សេចក្ដីថ្លែងការពាររបស់លោក ហ៊ុន សែន បានធ្វើឡើងនៅក្នុងវេទិកាជួបពិភាក្សារវាងមន្ត្រីរដ្ឋាភិបាល ជាមួយតំណាងប្រទេសផ្ដល់ជំនួយនៅក្រុងភ្នំពេញ នៅថ្ងៃទី២ ខែមិថុនា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍នៅថ្ងៃទី២ មិថុនា ការពារការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការលុបចោលការឧបត្ថម្ភប្រាក់បន្ថែមលើប្រាក់ខែរបស់មន្ត្រីរាជការ នៅក្នុងក្រសួង មន្ទីរស៊ីវិលនានា ដោយបានហៅការអនុវត្តកន្លងមកនោះថា មិនត្រឹមត្រូវ អាចបង្កវិសមភាព អយុត្តិធម៌ក្នុងកន្លែងធ្វើការ និងបង្កឲ្យមានអំពើពុករលួយ។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ៖ «ខ្ញុំចង់ពន្យល់បន្តិចជាមួយនឹងដៃគូរបស់យើង តើហេតុអ្វីបានជាកន្សោមអាទិភាព ហើយនិងប្រាក់លាភការបន្ថែមដែលផ្អែកលើលទ្ធផលការងារ ត្រូវបានបញ្ឈប់? ខ្ញុំបានឲ្យសហការីរបស់ខ្ញុំធ្វើការពិភាក្សាជាមួយដៃគូហើយ បញ្ហានៅទីនេះគឺជាបញ្ហាមួយសំខាន់ ដែលទាក់ទងនឹងកំណែទម្រង់ ហើយក៏ទាក់ទងនឹងសមធម៌ សុគតភាព នៅក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ។ ចំណុចនោះក៏មានទាក់ទងផងដែរជាមួយនឹងប្រការទប់ស្កាត់ និងការប្រព្រឹត្តអំពើពុករលួយនៅក្នុងក្របខ័ណ្ឌ នៃការអនុវត្តគម្រោងកន្សោមអាទិភាព និងប្រាក់លាភការបន្ថែមនេះ។ ខ្ញុំសូមលើកជាចំណុចអ៊ីចេះ នៅក្នុងរដ្ឋបាលមួយដែលមានប្រព័ន្ធ ២ ប្រហែលជាមិនមែនរដ្ឋបាលសាមគ្គីភាព ដែលធ្វើការជាមួយគ្នាទេ»។
កន្លងមក រដ្ឋាភិបាលបានបង្កើតឲ្យមានប្រាក់ឧបត្ថម្ភបន្ថែមលើប្រាក់ខែ សម្រាប់មន្ត្រីរាជការក្រសួងស៊ីវិលនានាមួយចំនួន ដែលគេហៅថា ប្រាក់កន្សោមអាទិភាព និងប្រាក់លាភការបន្ថែមផ្អែកលើលទ្ធផលការងារ ដើម្បីជួយលើកទឹកចិត្តឲ្យមន្ត្រីរាជការដែលបំពេញការងារគម្រោងនានា ដែលមានការឧបត្ថម្ភប្រាក់ ដោយប្រទេសផ្ដល់ជំនួយនានានោះមានប្រាក់គ្រប់គ្រាន់ក្នុងការបំពេញការងារ និងមានការយកចិត្តទុកដាក់ ក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានដិតដល់ ដូចជាក្នុងវិស័យសុខាភិបាល និងកសិកម្ម ជាដើម។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ បានមានប្រសាសន៍ថា កន្លងមក ប្រាក់ឧបត្ថម្ភកន្សោមអាទិភាពនោះ មិនបានចាត់ចែងបានត្រឹមត្រូវទេ ហើយលោកគាំទ្រចំពោះការលុបចោលប្រាក់ឧបត្ថម្ភតាមរយៈកន្សោមអាទិភាពនោះ។
លោក រ៉ុង ឈុន បានបញ្ជាក់ថា ៖ «ការដែលផ្ដល់នូវប្រាក់កន្សោមអាទិភាពហ្នឹង មានន័យថា ការលើកទឹកចិត្តទៅដល់មន្ត្រីបម្រើការងារ ក៏ប៉ុន្តែបើការអនុវត្តជាក់ស្ដែង យើងឃើញ ការដែលផ្ដល់ឲ្យហ្នឹង វាអត់មានតម្លាភាពសម្រាប់មន្ត្រីបានបម្រើការងារសកម្មហ្នឹង»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ទទួលស្គាល់ថា លោកទទួលខុសត្រូវទាំងស្រុង ចំពោះការដាក់ឲ្យអនុវត្តកម្មវិធីកន្សោមអាទិភាពនៅកម្ពុជាកន្លងមកនេះ៕