ស្ថានភាព​ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​​នៅ​ខេត្ត​បាត់ដំបង

ការ​ជួញដូរ​មនុស្ស និង​ការ​ធ្វើ​អាជីវកម្ម​លើ​ផ្លូវ​ភេទ​ ជា​អំពើ​ដែល​មាន​ការ​ផ្ដន្ទា​ទោស​ធ្ងន់ធ្ងរ។ តាម​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​អាច​ជាប់​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ។

0:00 / 0:00

នៅ​ក្នុង​ខេត្ត​បាត់ដំបង ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​នៅ​តែ​កើត​មាន ក៏​ប៉ុន្តែ​រូបភាព​នៃ​ការ​ធ្វើ​អាជីវកម្ម​នេះ​មាន​ការ​ផ្លាស់ប្ដូរ​ខុស​ពី​មុន។

បន្ទាប់​ពី​ព្រះអាទិត្យ​លិច​បាត់​ពន្លឺ​ទៅ នៅ​ពេល​ល្ងាច​ភ្លើង​ពណ៌​ចម្រុះ​បាន​ចូល​ខ្លួន​មក​បង្អួត​នៅ​ពេល​រាត្រី។ ភ្លើង​ពណ៌​ទាំង​នោះ​ត្រូវ​បាន​គេ​ដាក់​តុបតែង​នៅ​តាម​អគារ​ផ្ទះ​សំណាក់ សណ្ឋាគារ ក្លឹប​កម្សាន្ត បៀរហ្គាដិន ជាពិសេស​នៅ​តាម​ហាង​ខារ៉ាអូខេ​ក្នុង​ទី​រួម​ខេត្ត​បាត់ដំបង ដើម្បី​ទាក់ទាញ​អតិថិជន​ឲ្យ​ចូល​ទៅ​លេង​កម្សាន្ត។

នៅ​ខាង​មុខ​ផ្លូវ​ចូល​នៃ​ក្លឹប​កម្សាន្ត ភោជនីយដ្ឋាន និង​ហាង​ខារ៉ាអូខេ​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ក្រុង​បាត់ដំបង គេ​សង្កេត​ឃើញ​មាន​នារី​វ័យ​ក្មេង មាន​រូប​សម្រស់​ស្អាតៗ​ជា​ច្រើន​នាក់ ក្នុង​សម្លៀក​បំពាក់​លេច​លើ​លេច​ក្រោម នៅ​លើ​ផ្ទៃ​មុខ​មាន​ភាព​ផូរផង់​ទៅ​ដោយ​ក្រេម​ម្សៅ បាន​អង្គុយ​តម្រៀប​គ្នា​ជា​ពីរ​ជួរ​ដើម្បី​រង់ចាំ​ទទួល​ភ្ញៀវ។

ក្លឹប​កម្សាន្ត និង​ហាង​ខារ៉ាអូខេ​ទាំង​នោះ ពុំ​មែន​ជា​កន្លែង​សម្រាប់​ផ្ដល់​សេវា​ជួញ​ដូរ​ផ្លូវ​ភេទ​ដោយ​បើក​​ចំហ​នោះ​ទេ តែ​គេ​កត់​សម្គាល់​បាន​ថា ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​នៅ​តែ​កើត​មាន​នៅ​តាម​ក្លឹប​កម្សាន្ត និង​ហាង​ខារ៉ាអូខេ​ទាំង​នោះ។

