ចុង​ឆ្នាំ​២០១១៖ អតិផរណា​ឡើង​ខ្ពស់

អតិផរណា​ទំនិញ​ទូ​ទៅ​នៅ​កម្ពុជា​មាន​អត្រា​ជាង ៦% ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១១ នេះ។

0:00 / 0:00

អ្នក​លក់​សាច់​ត្រី សាច់​គោ​មួយ​ចំនួន​នៅ​តាម​ផ្សារ​រាជ​ធានី​ភ្នំ​ពេញ​បាន​ឲ្យ​ដឹង​ថា​តម្លៃ​សាច់​ទាំង​នោះ បាន​កើន​ឡើង​ធៀប​និង​ពីរ បី​ខែ​មុន​ក្នុង​ឆ្នាំ​២០១១​នេះ។

អ្នក​លក់​សាច់​គោ​នៅ​ផ្សារ​អូរឫស្សី លោក​មាន សយ​បាន​ឲ្យ​ដឹង​ថា​តម្លៃ​សាច់​គោ​ដែល​គាត់​លក់​រាល់ថ្ងៃ មាន​តម្លៃ​ប្រ​មាន​៣​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូ​ក្រាម សំ​រាប់​សាច់​ល្អ និង​សាច់​ធម្មតា​មាន​តម្លៃ​២៨០០០​រៀល។ បើ​ប្រៀប​ធៀប​ជា​មួយ ២​ឬ​៣​ខែ​មុន តម្លៃ​សាច់​នេះ មានការ​កើន​ឡើង​ជាង​មុន។

ដោយ​ឡែក​សម្រាប់​ស្ត្រី​ឈ្មោះ ថាច់ ស្រី​ម៉ៅ អ្នក​លក់​ត្រី​នៅ​ផ្សារ​ទួលទំពូង បាន​ឲ្យ​ដឹង​ថា​តម្លៃ​ត្រី​មិន​បាន​កើន​ឡើង​ទេ​នៅ​ពេល​នេះ​ដែល​ក្នុង​មួយ​គីឡូ​ក្រាម​ថ្លៃ​មួយ​គីឡូ​១៤០០០​រៀល សម្រាប់​ត្រី​ស្រស់ ដែល​តម្លៃ​នេះ​ថយ​ចុះ​ធៀប​និង​ពីរ​បី​ខែ​មុន។

ការ​អង្កេត​របស់​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា​នៅ ក្នុង​ខែ​ធ្នូ​ឆ្នាំ​២០១១ នេះ បាន​ឲ្យ​ដឹង​ថា​តម្លៃ​ទំនិញ​ប្រើ​ប្រាស់​មួយ​ចំនួន​នៅ​ទី​ក្រុង​ភ្នំ​ពេញ​បាន​ឡើង​ថ្លៃ​ធៀប​និង​ឆ្នាំមុន ប៉ុន្តែ​មាន​ទំនិញ​មួយ​ចំនួន​មិន​ឡើង​ថ្លៃ​ទេ។ ការ​អង្កេត​ទាំង​នោះ​បាន​បង្ហាញ​ថា ប្រេង​សាំង​មាន​តម្លៃ ៥០០០​រៀល ក្នុង​មួយ​លីត្រ កើន​ឡើង​ជាង ៩% ធៀប​និង​រយៈ​ពេល​ដូច​គ្នា ជា​មួយ​ឆ្នាំ​មុន។ ចំណែក​ឯ​អង្ករ​កើន​ឡើង​ជាង ៩% សាច់​គោ​កើន​ឡើង​ជាង ៣១% សាច់​ជ្រូក​កើន​ឡើង​ជាង​២១% និង​សាច់​មាន់​កើន​ឡើង​ជាង ៩% ធៀប​និង​ឆ្នាំ​មុន។ ប៉ុន្តែ​តម្លៃ​ត្រី​ថយ​ចុះ​ជាង ១% ក្នុង​ខែ​ធ្នូ​នេះ​ធៀប​និង​ឆ្នាំ​មុន។

មិន​ត្រឹម​តែ​ប្រភេទ​សាច់​សត្វ​ទេ​ដែល​ឡើង​ថ្លៃ កសិផល​មួយ​ចំនួន​ក៏​ឡើង​ថ្លៃ​ដែរ​នា​ពេល​ចុង​ឆ្នាំ​នេះ។

អ្នក​ទិញ​ពោត​នៅ​កំពង់ចាម លោក ហេង បាន​ឲ្យ​ដឹង​ថា​តម្លៃ​ពោត​នា​ពេល​នេះ​បាន​ឡើង​ថ្លៃ​នៅ​ពេល​ចុង​ឆ្នាំ ដោយ​លោក​បាន​បញ្ជាក់​ថា​ពោត​ស្ងួត​មួយ​គីឡូ​ក្រាម មាន​តម្លៃ​ប្រមាណ ១៣០០០​រៀល និង​តម្លៃ​ពោត​សើម​មាន​តម្លៃ​ប្រមាណ ៩៥០០​រៀល។

ស្ថិតិ​ចុង​ក្រោយ​ត្រឹម​ខែ​វិច្ឆិកា ២០១១​នេះ តម្លៃ​កសិផល​កសិកម្ម​មួយ​ចំនួន​បាន​កើន​ឡើង​ខ្ពស់​មាន​ដូច​ជា​ម្រេច​បាន​កើន​ឡើង​ជាង ៧៣% តម្លៃ​ដំឡូង​មី​កើន​ឡើង ២៤% តម្លៃ​ពោត​កើន​ជាង ១១% តម្លៃ​ល្ង​កើន​ឡើង ៩% និង​តម្លៃ​សណ្ដែក​សៀង​កើន​ឡើង ២៥% តែ​ដោយ​ឡែក​តម្លៃ​ស្រូវ​កើន​ឡើង​តែ​ជាង ១% ប៉ុណ្ណោះ នេះ​បើ​យោង​តាម​តម្លៃ​ទីផ្សារ​កសិផល​នៅ​ភ្នំពេញ និង​កំពង់ចាម។

អ្នក​ស្រាវ​ជ្រាវ​នៃ​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា លោក ឃិន ពីសី បាន​ឲ្យ​ដឹង​ថា អតិផរណា​ទំនិញ​ក្នុង​ឆ្នាំ​២០១១ នេះ មាន​ប្រមាណ​ជាង ៦%។ លោក​បញ្ជាក់​ទៀត​ថា អតិផរណា​ប្រ​ចាំ​ខែ​ក្នុង​ឆ្នាំ​នេះ​មាន​ប្រមាណ ៥​ទៅ​៦% ដែរ។

លោក ពិសី បញ្ជាក់​ទៀត​ថា អត្រា​កំណើន​អតិផរណា ៦% មិន​ជះ​ឥទ្ធិពល​អ្វី​ទេ​ដល់​អ្នក​ប្រើ​ប្រាស់​ទេ។ ប៉ុន្តែ​បើ​អត្រា​អតិផរណា​នេះ​ឡើង​ចាប់​ពី ១០% នោះ វា​ផ្ដល់​ផល​ប៉ះ​ពាល់​ដល់​ប្រជា​ជន​ទូទៅ ជា​ពិសេស​អ្នក​ក្រីក្រ៕