កម្ពុជា​ប្រារព្ធ​ទិវា​ជន​ពិការ​អន្តរជាតិ​លើក​ទី​២៧

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ឲ្យ​ដឹង​ជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ថា រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​មាន​យុទ្ធសាស្រ្ត​ចំនួន​បី​នៅ​ក្នុង​ការ​កាត់​បន្ថយ​អត្រា​ជន​ពិការ​នៅ​កម្ពុជា។

លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​ទិវា​ជន​ពិការ​កម្ពុជា​លើក​ទី​១១ និង​ទិវា​ជន​ពិការ​អន្តរជាតិ​លើក​ទី​២៧ នៅ​ឯ​វិទ្យាស្ថាន​ជាតិ​អប់រំ។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ទទួល​ស្គាល់​ថា ជន​ពិការ​ក៏​កំពុង​តែ​ជួប​ប្រទះ​នូវ​ឧបសគ្គ​ជា​ច្រើន។ ក៏​ប៉ុន្តែ​រាជ​រដ្ឋាភិបាល​ក៏​កំពុង​ជំរុញ​ការ​ទប់ស្កាត់​និង​កាត់​បន្ថយ​នូវ​អត្រា​ពិការ​ភាព ដោយ​មាន​វិធានការ​មួយចំនួន ដូច​ត​ទៅ៖ ប្រើ​វ៉ាក់សាំង​ចៀសវាង​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង, ការ​កាត់​បន្ថយ​ជន​ពិការ​ដោយ​គ្រាប់​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចៀសវាង​ការ​ពិការ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ជា​ដើម។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ៖ «ត្រូវ​បន្ត​ពង្រឹង​ពង្រីក​វិធានការ​ទប់ស្កាត់​ពិការ​ភាព​ឲ្យ​មាន​ប្រសិទ្ធភាព​ថែម​ទៀត តាមរយៈ​ការ​កាត់​បន្ថយ​ភាព​រងគ្រោះ​ក្នុង​សង្គម, ការ​កាត់​បន្ថយ​អំពើ​ហិង្សា គ្រោះថ្នាក់​ចរាចរណ៍ គ្រោះថ្នាក់​ការងារ, ការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល, ការ​ដោះ​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ, ការ​ពង្រឹង​សេវា​ស្តារ​លទ្ធភាព​ពលកម្ម, ការ​អប់រំ​ផ្សព្វផ្សាយ, ការ​បង្ការ​ពិការ​ភាព​ឲ្យ​បាន​ទូលំ​ទូលាយ។ ត្រូវ​ជំរុញ​ការ​អនុវត្ត​ច្បាប់​ស្តីអំពី​កិច្ច​ការពារ​និង​លើក​កម្ពស់​ជន​ពិការ​ឲ្យ​មាន​ប្រសិទ្ធភាព។ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ការងារ​ជន​ពិការ ត្រូវ​បញ្ចូល​ការងារ​ជន​ពិការ​ក្នុង​ផែនការ​សកម្មភាព​នៃ​រដ្ឋបាល​គ្រប់​ថ្នាក់ និង​ជំរុញ​ការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព»

គោលបំណង​នៃ​កិច្ច​ប្រជុំ​គឺ​ជំរុញ​ឲ្យ​មនុស្ស​ចូលរួម​ក្នុង​ការ​អនុវត្ត​ច្បាប់​ស្តីពី​កិច្ច​ការពារ​និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ។

លោក អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន​និង​យុវនីតិ​សម្បទា បាន​ថ្លែង​ថា ការ​ប្រារព្ធ​ទិវា​នេះ​ឡើង​ដើម្បី​បង្កើន​នូវ​ការ​ផ្សព្វផ្សាយ និង​ការ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ពិការ​ភាព ដើម្បី​ប្រមូល​នូវ​ការគាំទ្រ​និង​រួម​ចំណែក​ធ្វើ​សមាហរណកម្ម​ជន​ពិការ​ទៅ​ក្នុង​ការ​អភិវឌ្ឍ​សង្គម។

នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា (CDPO) លោក ងិន សៅរ័ត្ន មាន​ប្រសាសន៍​ថា យើង​ទាំង​អស់​គ្នា​គួរតែ​ចូលរួម​ជំរុញ​ការ​អនុវត្ត​ច្បាប់​នៅ​ប្រទេស​កម្ពុជា​ឲ្យ​ប្រសើរ​ឡើង។ លោក​បន្ត​ថា ធ្វើ​យ៉ាង​ណា​លុប​បំបាត់​ការ​រើសអើង​ដល់​ជន​ពិការ​និង​ផ្តល់​ឱកាស​ដល់​ជន​ពិការ ធ្វើ​បែប​នេះ​ដើម្បី​ធានា​ជន​ពិការ​អាច​មាន​សមត្ថភាព​ចូលរួម​បម្រើ​សង្គម​បាន​ដូច​ជា​អ្នក​ធម្មតា​ដែរ។

តាម​លទ្ធផល​ជំរឿន​ចុង​ក្រោយ​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០០៨ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ជន​ពិការ​នៅ​កម្ពុជា​មាន​ចំនួន ១,៤%​នៃ​ចំនួន​ប្រជាជន​សរុប គឺ​ប្រមាណ​ជិត ២​សែន​នាក់។ អត្រា​ជន​ពិការ​បាន​ថយ​ចុះ​ពី ២% នៃ​ឆ្នាំ ១៩៩៨ មក​នៅ ១,៤% នៃ​ឆ្នាំ ២០០៨។ រីឯ​ច្បាប់​ស្តីពី​កិច្ច​ការពារ​និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ ត្រូវ​បាន​អនុម័ត​និង​បាន​ប្រកាស​ឲ្យ​ប្រើ​ជា​ផ្លូវការ នា​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០០៩​នេះ៕