ស្ត្រី​បម្រើ​ការ​នៅ​តាម​ក្លឹប​កម្សាន្ត​មួយ​រូប​ដែល​សុំ​មិន​ចេញ​ឈ្មោះ នៅ​ក្នុង​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹង​ថា រៀងរាល់​រាត្រី​មាន​ភ្ញៀវ​បុរស​ជា​អ្នក​មាន​លុយ​កាក់​ធូរធារ​ជា​ច្រើន​នាក់ បាន​ចំណាយ​ពេល​ចូល​ផឹក​ស៊ី​សប្បាយ និង​បន្ត​ចូល​ទៅ​ច្រៀង​កម្សាន្ត​នៅ​តាម​ហាង​ខារ៉ាអូខេ បន្ទាប់​ពី​ការ​ច្រៀង​សប្បាយ​រួម​មក ភ្ញៀវ​ខ្លះ​បាន​ធ្វើ​ការ​​ត​ថ្លៃ​ជាមួយ​ស្ត្រី​បម្រើ​នៅ​តាម​ហាង​នោះ​យក​ទៅ​ដេក​នៅ​តាម​ផ្ទះ​សំណាក់ ឬ​បន្ទប់​សណ្ឋាគារ ៖ «ភ្ញៀវ​បបួល​ទៅ ជួនកាល​គាត់​ចូល​បាន​ប្រហែក​កន្លះ​ម៉ោង​អី​អ៊ីចឹង គាត់​អង្គុយ គាត់​ហៅ​យើង​ទៅ គាត់​សួរ​យើង​ថា ចេញ​ក្រៅ​ជាមួយ​គាត់​អត់? ហើយ​ដល់​ពេល​យើង​អត់​ទៅ​អ៊ីចឹង​គាត់​ទៅ​រក​មេការ ទៅ​រក​នារី​ផ្សេង​ឲ្យ​គាត់។ តាម​ភ្ញៀវ ភ្ញៀវ​ល្អ​ទៅ​មួយ​ភ្លែត​អ៊ីចឹង​គេ​ឲ្យ ៥០​ដុល្លារ ភ្ញៀវ​ខ្លះ​គេ​ឲ្យ ១០០​អ៊ីចឹង ហើយ​មេការ ៥០ ដឹង​តែ​បាន ៥​ដុល្លារ»

ប៉ុន្តែ​ប៉ូលិស​ខេត្ត​បាត់ដំបង​បាន​លើក​ឡើង​ថា មិន​មាន​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ជួញដូរ​ផ្លូវ​ភេទ​ឡើយ។

នាយ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អនីតិជន​នៃ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង លោក កុយ ហៀង បាន​មាន​ប្រសាសន៍​ថា ប្រសិន​បើ​នៅ​តាម​ហាង​ខារ៉ាអូខេ​ណា​មាន​ការ​ជួញ​ដូរ​ផ្លូវ​ភេទ សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង នឹង​ចុះ​ចាត់​វិធានការ​បង្ក្រាប ៖ «នៅ​ក្នុង​ខារ៉ាអូខេ មាន​មេការ​មាន​អី​អ៊ីចឹង រក​សេវា​ឲ្យ​ភ្ញៀវ​អ៊ីចឹង អា​ហ្នឹង​គេ​ហៅ​ថា ការ​ជួញដូរ អា​ហ្នឹង​យើង​ក្ដាប់​បាន​យើង​ត្រូវ​តែ​បង្ក្រាប»

មន្ត្រី​រាជការ​នៅ​ក្នុង​ខេត្ត​បាត់ដំបង ម្នាក់​បាន​ឲ្យ​ដឹង​ថា ការ​ជួញដូរ និង​ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​នៅ​តាម​ក្លឹប​កម្សាន្ត និង​ហាង​ខារ៉ាអូខេ នៅ​តែ​កើត​មាន ប៉ុន្តែ​បញ្ហា​ទាំង​នេះ​វា​ស្ថិត​នៅ​ក្នុង​រូបភាព​លួចលាក់ ៖ «វា​នៅ​ក្នុង​រូបភាព​អាថ៌កំបាំង​ទេ នៅ​ក្នុង​កន្លែង​ហ្នឹង ប៉ុន្តែ​ខ្លាច​ថា ហៅ​ទៅ​និយាយ​ត្រូវ​គ្នា​អី​នាំ​ទៅ​សណ្ឋាគារ ជា​រឿង​មួយ​ផ្សេង​ទេ ប៉ុន្តែ​ក្នុង​ហ្នឹង​វា​អត់​មាន»

របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង បាន​បង្ហាញ​ថា នៅ​ឆ្នាំ​២០១១​​នេះ នៅ​ក្នុង​ក្រុង​បាត់ដំបង មាន​ហាង​ខារ៉ាអូខេ​ចំនួន ១៤​កន្លែង ភោជនីយដ្ឋាន​ចំនួន ៣៩ និង​ផ្ទះ​សំណាក់​ចំនួន ៣២ និង​សណ្ឋាគារ​ចំនួន ២៦។ ចំនួន​ហាង​ខារ៉ាអូខេ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ មាន​ការ​កើន​ឡើង​ជា​បន្តបន្ទាប់​ជាង​ឆ្នាំ​២០១០ កន្លង​ទៅ។

