សង្គម​ស៊ីវិល​រិះគន់​មន្ត្រី​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង

ប្រជាពលរដ្ឋ និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​ក្នុង​ខេត្ត​កំពង់ឆ្នាំង បាន​ធ្វើការ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​មន្ត្រី​សុខាភិបាល​ខេត្ត​នេះ ដែល​បាន​ប្រើ​សម្ដី​អសុ​រស និង​ខ្វះ​សីលធម៌​ជា​គ្រូពេទ្យ​ទៅ​លើ​អ្នក​ជំងឺ។

0:00 / 0:00

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ខ្មែរ​កម្ពុជា​ក្រោម គឺ​លោក ទត គឹមស្រូយ បាន​មាន​ប្រសាសន៍​ក្នុង​វេទិកា​ម្ចាស់​ឆ្នោត​វាយ​តម្លៃ​លទ្ធផល​នៃ​ការ​បំពេញ​លក្ខខ័ណ្ឌ​សន្ទស្សន៍​ក្នុង​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង ដែល​រៀប​ចំ​ឡើង​ដោយ​អង្គការ​ខុមហ្វ្រែល (Comfrel) នៅ​ថ្ងៃ​ទី​១២ ខែ​សីហា​ថា អំពើ​ពុករលួយ​បាន​រីក​រាល​ដាល​ស្ទើរ​គ្រប់​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​ក្នុង​ទូទាំង​ខេត្ត​កំពង់ឆ្នាំង ដោយ​គ្មាន​នរណា​អើពើ​ធ្វើការ​ទប់​ស្កាត់។ លោក​បន្ត​ថា មិន​តែ​ប៉ុណ្ណោះ បុគ្គលិក និង​មន្ត្រី​ក្នុង​មន្ទីរពេទ្យ​និយាយ​ស្តី​ដោយ​ប្រើ​សម្ដី​អសុ​រស​មក​លើ​ប្រជាពលរដ្ឋ និង​មិន​រវល់​ដល់​អ្នក​ជំងឺ​ក្រីក្រ។

លោក ទត គឹមស្រូយ មាន​ប្រសាសន៍​ដូច្នេះ ៖ «បើ​មិន​ឲ្យ​លុយ​ទៅ​បុគ្គលិក​ពេទ្យ គាត់​អត់​ចាត់ការ​ឲ្យ​ទេ។ អ្នក​ទៅ​វះ​កាត់​ទាល់​តែ​សូក​ទើប​គេ​ធ្វើ​ឲ្យ។ ចំណែក​អ្នក​ដែល​ក្រីក្រ​មាន​លិខិត​ចេញ​ដោយ​អង្គការ​រ៉ាក់ គេ​មិន​យក​ភ្នែក​មើល​ទេ ព្រោះ​គេ​ដឹង​ថា ពួក​នេះ​អត់​លុយ»

ស្ត្រី​ឈ្មោះ ហាំង ថេត នៅ​ក្រុង​កំពង់ឆ្នាំង បន្ថែម​ថា «បើ​សិន​ជា​មាន​បង​ប្អូន​ជា​អ្នក​ធំ ឬ​អ្នក​មាន​លុយ​នោះ ទើប​គេ​ទទួល​រាក់ទាក់។ ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ គ្រាន់​តែ​គ្នា​សួរ​ថា ម៉េច​បាន​ជា​គេ​ឈឺ​ខ្លាំង​នោះ ក៏​ស្តី​ឲ្យ​គ្នា...»

ប្រធាន​សមាគម​កសិករ​ស្រុក​រលាប្អៀរ ៖ «សីលធម៌​គ្រូពេទ្យ​ឥឡូវ​ខ្សោយ​មែន​ទែន។ខ្ញុំ​មិន​ដឹង​ថា គណៈ​វិនិច្ឆ័យ​ដែល​ឲ្យ​គាត់​មក​ធ្វើ​គ្រូពេទ្យ​នោះ​មាន​ពិនិត្យ​មើល​ឬ​អត់? មាន​បុគ្គលិក​ខ្លះ​សម្ដី​អាក្រក់​មែន​ទែន»

ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ អនុ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង គឺ​លោក ផាន់ ច័ន្ទដារា មាន​ប្រសាសន៍​ថា ពុំ​មែន​គ្រូពេទ្យ​ទាំង​អស់​សុទ្ធ​តែ​បាន​ប្រព្រឹត្ត​ដូច​ការ​លើក​ឡើង​ខាង​លើ​នេះ​ទេ ក៏​នៅ​មាន​គ្រូពេទ្យ​ជា​ច្រើន​ទៀត​បាន​ធ្វើ​ល្អ​សមស្រប​តាម​ក្រម​សីលធម៌​របស់​គ្រូពេទ្យ​ផង​ដែរ។

លោក ផាន់ ច័ន្ទដារា មាន​ប្រសាសន៍​ដូច្នេះ ៖ «ធម្មតា​យើង​តែង​អប់រំ​សីលធម៌​ជា​គ្រូពេទ្យ​ជានិច្ច តែ​សូម​អស់​លោក​យោគយល់ សូម្បី​តែ​កូន​យើង​ក្នុង​ផ្ទះ​តែ​ប៉ុន្មាន​នាក់​គង់​មាន​អា​ខ្លះ​វា​គេច​រៀន ចុះ​នេះ​គ្រូពេទ្យ​មួយ​ខេត្ត មាន​រាប់​រយ​នាក់​លែង​អី​មាន​អ្នក​ខិល​អ្នក​ខូច។ ខ្ញុំ​សន្យា​ថា នឹង​កែ​លម្អ​ពួកគេ»

លោក​ក៏​បាន​សន្យា​ដែរ​ថា នឹង​លើក​យក​បញ្ហា​ទាំង​នេះ​ក្នុង​អង្គ​ប្រជុំ ដើម្បី​ធ្វើការ​កែ​លម្អ​នូវ​បណ្តា​កំហុស​ឆ្គង​នានា ដែល​រក​ឃើញ​ថា បាន​កើត​មាន​ឡើង​នៅ​គ្រប់​មន្ទីរពេទ្យ​ក្នុង​ទូទាំង​ខេត្ត។

យ៉ាង​ណា​ក៏ដោយ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង គឺ​លោក ឡុង ឈុនឡៃ មាន​ប្រសាសន៍​ថា លោក​នឹង​យក​បញ្ហា​នេះ​ទៅ​ដាក់​ជូន​អង្គ​ប្រជុំ​ប្រចាំ​ខែ​ជាមួយ​គណៈ​អភិបាល​ខេត្ត ដើម្បី​សម្រួល​បញ្ហា​នេះ​ជូន​ប្រជាពលរដ្ឋ៕