តុលាការ​បើក​សវនាការ​កាត់ទោស​មនុស្ស​៣​នាក់​ពី​បទ​ជួញដូរ​កុមារ

តុលាការ​​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​​១៩ ឧសភា​នេះ បាន​បើក​សវនាការ​ជា​ច្រើន​ម៉ោង ដើម្បី​កាត់​ទោស​ជន​ជាប់​ចោទ​ ៣​នាក់ ក្រោម​បទ​ជួញដូរ​ពេស្យាចារ​កុមារ ឬ​ទិញ​ដូរ​ព្រហ្មចារី​របស់​កុមារី​ដើម្បី​រួម​ភេទ ប៉ុន្តែ​តុលាការ​គ្រោង​​ប្រកាស​សាលក្រម​នៃ​សំណុំ​រឿង​នេះ​នៅ​ថ្ងៃ​ទី​១០ មិថុនា​ខាង​មុខ។
ដោយ សុខ សេរី
2010-05-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១៩-ឧសភា-២០១០: សាលា​ដំបូង​រាជធានី​ភ្នំពេញ
១៩-ឧសភា-២០១០: សាលា​ដំបូង​រាជធានី​ភ្នំពេញ
RFA/Sok Serey

ជន​ជាប់​ចោទ​ចំនួន ៣​នាក់​នោះ មាន​ឈ្មោះ ទី​១ មាស ចាន់ធឿន ភេទ​ប្រុស រង​ការ​ចោទ​ថា បាន​ជួញដូរ​ពេស្យាចារ​កុមារ ក្រោម​អាយុ ១៨​ឆ្នាំ ឬ​ទិញ​ដូរ​ព្រហ្មចារី, ទី​២ ឈ្មោះ កើ សែ ភេទ​ប្រុស រង​ការ​ចោទ​ថា ផ្សំ​គំនិត និង​ទី​៣ ឈ្មោះ ចាន់ ពៅ ភេទ​ស្រី រង​ការ​ចោទ​ថា ផ្សំ​គំនិត។

សវនាការ​ជា​ច្រើន​ម៉ោង​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​របស់​លោក កែ សាខន ជា​ប្រធាន​ចៅក្រម​ជម្រះ​ក្តី នៅ​ក្នុង​ចំណោម​ចៅក្រម​ប្រឹក្សា ២​នាក់​ទៀត។

បញ្ហា​សំខាន់​នៅ​ក្នុង​ការ​ជជែក​គ្នា​រក​ខុស រក​ត្រូវ នៅ​ក្នុង​សវនាការ រវាង​មេធាវី​របស់​ដើម​ចោទ និង​មេធាវី​របស់​ចុង​ចោទ គឺ​បញ្ហា​អាយុ​របស់​ស្ត្រី​ជន​រង​គ្រោះ ពីព្រោះ​មាន​ឯកសារ​មួយ បាន​និយាយ​ថា ជន​រង​គ្រោះ​មាន​អាយុ ១៩​ឆ្នាំ និង​ឯកសារ​មួយ​ទៀត​បាន​និយាយ​ថា ជន​រង​គ្រោះ​ដដែល​នោះ​មាន​អាយុ ១៤​ឆ្នាំ ទើប​បាន​ញ៉ាំង​ឲ្យ​មាន​ការ​ចាប់​ខ្លួន​មនុស្ស ៣​នាក់​ខាង​លើ​នេះ ដើម្បី​ផ្ដន្ទា​ទោស​តាម​មាត្រា​ទី​៣៤ នៃ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការ​បង្ក្រាប​អំពើ​ជួញដូរ​ផ្លូវ​ភេទ។

មេធាវី​ការពារ​ក្តី​ឲ្យ​គ្រួសារ​កុមារី​រង​គ្រោះ លោក អ៊ុក សារឿន បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ ក្រោយ​ពី​សវនាការ​ចប់​នៅ​ថៃ្ង​ពុធ​នេះ ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សវនាការ​សួរ​ដេញ​ដោល​គ្នា​នោះ​ថា ជន​ជាប់​ចោទ​ឈ្មោះ មាស ចាន់ធឿន ពិត​ជា​បាន​ប្រព្រឹត្ត​អំពើ​ជួញដូរ​ព្រហ្មចារី បើ​ទោះ​បី​ជា​ស្រ្តី​រង​គ្រោះ​មិន​បាន​ខូច​ខាត​ព្រហ្មចារី ឬ​ខ្លួន​ប្រាណ​ក៏​ដោយ។ ការ​ជួយ​ប្រាក់ ២០០​ដុល្លារ​អាមេរិក​ដល់​ស្រ្តី​រង​គ្រោះ​ជា​កម្មករ​កាត់​ដេរ​នោះ គឺ​ក្នុង​បំណង​ច្បាស់លាស់ ហុត​ទឹក​សម្លឹង​កាក។