តាម​ស្ថិតិ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ហៅ​កាត់​ថា ICMC (International Committee for Migration in Cambodia) ដែល​បាន​ធ្វើ​ជំរឿន​កាល​ពី​អំឡុង​ឆ្នាំ​២០០៦ រក​ឃើញ​ថា នៅ​ក្រុង​បាត់ដំបង មាន​ផ្ទះ​បើក​បន​ចំនួន ៣៧​កន្លែង ក្នុង​នោះ​មាន ២១​កន្លែង​បើក​ចេញ​មុខ។ ទោះ​យ៉ាង​ណា​សម្រាប់​ឆ្នាំ​២០១១​នេះ គេ​សង្កេត​ពុំ​ឃើញ​មាន​ផ្ទះ​បន​ស្រី​បើក​ជា​ចំហ​ដូច​រយៈពេល​បួន​ប្រាំ​ឆ្នាំ​មុន​នោះ​ទេ។

យ៉ាង​នេះ​ក្ដី គេ​សង្កេត​ឃើញ​ថា សកម្មភាព​ជួញដូរ​ផ្លូវ​ភេទ​នៅ​ក្នុង​ខេត្ត​បាត់ដំបង នៅ​តែ​កើត​មាន​ដដែល ប៉ុន្តែ​វា​មាន​ការ​ផ្លាស់ប្ដូរ​រូបភាព​នៃ​ផ្ដល់​សេវា​ផ្លូវ​ភេទ​លួច​លាក់​នៅ​ពេល​យប់​នៅ​ក្រុង​បាត់ដំបង ដើម្បី​បំភាន់​ក្រសែ​ភ្នែក​មហាជន និង​កង​កម្លាំង​មាន​សមត្ថកិច្ច​ដែល​មាន​តួនាទី​បង្ក្រាប​បន​ពេស្យា​ខុស​ច្បាប់។ ជាក់​ស្ដែង កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អនីតិជន​នៃ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង បាន​ចុះ​ប្រតិបត្តិការ​នៅ​វេលា​ម៉ោង ១២​យប់​ចាប់​ខ្លួន​អ្នក​រក​ស៊ី​ជួញដូរ​ផ្លូវ​ភេទ​ចំនួន ៣៩​នាក់ នៅ​ក្នុង​សួនច្បារ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ដែល​មាន​ទីតាំង​ជាប់​មាត់​ស្ទឹង​សង្កែ ក្នុង​ក្រុង​បាត់ដំបង។

នាយ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អនីតិជន​នៃ​ស្នងការ​នគរបាល ខេត្ត​បាត់ដំបង លោក កុយ ហៀង បាន​មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​អ្នក​រក​ស៊ី​ផ្លូវ​ភេទ ៣៩​នាក់​នោះ មាន​បុរស ១៤ ស្រី ១៤​នាក់ ខ្ទើយ ភេទ​ទី​៣ ចំនួន ១១​នាក់។ នៅ​ក្នុង​ចំនួន ៣៩​នាក់​នេះ​មាន​អនីតិជន ៥​នាក់។

លោក កុយ ហៀង បន្ត​ថា ៖ «នេះ​នៅ​ក្នុង​ករណី​យើង​ប្រមូល​នេះ​ជា​អំពើ​ពេស្យាចារ​ផ្ទាល់​ខ្លួន ដោយ​យើង​មើល​ឃើញ​ថា បទល្មើស​វា​ស្រាល ពី​១​ថ្ងៃ​ទៅ​៦​ថ្ងៃ​អ៊ីចឹង ហើយ​ពិន័យ​ពី ៣​ពាន់​ទៅ ១​ម៉ឺន​រៀល ដ៏​អ៊ីចឹង​ស្នងការ​ហៅ​ទៅ​ធ្វើ​កំណត់​ពី​ជន​អំពើ​ពេស្យាចារ​ផ្ទាល់​ខ្លួន​នេះ ទី​២​ឲ្យ​គាត់​ធ្វើ​កិច្ច​សន្យា​ថា ចេញ​ទៅ​វិញ មិន​មាន​បទ​ល្មើស​ដូច​ជា​លើក​នេះ​ទេ សុំ​ឲ្យ​គាត់​កែប្រែ​ខ្លួន​ទើប​យើង​បញ្ជូន​ឲ្យ​គាត់​ទៅ​មន្ទីរ​សង្គម​កិច្ច»

