ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ បានចោទប្រកាន់ថា មន្ត្រីជំនាញជលផលជាអ្នកនៅពីក្រោយខ្នងនៃការនេសាទខុសច្បាប់ទាំងនោះ។
អ្នកភូមិដែលរស់នៅតាមតំបន់នេសាទនានានៃស្រុកកំពង់លែង បានឲ្យដឹងថា ក្រុមអ្នកនេសាទដែលប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ មានដូចជាការអូសអួនក្រឡាញឹក និងមានបណ្ដោយច្រើនរយម៉ែត្រ និងទូករុញជនជាច្រើនគ្រឿង បានធ្វើឲ្យខូចខាតឧបករណ៍ជាលក្ខណៈគ្រួសាររបស់ប្រជានេសាទក្រីក្រ ដោយគ្មានអាជ្ញាធរណាមួយជួយទប់ស្កាត់ឡើយ។
បុរសអ្នកភូមិដែលសុំមិនបញ្ចេញឈ្មោះ មានទីលំនៅនៅភូមិកោះក្អែក ឃុំកំពង់ហៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៣ ថា ស្ទើរតែរៀងរាល់យប់ ក្រុមអ្នកនេសាទដែលប្រើឧបករណ៍ខុសច្បាប់ បានធ្វើសកម្មភាពនេសាទដោយគ្មានកោតក្រែងចំពោះច្បាប់ និងមិនខ្ចីខ្វាយខ្វល់ចំពោះការខូចខាតឧបករណ៍នេសាទជាលក្ខណៈគ្រួសាររបស់ប្រជានេសាទក្រីក្រ ដូចរាយមង ឬរាយសន្ទូចនោះឡើយ។
បុរសអ្នកភូមិរូបនេះ បានអះអាងថា គាត់មានប្រភពដែលបញ្ជាក់ថាក្រុមអ្នកនេសាទប្រើឧបករណ៍ខុសច្បាប់ទាំងនេះ មានខ្នងបង្អែកជាមន្ត្រីជំនាញជលផល មន្ត្រីប៉ូលិស និងប៉េអិម៖ «ដូចយប់មិញអី មិនដឹងជាប៉ុន្មានវង់ទេ តាំងពីក្បាលកោះចោរ រហូតដល់ក្បាលកោះក្រញ៉ាន ជិតទៅដល់មាត់បឹងទន្លេសាប។ មិនដឹងជាប៉ុន្មានសិបវង់ទេ សុទ្ធអាអួនប្រភេទបួនរយម៉ែត្រឡើងទៅ អូសទាញដោយទូកម៉ាស៊ីនកម្លាំង ៣០សេះអី។ ហើយបើនិយាយពីជនវិញ វារុញដាច់មងប្រជាជនអស់ហើយ។ តែពួកអាបទល្មើនេះវាចេញតែពេលយប់ទេ។ ចំណុចដែលវារកនោះមាននៅកោះបាយក្រៀម កោះចោរ ព្រែកតាភោក កោះក្អែក កំពង់អួរ សេះស្លាប់»។
អាជ្ញាធរភូមិ ឃុំនានានៅតាមបណ្ដោយដងទន្លេសាប ក្នុងស្រុកកំពង់លែង បានអះអាងប្រហាក់ប្រហែលគ្នាថា ពិតជាមានសកម្មភាពនេសាទដែលប្រើឧបករណ៍ខុសច្បាប់នៅក្នុងដែនដីរបស់ពួកគេមែន។ ប៉ុន្តែអាជ្ញាធរដែនដីពុំមានសិទ្ធិអ្វីទៅហាមឃាត់ ឬចាប់រឹបអូសឧបករណ៍ទាំងនោះទេ ប្រសិនគ្មានការសហការពីផ្នែកជំនាញ។ ម្យ៉ាងទៀត រាល់ពេលដែលអាជ្ញាធរដែនដីសុំការសហការពីផ្នែកជំនាញម្ដងៗ សកម្មភាពនេះបានបាត់ទៅវិញ មិនដឹងពីមូលហេតុ។
អាជ្ញាធរភូមិមួយរូបដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា លោកពិតជាបានឃើញការនេសាទបែបនេះស្ទើររាល់យប់៖ «មែនបង ឧបករណ៍ហ្នឹងគឺខុសច្បាប់ គាត់មិនគោរពច្បាប់ទេ ដល់អាជ្ញាធរដែនដីសួរនាំគាត់ៗថាអាជ្ញាធរដែនដីចេះតែហាមឃាត់គាត់ តែពួកអ្នកធ្វើបទល្មើនេះសុទ្ធតែអ្នកមកពីខាងក្រៅ មិនមែនអ្នកភូមិយើងទេបង»។
យ៉ាងនេះក្ដី នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង គឺលោក លី ឡា បានអះអាងថា ដំណាក់កាលបច្ចុប្បន្ន គ្មានមន្ត្រីជំនាញជលផលខេត្តកំពង់ឆ្នាំង ណាម្នាក់ដែលធ្វើអំពើល្ងង់ខ្លៅដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋនោះទេ។ លោកថា ប្រសិនបើមានសកម្មភាពបែបនេះមែន ក៏ជាសកម្មភាពរបស់ជនដែលប្រព្រឹត្តអំពើល្មើសនោះប៉ុណ្ណោះ ពុំមានការពាក់ព័ន្ធជាមួយអាជ្ញាធរជំនាញនោះទេ។
លោក លី ឡា៖ «នេះជាព័ត៌មានល្អ ប្រសិនបើមានការពិត។ ទោះបីជាយ៉ាងណាក៏ខាងខ្ញុំទទួលយកដែរ ដើម្បីយកទៅឆែកមើល ព្រោះនេះជាការចូលរួមរបស់ប្រជាពលរដ្ឋ។ តែត្រង់ថាមានការឃុបឃិតពីអាជ្ញាធរជំនាញ ខ្ញុំដូចជាមិនជឿទេ។ តែខ្ញុំនៅតែទទួលយក ហើយខ្ញុំនឹងដាក់ទៅប្រធានផ្នែកឲ្យពិនិត្យមើល ព្រមទាំងរាយការណ៍បញ្ហានេះទៅលោកនាយខណ្ឌឲ្យគាត់មានវិធានការ»។
ទោះយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ការពារសិទ្ធិមនុស្សខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា មានប្រសាសន៍ថា ការកែទម្រង់ឡូត៍នេសាទអាចមានប្រយោជន៍ដល់ប្រជាពលរដ្ឋបានទាល់តែរាជរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ពីថ្នាក់លើដល់ថ្នាក់ក្រោម ហើយត្រូវអនុវត្តច្បាប់នោះឲ្យស្មើភាពគ្នារវាងអ្នកមានអំណាច ឬមានលុយជាមួយប្រជាពលរដ្ឋក្រីក្រ និងត្រូវធ្វើឡើងជាប្រចាំ ដោយមិនត្រូវរង់ចាំតែនាយករដ្ឋមន្ត្រីព្រមាន ទើបមានសកម្មភាពនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។