ្យ​ទាន់​ពេល​វេលា សូម​កុំ​ឲ្យ​យឺត»

មន្ត្រី​ជំនាញ​នៃ​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អាការ​រោគ​ដែល​សង្ស័យ​ថា​ជា​ប្រភេទ​ជំងឺ​ផ្ដាសាយ​បក្សី គឺ​អ្នក​ជំងឺ​មាន​អាការ​ក្អក ឈឺក ហត់ គ្រុនក្ដៅ​លើស ៣៨​អង្សា និង​ធ្លាប់​មាន​ប្រវត្តិ​ប៉ះពាល់​បក្សី​ក្នុង​អំឡុង​ពេល ៧​ថ្ងៃ មុន​នឹង​ត្រូវ​មាន​រោគ​សង្ស័យ​កើត​ឡើង។

មាន​ផល​វិបាក​ខ្លះ​ដែល​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ពិបាក​គ្រប់គ្រង​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ។ វា​ជា​ពេល​វេលា​ដែល​មាន​ការ​ធ្វើ​ចរាចរណ៍​សត្វ​មាន់​ទា​ពី​គ្រប់​ទី​កន្លែង​ទៅ​លក់​នៅ​ទីផ្សារ។

ប្រភព​ពី​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មន្ត្រី​ជំនាញ​នៃ​ក្រសួង​នេះ​កំពុង​រៀបចំ​វិធានការ​នៃ​ការ​ត្រួត​ពិនិត្យ និង​តាម​ដាន ការ​ធ្វើ​ចរាចរណ៍​សត្វ​បក្សី​ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន ហើយ​របាយការណ៍​នោះ​ក៏​នឹង​មាន​ការ​ឆ្លង​ពី​នាយករដ្ឋមន្ត្រី​ជា​អ្នក​សម្រេច​ដែរ។

ទោះ​ជា​យ៉ាង​ណា លោក សុខ ទូច បញ្ជាក់​ថា មាន​វិធានការ​ងាយៗ​ដែល​អាច​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី​បាន គឺ​ការ​មាន​អនាម័យ ដោយ​ត្រូវ​សម្អាត​ដៃ​នឹង​សាប៊ូ​គ្រប់​ពេល​ចេញ​ពី​បន្ទប់​ទឹក មុន​បរិភោគ​អាហារ​ជា​ដើម។ លោក​បញ្ជាក់​ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​ព្រួយ​បារម្ភ​ខ្លាំង​ជាង​គេ គឺ​ការ​ចម្លង​ជំងឺ​ផ្ដាសាយ​បក្សី​ពី​មនុស្ស​ទៅ​មនុស្ស៖ «ការ​រក្សា​អនាម័យ គឺ​ជា​គន្លឹះ​ណាស់​តាំង​ពី​ការ​ចម្លង​ពី​សត្វ​ទៅ​មនុស្ស និង​ពី​មនុស្ស​ទៅ​មនុស្ស»

វីរ៉ុស H5N1 ដែល​​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី បាន​ចេញ​ចម្លង​មក​មនុស្ស​ជា​លើក​ដំបូង​នៅ​ហុងកុង។ បើ​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក នៅ​ដើម​ឆ្នាំ​២០១២ មេរោគ​H5N1ឆ្លង​ពី​បក្សី​​ទៅ​មនុស្ស​បាន​សម្លាប់​ប្រជាជន​ប្រមាណ ៣៤២​នាក់​ហើយ​នៅ​លើ​ពិភពលោក ចាប់​តាំង​ពី​ឆ្នាំ​២០០៣ មក ក្នុង​នោះ​ប្រទេស​ឥណ្ឌូនេស៊ី និង​វៀតណាម រង​គ្រោះ​ខ្លាំង​ជាង​គេ។

តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា រាប់​គិត​ពី​ឆ្នាំ​២០០៥ មក គេ​បាន​រក​ឃើញ​មនុស្ស​ចំនួន ២៦​នាក់ បាន​កើត​ជំងឺ​ផ្ដាសាយ​បក្សី​នៅ​កម្ពុជា ក្នុង​នោះ​មាន ២៣​នាក់​ស្លាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។