សកម្មភាព​កាប់​ឈើ​របស់​ជន​ជាតិ​វៀតណាម​នៅ​រតនគិរី

នៅ​តំបន់​ព្រំដែន​ស្រុក​អណ្តូងមាស ខេត្ត​រតនគិរី ជាប់​នឹង​ប្រទេស​វៀតណាម អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា ក្រុម​ជនជាតិ​វៀតណាម កំពុង​កាប់​ឈើ​នៅ​តំបន់​ព្រៃ​ក្នុង​ទឹក​ដី​ខ្មែរ ហើយ​ដឹក​ជញ្ជូន​ចូល​ទៅ​កាន់​ប្រទេស​វៀតណាម។
ដោយ រដ្ឋា វីសាល
2010-03-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្ត​ដឹក​ឈើ​ប្រណីត​ដែល​ក្រឡាប់​នៅ​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​១៨ មិថុនា ២០០៩។
រថយន្ត​ដឹក​ឈើ​ប្រណីត​ដែល​ក្រឡាប់​នៅ​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​១៨ មិថុនា ២០០៩។
RFA Photo/Ratha Visal

អ្នក​ភូមិ​ជន​ជាតិ​ដើម​ចារ៉ាយ រស់​នៅ​ឃុំ​ញ៉ាង ស្រុក​អណ្តូងមាស ខេត្ត​រតនគិរី ជាប់​ព្រំដែន​ប្រទេស​វៀតណាម ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​មីនា ឆ្នាំ​២០១០ ថា ជនជាតិ​វៀតណាម​ជា​ក្រុម​ចូល​មក​កាប់​ឈើ​ហើយ​អារ​ច្រៀក​ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​តូច រួច​ដឹក​ជញ្ជូន​ពី​ព្រៃ​មក​ស្តុក​ទុក​ក្បែរ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ខ្មែរ ដើម្បី​នាំ​ឆ្លង​ទៅ​ប្រទេស​វៀតណាម។

អ្នក​ភូមិ​តាំងម្លូ ឈ្មោះ កាឡាន បែង មាន​ប្រសាសន៍​ថា សកម្មភាព​នោះ​កើត​មាន​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១០ រហូត​មក​ទល់​នឹង​ថ្ងៃ​អាទិត្យ ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ។ អ្នក​ភូមិ​នៅ​តែ​ប្រទះ​ឃើញ​ជនជាតិ​វៀតណាម​ចូល​មក​ជញ្ជូន​ឈើ​នោះ​ដដែល។ អ្នក​ភូមិ​ចោទ​ប្រកាន់​ទៅ​លើ​តម្រួត​ព្រំដែន​យោធា​ និង​ប៉ូលិស​ប៉ុស្តិ៍​ព្រំដែន​ផាតាមក្រោម​ថា ជា​អ្នក​ឃុបឃិត​បើក​ដៃ...។

កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៨ មីនា អ្នក​ភូមិ​តាំងម្លូ​មាន​គ្នា ៤​នាក់​បាន​ទៅ​ពិនិត្យ​មើល​សកម្មភាព​កាប់​ឈើ​នៅ​តំបន់​នោះ​ឲ្យ​ដឹង​ថា ឈើ​ដែល​គេ​កាប់​នោះ​ជា​ប្រភេទ​ឈើ​ចម្រុះ​មាន​ធ្នង់ នាងនួន ឈើ​ក្រំ ។ល។ នៅ​ចំណុច​ក្នុង​ព្រៃ​ចម្ងាយ​ជាង ៧​គីឡូម៉ែត្រ​ពី​ភូមិ និង​ចម្ងាយ ៣​គីឡូម៉ែត្រ​ពី​តំបន់​ព្រំដែន។

ក្រុម​អ្នក​កាប់​និង​ដឹក​ជញ្ជូន​ឈើ​ជា​ជនជាតិ​វៀតណាម មាន​គ្នា​ជា​ក្រុម​ពី ៧ ទៅ ១០​នាក់។ ពួកគេ​ប្រើប្រាស់​ម៉ាស៊ីន​កាត់​ឈើ​មូល ហើយ​អារ​ជា​ឈើ​ជ្រុង​និង​យក​កង់​សម្រាប់​ជិះ​ទៅ​ច្នៃ​ដាក់​សំបក​កង់​ទំហំ​ធំ ធ្វើ​រាន​សម្រាប់​ដាក់​ឈើ​ពី​លើ​ពី​៣ ទៅ ៥​ផ្លាន ហើយ​នាំ​គ្នា​ពី ៥ ទៅ ៧​នាក់​រុញ​កង់​ដឹក​ជញ្ជូន​ឈើ​ពី​ព្រៃ​មក​គរ​ទុក​នៅ​កំពង់​ទឹក​ផាតាម មាន​បរិមាណ​ប្រមាណ ៣០​ម៉ែត្រ​គូប ចម្ងាយ​ប្រមាណ ៥០០​ម៉ែត្រ​ពី​ប៉ុស្តិ៍​យោធា​និង​នគរបាល​ការពារ​ព្រំដែន​ខ្មែរ​នៅ​ទី​នោះ ដើម្បី​បន្ត​ដឹក​ជញ្ជូន​ឆ្លង​ទឹក​ទៅ​កាន់​ទឹក​ដី​វៀតណាម។

