តំបន់​រ៉ែ​មាស​នៅ​ខែត្រ​រតនគិរី​រង​ការ​ជីក​កកាយ​យ៉ាង​អនាធិបតេយ្យ

អ្នក​ឃ្លាំ​មើល​បញ្ហា​បរិស្ថាន​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ខេត្ត​រតនគិរី មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​២៥ មិថុនា​នេះ ថា មាន​តំបន់​រ៉ែ​មាស​មួយ​កន្លែង​នៅ​ភូមិ​តាំងសេ ឃុំ​ញ៉ាង ក្បែរ​ព្រំដែន​ប្រទេស​វៀតណាម កំពុង​រង​ការ​ធ្វើ​អាជីវកម្ម​យ៉ាង​អនាធិបតេយ្យ ដោយ​មាន​កម្មករ​ខ្មែរ និង​វៀតណាម​កំពុង​ជីក​កកាយ។

ប្រធាន​អង្គការ​ការពារ​បរិស្ថាន និង​ការពារ​សិទ្ធិ​កម្ពុជា លោក ចក់ សាខន មាន​ប្រសាសន៍​ថា ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន និង​ធនធាន​ធម្មជាតិ មាន​រ៉ែ​មាស ទឹក​ទន្លេ ដី​ព្រៃ​ភ្នំ កំពុង​កើត​មាន​នៅ​តំបន់​រុករក​មាស​អនាធិបតេយ្យ​នោះ។

លោក ចក់ សាខន បាន​បញ្ជាក់​ថា ៖ «បើ​អាជ្ញាធរ​ធ្វើ​ម៉េច​ក៏​មិន​ដឹង​ថា គេ​មក​ធ្វើ​រុករាន​អ៊ីចឹង! ខាង​វៀតណាម អាណិកជន​វៀតណាម​ក៏​ចូល​មក​ធ្វើ​ដែរ វៀតណាម​ស្រុក​យើង​ក៏​មាន វៀតណាម​ខាង​គេ​ក៏​មាន ដូច្នេះ​វា​ទៅ​ជា​អនាធិបតេយ្យ!»

ប្រភព​ប្រជា​ពលរដ្ឋ និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​អូរយ៉ាដាវ និង​ស្រុក​អណ្ដូង​មាស ឲ្យ​ដឹង​ថា តំបន់​ធ្វើ​រ៉ែ​មាស​អនាធិបតេយ្យ​នោះ​ឋិត​នៅ​ភូមិ​តាំងសេ ឃុំ​ញ៉ាង ស្រុក​អណ្ដូង​មាស ជា​តំបន់​ជាប់​ព្រំ​ប្រទល់​ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ចម្ងាយ​ប្រមាណ ៥​គីឡូម៉ែត្រ ទៅ ១០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​តំបន់​ព្រំដែន​ប្រទេស​វៀតណាម។ ទីតាំង​នោះ​មាន​ប្រើ​ម៉ាស៊ីន​រែង​មាស ៤​គ្រឿង ដាក់​ជួល​ឲ្យ​កម្មករ​អ្នក​ភូមិ​មក​ពី​ស្រុក​អណ្ដូង​មាស ស្រុក​អូរយ៉ាដាវ និង​ពលរដ្ឋ​ឆ្លង​ដែន​ពី​ភូមិ​ស្រុក​នៃ​ប្រទេស​វៀតណាម មក​ជីក​កកាយ​រក​មាស​រាប់​រយ​នាក់​នៅ​តំបន់​នោះ តាំង​ពី​ដើម​ឆ្នាំ​២០១០ រហូត​មក​ទល់​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​មិថុនា​នេះ។

អ្នក​ភូមិ​រស់​នៅ​ភូមិ​ភិ ឃុំ​សេសាន សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ទីតាំង​នោះ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ផ្នែក និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ចេញ​ចូល​ទៅ​ពិនិត្យ​មើល​ជា​ច្រើន​លើក ក៏​ប៉ុន្តែ​ក្រៅ​ពី​ទៅ​ទារ​ជំរិត​យក​ប្រាក់​ពី​ក្រុម​អ្នក​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នោះ ពួក​គេ​មិន​បាន​បង្ក្រាប​ទេ ហើយ​បើ​អ្នក​រុករក​រ៉ែ​មាស​មិន​បង់​ប្រាក់​ឲ្យ​ពួក​គេ​នោះ ក្រុម​សមត្ថកិច្ច​ទាំង​នោះ​ធ្វើ​ការ​រឹបអូស​គ្រឿង​សម្ភារៈ​ម៉ាស៊ីន​រែង​មាស ឬ​ដុត​បំផ្លាញ​ចោល​នូវ​ឧបករណ៍ និង​រោង​ស្នាក់នៅ​របស់​ក្រុម​អ្នក​មក​ជីក​មាស​ទាំង​នោះ ៖ «បើ​ថា​យើង​ឲ្យ​លុយ គេ​ទារ​មួយ​គ្រឿង​ពីរ​បី​រយ​(ដុល្លារ)​ណា៎!»

អភិបាល​ស្រុក​អូរយ៉ាដាវ លោក ដក ស មាន​ប្រសាសន៍​ថា តំបន់​នោះ​ឋិត​ក្រោម​ការ​គ្រប់គ្រង​រដ្ឋបាល​នៃ​ស្រុក​អណ្ដូង​មាស។ ចំណែក​អភិបាល​ស្រុក​អណ្ដូង​មាស លោក នង ដារិទ្ធ មាន​ប្រសាសន៍​ថា តំបន់​នោះ​ឋិត​ក្នុង​ដី​រដ្ឋបាល​ស្រុក​អូរយ៉ាដាវ​ទៅ​វិញ។ លោក​បន្ត​ថា មាន​អំពើ​ពុក​រលួយ​ច្រើន​ទាក់ទិន​ករណី​នេះ ហើយ​លោក​បាន​ផ្ដល់​របាយការណ៍​ជូន​អាជ្ញាធរ​ខេត្ត​ហើយ។

លោក នង ដារិទ្ធ បាន​ឲ្យ​ដឹង​ថា ៖ «រឿង​អូរយ៉ាដាវ ហើយ​ឥឡូវ​ខ្ញុំ​វា​អស់​លទ្ធភាព​ដែរ ខ្ញុំ​ខ្ជិល ខ្ញុំ​ហត់​ណាស់ និយាយ​ត្រង់​តែម្ដង! បើ​ទៅ​រលួយ​ៗ ឲ្យ​ខ្ញុំ​ធ្វើ​ម៉េច!»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អភិបាល និង​អភិបាល​រង​ខេត្ត​រតនគិរី ដើម្បី​អធិប្បាយ​ពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​សុក្រ ទី​២៥ ខែ​មិថុនា​នេះ។

យ៉ាង​នេះ​ក្ដី ប្រធាន​មន្ទីរ​ឧស្សាហកម្ម រ៉ែ និង​ថាមពល ខេត្ត​រតនគិរី លោក ហែម វ៉ាន់ថន មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ។ លោក​បន្ត​ថា កន្លង​ទៅ​នេះ​មន្ទីរ​បាន​ធ្វើ​ការ​ជូន​ដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ស្រុក ឲ្យ​ចាត់​វិធានការ​បង្ក្រាប​មិន​ឲ្យ​មាន​ទីតាំង​ធ្វើ​អាជីវកម្ម​រ៉ែ​អនាធិបតេយ្យ​ណា​មួយ​ឡើយ៕