កម្ពុជា​នាំ​ចូល​ទំនិញ​ដ៏​ច្រើន​ពី​ប្រទេស​ថៃ​និង​វៀតណាម

មន្ត្រី​ព័ត៌មាន​ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ដែល​ជាប់​នឹង​ព្រំដែន​ខ្មែរ​-ថៃ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រសហ្បតិ៍​នេះ​ថា ការ​នាំ​សម្ភារៈ​ទំនិញ​ពី​ប្រទេស​ថៃ ចូល​មក​ក្នុង​ប្រទេស​កម្ពុជា គឺ​នៅ​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់។

0:00 / 0:00

លោក បួង វិបុល ជា​មន្ត្រី​ដែល​ប្រចាំការ​នៅ​ព្រំដែន​នា​ភាគ​ពាយ័ព្យ បាន​ថ្លែង​បន្ត​ថា ទំនិញ ផលិតផល និង​សម្ភារៈ​ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ ភាគ​ច្រើន​នា​ពេល​បច្ចុប្បន្ន​គឺ ផ្លែ​ឈើ​និង​សម្ភារៈ​សំណង់ ៖ «មាន​សំខាន់​គឺ​ផ្លែ​ឈើ​នាំ​ពី​ថៃ ហើយ​យើង​ឃើញ​មាន​ដែក ស៊ីម៉ង់ត៍ និង​គ្រឿង​បរិក្ខារ​ផ្សេងៗ សំណង់​អី ក៏​យក​ចូល​ពី​ខាង​ថៃ​មក​ដែរ ចេញ​ទាំង​កុងតឺន័រ​ៗ​មក»

មន្ត្រី​ព្រំដែន​ដដែល​បាន​ថ្លែង​បន្ថែម​ថា ផលិតផល​ប្រើ​ប្រាស់​ក្នុង​គ្រួសារ​ប្រចាំ​ថ្ងៃ ក៏​ភាគ​ច្រើន​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ថៃ​ផង​ដែរ ដូចជា​គ្រឿង​សំអាង​តុប​តែង​កាយ សម្លៀក​បំពាក់ ភេសជ្ជៈ និង​ស្រា​បៀរ​ជា​ដើម។ ក្នុង​នោះ​ម្ហូប​អាហារ ដែល​រួម​មាន សាច់​ជ្រូក សាច់​មាន់ បន្លែ​ជា​ច្រើន​មុខ​ទៀត ក៏​នាំ​ចូល​ពី​ថៃ​ផង​ដែរ។

ចំណែក​ឯ​ប៉ូលិស​សេដ្ឋកិច្ច​មួយ​រូប​ប្រចាំ​នៅ​ច្រក​ភ្នំដិន ក្នុង​ខេត្ត​តាកែវ ដែល​ជាប់​នឹង​ព្រំដែន​កម្ពុជា​-វៀតណាម បាន​ឲ្យ​ដឹង​ដែរ​ថា ទំនិញ បន្លែ ផ្លែ​ឈើ ក៏​មាន​នាំចូល​ពី​ប្រទេស​វៀតណាម​ផង​ដែរ។ ជា​មួយ​គ្នា​នេះ សម្ភារៈ​ដែល​បម្រើ​ឲ្យ​វិស័យ​កសិកម្ម ដែល​រួម​មាន​ជី​គីមី បាវ​ច្រក​ស្រូវ និង​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ជា​ដើម បច្ចុប្បន្ន ក៏​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ដែរ។

ក្រុម​អ្នក​សិក្សា​អំពី​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច បាន​ថ្លែង​ស្រប​គ្នា​ថា កម្ពុជា​នឹង​នៅ​តែ​បន្ត​នាំ​ចូល​នូវ​ផលិតផល​ទំនិញ​ឬ​សម្ភារៈ​ប្រើប្រាស់​ពី​ប្រទេស​ជិត​ខាង ដូច​ជា​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម យ៉ាង​ហោច​ក្នុង​រវាង ៥​ឆ្នាំ បន្ត​ទៅ​មុខ​ទៀត​នេះ។

