ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ ២០១០

មេដឹកនាំ​សង្គម​ស៊ីវិល និង​តំណាង​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​បញ្ឈប់​ការ​ប្រើ​ហិង្សា​បណ្ដេញ​ប្រជាពលរដ្ឋ​ទាំង​បង្ខំ​ចេញ​ពី​លំនៅ​ទាំង​មិន​មាន​ដំណោះ​​ស្រាយ​ឲ្យ​បាន​សមរម្យ។

ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ លើក​ទី​៦២ ឆ្នាំ​២០១០​នេះ ប្រារព្ធ​ឡើង​ក្រោម​ប្រធាន​បទ «យើង​រួម​គ្នា​ការពារ​សិទ្ធិ​មនុស្ស និង​បញ្ឈប់​ការ​រើសអើង​ប្រឆាំង​អ្នក​ការពារ​សិទ្ធិ​មនុស្ស»។

ថ្លែង​នៅ​ក្នុង​ទិវា​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជិត ៥០​អង្គការ-​សមាគម​នៅ​កម្ពុជា បាន​អះអាង​ថា ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺ​មិន​ទាន់​ប្រសើរ​នៅ​ឡើយ​នៅ​កម្ពុជា និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​ពង្រឹង​ថែម​ទៀត។

លោក ធន សារាយ ប្រធាន​សម្របសម្រួល​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ-​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​​​​​​ក្នុង​ទិវា​សិទ្ធិ​មនុស្ស ១០ ធ្នូ នៅ​សួន​ច្បារ​មុខ​វត្ត​បទុមវតី​ថា រយៈពេល ១៩​ឆ្នាំ ក្រោយ​កិច្ច​ព្រមព្រៀង​​សន្តភាព​ទីក្រុង​ប៉ារីស ដែល​​​​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ប្ដេជ្ញា​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស គឺ​មិន​ទាន់​ល្អ​នោះ​ទេ។

លោក​ឲ្យ​ដឹង​ថា អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា មាន​ដូច​ជា ការ​ជម្លៀស​ដោយ​បង្ខំ ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ គាប​សង្កត់​អ្នក​មាន​មតិ​ប្រឆាំង ការ​គំរាមកំហែង​ទៅ​លើ​សកម្មជន​ការពារ​​សិទ្ធិ​មនុស្ស ការ​រឹតត្បិត​លើ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​បាតុកម្ម​ដោយ​សន្តិវិធី ព្រម​ទាំង​ទម្រង់​នៃ​ការ​រំលោភ​​បំពាន​សិទ្ធិ​មនុស្ស​​ជា​ច្រើន​ទៀត។ លោក ធន សារាយ ដែល​ជា​ប្រធាន​សមាគម​អាដហុក ផង​នោះ បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​កែ​តម្រូវ​ចំណុច​ខ្វះខាត​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ជាង​ពេល​បច្ចុប្បន្ន ដោយ​ហេតុ​ថា កម្ពុជា​ក៏​ជា​រដ្ឋ​ហត្ថលេខី​នៃ​កតិកា​សញ្ញា​ស្ដីពី​សិទ្ធិ​មនុស្ស​ជា​សមាជិក​នៃ​អង្គការ​សហ​​​​ប្រជាជាតិ​​ផង​ដែរ។

លោក គ្រីស្តូហ្វ ប៉េស៊ូ (Christoph Peschoux) អ្នក​តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​​​​​​​​​​​​​​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​តាម​រយៈ​អ្នក​បក​ប្រែ​ភាសា​នៅ​ក្នុង​ពិធី​ថា អ្នក​ការពារ​សិទ្ធិ​មនុស្ស​អាច​ជា​មន្ត្រី​រដ្ឋាភិបាល ហើយ​ជា​បឋម​គួរ​តែ​​ជា​មន្ត្រី​រដ្ឋាភិបាល ព្រោះ​ថា ទំនួល​ខុស​ត្រូវ​ដំបូង​គេ​បំផុត​ក្នុង​ការ​លើក​ស្ទួយ និង​ការពារ​​​សិទ្ធិ​មនុស្ស​​ជា​​​​​បន្ទុក​របស់​រដ្ឋាភិបាល។ ដូច្នេះ​​មាន​ន័យ​ថា រដ្ឋាភិបាល​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​អំពី​សិទ្ធិ​មនុស្ស​ក្នុង​ការ​លើក​ស្ទួយ និង​ការពារ​ពួក​គេ មិន​ត្រឹម​តែ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សំខាន់​បំផុត​រួម​ទាំង​សកម្មភាព​ផង​ដែរ។