អ្នក​ភូមិ​ឲ្យ​ដឹង​ដូច្នេះ ៖ «ឈើ​ហ្នឹង​គេ​ធ្វើ​ដោយ​ចំហ ដូច​ថា ដោយ​មាន​ប៉ូលិស​និង​ទាហាន​ជា​បង្គោល ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​ហ៊ាន​លូក​ដៃ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ស្វែង​រក​មន្ត្រី​យោធា​និង​នគរបាល​ការពារ​ព្រំដែន​ប៉ុស្តិ៍​ផាតាម ដើម្បី​បំភ្លឺ​បញ្ហា​នេះ​បាន​ភ្លាមៗ​ទេ ក៏​ប៉ុន្តែ​មេ​បញ្ជាការ​យោធា​ខេត្ត​រតនគិរី លោក ម៉ុង ថែន មាន​ប្រសាសន៍​ថា លោក​មិន​បាន​ទទួល​សេចក្ដី​រាយ​ការណ៍​ណា​មួយ​ពី​ករណី​នេះ​ទេ។ លោក​បញ្ជាក់​ថា នឹង​ចាត់​មន្ត្រី​ទៅ​ពិនិត្យ​មើល​សេចក្ដី​រាយ​ការណ៍​នេះ។

លោក ម៉ុង ថែន មាន​ប្រសាសន៍​ដូច្នេះ ៖ «កម្លាំង​ខ្ញុំ​នៅ​ទី​នេះ​ក៏​កំពុង​តែ​ធ្វើការ​ត្រួត​ពិនិត្យ បង្ក្រាប​គ្រប់​កន្លែង នៅ​នោះ​ខ្ញុំ​មិន​ទាន់​ដឹង​ទេ»

ចំណែក​ស្នងការ​រង​ប៉ូលិស​ខេត្ត​រតនគិរី ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​លោក ស៊ូ វ៉ាន់ខាំវ៉ាន់ មាន​ប្រសាសន៍​ដែរ​ថា លោក​នឹង​ចាត់​មន្ត្រី​ត្រួត​ពិនិត្យ​ករណី​នេះ​នៅ​ថ្ងៃ​នេះ មិន​អាច​ឲ្យ​បទ​ល្មើស​នៅ​ទី​នោះ​កើត​មាន​ទេ។

អាជ្ញាធរ​ខេត្ត​រតនគិរី តាំង​ពី​ថ្ងៃ​ទី​២២ ខែ​មីនា បាន​បើក​យុទ្ធនាការ​បង្ក្រាប​និង​រឹប​អូស​ឈើ​ប្រណីត​ខុស​ច្បាប់​ជាង ៤០០​ម៉ែត្រ​គូប​ហើយ​ពី​ក្រុម​ជន​ល្មើស​លាក់​ទុក​ក្នុង​ព្រៃ ក្នុង​ចម្ការ​និង​តាម​គេហដ្ឋាន​ពលរដ្ឋ​មួយ​ចំនួន ក៏​ប៉ុន្តែ​មិន​ទាន់​មាន​សេចក្ដី​រាយ​ការណ៍​ពី​ការ​ចាប់​ឃាត់​ខ្លួន​ជន​ល្មើស​ណា​ម្នាក់​នោះ​ទេ។

កាល​ពី​ដើម​ឆ្នាំ​២០១០ មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​ញ៉ាង ស្រុក​អណ្តូងមាស បាន​ស្ទាក់​ឃាត់​រថយន្ត​ដឹក​ជញ្ជូន​ឈើ​ប្រណីត​នាំ​ទៅ​កាន់​ប្រទេស​វៀតណាម ដោយ​បុគ្គល​ជា​មន្ត្រី​ប៉ូលិស​និង​យោធា​ក្នុង​មូលដ្ឋាន​នោះ។ ប៉ុន្តែ​ក្រុម​អ្នក​ដឹក​ឈើ​ប្រើ​អំណាច​គំរាម​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​វិញ។

អ្នក​ភូមិ​តាំងម្លូ មាន​ប្រសាសន៍​ថា ពួក​គាត់​ចង់​ឲ្យ​មាន​ការ​បញ្ឈប់​សកម្មភាព​លួច​កាប់​ឈើ​ក្នុង​ដី​ខ្មែរ​ដើម្បី​រក្សា​ព្រៃ​ឈើ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល