បាតុកម្ម​នៅ​មុខ​ផ្ទះ​លោក ហ៊ុន សែន តវ៉ា​គម្រោង​ដីសម្បទាន​នៅ​កោះកុង

ការ​ផ្ដល់​ដី​សម្បទាន​ច្រើន​ម៉ឺន​ហិកតារ ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ គឺ​មិន​ត្រឹម​តែ មិន​បាន​ទទួល​ការ​សាទរ​នោះ​ទេ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ច្រើន​ពាន់​គ្រួសារ នៅ​ក្នុង​ខេត្ត​កោះកុង មាន​ការ​ក្ដៅ​ក្រហាយ​ក្នុង​ចិត្ត ដោយសារ​តែ​បាត់​បង់​ដី​ធ្លី​នេះ។
ដោយ សុខ សេរី
2010-05-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជា​ពលរដ្ឋ​សម្ដែង​ការ​ខឹង​សម្បា យំសោក​ខណៈ​ពេល​នគរបាល​រារាំង​មិន​ឲ្យ​ទៅ​តវ៉ា​នៅ​មុខ​ផ្ទះ​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៨ ឧសភា ២០១០។
ប្រជា​ពលរដ្ឋ​សម្ដែង​ការ​ខឹង​សម្បា យំសោក​ខណៈ​ពេល​នគរបាល​រារាំង​មិន​ឲ្យ​ទៅ​តវ៉ា​នៅ​មុខ​ផ្ទះ​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៨ ឧសភា ២០១០។
RFA/Sok Serey

អាជ្ញាធរ​នគរបាល​ចំនួន​ជិត ១០០​នាក់ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែ​ឧសភា​នេះ បាន​រារាំង និង​បំបែក​ប្រជា​ពលរដ្ឋ​តវ៉ា​ចំនួន ២០០​គ្រួសារ មក​ពី​ខេត្ត​កោះកុង ដែល​ព្យាយាម​ទៅ​សំដែង​ការ​តវ៉ា​នោះ នៅ​ខាង​មុខ​គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍ ឲ្យ​ជួយ​ដោះ​ស្រាយ​ការ​រឹប​ដី​ធ្លី​ប្រជា​ពលរដ្ឋ​ជិត ៣០០០​គ្រួសារ ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន ដើម្បី​អភិវឌ្ឍ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​នៅ​កោះកុង។

ប្រជា​ពលរដ្ឋ​តវ៉ា​ទាំង​នោះ សុទ្ធ​តែ​ពាក់​អាវ​យឺត​ពណ៌​ស និង​ពាក់​មួក​ពណ៌​ស ដែល​មាន​រូប​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា និង​បាន​កាន់​រូប​ថត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ស្រី ប៊ុន រ៉ានី ហ៊ុន សែន ជា​ភរិយា ព្រម​ទាំង​កាន់​បដា​ពាក្យ​ស្លោក​សុំ​ឲ្យ​ជួយ​ដោះ​ស្រាយ​ដីធ្លី​របស់​ប្រជា​ពលរដ្ឋ និង​ការ​ស្រែក​ទ្រហោ​យំ​សោក សុំ​ឲ្យ​ជួយ​ដោះ​ស្រាយ។

ទិដ្ឋភាព​ប្រជា​ពលរដ្ឋ​ចំនួន ២០០​គ្រួសារ មក​ពី​ខេត្ត​កោះកុង តវ៉ា​នៅ​ខាង​មុខ​គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៨ ឧសភា ២០១០ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍ ជួយ​ដោះ​ស្រាយ​ការ​រឹប​យក​ដី​ធ្លី។
ទិដ្ឋភាព​ប្រជា​ពលរដ្ឋ​ចំនួន ២០០​គ្រួសារ មក​ពី​ខេត្ត​កោះកុង តវ៉ា​នៅ​ខាង​មុខ​គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៨ ឧសភា ២០១០ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍ ជួយ​ដោះ​ស្រាយ​ការ​រឹប​យក​ដី​ធ្លី។ RFA/Sok Serey

