ជនជាប់ចោទចំនួន ៣នាក់នោះ មានឈ្មោះ ទី១ មាស ចាន់ធឿន ភេទប្រុស រងការចោទថា បានជួញដូរពេស្យាចារកុមារ ក្រោមអាយុ ១៨ឆ្នាំ ឬទិញដូរព្រហ្មចារី, ទី២ ឈ្មោះ កើ សែ ភេទប្រុស រងការចោទថា ផ្សំគំនិត និងទី៣ ឈ្មោះ ចាន់ ពៅ ភេទស្រី រងការចោទថា ផ្សំគំនិត។
សវនាការជាច្រើនម៉ោងនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក កែ សាខន ជាប្រធានចៅក្រមជម្រះក្តី នៅក្នុងចំណោមចៅក្រមប្រឹក្សា ២នាក់ទៀត។
បញ្ហាសំខាន់នៅក្នុងការជជែកគ្នារកខុស រកត្រូវ នៅក្នុងសវនាការ រវាងមេធាវីរបស់ដើមចោទ និងមេធាវីរបស់ចុងចោទ គឺបញ្ហាអាយុរបស់ស្ត្រីជនរងគ្រោះ ពីព្រោះមានឯកសារមួយ បាននិយាយថា ជនរងគ្រោះមានអាយុ ១៩ឆ្នាំ និងឯកសារមួយទៀតបាននិយាយថា ជនរងគ្រោះដដែលនោះមានអាយុ ១៤ឆ្នាំ ទើបបានញ៉ាំងឲ្យមានការចាប់ខ្លួនមនុស្ស ៣នាក់ខាងលើនេះ ដើម្បីផ្ដន្ទាទោសតាមមាត្រាទី៣៤ នៃច្បាប់ស្ដីពីការប្រឆាំងការជួញដូរមនុស្ស និងការបង្ក្រាបអំពើជួញដូរផ្លូវភេទ។
មេធាវីការពារក្តីឲ្យគ្រួសារកុមារីរងគ្រោះ លោក អ៊ុក សារឿន បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទេ ក្រោយពីសវនាការចប់នៅថៃ្ងពុធនេះ ប៉ុន្តែលោកបានមានប្រសាសន៍នៅក្នុងសវនាការសួរដេញដោលគ្នានោះថា ជនជាប់ចោទឈ្មោះ មាស ចាន់ធឿន ពិតជាបានប្រព្រឹត្តអំពើជួញដូរព្រហ្មចារី បើទោះបីជាស្រ្តីរងគ្រោះមិនបានខូចខាតព្រហ្មចារី ឬខ្លួនប្រាណក៏ដោយ។ ការជួយប្រាក់ ២០០ដុល្លារអាមេរិកដល់ស្រ្តីរងគ្រោះជាកម្មករកាត់ដេរនោះ គឺក្នុងបំណងច្បាស់លាស់ ហុតទឹកសម្លឹងកាក។
លោក ទេព មុន្នីជាតិ ជាមេធាវីរបស់ជនជាប់ចោទចំនួន ៣នាក់ មកពីក្រុមហ៊ុនមេធាវី មហានគរ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ក្រោយពីសវនាការនោះថា ៖ «ពីព្រោះថា កូនក្ដីរបស់ខ្ញុំ គាត់ទៅលួចស្រឡាញ់នាងហ្នឹង។ ក្មួយស្រីម្នាក់ ដែលជាជនរងគ្រោះហ្នឹងគឺគាត់ជានីតិជន គាត់មានអាយុ ១៩ឆ្នាំ ហើយគាត់បានមកព្រមព្រៀង ដោយសារខ្លួនក្រពេក ចង់បានបុរសណាម្នាក់ជួយមើលថែរក្សាទៅ បានថវិកា ក៏ដូចជាលុយកាក់ ជួយឧបត្ថម្ភ គាំទ្រ ដោយសារឪពុកម្ដាយឈឺ។ បើគិតពីរឿងច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺកូនក្ដីរបស់ខ្ញុំអត់មានកំហុសទេ។ តែបើគិតពីសីលធម៌ និងរដ្ឋធម្មនុញ្ញរបស់យើង គឺហាមមិនឲ្យមានប្រពន្ធ ២។ ប៉ុន្តែបើសិនជាគាត់ទៅលួចចុះសំបុត្រអាពាហ៍ពិពាហ៍វិញ ទើបគាត់មានកំហុសផ្នែកឯកពន្ធភាព។ ការសន្និដ្ឋានរបស់ខ្ញុំនៅក្នុងអង្គសវនាការមិញហ្នឹង គឺទទូចសុំឲ្យអ្នកទាំងបី រួចផុតពីការចោទប្រកាន់ ពីព្រោះចរិតនៃការប្រព្រឹត្តបទល្មើស គឺអត់មានទាល់តែសោះ!»។
ជនជាប់ចោទចំនួន ៣នាក់ មានឈ្មោះ ចាន់ ពៅ ជាកម្មកររោងចក្រកាត់ដេរ, ឈ្មោះ មាស ចាន់ធឿន និងឈ្មោះ កើ សែ ជាបុគ្គលិកក្រុមហ៊ុនប្រេងឥន្ធនៈមួយ នៅក្នុងទីក្រុងភ្នំពេញ ត្រូវបាននគរបាលបានចាប់ខ្លួន កាលពីឆ្នាំ២០០៩ កន្លងទៅ ក្រោយពីបានទទួលពាក្យបណ្ដឹងថា ស្ត្រីជនរងគ្រោះជាកម្មកររោងចក្រកាត់ដេរ ត្រូវបានគេយកទៅសណ្ឋាគារមួយ នៅក្នុងទីក្រុងភ្នំពេញ ដោយមានលោក មាស ចាន់ធឿន បានជួយនាងចំនួន ២០០ដុល្លារអាមេរិក ដោយសារតែគ្រួសាររបស់នាងក្រីក្រ និងឪពុករបស់នាងមានជំងឺ។
គេមិនបានឃើញស្ត្រីជនរងគ្រោះមកបង្ហាញខ្លួននៅក្នុងសវនាការនោះទេ ប៉ុន្តែលោក មាស ចាន់ធឿន ដែលរងការចោទប្រកាន់នោះ បានពណ៌នាថា រូបនាង និងលោកស្រឡាញ់គ្នាលួចលាក់ ដោយស្ម័គ្រចិត្ត៕