ម្យ៉ាងវិញទៀត ក្រសួងកសិកម្មតែងតែសើរើរាល់កិច្ចសន្យាដីសម្បទាន និងព្រៃសម្បទានទាំងអស់នៅរៀងរាល់មួយឆ្នាំម្ដង ដើម្បីពិនិត្យថា តើក្រុមហ៊ុនណាបានរំលោភកិច្ចសន្យា និងក្រុមហ៊ុនណាបានគោរពតាមកិច្ចសន្យាត្រឹមត្រូវ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ សារុន បានមានប្រសាសន៍ថា លោកកំពុងតែសើរើកិច្ចសន្យាដីសម្បទាន និងព្រៃសម្បទានទាំងអស់ រាប់ទាំងកិច្ចសន្យាព្រៃសម្បទាននៅព្រៃឡង់ដែរ ហើយក្រសួងកសិកម្មមានផែនការដាក់តំបន់ព្រៃឡង់ ជាតំបន់ព្រៃអភិរក្ស ឬព្រៃការពារនៅពេលឆាប់ៗនេះ។
ការសើរើនេះបានកើតឡើងនៅគ្រាដែលសកម្មជនការពារព្រៃឈើ ជាពិសេសព្រៃឡង់ បានឲ្យដឹងថា ក្រុមហ៊ុនវៀតណាម ឈ្មោះ ស៊ីអាស៊ីខេ (CRCK) កំពុងតែកាប់បំផ្លាញព្រៃឈើប្រណិតយ៉ាងច្រើន រវាងពី ៤ ទៅ ៦ឡានក្នុងមួយថ្ងៃៗ នៅតំបន់ព្រៃឡង់នោះ ដឹកទៅប្រទេសវៀតណាម។
ឈើប្រណិតនៅព្រៃឡង់ ដែលកំពុងតែរងការកាប់បំផ្លាញនោះ មានដូចជា ឈើបេង ឈើគ្រញូង ឈើទាល ឈើត្រាច ឈើជ័រចុង និងដើមកកោះជាដើម។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ សារុន បានមានប្រសាសន៍ថា ក្រោយពីក្រសួងពិនិត្យ និងវាយតម្លៃរួចហើយនោះ គឺក្រសួងកសិកម្ម និងស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លុបចោលកិច្ចសន្យាមួយចំនួន៖ «រៀងរាល់ឆ្នាំ លុបជារៀងរាល់ឆ្នាំ។ ...សើរើទូទាំងប្រទេស។ ឥឡូវនេះកំពុងធ្វើការវាយតម្លៃ ប៉ុន្តែច្បាស់ហើយមានក្រុមហ៊ុនខ្លះត្រូវលុប»។
សុខ សេរី៖ ទាក់ទងបញ្ហាព្រៃឡង់ តើយើងសើរើទេ បញ្ហាព្រៃឡង់នេះ?
ច័ន្ទ សារុន៖ សូមជម្រាបថា យើងនឹងដាក់ទៅជាតំបន់ព្រៃការពារនៅពេលអនាគតនេះ អត់មានអីនរណាត្រូវកាប់ទៀតទេ។ ដាក់ជាព្រៃការពារ ព្រោះកន្លែងនេះជាកន្លែងស្តុកទឹកភ្លៀងធំណាស់សម្រាប់កម្ពុជាយើង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ២០១១ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១២ កន្លងទៅនេះ បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ច័ន្ទ សារុន សើរើ និងលុបកិច្ចសន្យាដីសម្បទាន និងព្រៃសម្បទានមួយចំនួនដែលកាប់បំផ្លាញព្រៃឈើកន្លងមក។
លោក ហ៊ុន សែន៖ «ក្រុមហ៊ុនណាដែលតម្រង់ឆ្ពោះទៅកាន់អាព្រៃហ្នឹង ត្រូវមើលក្រុមហ៊ុនហ្នឹងឲ្យមែនទែន។ សុំព្រៃសម្បទាន ប៉ុន្តែកិច្ចការដែលខ្លួនធ្វើ គឺទៅកាប់យកឈើហ្នឹង។ ដីម៉ាគគោកអត់ទៅធ្វើទេ ទៅតម្រង់កន្លែងដែលមានដើមឈើ។ អាហ្នឹងមើលឲ្យមែនទែន បើថាស្ថានភាពបែបហ្នឹងដកចេញទៅ យកដីមកទុក វាអត់ផ្អូមទេដីនោះ»។
សកម្មជន និងបណ្ដាញការពារព្រៃឡង់ លោក ស៊ឹម សៀន នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានមានប្រសាសន៍ថា លោកចង់ឲ្យរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម អនុញ្ញាតឲ្យសកម្មជនការពារព្រៃឡង់ចូលរួមដែរ ក្នុងវិធានការការពារព្រៃឡង់នៅថ្ងៃអនាគត៖ «សកម្មភាពនេះវាមិនអាចថយចុះ តែនៅតែបន្តមានបទល្មើសជាបន្តបន្ទាប់ជាងមុនទៀតផង តាមខ្ញុំអង្កេត»។
តាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញបរិស្ថានបានឲ្យដឹងថា ព្រៃឡង់នោះ គឺមានទំហំ ៣.៦០០គីឡូម៉ែត្រក្រឡា និងមានសត្វព្រៃរស់នៅចំនួន ២៧ប្រភេទ ព្រមទាំងមានដើមឈើកម្រ និងមានតម្លៃចំនួនជាង ២០ប្រភេទទៀត។ មានសហគមន៍ជនជាតិភាគតិចរស់នៅចំនួនជាង ៧សែននាក់ ពឹងផ្អែកលើអនុផលព្រៃឡង់ជារៀងរាល់ថ្ងៃ។
ក្រុមហ៊ុនវៀតណាម ឈ្មោះ ស៊ីអាស៊ីខេ (CRCK) នោះ បានទទួលអាជ្ញាប័ណ្ណដីសម្បទានព្រៃឡង់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សំរាប់រយៈពេល ៧០ឆ្នាំ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កន្លងមកបានឲ្យដឹងថា នៅឆ្នាំ២០១០ កន្លងទៅនេះ ក្រសួងកសិកម្មបានស្នើសុំឲ្យរដ្ឋាភិបាលលុបចោលកិច្ចសន្យាដីសម្បទានចំនួន ៤១ក្រុមហ៊ុន ស្មើនឹងផ្ទៃដីជិត ៤សែនហិកតារ។ បច្ចុប្បន្នមានកិច្ចសន្យាចំនួន ៨៥កំពុងតែមានសុពលភាពស្មើនឹងផ្ទៃដីជិត ១លានហិកតារនៅខេត្តចំនួន ១៦៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។