ក្រុម​អ្នក​តវ៉ា​បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ច្រើន​ពាន់​គ្រួសារ នៅ​ក្នុង​ឃុំ​ចំនួន​៤ នៅ​ក្នុង​ស្រុក​គីរីសាគរ និង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​រឹប​យក​ដីធ្លី​ឆាប់ៗ​នេះ ដោយ​គ្មាន​សំណង​សមរម្យ​ឡើយ។

រដ្ឋាភិបាល​កម្ពុជា និង​អាជ្ញាធរ​ខេត្ត​កោះកុង គ្រោង​រឹប​យក​ដីធ្លី​ចំនួន ៣៦.០០០​ហិកតារ ដើម្បី​អភិវឌ្ឍ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ដ៏​ធំ​មួយ នៅ​ទី​នោះ​ឈ្មោះ​ក្បាល​នាគ​៧។

ប្រជា​ពលរដ្ឋ​ឈ្មោះ ឈឹម អមរា មក​ពី​ស្រុក​គីរីសាគរ ខេត្ត​កោះកុង នៅ​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​តវ៉ា ចំនួន ២០០​គ្រួសារ បាន​ថ្លែង​ថា គ្រួសារ​លោក​ស្រី មាន​ដីធ្លី​ចំនួន ១៤​ហិកតារ មិន​ចង់​ឲ្យ​បាត់​បង់​ដីធ្លី​នេះ​ទេ។ លោក​ស្រី​មាន​កម្មសិទ្ធិ​ត្រឹម​ត្រូវ​ជិត ៣០​ឆ្នាំ​មក​ហើយ។

លោក​ស្រី​មាន​ប្រសាសន៍​បន្ត​ថា ៖ «ខ្ញុំ​ចង់​ទុក​ដី​ហ្នឹង​ចែក​កូន ចែក​ចៅ ដាំ​ត​ហូប​ទៅ​ថ្ងៃ​មុខ ពី​ព្រោះ​ដី​អត់​ដុះ មនុស្ស​វា​កើត។ ប៉ុន្តែ​សុំ​ឲ្យ​ដោះស្រាយ​កម្លាំង​ឲ្យ​សម​ស្រប។ កុំ​គេ​បាន យើង​អត់ គេ​បាន ៨០០០​ដុល្លារ​អាមេរិក។ ដី​គេ​ក៏​ដូច​យើង​ដែរ។ ទៅ​ជា​យើង​អត់ គេ​បាន»

ប្រជា​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​គ្រោង​ដោះ​ដូរ​យក​ដីធ្លី​ប្រជា​ពលរដ្ឋ ចំនួន​រវាង​ពី ១៥០​ដុល្លារ​អាមេរិក ទៅ​៦០០​ដុល្លារ​អាមេរិក ក្នុង​មួយ​ហិកតារ។ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ចង់​ឲ្យ​ដោះស្រាយ​ជា​សំណង​សមរម្យ​វិញ រវាង​ពី ៦០០០​ដុល្លារ​អាមេរិក ទៅ​៨០០០​ដុល្លារ​អាមេរិក ក្នុង​មួយ​ហិកតារ​នោះ។

ប្រជា​ពលរដ្ឋ​ច្រើន​ពាន់​គ្រួសារ​រង​គ្រោះ នៅ​ក្នុង​ឃុំ​ចំនួន​៤ នោះ មាន​ដូច​ជា ឃុំ​កោះ​ស្ដេច ឃុំ​ភ្ញីមាស ឃុំ​ព្រែក​ខ្សាច់ និង​ឃុំ​តានូន ស្រុក​គីរីសាគរ និង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង។

ប្រជា​ពលរដ្ឋ​ម្នាក់​ទៀត ឈ្មោះ ព្រំ សុធា អាយុ​៤៧​ឆ្នាំ មក​ពី​ឃុំ​កោះ​ស្ដេច ស្រុក​គីរីសាគរ ខេត្ត​កោះកុង បាន​ថ្លែង​ថា ៖ «វា​ច្រើន​ពាន់​គ្រួសារ​ណាស់ ដែល​មិន​បាន​ទទួល​ផល ផល​ប្រយោជន៍ ដែល​រាជ​រដ្ឋាភិបាល​ចុះ​ទៅ​អភិវឌ្ឍ»

