អ្នកភូមិនៃសហគមន៍ជនជាតិដើមភូមិផ្អរដែលរស់នៅជិតតំបន់ព្រៃកាប់រានរាយការណ៍ថា សកម្មភាពកាប់រានបាននិងកំពុងប្រព្រឹត្តនៅចំណុចព្រៃក្រងសុទេសមានជាប់ពាក់ព័ន្ធទៅនឹងវរសេនីយ៍ទោ ហ៊ុន សុខា ជំនួយការមេបញ្ជាការអង្គភាពកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនៅចំណុចអូរព្រៃឆៅមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនមួយដែលចូលមកទិញដីនៅតំបន់នោះ។
កាលពីថ្ងៃសៅរ៍ ទី២៧ ធ្នូ ឆ្នាំ២០០៨ វិទ្យុអាស៊ីសេរី មន្ត្រីសមាគមអាដហុក អ្នកសារព័ត៌មានក្នុងស្រុក អ្នកភូមិប្រមាណ២០នាក់ និងមន្ត្រីក្រុមប្រឹក្សាឃុំ បានចូលទៅកាន់តំបន់កាប់រានព្រៃនោះ ហើយប្រទះឃើញជាក់ស្តែងនូវព្រៃឈើធំតូចរាប់ម៉ឺនដើមដែលត្រូវបានអាររំលំនិងកំពុងប្រឈមនឹងការអាររំលំបន្តទៀតដើម្បីរានយកដី ៖ «ព្រៃឈើនេះវាជិតអស់ហើយរាប់ពាន់ហិកតារ។ សូមអង្វរសម្ដេច... ហ៊ុន សែន ជួយជាបន្ទាន់។ មានតែភូមិក្រៀងហ្នឹងលក់ ៨០០ហិកតារហ្នឹងសុទ្ធតែតំបន់ព្រៃស្រោងតែម្ដង»។
វរសេនីយ៍ទោ ហ៊ុន សុខា បដិសេធសេចក្តីចោទនោះថា ៖ «ទិញមួយគ្រួសារៗ អានេះលក្ខណៈឯកជនសុទ្ធ ការចាប់ចម្ការស្វាយចន្ទីទាំងអស់»។
ចំណែកមេការទទួលខុសត្រូវនៅការដា្ឋនមានទីតាំងជាប់ព្រៃកំពុងកាប់រាន លោក ហួត តារា ទទួលស្គាល់ថា ក្រុមហ៊ុនលោកគឺជាអ្នកកាប់រាននៅតំបន់អូរព្រៃឆៅក្រោមហេតុផលថា ដីនោះក្រុមហ៊ុនវីនាហុងកុងហ្រ្គូបបានទិញដើម្បីធ្វើការដ្ឋានដាំកៅស៊ូ ក៏ប៉ុន្តែលោកមិនព្រមបញ្ជាក់ពីទំហំដី អត្តសញ្ញាណ និងអាសយដ្ឋានក្រុមហ៊ុននោះនៅទីណាឡើយ។
មេឃុំកិចុង លោក រចំ ឡៃ ទទួលស្គាល់ថា ដីនៅតំបន់នោះអ្នកភូមិគឺជាអ្នកលក់ទៅឲ្យអតីតមេបញ្ជាការវរការពារព្រំដែនខេត្តរតនគិរី គឺលោក អួន សុវណ្ណា តាំងពីឆ្នាំ២០០៤ បន្ទាប់អ្នកទិញដីបានលក់បន្តដែលអាជ្ញាធរមិនបានដឹង។
លោក រចំ ឡៃ បានមានប្រសាសន៍ថា ៖ «ភូមិហ្នឹងផ្ទេរឲ្យគេមែន ក៏ប៉ុន្តែព្រៃឈើយើងអត់ដឹងគេកាប់។ អ៊ីចឹងគេផ្ទេរសិទ្ធិ គិតថាដីហ្នឹងគេឲ្យកាន់កាប់ធ្វើស្រែ ធ្វើចម្ការអ៊ីចឹងទៅ»។
នាយផ្នែកនៃខណ្ឌរដ្ឋបាលព្រៃឈើទទួលបន្ទុកស្រុកបរកែវ លោក សៅ វ៉ាននី មានប្រសាសន៍ថា ពុំមានក្រុមហ៊ុនណាមួយត្រូវបានផ្តល់សម្បទាននៅតំបន់នោះទេ ៖ «ចាំមើលខ្ញុំចុះទៅ អ្វីដែលមិនទាន់ដួល តែដួលហើយពិបាកនិយាយគ្នា...»។
កាលពីសប្តាហ៍មុននេះអាជ្ញាធរខេត្តរតនគិរីបានរកឃើញគំនរឈើមូលនៅក្នុងការដ្ឋានដាំកៅស៊ូរបស់ឧត្តមសេនីយ៍ឯក ហ៊ុយ ពិសិដ្ឋ ទីប្រឹក្សានិងជាមេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្ត្រី។
តាមសាក្សីដែលបានឃើញគំនរឈើអះអាងថា មានប្រមាណ៣០០ទៅ៤០០ម៉ែត្រគូប ក៏ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះអាជ្ញាធរខេត្តនិងមន្ត្រីជំនាញមិនព្រមធ្វើអត្ថាធិប្បាយពីបរិមាណនិងប្រភពឈើផ្លូវការដែលរកឃើញនោះទេ ក្រៅពីអះអាងថាកំពុងចាត់ការរឿងនេះតែប៉ុណ្ណោះ៕