លោក​សាស្ត្រាចារ្យ ហួត ពុំ ដែល​បង្រៀន​ផ្នែក​សេដ្ឋកិច្ច​នៅ​សកលវិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​ថ្លែង​ថា តម្រូវការ​ក្នុង​ស្រុក​បាន​កើន​ឡើង ក៏​ប៉ុន្តែ​កម្ពុជា​នៅ​មិន​ទាន់​អាច​ផលិត​នូវ​ផលិតផល​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ឆ្លើយ​តប​នឹង​តម្រូវការ​នៅ​ឡើយ​ទេ។

លោក​សាស្ត្រាចារ្យ ហួត ពុំ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ព្រោះ​យើង​អត់​ទាន់​មាន​ស្អី​ជំនួស​បាន សំខាន់​ទាល់​តែ​យើង​រក​ផលិតផល​ជំនួស​បាន សូម្បី​តែ​រឿង​សាមញ្ញ​ក៏​ដោយ ប៉ុន្តែ​ស្រុក​យើង​អត់​ទាន់​មាន។ តម្រូវការ​ក្នុង​ស្រុក​មាន តែ​អ្នក​ផ្គត់ផ្គង់​វា​អត់​មាន ដល់​ពេល​អ៊ីចឹង​ទៅ​ភ្លាមៗអត់​កើត​ទេ បើ​ថា​យើង​ចង់​កាត់ ទាល់​តែ​មាន​អី​ជំនួស ឬ​អត់​យក​ចូល​ពី​ប្រទេស​ពីរ​ហ្នឹង យក​ចូល​ពី​ប្រទេស​ផ្សេង ឧបមា​អ៊ីចឹង​យើង​អាច​ធ្វើ​បាន ប៉ុន្តែ​ថា​ឲ្យ​កាត់​បន្ថយ​មិន​នាំ​​ចូល ហើយ​យើង​ប្រើ​របស់​ក្នុង​ស្រុក​យើង​តែ​ម្ដង អត់​ទាន់​កើត​ទេ។ ព្រោះ​តម្រូវការ​ក្នុង​ស្រុក​យើង​មាន​ជា​បន្ត ប៉ុន្តែ​ការ​ផ្គត់ផ្គង់​អត់​មាន ហើយ​មួយ​ទៀត បើ​យើង​សិក្សា​ការ​ប្រកួត​ប្រជែង​របស់​យើង​ជា​មួយ​ប្រទេស​ជិត​ខាង យើង​ផលិត ក៏​លក់​អត់​ឈ្នះ​ពួក​គាត់​ដែរ គេ​នាំ​ចូល ហើយ​គេ​ថោក​ជាង​យើង​ទៀត»

នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពាណិជ្ជករ​វៀតណាម​និង​ពាណិជ្ជករ​ថៃ បាន​បើក​ពិព័រណ៍​ផលិត​ផល​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ក្រុង​ភ្នំពេញ។ ចំណែក​ឯ​ប្រទេស​កម្ពុជា ក៏​បាន​ព្យាយាម​ដាក់​បង្ហាញ​ផលិតផល​របស់​ខ្លួន​នៅ​ទីផ្សារ​អន្តរជាតិ​ផង​ដែរ។ ថ្មី​ៗ​នេះ កម្ពុជា​ទើប​បាន​ដាក់​តាំង​ផលិតផល​របស់​ខ្លួន​នៅ​ខេត្ត​ណាននិញ នៃ​ប្រទេស​ចិន។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម គឺ​លោក ចម ប្រសិទ្ធ បាន​ថ្លែង​នា​ពេល​ថ្មីៗ​នេះ​ថា ពាណិជ្ជកម្ម​ឆ្លង​ដែន​រវាង​ថៃ​និង​កម្ពុជា ក្នុង​ឆ្នាំ​២០០៧ គឺ​ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង ១.០០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ៖ «គ្រាន់​តែ​ឆ្នាំ​២០០៧ ថៃ​នាំ​ចូល​មក​យើង​ជាង ១.៤០០​លាន​ដុល្លារ យើង​នាំ​ទៅ​គាត់​តែ ៤០​លាន​[ដុល្លារ]​ទេ»

ចំណែក​ឯ​កាសែត​វៀតណាម​មួយ​សរសេរ​ថា ពាណិជ្ជកម្ម​ឆ្លង​ដែន​រវាង​កម្ពុជា​និង​វៀតណាម​ក្នុង​ឆ្នាំ​២០០៦ គឺ​មាន​ចំនួន ១.០០០​លាន​ដុល្លារ​អាមេរិក។ កាសែត​ដដែល​សរសេរ​បន្ត​ថា ពាណិជ្ជកម្ម​ឆ្លង​ដែន​រវាង​ប្រទេស​ទាំង​ពីរ រំពឹង​ថា នឹង​កើន​ឡើង​ចំនួន ២.៣០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក នៅ​ឆ្នាំ​២០១០ ហើយ​បន្ត​កើន​ឡើង​រហូត​ដល់ ៧.០០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​២០១៥។

អ្នក​សិក្សា​សេដ្ឋកិច្ច​និង​ជា​ប្រធាន​សមាគម​អ្នក​សេដ្ឋកិច្ច​កម្ពុជា គឺ​លោក ច័ន្ទ សុផល បាន​ថ្លែង​ថា កម្ពុជា​អាច​កាត់​បន្ថយ​ការ​នាំចូល​នូវ​ផលិតផល ទំនិញ និង​សម្ភារៈ​ពី​ប្រទេស​ជិត​ខាង​បាន ដរាប​ណា កម្ពុជា​ពង្រីក​ការ​ផលិត​ដោយ​ខ្លួន​ឯង​ឲ្យ​ឆ្លើយ​តប​នឹង​តម្រូវការ​ក្នុង​ស្រុក។

ដើម្បី​ជំរុញ​បរិមាណ​ផលិត​ក្នុង​ស្រុក លោក​ថ្លែង​ថា ដរាប​ណា​ហេដ្ឋា​រចនា​សម្ព័ន្ធ ដែល​រួម​មាន ផ្លូវ ទឹក ភ្លើង ព្រមទាំង​ធុរកិច្ច​ផ្នែក​វិនិយោគ​ត្រូវ​បាន​កែ​លម្អ ៖ «រឿង​អភិវឌ្ឍ​សេដ្ឋកិច្ច​ផ្ទាល់​ឲ្យ​មាន​ជា​ផលិតកម្ម ជា​ពាណិជ្ជកម្ម​ហ្នឹង ដូច​ខ្ញុំ​ជម្រាប​ជូន​អម្បាញ់​មិញ​ហ្នឹង​ថា រឿង​ដំណាំ​ស្រូវ​យើង​ខ្វះ​ប្រព័ន្ធ​ធារា​សាស្រ្ដ ទីផ្សារ​មិន​អី​ទេ គឺ​ឈ្មួញ​គេ​ចាំ​តែ​ទិញ​ទេ។ ហើយ​ពាក់ព័ន្ធ​នឹង​ស្រូវ​នេះ​ដែរ ជី​មាន​តម្លៃ​ខ្ពស់​ណាស់ ហើយ​យើង​ខ្វះ​ការ​ប្រកួត​ប្រជែង​ច្បាស់​លាស់ នៅ​ក្នុង​ពាណិជ្ជ​កម្ម​ជី ព្រោះ​ជី​ដូច​ជា​ទិញ​ពី​ប្រទេស​គេ​ទាំង​ស្រុង។ ហើយ​រឿង​ដី យើង​មាន​សក្ដានុពល​ផលិត​បាន​ច្រើន ប៉ុន្តែ​បណ្ដាញ​នៅ​តាម​ជនបទ ខេត្ត​ដាច់​ស្រយាល​ខ្លះ គឺ​ផ្លូវ​មិន​ទាន់​រួចរាល់ នៅ​មាន​ការ​យឺតយ៉ាវ អ៊ីចឹង​បង្កើន​ល្បឿន​ក្នុង​ការ​ធ្វើ​ផ្លូវ ដើម្បី​ប្រទាក់​ក្រឡា​នៅ​តំបន់​ទាំង​នោះ គឺ​ជា​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន​យើង។ ដោយ​ឡែក​រឿង​ទាក់ទាញ​វិនិយោគ​ហ្នឹង ក៏​គួរ​តែ​ខិតខំ​សម្រួល​ឲ្យ​វិនិយោគ​ហ្នឹង ចូល​បាន​ល្អ ដោយ​បន្ថយ​គេ​ហៅ​ថា​ចំណាយ​ក្រោម​តុ ដែល​យើង​ដឹង​មក​គឺ​ថា នៅ​មាន​កម្រិត​ខ្ពស់»

តំណាងរាស្ត្រ​មួយ​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក ជាម យៀប ក៏​បាន​ថ្លែង​ដែរ​ថា ផ្ទៃ​ដី​កម្ពុជា​នៅ​មាន​សក្តានុពល​ផលិតកម្ម​ច្រើន ហើយ​លោក​ថ្លែង​ជំរុញ​ទៅ​រដ្ឋាភិបាល​យ៉ាង​ដូច្នេះ​ថា ៖ «អ៊ីចឹង​ទេ​ប្រការ​ដែល​សំខាន់​គឺ​ថា រាជ​រដ្ឋាភិបាល​ណែនាំ​ដល់​ក្រសួង​កសិកម្ម ហើយ​ក្រសួង​កសិកម្ម​ណែនាំ​ដល់​អង្គភាព​ក្រោម​ឱវាទ ដែល​ជា​សមត្ថកិច្ច ដូចជា ខាង​ធារា​សាស្រ្ដ ឬ​ក៏​ខាង​បសុព្យាបាល ... ធ្វើ​ម៉េច​ឲ្យ​ប្រជាជន​យល់​អំពី​ការ​រៀបចំ​ចិញ្ចឹម​សត្វ ឬ​ក៏​ដាំ​ដំណាំ​តាម​ផ្ទះ​គាត់ ឲ្យ​បាន​យល់​កាន់តែ​ខ្លាំង​ក្លា​ឡើង ហើយ​អា​នោះ​គឺ​ជា​កម្រៃ​មួយ​ដែល​សន្សំ​សំចៃ​ខ្ពស់។ កាល​ណា​គេ​ដាំ​ដុះ​បាន​ច្រើន ជា​ពិសេស​ប្រពល​វប្បកម្ម ហើយ​អ៊ីចឹង​ទេ ប្រសិន​បើ​ចូលរួម​ការងារ​បាន​ច្រើន​កាល​ណា គឺ​ល្អ​កាល​ហ្នឹង យើង​មិន​បាច់​នាំ​ចូល​ទេ»

ជា​មួយ​គ្នា​នេះ លោក ហួត ពុំ សាស្ត្រាចារ្យ​សេដ្ឋកិច្ច​បាន​ថ្លែង​ដែរ​ថា ៖ «ជា​គោលការណ៍​គឺ រាជ​រដ្ឋាភិបាល ដាក់​គោល​នយោបាយ​ច្បាស់​លាស់ ទាក់ទង​នឹង​វិស័យ​កសិកម្ម ឧបមា​អ៊ីចឹង។ ឥឡូវ​គោលការណ៍​ដើម្បី​ជំរុញ​វិស័យ​កសិកម្ម ត្រូវ​ពង្រឹង​ទាំង​អស់ ឧបមា​ថា ធារា​សាស្រ្ដ ត្រូវ​ឲ្យ​មាន​ឲ្យ​ពូកែ ហើយ​ទាក់ទង​ជាមួយ​នឹង​ជី​ហ្នឹង ត្រូវ​តែ​រដ្ឋាភិបាល​រក​វិធី​ណា​មួយ​ផលិត​ខ្លួន​ឯង ឬ​នាំចូល​ពី​ប្រទេស​ណា​ដែល​ថោក​ជាង យក​មក​ផ្គត់ផ្គង់​ជំនួស ទៅ​រក​ទីផ្សារ​អី អាហ្នឹង​ដូច​ជា​យុទ្ធសាស្រ្ដ​ទូទៅ​ធម្មតា យក​តែ​គោលការណ៍​ហ្នឹង​មក​អនុវត្ត​ទៅ យើង​អាច​ធ្វើ​បាន​ហើយ»

សូម​ជម្រាប​ថា នៅ​ស្រប​ពេល​ដែល​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ជាមួយ​នឹង​ប្រទេស​វៀតណាម​និង​ប្រទេស​ថៃ មាន​ទំហំ​ទឹក​ប្រាក់​ខ្ពស់​នោះ គឺ​បើ​តាម​ឯកសារ​ពី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា គឺ​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​លាវ នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ ដែល​ក្នុង​មួយ​ឆ្នាំ​គឺ​ស្ថិត​ក្នុង​រង្វង់​ទឹក​ប្រាក់ ១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ៕