មន្ត្រី​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក លឹម លាងសែ ដែល​បាន​ចេញ​មុខ​មក​ទទួល​ពាក្យ​បន្តឹង​ពី​ប្រជា​ពលរដ្ឋ នៅ​ក្បែរ​វត្ត​បទុមវតី នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ៖ «វា​ទាក់​ទង​នឹង​ព្រះ​រាជ​ក្រឹត្យ​របស់​ព្រះ​ករុណា។ រឿង​បុទុមសាគរ ចាំ​រដ្ឋ​គេ​ដោះ​ស្រាយ​ផ្សេង។ ដល់​បង​ប្អូន​លើក​សំណើ​មក​ណា ចាំ​យើង​យក​មក​ពិភាក្សា​គ្នា ថា​តើ​កាត់​ឲ្យ​វិញ ឬ​ត្រូវ​លុប​ចោល។ ប៉ុន្តែ​អ្នក​ដែល​ប៉ះ​ពាល់ និង​គម្រោង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ យើង​ដោះ​ស្រាយ​លុយ។ កន្លងមក លុយ​ត្រឹម​ត្រូវ​គ្នា​ប៉ុណ្ណា​ៗ យើង​និយាយ​គ្នា​ទៀត»

លោក ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ ទប់​ស្កាត់​ការ​បំផ្លាញ​ធន​ធាន​ធម្មជាតិ និង​ការ​ពារ​សិទ្ធិ​ពលរដ្ឋ ដែល​បាន​តាម​ដាន​ករណី​នេះ បាន​មាន​ប្រសាសន៍​ថា ៖ «ឃើញ​ថា នៅ​តំបន់​ហ្នឹង ជា​តំបន់​ព្រៃ​ផង និង​ទី​២​ទៀត ជា​តំបន់​ប្រជា​ពលរដ្ឋ​រស់​នៅ។ បើ​សិន​ជា​តំបន់​ព្រៃ ឲ្យ​រដ្ឋាភិបាល​ដក​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ។ តែ​បើ​សិន​ជា​តំបន់​ដី​ស្រែ ដី​ចម្ការ គឺ​ដោះ​ស្រាយ​ជា​គោល​នយោបាយ​ឲ្យ​ប្រជា​ពលរដ្ឋ»

ប្រធាន​ក្រុម​ស៊ើប​អង្កេត នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អ៊ំ សំអាត ដែល​កំពុង​តែ​សង្កេត​ការ អំពី​ការ​តវ៉ា​របស់​ប្រជា​ពលរដ្ឋ ២០០​គ្រួសារ​នោះ បាន​មាន​ប្រសាសន៍​ថា ៖ «អ៊ីចឹង ឥឡូវ​គាត់​បាន​ដាក់​ញាតិ​ហើយ។ យើង​សង្ឃឹម​ថា សម្ដេច​នាយក​រដ្ឋមន្ត្រី​នឹង​ដោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ»

ប្រភព និង​ឯកសារ​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន​នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែ​ឧសភា​នេះ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា និង​អាជ្ញាធរ​ខេត្ត​កោះកុង បាន​ផ្ដល់​ដី​សម្បទាន​ចំនួន ៣៦.០០០​ហិកតារ កាល​ពី​ឆ្នាំ​២០០៨ កន្លង​ទៅ ឲ្យ​ទៅ​ក្រុមហ៊ុន​ឈ្មោះ Union Development Group ដើម្បី​អភិវឌ្ឍ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ។

ប្រភព​ពី​ប្រជា​ពលរដ្ឋ បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កោះកុង និង​អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​តម្រូវ​ឲ្យ​វិល​ត្រឡប់​ទៅ​កាន់​ផ្ទះ​សំបែង​វិញ ដោយ​បាន​ជួយ​ចេញ​សោហ៊ុយ​ធ្វើ​ដំណើរ​ម្នាក់ ១០​ម៉ឺន​រៀល ប៉ុន្តែ​មាន​គ្រួសារ​ខ្លះ​សុខ​ចិត្ត​វិល​ទៅ​វិញ ហើយ​គ្រួសារ​ខ្លះ​ទៀត ចង់​បន្ត​ការ​ទាមទារ​រក​ដំណោះ​ស្រាយ​ឲ្យ​បាន​ជា​មុន​សិន៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល