អង្គការអន្តរជាតិឃ្លាំមើលការរំលោភសិទ្ធិមនុស្ស ឈ្មោះ យូមិន រ៉ៃ វ៉ច្ច បានចេញផ្សាយសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃទី២៩ ខែវិច្ឆិកា សុំឲ្យព្រឹទ្ធសភាពិចារណា កាត់ចោលមាត្រានៅក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីពន្ធនាគារ ដែលអនុញ្ញាតឲ្យប្រើពលកម្មអ្នកជាប់ទោស ដើម្បីផលិតទំនិញលក់ឲ្យក្រុមហ៊ុននានា។
អង្គការ យូមិន រ៉ៃ វ៉ច្ច បានចាត់ទុកថា ការអនុញ្ញាតឲ្យប្រើអ្នកទោសធ្វើការដើម្បីផលិតវត្ថុប្រើប្រាស់ សម្រាប់លក់ដូរ ជាការរំលោភលើកាតព្វកិច្ចរបស់ប្រទេសកម្ពុជា ដែលជាហត្ថលេខីមួយរបស់អនុសញ្ញាអន្តរជាតិរបស់អង្គការពលកម្មអន្តរជាតិ (ILO) ត្រង់ចំណុចពលកម្មបង្ខំ។
ជាមួយនោះដែរ ការអនុញ្ញាតនេះបានធ្វើឲ្យប្រទេសជាដៃគូពាណិជ្ជកម្មកម្ពុជា ស្ថិតក្នុងសភាពប្រឈមជាមួយគ្រោះថ្នាក់ ដោយការនាំចូលទំនិញជាខោអាវដេរស្រាប់ និងស្បែកជើងពីប្រទេសកម្ពុជា ដែលធ្វើឡើងជាស្នាដៃអ្នកជាប់ទោស ដែលជាការខុសច្បាប់។
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) អនុប្រធានប្រចាំតំបន់អាស៊ីរបស់អង្គការ យូមិន រ៉ៃ វ៉ច្ច បានមានយោបល់ថា ការអនុញ្ញាតឲ្យក្រុមហ៊ុននានារកប្រាក់ចំណេញបានដោយសារអ្នកជាប់ទោស គឺជាគោលនយោបាយអាស្រូវ ដែលបំផ្លាញកេរ្តិ៍ឈ្មោះ មានជាយូរមកហើយរបស់ប្រទេសកម្ពុជា ថា ជាប្រទេសមានការប្រើប្រាស់ពលករត្រឹមត្រូវក្នុងការផលិតទំនិញ។
លោក ហ្វីល រ៉ូប៊ឺតសុន បានជំរុញឲ្យប្រទេសជាដៃគូជំនួញជាមួយកម្ពុជា ត្រូវតែនិយាយចេញអំពីការមិនត្រឹមត្រូវនោះ ជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជា នៅភ្នំពេញ និងបញ្ឈប់ការសម្រេចនោះ។
ស្របគ្នានេះដែរ អង្គការ យូមិន រ៉ៃ វ៉ច្ច បានស្នើសុំឲ្យរដ្ឋាភិបាលជំរុញឲ្យព្រឹទ្ធសភាកម្ពុជា ពិនិត្យឡើងវិញនូវសេចក្ដីព្រាងច្បាប់ស្ដីពីពន្ធនាគារ ដែលអនុញ្ញាតឲ្យមានការប្រើអ្នកទោសផលិតទំនិញនេះ។
លោក នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានច្រានចោលការចោទប្រកាន់របស់អង្គការអន្តរជាតិឃ្លាំមើលការរំលោភសិទ្ធិមនុស្ស ឈ្មោះ យូមិន រ៉ៃ វ៉ច្ច។
លោកបានមានប្រសាសន៍ថា ការឲ្យអ្នកទោសផលិតសម្ភារៈដើម្បីលក់ដូរ ប្រើប្រាស់ក្នុងស្រុកនោះ មិនមានខុសច្បាប់អន្តរជាតិទេ៖ «បើសិនណាជាមានការពាក់ព័ន្ធជាមួយការនាំទំនិញចេញទៅក្រៅបើវាពាក់ព័ន្ធជាមួយអង្គការពាណិជ្ជកម្មពិភពលោក យើងអត់នាំចេញទៅក្រៅទេ។ យើងធ្វើផលិតនៅក្នុងប្រទេស យើងលក់នៅក្នុងប្រទេស។ ប៉ះពាល់រឿងអី? បើពលកម្មយើងជាពលកម្មដោយស្ម័គ្រចិត្ត។ យើងផលិតដើម្បីប្រើប្រាស់នៅក្នុងប្រទេសទេ។ យើងអត់នាំចេញទៅក្រៅទេ»។
ទាក់ទងជាមួយការគោរពតាមកតិកាសញ្ញាពលកម្មអន្តរជាតិ លេខ ២៩ (ILO Convention No 29) និងការគោរពតាមគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងការហាមប្រើអ្នកទោសឲ្យផលិតទំនិញនាំចេញនោះ លោក ទន់ សោភ័ណ មន្ត្រីអង្គការពលកម្មអន្តរជាតិនៅកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា ការរំលោភលើការហាមប្រាមរបស់កតិកាសញ្ញាទាំងនេះ អាចមានផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ធ្ងន់ធ្ងរជាមិនខាន។