លោក គ្រីស្តូហ្វ មាន​ប្រសាសន៍​បន្ថែម​ថា ៖ "សិទ្ធិ​មនុស្ស​ឆ្លុះ​បញ្ចាំង​អំពី​សេចក្ដី​ប្រាថ្នា​ដ៏​ជ្រាលជ្រៅ​របស់​មនុស្ស​គ្រប់​រូប ក្នុង​ការ​ទទួល​បាន​ការ​ប្រព្រឹត្ត​មក​លើ​ខ្លួន​ដោយ​ការ​គោរព​ពី​អ្នក​ដទៃ ជា​ពិសេស​ពី​រដ្ឋាភិបាល ដើម្បី​ទទួល​បាន​ជីវភាព​រស់​នៅ​ពេញលេញ។ សិទ្ធិ​មនុស្ស​​​សំដៅ​​​ទៅ​លើ​សេរីភាព ការ​គោរព ការ​សហការ និង​ការ​ទទួល​ខុស​ត្រូវ។ សិទ្ធិ​មនុស្ស​ជា​តម្លៃ​ស្នូល​នៃ​ការ​រស់​នៅ​ជាមួយ​​​​​គ្នា ដែល​ផ្ដល់​តម្លៃ​ដល់​ជីវិត​បុគ្គល និង​ជា​សមូហភាព។ នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​សិទ្ធិ​មនុស្ស​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ និង​ស្រលាញ់​​​​​ទូទាំង​ពិភពលោក"

សេចក្ដី​ប្រកាស​ជា​សកល​ស្ដី​ពី​សិទ្ធិ​មនុស្ស ត្រូវ​បាន​អនុម័ត​ដោយ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​១៩៤៨។ សេចក្ដី​ប្រកាស​នេះ បាន​ទទួល​ស្គាល់​នូវ​សិទ្ធិ និង​សេរីភាព​ជា​មូលដ្ឋាន​របស់​មនុស្ស​ទាំង​អស់ ទាំង​ស្ត្រី និង​បុរស នៅ​គ្រប់​ទី​កន្លែង​ទាំង​អស់​នៅ​ទូទាំង​ពិភពលោក ដោយ​មិន​មាន​ការ​រើស​អើង​អ្វី​ទាំង​អស់។

ចាប់​តាំង​ពី​ត្រូវ​បាន​អនុម័ត​នៅ​ឆ្នាំ​១៩៤៨ រួច​មក សេចក្ដី​ប្រកាស​នេះ​ត្រូវ​ចាត់​ទុក​ថា ជា​បទដ្ឋាន​សាកល​មួយ​នៃ​សមិទ្ធផល​របស់​មនុស្ស​គ្រប់​ប្រជាជាតិ​ទាំង​អស់។

ការិយាល័យ​ឧត្ដម​ស្នងការ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​លើក​ទី​៦២​នេះ​ថា ៖ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​លើក​តម្កើង​ការ​គោរព​សិទ្ធិ​មនុស្ស ជា​អ្នក​ដែល​ហ៊ាន​និយាយ​ចេញ​អំពី​ការ​រំលោភ​បំពាន រួម​ទាំង​ការ​រើសអើង ការ​មិន​រាប់​បញ្ចូល ការ​ដាក់​សម្ពាធ និង​ហិង្សា​នានា។ ដូច​នេះ​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​បើក​ឱកាស​ឲ្យ​មាន​ការ​បញ្ចេញ​មតិ ព្រម​ទាំង​បញ្ឈប់​ការ​រើស​អើង​ប្រឆាំង​នឹង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ក្នុង​ការ​បំពេញ​តួនាទី​ជួយ និង​ការពារ​ដល់​ជន​រង​គ្រោះ​ដោយ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​គ្រប់​ទម្រង់​ទាំង​អស់ ទោះ​ជា​នៅ​ទី​កន្លែង​ណា និង​នៅ​ពេល​​ណា​ក៏ដោយ។

លោក សេវ ត្វែល តំណាង​សហគមន៍​ជនជាតិ​ដើម​ចារ៉ាយ មក​ពី​ខេត្ត​រតនគិរី បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​ការ​ផ្ដល់​សម្បទាន​​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍន៍ ការ​រុក​រក​រ៉ែ​មាស​គ្រប់​ប្រភេទ បញ្ឈប់​ការ​កាប់​ព្រៃ​ឈើ ជា​ពិសេស​ឲ្យ​បញ្ឈប់​ការ​​​បណ្ដេញ​ជនជាតិ​ដើម​ភាគ​តិច​ពួក​គេ​ចេញ​ពី​ទី​តាំង​ធ្លាប់​រស់​នៅ និង​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បន្ត​ទៀត។