លោក ទេព មុន្នីជាតិ ជា​មេធាវី​របស់​ជន​ជាប់​ចោទ​ចំនួន ៣​នាក់ មក​ពី​ក្រុមហ៊ុន​មេធាវី មហា​នគរ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី ក្រោយ​ពី​សវនាការ​នោះ​ថា ៖ «ពីព្រោះ​ថា កូន​ក្ដី​របស់​ខ្ញុំ គាត់​ទៅ​លួច​ស្រឡាញ់​នាង​ហ្នឹង។ ក្មួយ​ស្រី​ម្នាក់ ដែល​ជា​ជន​រង​គ្រោះ​ហ្នឹង​គឺ​គាត់​ជា​នីតិ​ជន គាត់​មាន​អាយុ ១៩​ឆ្នាំ ហើយ​គាត់​បាន​មក​ព្រមព្រៀង ដោយសារ​ខ្លួន​ក្រ​ពេក ចង់​បាន​បុរស​ណា​ម្នាក់​ជួយ​មើល​ថែ​រក្សា​ទៅ បាន​ថវិកា ក៏​ដូច​ជា​លុយកាក់ ជួយ​ឧបត្ថម្ភ គាំទ្រ ដោយសារ​ឪពុក​ម្ដាយ​ឈឺ។ បើ​គិត​ពី​រឿង​ច្បាប់​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា គឺ​កូន​ក្ដី​របស់​ខ្ញុំ​អត់​មាន​កំហុស​ទេ។ តែ​បើ​គិត​ពី​សីលធម៌ និង​រដ្ឋ​ធម្មនុញ្ញ​របស់​យើង គឺ​ហាម​មិន​ឲ្យ​មាន​ប្រពន្ធ ២។ ប៉ុន្តែ​បើ​សិន​ជា​គាត់​ទៅ​លួច​ចុះ​សំបុត្រ​អាពាហ៍​ពិពាហ៍​វិញ ទើប​គាត់​មាន​កំហុស​ផ្នែក​ឯក​ពន្ធភាព។ ការ​សន្និដ្ឋាន​របស់​ខ្ញុំ​នៅ​ក្នុង​អង្គ​សវនាការ​មិញ​ហ្នឹង គឺ​ទទូច​សុំ​ឲ្យ​អ្នក​ទាំង​បី រួច​ផុត​ពី​ការ​ចោទ​ប្រកាន់ ពីព្រោះ​ចរិត​នៃ​ការ​ប្រព្រឹត្ត​បទល្មើស គឺ​អត់​មាន​ទាល់​តែ​សោះ!»

ជន​ជាប់​ចោទ​ចំនួន ៣​នាក់ មាន​ឈ្មោះ ចាន់ ពៅ ជា​កម្មករ​រោងចក្រ​កាត់​ដេរ, ឈ្មោះ មាស ចាន់ធឿន និង​ឈ្មោះ កើ សែ ជា​បុគ្គលិក​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​មួយ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ត្រូវ​បាន​នគរបាល​បាន​ចាប់​ខ្លួន កាល​ពី​ឆ្នាំ​២០០៩ កន្លង​ទៅ ក្រោយ​ពី​បាន​ទទួល​ពាក្យ​បណ្ដឹង​ថា ស្ត្រី​ជន​រង​គ្រោះ​ជា​កម្មករ​រោងចក្រ​កាត់ដេរ ត្រូវ​បាន​គេ​យក​ទៅ​សណ្ឋាគារ​មួយ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​មាន​លោក មាស ចាន់ធឿន បាន​ជួយ​នាង​ចំនួន ២០០​ដុល្លារ​អាមេរិក ដោយសារ​តែ​គ្រួសារ​របស់​នាង​ក្រី​ក្រ និង​ឪពុក​របស់​នាង​មាន​ជំងឺ។

គេ​មិន​បាន​ឃើញ​ស្ត្រី​ជន​រង​គ្រោះ​មក​បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ​នោះ​ទេ ប៉ុន្តែ​លោក មាស ចាន់ធឿន ដែល​រង​ការ​ចោទ​ប្រកាន់​នោះ បាន​ពណ៌នា​ថា រូប​នាង និង​លោក​ស្រឡាញ់​គ្នា​លួច​លាក់ ដោយ​ស្ម័គ្រ​ចិត្ត៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល