នរណា​ជា "វីរបុរស" ក្នុង​សង្គម​ខ្មែរ

មជ្ឈដ្ឋាន​ជា​ច្រើន​មើល​ឃើញ​ការ​ឲ្យ​ងារ​ជន​ណា​ម្នាក់​ជា វីរបុរស ហាក់​នៅ​មាន​ភាព​ស្ទាក់​ស្ទើរ​ពី​សង្គម​ខ្មែរ។
ដោយ តាំង សារ៉ាដា
2012.05.09

ពាក្យ​ថា​វីរបុរស​មានន័យថា គឺ​ជា​ជន​ណា​ម្នាក់​ដែល​ហ៊ាន​លះបង់​ប្រយោជន៍​របស់​ខ្លួន ដើម្បី​ប្រយោជន៍​ទូទៅ​សម្រាប់​សហគមន៍ និង​សង្គម ហើយ​ដែល​អ្នក​ផ្សេង​ធ្វើ​មិន​ដូច។ សម្រាប់​បរិបទ​ប្រទេស​កម្ពុជា​វិញ គេ​ឃើញ​មាន​មនុស្ស​ជាច្រើន ដែល​អាច​ចាត់​ជា​វីរបុរស​បាន ប៉ុន្តែ​ងារ​នេះ​នៅតែ​កប់​ក្នុង​បាត​សង្គម​ដដែល។

មាន​មតិ​ខ្លះ​លើកឡើង​ថា ភាព​លំបាក​របស់​សង្គម ឬ​ក្រុម​មេដឹកនាំ​ខ្មែរ​ក្នុង​ការ​ហៅ​ងារ​នេះ គឺ​ដោយសារ​អ្នក​ទាំង​នោះ​ប្រកាន់​នូវ​ទស្សនៈ​ទេវ​រាជា​ខ្លាំង​ពេក។

លទ្ធិ​ទេវ​រាជា​នេះ មាន​បន្សល់​ទុក​តាំងពី​សម័យ​អង្គរ​មក​ម្ល៉េះ។ ព្រះ​រាជា​ដែល​គ្រងរាជ្យ​តែង​អភិសេក​ខ្លួន​ឯង​អោយ​ក្លាយ​ជា​ទេវៈ ឬ​អាទិទេព ថ្វីត្បិតតែ​ជួនកាល​ព្រះរាជា​ទាំង​នោះ ខ្លះ​ឡើង​គ្រង​រាជ្យ​តាម​ការ​បង្ហូរ​ឈាម ហើយ​មិន​ទាំង​ជាប់​សែស្រឡាយ​ព្រះញាតិវង្ស​ក៏ដោយ។

សាស្ត្រាចារ្យ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា វប្បធម៌​របស់​ខ្មែរ​មិនសូវ​មាន​ការ​លើក​តម្កើង​អ្នក​ដទៃ គឺ​ដោយសារ​មេដឹកនាំ​សឹង​គ្រប់​ជំនាន់​មិនសូវ​មាន​ចំណេះ​ដឹង មេដឹកនាំ​ដែល​កើត​ចេញ​ពី​រដ្ឋ​ប្រហារ ឬ​ធ្វើបដិវត្តន៍។

លោក​មានប្រសាសន៍​បន្ត​ថា នៅ​តាម​បណ្ដា​ប្រទេស​​ជឿនលឿន គេ​សង្កេតឃើញ​មេដឹកនាំ​នៃ​ប្រទេស​នោះ​តែង​លើក​តម្កើង​អ្នក​ដែល​ហ៊ាន​លះបង់​សេចក្ដី​សុខ​របស់​ខ្លួន ដើម្បី​សេចក្ដី​សុខ​នៃ​មនុស្ស​ភាគច្រើន ហើយ​មេដឹកនាំ​នៃ​ប្រទេស​ទាំងនោះ​ថែម​ទាំង​បាន​រក្សា ឬ​កសាង​រូបសំណាក​មនុស្ស​ដែល​មាន​ឆន្ទៈ​បែប​នេះ ដាក់​បង្ហាញ​តាម​ទី​សាធារណៈ ដើម្បី​ទុកឲ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ស្គាល់។

រហូត​មក​ទល់​ពេលនេះ​គេ​នៅ​មិនសូវ​ឃើញ​មាន​រូបសំណាក​នៃ​វីរបុរស ឬ​បុព្វបុរស​ខ្មែរ​ដែល​ធ្លាប់​មាន​ស្នាដៃ​ការពារ​សិទ្ធិ និង​ការពារ​ទឹកដី ដាក់​បង្ហាញ​តាម​ទី​សាធារណៈ​នោះ​ទេ។

លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា មេដឹកនាំ​ខ្មែរ​សឹង​គ្រប់​ជំនាន់​តែង​កម្ទេច​អ្វី​ដែល​បន្សល់​ទុក ហើយ​លើក​បន្តុប​នូវ​សមិទ្ធផល​របស់​ខ្លួន​ជំនួស។ លោក​បន្ត​ថា កត្តា​ទាំងនេះ​គឺ​ភាគច្រើន​កើត​ចេញពី​ភាព​ច្រណែន និង​ខ្វះ​ការ​ជឿជាក់​លើ​សមត្ថភាព​របស់​ខ្លួន។

