ប្រភពពីប៉ូលិសបានឲ្យដឹងថា គេបានឃាត់ខ្លួនបុរសម្នាក់ កាលពីល្ងាចថ្ងៃសុក្រ ទី២៨ មករាកន្លងទៅ នៅក្នុងបទសង្ស័យទាក់ទងទៅនិងការបាចខិត្តប័ណ្ណនៅក្នុងក្រុងភ្នំពេញ។
ស្នងការប៉ូលិសក្រុងភ្នំពេញ លោក ឧត្ដមសេនីយ៍ ទូច ណារុថ ដែលមិនធ្វើអត្ថាធិប្បាយច្រើនទេ ប៉ុន្តែបានបង្ហើបថា បុរសនោះឈ្មោះ ស៊ិន វិសាល រស់នៅសង្កាត់ភ្នំពេញថ្មី ក្នុងខណ្ឌសែនសុខ ត្រូវបានគេចាប់ខ្លួនជាមួយភស្តុតាងត្រឹមត្រូវ ៖ "គេប្រមូលប៉ុន្មាននាក់ សុទ្ធតែមានភស្តុតាងបញ្ជាក់ថា អ្នកនោះមានសកម្មភាព ភស្តុតាងបញ្ជាក់ពាក់ព័ន្ធនិងបញ្ហាបានគេឃាត់"។
ប្រភពដដែលបានបញ្ជាក់ថា កាលពីព្រឹកព្រលឹមម៉ោង៥ ទៀបភ្លឺ ថ្ងៃទី២៨ មករា ក្រុមប៉ូលិសបានប្រទះឃើញ ខិត្តប័ណ្ណចំនួន ៧០សន្លឹក ត្រូវបានគេបាចនៅតាមដងផ្លូវចំនួន ៤កន្លែងខុសគ្នា នៅក្នុងខណ្ឌ៧មករា និងខណ្ឌចម្ការមន។
ខិត្តប័ណ្ណទាំងនោះដែលវិទ្យុអាស៊ីសេរីទទួលបានពីក្រុមប៉ូលិស បានដាក់ចំណងជើងធំៗ ថា សំឡេងខ្មែរជាតិនិយម ដោយសញ្ញារូបប្រាសាទអង្គរវត្ត និងផ្កាយចំនួន៣។ ខិត្តប័ណ្ណនោះបានសរសេរពាក្យពេចន៍ជេរប្រមាថ វាយប្រហារមកលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្ងន់ៗ ទាក់ទងទៅនិងការបោះបង្គោលព្រំដែនជាមួយវៀតណាម ទាក់ទងនិងការតែងតាំងកូនប្រុសរបស់លោក និងទាក់ទងទៅនិងការកាប់បំផ្លាញព្រៃឈើជាដើម។
ស្នងការក្រុងភ្នំពេញដដែល លោកឧត្ដមសេនីយ៍ ទូច ណារុថ បញ្ជាក់ថា នេះជាអំពើជេរប្រមាថ ដែលគេមិនអាចទទួលយកបានទេ ចំពោះលោកនាយករដ្ឋមន្ត្រី ដែលធ្លាប់បានព្រមានម្ដងរួចមកហើយ ៖ "ដូចសម្ដេចលោកមានប្រសាសន៍ ហើយត្រាក់ណាសំដែងផ្សេងៗ អត់អីទេ ក៏ប៉ុន្តែដៀលគេសុទ្ធតែក្បត់ជាតិក្បត់អីអ៊ីចឹង យើងមិនអាចទុកឲ្យអ្នកហ្នឹងធ្វើអ៊ីចឹងតទៅទៀតបានទេ។ ពាក្យក្បត់ជាតិមួយម៉ាត់ធ្ងន់ធ្ងរណាស់ ជាពិសេសប៉ះពាល់ដល់សម្ដេច ដែលលោកជាថ្នាក់ដឹកនាំ ហើយដែលខិតខំប្រឹងប្រែងអភិវឌ្ឍ ហើយដែលប្រជាពលរដ្ឋបោះឆ្នោតជូនលោកច្រើន ហើយមកប្រើពាក្យសុទ្ធតែក្បត់ជាតិអ៊ីចឹង យើងជាសមត្ថកិច្ចមិនទុកឲ្យអ្នកហ្នឹងមើលងាយប្រមាថដល់រដ្ឋាភិបាល"។
មកដល់ពេលនេះ ក្រុមប៉ូលិសកំពុងស្វែងរកចាប់ខ្លួនមនុស្សបន្តទៀតនៅឡើយ ដែលពាក់ព័ន្ធនិងបញ្ហានេះ។ ខិត្តប័ណ្ណដដែល ដែលគេបានបាចនៅក្នុងក្រុងភ្នំពេញ ត្រូវបានគេប្រទះឃើញបាចមុនមួយថ្ងៃ នៅក្នុងខេត្តបាត់ដំបងផងដែរ។
ដោយឡែកកាលពីថ្ងៃទី៧ មករា កន្លងទៅ មុនមួយថ្ងៃនៃថ្ងៃគណបក្សប្រជាជនកម្ពុជាប្រារព្ធខួបលើកទី៣២ នៃថ្ងៃជ័យជំនះ ៧មករា លើរបបខ្មែរក្រហម ខិត្តប័ណ្ណប្រហែល ១០០សន្លឹក ស្ដីអំពីការគ្រប់គ្រងរបស់គណបក្សប្រជាជន និងបញ្ហាអន្តោប្រវេសន៍វៀតណាម ក៏ត្រូវបានគេបាចនៅតាមផ្លូវនៃឃុំវត្តបូ ក្នុងខេត្តសៀមរាបផងដែរ។
គិតមកដល់ពេលនេះ មនុស្សចំនួន ៣នាក់ ក្នុងនោះមានមន្ត្រីអ្នកការពារសិទ្ធិមនុស្សលីកាដូម្នាក់ផង ត្រូវបានអាជ្ញាធរខ្មែរផ្ដន្ទាទោសដាក់ពន្ធនាគារ នៅក្នុងការបាចខិត្តប័ណ្ណប្រឆាំងនិងថ្ងៃ៧ មករា និងប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកដែលត្រូវចោទថាបានបាចខិត្តប័ណ្ណទាំងនោះ ត្រូវគេផ្ដន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ ២ឆ្នាំ និងពិន័យជាប្រាក់ជាច្រើនលានរៀល៕