លោកស្រី ខារ៉ូល រ៉ដលី (Carol Rodley) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ដែល​បាន​ចូល​រួម​ក្នុង​ទិវា​ប្រារព្ធ​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ មាន​ប្រសាសន៍​តាម​សំឡេង​អ្នក​បក​ប្រែ​ភាសា ក្រៅ​ពី​បាន​ទទួល​ស្គាល់​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​​កម្ពុជា នៅ​មាន​ចំណុច​ខ្វះខាត។ លោកស្រី​ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ សូម​សហការ​គ្នា​ជំរុញ​ឲ្យ​មាន​ការ​គោរព​​សិទ្ធិ​មនុស្ស​ឲ្យ​បាន​​​​​ទាំង​អស់​គ្នា​ជាមួយ​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស ក៏​ដូច​ជា​រដ្ឋាភិបាល ទើប​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មាន​​ភាព​ប្រសើរ​ទៅ​​ថ្ងៃ​​​​​អនាគត។

លោកស្រី ខារូល រ៉ដលី មាន​ប្រសាសន៍​បន្ថែម ៖ "ខ្ញុំ​សូម​ជំរុញ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ដែល​បាន​ចូល​រួម​នៅ​ថ្ងៃ​នេះ ពិចារណា​អំពី​តួនាទី​ដែល​អ្នក​​អាច​​ធ្វើ​បាន​នៅ​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​សម្រាប់​ពលរដ្ឋ​ទូទៅ។ ប្រសិន​បើ​យើង​ទាំង​អស់​គ្នា​អាច​ធ្វើ​ដូច្នេះ​បាន យើង​ទាំង​អស់​គ្នា​មិន​ត្រឹមតែ​ការពារ​អ្នក​ដទៃ​ទេ យើង​ថែម​ទាំង​បាន​ការពារ​ខ្លួន​យើង​ទៀត​ផង ហើយ​តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​នេះ បញ្ហា​រើស​​​អើង​នឹង​អាច​ដោះស្រាយ​បាន​ដោយ​ពិត​ប្រាកដ ហើយ​ការ​ការពារ​សិទ្ធិ​មនុស្ស អាច​នឹង​ត្រូវ​បាន​ជំរុញ​បន្ថែម​ទៀត"

ផ្ទុយ​ពី​ការ​អះអាង​ខាង​លើ លោកស្រី ម៉ែន ម៉ាលី ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​ទទួល​ពាក្យ​បណ្ដឹង និង​អង្កេត​នៃ​ព្រឹទ្ធ​សភា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​លើ​គ្រប់​វិស័យ។

ទោះ​យ៉ាង​នេះ​ក្ដី លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី ដែល​បាន​ទៅ​ចូល​រួម​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ​នេះ​ដែរ មាន​ប្រសាសន៍​ថា សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជា​ពិសេស​ឆ្នាំ​២០១០​នេះ រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​គោរព​បាន​ទេ និង​មាន​រូបភាព​កាន់​​តែ​អាក្រក់។

លោក សុន ឆ័យ មាន​ប្រសាសន៍​បន្ថែម ៖ «មូលហេតុ​នៃ​ធ្លាក់​ចុះ​ការ​គោរព​សិទ្ធិ​មនុស្ស ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នោះ គឺ​ដោយសារ​តែ​ប្រទេស​កម្ពុជា ដើរ​ចេញ​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ គឺ​រដ្ឋបាល អ្នក​គ្រប់គ្រង​បាន​ប្រើប្រាស់​ស្ថាប័ន​ជាតិ​ទៅ​ជា​កម្មសិទ្ធិ​ផ្ដាច់ការ​របស់​គណបក្ស​កាន់​អំណាច ហើយ​បាន​ប្រើប្រាស់​ស្ថាប័ន​ទាំង​នោះ​ក្នុង​ការ​ទាញ​យក​ផល​ប្រយោជន៍​ផ្ទាល់​មក​គណបក្ស​ខ្លួន»

ការ​អបអរសាទរ​ខួប​លើក​ទី​៦២ ​​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ​នេះ សកម្មជន និង​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ​បាន​​ដើរ​ដង្ហែ​ក្បួន និង​ជួបជុំ​ថ្លែងការណ៍​ក្នុង​ទ្រង់ទ្រាយ​ធំ នៅ​រាជធានី​ភ្នំពេញ ដោយ​ដង្ហែ​ក្បួន​តាម​ផ្លូវ​ជួរ​មាត់​ទន្លេ ចាប់​ពី​វត្ត​ភ្នំ ទៅ​កាន់​សួនច្បារ​មុខ​វត្ត​បទុមវតី ក្រោម​​ការ​ឃ្លាំមើល និង​សម្រួល​ចរាចរណ៍​ពី​សមត្ថកិច្ច​ប៉ូលិស។

ពិធី​អបអរសាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ ក៏​មាន​ការ​ចូល​រួម​ដោយ​ឯកអគ្គរដ្ឋទូត​បារាំង តំណាង​ស្ថានទូត​ជប៉ុន មេដឹកនាំ​សហជីព​កម្មករ តំណាង​ជន​ជាតិ​ដើម​ភាគ​តិច និង​សិស្ស​និស្សិត ព្រម​ទាំង​ប្រជាពលរដ្ឋ​ជាង ៤​ពាន់​នាក់​បាន​ចូល​រួម៕