វីរជន ឬ វីរបុរស នេះ​ត្រូវ​បាន​បែងចែក​ជាច្រើន​ផ្នែក​ដូចជា ខាង​ផ្នែក​អក្សរសាស្ត្រ វប្បធម៌ នយោបាយ ការពារ​ធនធាន​ធម្មជាតិ អធិបតេយ្យភាព និង​ខាង​ការពារ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ។            

ចំណែក​សាស្ត្រាចារ្យ​ខាង​ផ្នែក​ប្រវត្តិសាស្ត្រ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក សំបូរ មាណ្ណារ៉ា មាន​ប្រសាសន៍​ថា ពាក្យ​ថា វីរជន ឬ វរជន មានន័យ​ខុសគ្នា។ លោក​ពន្យល់​ថា វីរជន ឬ វីរបុរស បាន​ន័យ​ថា ជា​មនុស្ស​ដែល​មាន​ឆន្ទៈ​អង់អាច​ក្លាហាន ធ្វើអ្វី​មួយ​វិជ្ជមាន ដើម្បី​ប្រយោជន៍​ជាតិ ហើយ​ដែល​មនុស្ស​ដទៃ​ធ្វើ​មិន​ដូច ហើយ​រី​ឯ​ពាក្យ​ថា វរជន វិញ មាន​ន័យ​ថា មនុស្ស​ដែល​មាន​អំណាច បុណ្យ​ស័ក្ដិ​ខ្ពង់ខ្ពស់។ លោក​បញ្ជាក់​ថា ប្រសិនបើ​គ្មាន​ក្រុម​វីរជន​ទេ នោះ​ក្រុម​វរជន​ក៏​មិន​អាច​កើត​មាន​បាន​ដែរ។

ទាំង​លោក​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា និង លោក​សាស្ត្រាចារ្យ សុខ ទូច មាន​ប្រសាសន៍​ដូចគ្នា​ថា កម្ពុជា​មាន​វីរជន​ជាច្រើន​ដែល​គេ​មិន​ត្រូវ​រារែក​ក្នុង​ការ​ឲ្យ​តម្លៃ​អ្នក​ទាំងនោះ​ជា​វីរបុរស​ដូចជា លោក ជា វិជ្ជា សកម្មជន​ការពារ​សិទ្ធិ​កម្មករ និង​លោក ឈុត វុទ្ធី សកម្មជន​ការពារ​ព្រៃឈើ។

លោក សំបូរ មាណ្ណារ៉ា និង លោក​បណ្ឌិត សុខ ទូច បាន​ហៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​វីរបុរស ដោយ​លោក​ជា​អ្នក​ផ្សះផ្សា​ជាតិ​ហើយ​នាំ​មក​នូវ​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ។

ទោះបីជា​យ៉ាងណាក៏ដោយ លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស និង​ជា​អ្នកចូលរួម​ក្នុង​កិច្ចការពារ​សិទ្ធិ​មនុស្ស​ដែរ​នោះ បាន​ច្រានចោល​ការ​វាយ​តម្លៃ​របស់​សាស្ត្រាចារ្យ​ទាំងពីរ​នេះ។

លោក​មាន​ប្រសាសន៍​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​អាច​ចាត់​ទុក​ថា ជា​វីរបុរស​បាន​ទេ ពីព្រោះ​ការដឹកនាំ​របស់​លោក​បាន​ធ្វើ​អោយ​បាត់បង់​សម្បត្តិ​ធម្មជាតិ ពលរដ្ឋ​រងទុក្ខ​វេទនា​សឹង​ទូទាំង​ប្រទេស​ដោយ​គោលនយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច និង​អំពើ​ពុករលួយ​ក្នុង​សង្គម។

ជុំវិញ​ភាព​អល់អែក​នៃ​សង្គម​ខ្មែរ​ក្នុង​ហៅ​ជន​ក្លាហាន​ដ៏​ឆ្នើម​ណា​ម្នាក់​ថា​ជា​វីរបុរស នោះ លោក​ បណ្ឌិត ឡៅ ម៉ុងហៃ បាន​ចូលរួម​បកស្រាយ​ថា ប្រទេស​ណា​ដែល​គ្មាន​វីរបុរស ប្រទេស​នោះ​មិន​អាច​មាន​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​បាន​ឡើយ។

លោក​បណ្ឌិត មាន​ប្រសាសន៍​ថា សង្គម​កម្ពុជា​គួរ​រៀន​សូត្រ​តាម​បណ្ដា​ប្រទេស​ដែល​មាន​អារ្យធម៌​ជឿនលឿន​ក្នុង​ការ​គោរព និង​ផ្ដល់​តម្លៃ​ដល់​វីរជន​របស់​គេ សូម្បី​ជន​នោះ​ជា​មនុស្ស​គ្មាន​អំណាច​ក៏ដោយ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​បន្ត​ថា ការ​អនុវត្ត​គោលការណ៍​លើក​តម្កើង​អ្នកមាន​សមត្ថភាព​ប្រកប​ដោយ​សីលធម៌ និង​សេចក្ដីថ្លៃថ្នូរ​ឲ្យ​ធ្វើ​ធំ គួរ​ចាប់​ផ្ដើម​ចេញ​ពី​ក្រុម​សង្គម​តូច​ជាមុន ដើម្បី​បណ្ដុះ​ផ្នត់គំនិត​នេះ​ដល់​សង្គម​ទាំងមូល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។