របាយការណ៍របស់អង្គការ យូមិន រ៉ៃ វ៉ច្ច បានដកស្រង់ព័ត៌មានមួយចំនួនដែលបានចុះផ្សាយក្នុងប្រព័ន្ធឃោសនានានា របស់កម្ពុជា និងព័ត៌មានមួយចំនួនរបស់អង្គការមិនមែនរដ្ឋាភិបាលទទួលបាន បានឲ្យដឹងថា តាំងពីឆ្នាំ២០០៩ កន្លងមក មានការរកឃើញថា មានការផលិតទំនិញមួយចំនួនដោយអ្នកទោសនៅកម្ពុជា ដើម្បីនាំចេញ។ អ្នកទោសទាំងនោះជាប់ឃុំនៅភ្នំពេញ នៅខែត្រកណ្ដាល តាកែវ និងបាត់ដំបង។
របាយការណ៍របស់អង្គការ យូមិន រ៉ៃ វ៉ច្ច បានលើកឡើងថា លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មធ្លាប់បានបដិសេធថា ជាការមិនពិត និងបានឲ្យដឹងថា ទំនិញទាំងនោះផលិតដោយអ្នកចុះកុងត្រារាយរងដែលមិនមានចុះបញ្ជីការ។
លោក ហ្វីល រ៉ូប៊ឺតសុន អនុប្រធានប្រចាំតំបន់អាស៊ី របស់អង្គការ យូមិន រ៉ៃ វ៉ច្ច បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា វាជាការស្រឡាំងកាំងមួយដែលប្រទេសកម្ពុជា ពឹងផ្អែកលើការនាំចេញទំនិញ ដែលប្រើពលកម្មច្រើនដូចជា ខោអាវ ស្បែកជើង ហ៊ានសាកល្បងឆ្លងកាត់ខ្សែបន្ទាត់ក្រហម ចូលចំណុចហាមឃាត់ក្នុងពាណិជកម្ម ដូចជាការប្រើពលកម្មអ្នកទោសនេះជាដើម។
ទោះបីជាដោយសារការព្រងើយកន្តើយ ឬការលោភលន់ក៏ដោយ អ្នកគូសវាសនយោបាយកម្ពុជា លើបញ្ហានេះ កំពុងតែបាញ់ជើងខ្លួនឯងហើយ។ ប្រសិនបើរដ្ឋាភិបាលមិនលូកចូលទប់ស្កាត់ទេនោះ រឿងនេះវាអាស្រ័យលើសកម្មភាពរបស់ដៃគូពាណិជ្ជកម្មកម្ពុជា តែប៉ុណ្ណោះ។
ក្នុងពេលអនុម័តច្បាប់ស្ដីពីពន្ធនាគារកន្លងទៅនៅរដ្ឋសភា លោក យឹម សុវណ្ណ តំណាងរាស្ត្រមកពីគណបក្ស សម រង្ស៊ី ធ្លាប់បានព្រមានម្ដងហើយថា ការកំណត់ពីការលក់កម្លាំងពលកម្មក្នុងពន្ធនាគារ ដូច្នេះវាជាការរំលោភលើច្បាប់អន្តរជាតិហើយ។
លោក យឹម សុវណ្ណ បានលើកឡើងថា បើសិនជាកម្ពុជា អនុវត្តការប្រើកម្លាំងក្នុងពន្ធនាគារនេះអាចធ្វើឲ្យអន្តរជាតិបញ្ឈប់កិច្ចសន្យាទិញផលិតផលឧស្សាហកម្មកាត់ដេរពីកម្ពុជា រឿងនេះមុខជាប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ជាមិនខាន។
ប៉ុន្តែលោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានចូលការពារច្បាប់នោះ បានច្រានចោលការលើកឡើងរបស់លោក យឹម សុវណ្ណ។ លោកបានមានប្រសាសន៍ថា ការកំណត់ប្រើប្រាស់ពលកម្មក្នុងពន្ធនាគារ គឺរដ្ឋាភិបាលចង់ឲ្យអ្នកជាប់ឃុំមានជំនាញ និងមុខរបរចិញ្ចឹមជីវិតនៅពេលចេញពីការឃុំខ្លួន។ ការធ្វើនោះ គឺដោយស្ម័គ្រចិត្ត និងមិនផ្ទុយពីច្បាប់ជាតិ និងអន្តរជាតិទេ។
សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងពន្ធនាគារនេះ មាន ១១ជំពូក និងចែកចេញជា ៨៥មាត្រា។ ច្បាប់នេះបានត្រូវរដ្ឋសភាអនុម័តកាលពីថ្ងៃទី៧ វិច្ឆិកា កន្លងទៅ ហើយបានបញ្ជូនទៅព្រឹទ្ធសភា ដើម្បីពិភាក្សាអនុម័តនៅពេលខាងមុខនេះ។
មាត្រា ៧១ នៃច្បាប់ស្ដីពីពន្ធនាគារបានចែងថា បន្ទាប់ពីមានការយល់ព្រមពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារមានសិទ្ធិចុះកិច្ចសន្យាជាមួយរូបវន្តបុគ្គល ឬនីតិបុគ្គល ឬអង្គការជាតិ អន្តរជាតិ ដើម្បីបង្កើតការងារសម្រាប់កម្មវិធីឧស្សាហកម្ម សិប្បកម្ម កសិកម្ម ពន្ធនាគារ និងមានសិទ្ធិចុះកិច្ចសន្យាលក់ផលិតផលឧស្សាហកម្ម សិប្បកម្ម និងកសិកម្មពន្ធនាគារ៕