ការ​ប្រើប្រាស់​សួនច្បារ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង សម្រាប់​រក​ស៊ី​ផ្លូវ​ភេទ​ផ្ទាល់​ខ្លួន​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នេះ គឺ​ជា​រូបភាព​ជួញដូរ​ផ្លូវ​ភេទ​ថ្មី​មួយ​ទៀត​នៅ​ក្នុង​ខេត្ត​បាត់ដំបង ដែល​ពួក​គេ​បាន​ប្រើប្រាស់​សួន​ច្បារ​សាធារណៈ​នៅ​ពេល​យប់។

ទាក់ទិន​ការ​ជួញដូរ​ផ្លូវ​ភេទ​នេះ កាល​ពី​ឆ្នាំ​២០១០ កន្លង​ទៅ សមត្ថកិច្ច​ជំនាញ​ក៏​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ចាប់​បាន​មេ​ខ្យល់​ជា​ស្ត្រី​ម្នាក់​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ បន្ទាប់​ពី​ស្ត្រី​ជា​មេខ្យល់​រូប​នោះ​បាន​ធ្វើការ​ជួញ​ដូរ​ផ្លូវ​ភេទ​តាម​រយៈ​នាំ​សិស្ស​ស្រីៗ រៀន​នៅ​វិទ្យាល័យ​សម្ដេច​ឪ​ក្នុង​ក្រុង​បាត់ដំបង ទៅ​បុរសៗ​ជា​អ្នក​មាន​លុយ​កាក់​ដេក​នៅ​តាម​ផ្ទះ​សំណាក់។

ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ ការ​ជួញ​ដូរ​ផ្លូវ​ភេទ​តាម​រយៈ​ការ​អូស​ទាញ​សិស្ស​សាលា​ទៅ​ដេក​ជាមួយ​ពួក​អ្នក​មាន​លុយ​កាក់​នៅ​ក្នុង​ខេត្ត​បាត់ដំបង នៅ​តែ​កើត​មាន​បន្ត ហើយ​ករណី​នេះ សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ខ្លួន​មេខ្យល់ និង​អ្នក​ប្រព្រឹត្ត​ទាំង​នោះ ៖ «បង​ឯង​ពិនិត្យ​មើល សព្វថ្ងៃ​ទាក់ទង​ជាមួយ​សិស្ស​សាលា អ្នក​មាន​លុយ​មាន​អី ប្រើ​លុយ​ប្រើ​កាក់​ចិញ្ចឹម​គេ ធ្វើ​ម៉េច​បម្រើ​តាម​សេចក្ដី​ត្រូវ​ការ​ផ្លូវ​ភេទ​របស់​ខ្លួន»

ច្បាប់​ស្ដីពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ បាន​ចែង​ថា បុគ្គល​ដែល​ចាប់​ឃុំឃាំង ឬ​បង្ខាំង​ជន​ដទៃ​ដោយ​គ្មាន​អំណាច​តាម​ផ្លូវ​ច្បាប់​ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ៣​ឆ្នាំ ទៅ ៥​ឆ្នាំ បើ​សិន​ជា​បង្ខាំង​តិច​ជាង ១​ខែ ហើយ​បើ​លើស​ពី ១​ខែ​ត្រូវ​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ ទៅ ១០​ឆ្នាំ។

លោក​ឧត្ដមសេនីយ៍ត្រី ស ថេត ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង កាល​ពី​ខែ​មីនា ឆ្នាំ​២០១០ បាន​ចេញ​សេចក្ដី​ណែនាំ​មួយ​បញ្ជាក់​ថា ចាប់​ពី​ឆ្នាំ​២០១១​នេះ​ត​ទៅ មិន​ត្រូវ​ឲ្យ​ផ្ទះ​បន​លួចលាក់​គ្មាន​ផ្ទះ​រក​ស៊ី​ផ្លូវ​ភេទ​លួច​លាក់​ទោះ​ក្នុង​រូបភាព​ណា​ក៏ដោយ។ ក្នុង​មូលដ្ឋាន​អធិការ​ក្រុង ស្រុក និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល និង​ភូមិ​សាស្ត្រ​ណា​ដែល​មាន​សេវា​ផ្លូវ​ភេទ​មាន​ផ្ទះ​បន​លួចលាក់ ប៉ុស្តិ៍ និង​អធិការ​នគរបាល​នៅ​តាម​ស្រុក​នោះ​ត្រូវ​ទទួល​ខុស​ត្រូវ៕