ជាក់ស្ដែង នៅខេត្តបាត់ដំបង ក្រុមអ្នកភូមិបានអះអាងថា សមត្ថកិច្ចចម្រុះបានចុះទៅបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងដែននេសាទរបស់រាស្ត្រ ប៉ុន្តែបទល្មើសនេសាទជាច្រើនសន្ធឹកសន្ធាប់ទៀត កំពុងកើតមាននៅក្នុងដែនអភិរក្ស គឺមិនបានបង្ក្រាបនោះឡើយ។
សមត្ថកិច្ចចម្រុះមួយក្រុមមានគ្នា ៦នាក់ បានចុះទៅបង្ក្រាបបទល្មើសបរណរ៉ាវ ឬហៅថាស្បៃមងក្រឡាល្អិត របស់ប្រជាពលរដ្ឋចំនួន ១៥ម្ចាស់ ស្ថិតនៅឡូត៍លេខ១ ដែលស្ថិតនៅក្នុងដែននេសាទរបស់រាស្ត្រ ប៉ុន្តែបទល្មើសនេសាទដូចគ្នានេះ មានយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងឡូត៍លេខ២ ដែលជាតំបន់អភិរក្សនោះ ពួកគេពុំបានទៅបង្ក្រាបនោះឡើយ។
ក្រុមអ្នកភូមិបានថ្លែងថា កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ សមត្ថកិច្ចបានចុះអនុវត្តសើៗដើម្បីបង្ហាញរដ្ឋាភិបាល ប៉ុន្តែធាតុពិត បទល្មើសនេសាទដូចជា ការឆក់ត្រី បរណរ៉ាវ ឬស្បៃមងក្រឡាល្អិតជាច្រើនខ្សែ និងមានចម្ងាយរាប់សិបគីឡូម៉ែត្រ កំពុងកើនមាននៅក្នុងទឹកបឹងទន្លេសាប ជាពិសេសនៅក្នុងដែនអភិរក្ស។ បញ្ហានេះ ពួកគាត់ចាត់ទុកថាជាការអនុវត្តផ្ទុយពីយុទ្ធសាស្ត្រកែទម្រង់ធនធានមច្ឆាជាតិរបស់រដ្ឋាភិបាល។
ក្រុមអ្នកភូមិ៖ «ទីមួយ ជលផលបើកនៅក្នុងដីអភិរក្សឲ្យគេដាក់បរណរ៉ាវ ចម្ងាយពីព្រែកទាល មកពាក់កន្ទេល ១៦គីឡូម៉ែត្រ។ ទី២ បរិស្ថានបើកឲ្យគេឆក់នៅក្នុងព្រែកព្រះដើមឈើ ដីអភិរក្សសត្វស្លាប ឲ្យពួកប្រជាជន ប្រជាពលរដ្ឋទាំងអស់ហ្នឹងឯង ចុះរឿងអីហេតុអីបានជាក្នុងទឹកដីអភិរក្សដកឡូត៍រាប់ម៉ឺនដុល្លារទុកចោលហើយ បានពួកមន្ត្រីរាជការទាំងអស់ឲ្យប្រព្រឹត្តបទល្មើសនៅក្នុងបាន ក៏ប៉ុន្តែ»។
បទល្មើសនេសាទមានសន្ទុះខ្លាំងឡើងវិញ។ ក្រុមអ្នកភូមិបញ្ជាក់ថា ច្បាប់ និងបទបញ្ជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រកាសនារយៈកាលកន្លងមកនោះ ពុំមានប្រសិទ្ធភាពទេ។ ដោយសារតែមន្ត្រីក្រោមឱវាទ មិនបានអនុវត្តទៅតាមច្បាប់ និងតាមប្រសាសន៍នាយករដ្ឋមន្ត្រីដែលបានអំពាវនាវឲ្យទប់ស្កាត់រាល់បទល្មើសនេសាទ។ ក្រុមអ្នកភូមិបានអះអាងថា សមត្ថកិច្ចចម្រុះបានចុះទៅបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងដែននេសាទរបស់រាស្ត្រ ក្នុងឡូត៍លេខ១ ប៉ុន្តែបទល្មើសនេសាទជាច្រើនសន្ធឹកសន្ធាប់ទៀត កំពុងកើតមាននៅក្នុងដែនអភិរក្សឡូត៍លេខ២ គឺមិនបានបង្ក្រាបនោះឡើយ។ ឡូត៍នេសាទទាំងពីរនេះ ស្ថិតក្នុងភូមិពាក់កន្ទេល ដែលជាភូមិបណ្ដោះអាសន្នក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ឆ្លើយបំភ្លឺជុំវិញការចោទប្រកាន់នេះ លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង ស្ដីទី បានមានប្រសាសន៍បញ្ជាក់ថា ភូមិពាក់កន្ទេល មានមួយចំហៀងនៅខាងដែនរាស្ត្រ មួយចំហៀងនៅខាងដែនអភិរក្ស ប៉ុន្តែខាងជំនាញជលផលបានចុះធ្វើសកម្មភាពបង្ក្រាបរហូតមក។ លោកជំរុញឲ្យប្រជាពលរដ្ឋចូលរួមសហការ កុំលាក់លៀម ព្រោះបទល្មើសដែលប្រជាពលរដ្ឋបានរាយការណ៍នោះ គឺពួកគាត់បានបំផ្លើសខុសការពិត។ ដោយលោកលើកឧទាហរណ៍ថា ឃើញមួយពីរ ពួកគាត់រាយការណ៍ថាមានចំនួនច្រើនដែរ។
លោក ជួង សុភា៖ «បើគាត់នេះឲ្យគាត់រាយការណ៍មកលេខទូរស័ព្ទ មានអស់ហើយដាក់នៅតាមឃុំ តាមភូមិ។ យើងខ្ញុំបានដាក់អស់ហើយ មន្ត្រីប្រចាំការហ្នឹងលេខទូរស័ព្ទប្រមាណអីប្រមាណ តាំងពីខ្ញុំអីមានអស់ហើយ។ អ៊ីចឹង គាត់ដឹងកន្លែងណា គាត់រាយការណ៍មក គាត់អាចចូលរួមចង្អុលបង្ហាញមក បើសិនមន្ត្រីខ្ញុំមិនចូលរួម ខ្ញុំមានវិធានការ។ បើមិនដូច្នេះទេ ឲ្យគាត់មកជួយនាំផ្លូវទៅ គាត់អាចរាយការណ៍ទៅខាងក្បាលតោលក៏បាន រាយការណ៍មកខាងសង្កាត់កំពង់ប្រហុក ក៏បាន»។
ប៉ុន្តែ ការបញ្ជាក់នេះត្រូវបានអ្នកភូមិប្រតិកម្មថា ឲ្យពួកគាត់ជូនដំណឹង និងសហការជាមួយសមត្ថកិច្ចជំនាញដូចម៉េច បើពួកគេជាអ្នកនៅពីក្រោយខ្នងបទល្មើសនោះ។ ក្រុមអ្នកភូមិដែលបានដឹងពីរឿងរ៉ាវនេះ បញ្ជាក់ថា សមត្ថកិច្ចជំនាញពាក់ព័ន្ធពុំបានជួយប្រឹងប្រែងទៅតាមប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ៖ «នៅក្នុងព្រៃពាក់កន្ទេល មានមួយចំនួនទៀត ដើម្បីប្រមូលកម្លាំងឲ្យចេញឆក់ក្នុងម្នាក់មានឈ្មោះ ១៥ម៉ឺនរៀល ក្នុងមួយក្រុមមាន ១០នាក់។ ឈ្មោះ ហុង អ្នកបើកឲ្យជាមួយឈ្មោះ ផាន់។ ផាន់ ជាប្រធានភូមិពាក់កន្ទេល បង្កលក្ខណៈឲ្យពួកឆក់បទល្មើសនៅក្នុងព្រែក ហ្នឹងឯង»។
មន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តបាត់ដំបង លោក ហេង សាយហុង បានសង្កត់ធ្ងន់ថា បទល្មើសនេសាទតែងតែកើតមានរៀងរាល់ឆ្នាំ និងរាល់រដូវ។ អ្នកប្រព្រឹត្តបទល្មើសនេសាទមានជាបន្តបន្ទាប់ ហើយបញ្ហានេះមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធពុំបានបង្ក្រាបឲ្យមានប្រសិទ្ធភាពនោះទេ។
លោក ហេង សាយហុង៖ «អាជ្ញាធរសមត្ថកិច្ចដែលមានកិច្ចការងារតួនាទីហ្នឹង សំណូមពរធ្វើយ៉ាងម៉េចឲ្យគាត់ពិនិត្យឲ្យបានដិតដល់ ហើយអភិរក្សឲ្យខាងតែបាន។ គាត់ធ្វើបានចោះៗហ្នឹងសុំឲ្យជំរុញធ្វើយ៉ាងម៉េចធានាលើផលនេសាទហ្នឹង តាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលធានាឲ្យបានលើកិច្ចការងារបង្ក្រាប ក៏ដូចការងារអភិរក្សលើផលនេសាទហ្នឹង»។
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកហូតឡូត៍ចំនួន ៣៧កន្លែងជុំវិញបឹងទន្លេសាប មកទុកជាសម្បត្តិរដ្ឋវិញ។ រដ្ឋាភិបាលក៏បានប្រកាសហាមឃាត់មិនឲ្យប្រជាពលរដ្ឋប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីចាប់ត្រីនោះដែរ។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានអំពាវនាវសុំឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស រួមគ្នាទប់ស្កាត់បទល្មើសនេសាទ តែអនុញ្ញាតឲ្យមានការនេសាទជាលក្ខណៈគ្រួសារ។ លោកនាយករដ្ឋមន្ត្រីបានហាមឃាត់ដាច់ខាតការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងត្រូវរួមគ្នាការពារតំបន់អភិរក្សត្រីក្នុងបឹងទន្លេសាប ជួយផ្ដល់ព័ត៌មានអំពីជនខិលខូចដែលនាំគ្នាចូលទៅបំផ្លាញធនធានមច្ឆាជាតិក្នុងតំបន់អភិរក្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។